លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រនេះ បានណែនាំក្រសួងការពារជាតិឱ្យធ្វើទំនើបកម្មកងទ័ពលើការហ្វឹកហ្វឺន គ្រឿងបំពាក់កងទ័ព និងរៀបចំរចនាសម្ព័ន្ធ នៃក្រុមការងារបច្ចេកវិទ្យា ដោយផ្តោតលើសន្តិសុខបច្ចេកវិជ្ជា ដើម្បីបញ្ចៀសការវាយប្រហារផ្នែកបច្ចេកវិទ្យាណាមួយ។
នៅក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស(៩ វិច្ឆិកា ១៩៩៥ ដល់ថ្ងៃទី៩ វិច្ឆិកា ២០២៣) នៅបញ្ជាការដ្ឋានទ័ពពិសេស លោក ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋាន ទ័ពទាំងអស់ យកចិត្តទុកដាក់លើផ្នែកសន្តិសុខបច្ចេកវិទ្យា ឬហៅថា Cyber-Security។
បើតាមលោក ហ៊ុន ម៉ាណែត កម្ពុជាត្រូវយកចិត្តទុកដាក់លើការប្រឈមហានិភ័យសន្តិសុខ«បែបមិនប្រពៃណី» ដែលរួមមានការប្រយុទ្ធប្រឆាំងអំពើភារវកម្ម ឧក្រិដ្ឋកម្មផ្សេងៗ ការប្រឈមគ្រោះមហន្តរាយគ្រប់ប្រភេទ និងហានិភ័យសន្តិសុខផ្នែកប្រព័ន្ធបច្ចេកវិទ្យា។
លោកបន្ថែមថាការគំរាមកំហែងសន្តិសុខបច្ចេកវិទ្យា គឺជាការគំរាមកំហែងនាបច្ចុប្បន្ន និងទៅអនាគត។
លោកថ្លែងថា៖ «កិច្ចការងារនេះ គឺយើងត្រូវចាំបាច់យកចិត្តទុកដាក់ ព្រោះកងទ័ពរបស់យើងទំនើបកម្មហើយ។ សូម្បីតែរថយន្តដែលយើងប្រើសុទ្ធតែElectronic [គ្រឿងបច្ចេកវិទ្យា] រថយន្តដឹកជញ្ជូនអំបាញ់ម៉ិញនេះ [រថយន្តក្បួន] រថយន្តខ្លះ បើខូចទាល់តែចូលទៅក្នុងរោងជាង ដែលមានកុំព្យូទ័រ។ បើសិនជាយើងមិនអាចមានសមត្ថភាពក្នុងការគ្រប់គ្រងនូវសុវត្ថិភាពទិន្នន័យ សុវត្ថិភាពប្រព័ន្ធទំនាក់ទំនងរបស់យើង ជាពិសេសកងទ័ពដែលចាំបាច់ត្រូវមានការលាក់ការខ្ពស់ យើងពិបាក»។
លោកបន្ថែមថា៖ «អ៊ីចឹងនាយកដ្ឋានបញ្ជូនសារ ទីចាត់ការ បញ្ជាការដ្ឋានបញ្ជូនសារសូមពិនិត្យមើលរចនាសម្ព័ន្ធ ថាតើគ្រប់គ្រាន់ឬទេបច្ចុប្បន្ននេះ។ តើក្រុមIT [ក្រុមបច្ចេកវិទ្យា] ដែលយើងមាន ត្រឹមតែរៀបចំ Internet នៅក្នុងអង្គភាព ឬមួយប្រទាក់ក្រឡាគ្នា ដើម្បីការពារប្រព័ន្ធCyber នៅក្នុង ទូទាំងកងទ័ពទាំងមូល»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគន៍លោក សូ វិសុទ្ធី និងលោក លីវ សុផាណារិទ្ធ បាននៅឡើយទេ។
លោក ជី សុផាត អ្នកស្រាវជ្រាវលើវិស័យបច្ចេកវិទ្យា និងជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម យល់ឃើញថា កម្ពុជាមិនទាន់មានការវាយប្រហារខ្លាំងទាក់ទងនឹងសន្តិសុខបច្ចេកវិទ្យានេះនៅឡើយទេ។ លោកថាការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ឱ្យពង្រឹងនិងយកចិត្តទុកដាក់លើសន្តិសុខបច្ចេកវិទ្យានៅតាមក្រសួង និងស្ថាប័នរដ្ឋ គឺជារឿងល្អមួយ។
លោកបន្ថែមថាក្រៅពីការបណ្តុះបណ្តាលមន្ត្រី គឺរដ្ឋក៏គួរតែប្រមូលអ្នកជំនាញពីវិស័យឯកជន ដើម្បីបណ្តុះបណ្តាលប្រជាពលរដ្ឋឱ្យយល់ដឹងអំពីសុវត្ថិភាពបច្ចេកវិទ្យានេះផងដែរ ព្រោះវាក៏ជាផ្នែកមួយ ដែលជួយសន្តិសុខបច្ចេកវិទ្យា មានភាពល្អប្រសើរ និងកាត់បន្ថយហានិភ័យ។
លោកប្រាប់វីអូអេថា៖ «ខ្ញុំគិតថាជាឱកាសមួយសម្រាប់ទាំងរដ្ឋាភិបាល ដែលគាត់ប្រមែប្រមូលអ្នកបច្ចេកទេស ក៏ដូចជាក្រុមហ៊ុនឯកជន ពង្រឹងបន្ថែមនៅក្នុងការបណ្តុះបណ្តាល ក៏ដូចជាសាលារៀន និងឧត្តមសិក្សាមួយចំនួនគួរតែរួមបញ្ជូលមុខវិជ្ជា ព័ត៌មានវិទ្យា ដើម្បីបង្កើននូវធនធានផ្នែកសុវត្ថិភាពហ្នឹង ព្រោះខ្ញុំគិតថាទាំងអស់ហ្នឹង គឺជាចំណុចសំខាន់ មិនត្រឹមតែរដ្ឋាភិបាលទេ សូម្បីក្រុមហ៊ុនឯកជន ហើយជាមួយប្រជាពលរដ្ឋរបស់យើងត្រូវរួមរួមគ្នា»។
គួរបញ្ជាក់ថាកាលពីកន្លងទៅ ក្រសួងប្រៃសណីយ៍ក៏បានរៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ស្តីពី«ការវាយតម្លៃកម្រិតសន្តិសុខសាយប័រ»ជាមួយដៃគូពាក់ព័ន្ធ។
រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ លោក ខូវ មករា បានថ្លែងកាលពីខែកញ្ញាថាការលើកកម្ពស់កម្រិតសន្តិសុខសាយប័រនឹងចូលរួមចំណែកធ្វើឱ្យលំហសាយប័ររបស់កម្ពុជាកាន់តែមានភាពធន់ខ្ពស់ សុវត្ថិភាព និងភាពជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ ធុរកិច្ចជន និងមន្រ្តីសាធារណៈ ហើយក៏នឹងចូលរួមចំណែកជាមួយដៃគូសហប្រតិបត្តិការសន្តិសុខសាយប័រក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ដើម្បីរួមគ្នាឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាលើឧប្បត្តិហេតុសាយប័រ ដែលលោកថាមាន«លក្ខណៈកាន់តែស្មុគស្មាញ និងគ្មានព្រំដែនកំណត់»។ នេះបើយោងតាមសារដែលបង្ហោះនៅលើហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣៕