ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត ប្រឈម​នឹង​ការ​សាកល្បង​ដ៏ធំ​មួយ ខណៈ​កាន់​អំណាច​បាន​មួយ​ឆ្នាំ


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់​ព្រែកជីកតេជោហ្វូណន នៅខេត្តកណ្តាល កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់​ព្រែកជីកតេជោហ្វូណន នៅខេត្តកណ្តាល កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

មួយ​ឆ្នាំ​បន្ទាប់​ពី​បាន​ស្នង​តំណែង​ពី​ឪពុក​របស់​លោក​ជា​នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​កម្ពុជា​ លោក​ ហ៊ុន ម៉ាណែត​ កំពុង​ប្រឈម​នឹង​កំហឹង​របស់​សាធារណ​ជន​ដែល​រាលដាល​ខ្លាំង​ពាក់ព័ន្ធ​នឹង​ផែន​ការ​នៃ​កិច្ច​សហ​ការ​សេដ្ឋកិច្ច​តំបន់​ជាមួយ​ប្រទេស​វៀតណាម​ និង​ឡាវ​ ដែល​កំពុង​សាក​ល្បង​ការ​សម្រេច​ចិត្ត​ខាង​នយោបាយ​របស់​លោក ​នៅ​ចំពោះ​មុខ​បញ្ហា​ដែល​បាន​កើត​ឡើង។​

ប្រជា​ពលរដ្ឋ​កម្ពុជា​រាប់ពាន់​នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ជប៉ុន​ កូរ៉េ​ខាងត្បូង​ និង​អូស្រា្តលី​ បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គំនិត​ផ្តួចផ្តើម​នៃ​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​ កម្ពុជា​ ឡាវ​ វៀតណាម​ ហៅ​កាត់​ថា​ CLV-DTA​ ដោយ​លើក​ឡើង​អំពី​ការ​ភ័យ​ខ្លាច​នៃ​ការ​បោះបង់​អធិប​តេយ្យ​ភាព​មួយ​ផ្នែក​ទៅ​វៀតណាម​ ឬ​បើក​ឱ្យ​មាន​ការ​ចូល​មក​នៃ​ជន​អន្តោ​ប្រវេសន៍​មាន​ចំនួន​ច្រើន​ពី​ប្រទេស​វៀតណាម។​

ទោះបី​ជា​គំនិត​ផ្តួច​ផ្តើម​នេះ​បាន​អនុវត្ត​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ក្តី​ ក៏​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​សម្រាប់​ «ផែនការ​មេ»​នៅ​ឆ្នាំ​ ២០៣០​ បាន​ទទួល​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​សាធារណ​ជន។​ វីដេអូ​ដែល​មាន​រយៈ​ពេល​ ១១ ​នាទី ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​និយាយ​រិះគន់​រដ្ឋាភិបាល​កាល​ពី​ខែ​មុន​ បាន​បង្ក​ឱ្យ​មាន​ការ​អាក់អន់​ចិត្ត​ជា​ប្រវត្តិ​សាស្ត្រ​ចំពោះ​ប្រទេស​វៀតណាម​ ហើយ​នឹង​ការ​គ្រប់​គ្រង​របស់​ប្រទេស​នេះ​ដែល​គេ​នៅ​គិត​ថា​ កំពុង​មាន​លើ​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​លើក​បន្តុប ​និង​គាំទ្រ​ដោយ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ ហើយ​បន្ត​មកដល់​បច្ចុប្បន្ន។​

ខណៈ​អ្នក​វិភាគ​នយោបាយ​បាន​ថ្លែង​ថា ការ​ភ័យ​ខ្លាច​អំពី​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​ កម្ពុជា​ ឡាវ​ វៀតណាម​ (CLV-DTA)​ អាច​ត្រូវ​បាន​បំប៉ោង​កាន់​តែខ្លាំង​ និង​ធ្វើ​ឱ្យ​រោលរាល​ខ្លាំង​ឡើង​ដោយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​តាម​ប្រព័ន្ធ​អនឡាញ ​ពួកគេ​ក៏​បាន​ស្តី​បន្ទោស​រដ្ឋាភិបាល​ចំពោះ​ការ​បរាជ័យ​ដើម្បី​ផ្តល់​ការ​ពន្យល់​នានា​អំពី​គំនិត​ផ្តួច​ផ្តើម​នោះ ​ហើយ​បែរ​ជា​មក​ប្រឹង​គាប​សង្កត់​អ្នក​រិះគន់​ ដែល​បាន​បង្ក​ឱ្យ​មាន​ការ​កើន​ឡើង​នូវ​ការ​សង្ស័យ​អំពី​បំណង​អាក្រក់​នៃ​អំពើ​គាប​សង្កត់​ទាំង​នោះ។​

លោក​ អ៊ា សុផល​ ព្រឹទ្ធ​បុរស​រង​ជាន់ខ្ពស់​និង​សាស្ត្រាចារ្យ​ជំនួយ​ប្រចាំ​សាលា​ Thunderbird School of Global Management ​នៃ​សាកល​វិទ្យាល័យ​រដ្ឋ​ Arizona​ ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​មួយ​ថា​ ការ​បារម្ភ​របស់​កម្ពុជា​ដែល​កើត​ចេញ​ពី​រឿង​អធិបតេយ្យ​ភាព​នៅ​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​ កម្ពុជា​ ឡាវ​ វៀតណាម​ គឺ​ជា​ការ​សាក​ល្បង​សំខាន់​មួយ​សម្រាប់​លោក​ហ៊ុន ម៉ាណែត។

លោក​ថ្លែង​ថា​៖​ «វានឹង​សាក​ល្បង​សមត្ថ​ភាព​របស់​គាត់​ក្នុង​ការ​សម្រួល​ឱ្យ​មាន​គម្រោង​ក្នុង​តំបន់​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​ ខណៈ​ដោះស្រាយ​កង្វល់​ក្នុង​ស្រុក​អំពី​អធិប​តេយ្យជាតិ​ និង​បូរណ​ភាព​ទឹក​ដី។ ​ភាព​ជោគ​ជ័យ​ដែល​បាន​មក​ពី​ការ​គ្រប់គ្រង​បាន​នូវ​បញ្ហា​ចម្រូង​ចម្រាស​នេះ​នឹង​ជា​កត្តា​សំខាន់​ បំផុត​មួយ​សម្រាប់​ការ​កសាង​ភាព​ដែល​គួរ​ជឿទុក​ចិត្ត​បាន​របស់​គាត់​ក្នុង​នាម​ជា​មេ​ដឹកនាំ​ ដែល​អាច​ការពារ​ប្រយោជន៍​ទាំង​ឡាយ​របស់​កម្ពុជា​ ខណៈ​បន្ត​រក្សា​ទំនាក់​ទំនង​ក្នុង​កិច្ច​សហការ​តំបន់»។​

លោកប​ន្ថែម​ថា៖​ «វិធី​ដែល​គាត់​ប្រើ​ដើម្បី​អាច​ដោះស្រាយ​ស្ថានភាព​នេះ​បាន​ គឺ​អាច​កំណត់​អំពី​របៀប​នៃ​ការ​ដឹកនាំ​របស់​គាត់​និង​ឥទ្ធិពល​នៃ​ការ​យល់​ឃើញ​ជា​សាធារណៈ​ចំពោះ​សមត្ថ​ភាព​របស់​គាត់​លើ​ការ​គ្រប់គ្រង​ការងារ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព»។​

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមពិធីបុណ្យឯករាជ្យជាតិលើកទី៧០ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមពិធីបុណ្យឯករាជ្យជាតិលើកទី៧០ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ​ហ៊ុន ម៉ាណែត​ បាន​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​ ២២ ​ខែ​សីហា ​ឆ្នាំ​២ ០២៣​ គឺ​មិន​យូរ​ប៉ុន្មាន​ទេ​ ក្រោយ​ការ​បោះ​ឆ្នោត​មួយ​ដែល​សហ​រដ្ឋ​អាមេរិក​ជឿ​ថា​ មិន​សេរី​ ហើយ​ក៏​មិន​ត្រឹមត្រូវ។ ​ឪពុក​របស់​លោក ​ហ៊ុន ម៉ាណែត​ គឺ​លោក ​ហ៊ុន សែន​ ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​កាន់​អំណាច​ ហើយ​បាន​រៀបចំ​ឱ្យ​កូន​របស់​លោក​កាន់​អំណាច​នៅ​មុន​ការ​រៀបចំ​រដ្ឋាភិបាល​ថ្មី។​

គ្រា​ការ​ផ្ទេរ​អំណាច​ត​ជំនាន់​បាន​អនុញ្ញាត​ឱ្យ​បស្ចិម​ប្រទេស​ខ្លះ​កំណត់​ឡើង​វិញ​នូវ​ទំនាក់​ទំនង​នានា​ជាមួយ​កម្ពុជា​នោះ​ វា​ក៏​មាន​ការ​ប្រែប្រួល​តិច​តួច​ចំពោះ​ការ​ពឹង​ផ្អែក​របស់​រដ្ឋាភិបាល​លើ​ប្រទេស​ចិន​ ឬ​ក៏​វិធី​សាស្ត្រ​នៃ​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ទៅ​កាន់​ពួកអ្នក​រិះគន់​ និង​ក្រុម​ដែល​គេ​យល់​ថា ​ជា​អ្នក​ជំទាស់។​

គូ​បដិបក្ខ​នយោបាយ​និង​សកម្ម​ជន​រាប់​សិប​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅក្រោម​ការ​កាន់​អំណាច​របស់​លោក ​ហ៊ុន​ ម៉ាណែត។ ​កាល​ពី​ខែ​សីហា ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​មនុស្ស​ជាង ​៣០ ​នា​ក់ ​នៅទូទាំង​ប្រទេស​ នៅ​ចំ​ពេល​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​ធ្វើ​បាតុកម្ម​ដែល​ត្រូវ​បាន​គ្រោង​ទុក​ជាមុន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​ ១៨​ ខែ​សីហា​ ដើម្បី​ជំទាស់​នឹង​គំនិត​ផ្តួច​ផ្តើម​ គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​ កម្ពុជា​ ឡាវ​ វៀតណាម ​CLV-DTA។​

អ្នក​ទំាង​ឡាយ​ណា​ដែល​បង្កើត​វីដេអូ​អំពី​រឿង​បាតុកម្ម​ប្រឆំាង​នឹង​ផែន​ការ​នេះ​ហើយ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់​ពី​វីដេអូ​ទាំង​នោះ​បង្ក​ការ​ខឹង​សម្បារ​ក្នុង​ចំណោម​មេ​ដឹក​នាំ​រដ្ឋា​ភិបាល។​

លោក​ ហ៊ុន សែន​ ដែល​ឥឡូវ​ជា​ប្រធាន​ព្រឹទ្ធ​សភា​ បាន​គំរាម​ចាប់​ខ្លួន​បន្ថែម​ទៀត​ បើ​សិន​ជា​នៅ​តែ​មាន​ការ​រិះគន់​ជា​សាធារណៈ​បន្ត​ទៀត​នោះ។​

លោក​ អ៊ា សុផល​ បាន​ថ្លែង​ថា​ ការ​ចាប់​ខ្លួន​កាន់​តែ​ខ្លាំង​ ដំណាល​ពេល​នឹង​ការ​ដាក់​ពង្រាយ​អាជ្ញាធរ​ទទួល​បន្ទុក​សនិ្តសុខ​ច្រើន​ជ្រុល​នៅ​តាម​ទីក្រុង​ធំៗ​ បាន​បង្ហាញ​ការ​ប្តេជ្ញា​របស់​រដ្ឋាភិបាល​ ដើម្បី​បង្ក្រាប​សញ្ញា​នៃ​ការ​បះ​បោរ​ណា​មួយ​ដែល​គួរ​ឱ្យ​កត់​សម្គាល់​បាន​ មុន​ពេល​វា​រីក​រាល​ដាល​លឿន​ ហើយ​កើន​កម្លាំង​នៃ​អ្នក​ចូល​រួម​ច្រើន​ទៀត។​

លោក​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃទី​ ២៦ ​ខែ​សីហាថា៖​ «យ៉ាង​ណា​ក៏​ដោយ​ ស្ថាន​ភាព​នៅ​តែ​ងាយ​ប្រែ​ប្រួល​ ហើយ​ដំណោះ​ស្រាយ​របស់​រដ្ឋាភិបាល​លើ​រឿង​នោះ​ គឺ​មិន​ដឹង​ថា​ តើ​អាច​មាន​ទាំង​ការ​បង្ក្រាប​លើ​ចលនា​ប្រឆាំង​ ឬ​ក៏​កៀរ​គរ​ការ​ជំទាស់​ជា​សាធារណៈ​បក​ទៅ​វិញ​ ឬ​ក៏​បែប​ណា​នោះ​ទេ​ គឺ​វា​អាស្រ័យ​លើ​ថា​ តើ​រដ្ឋាភិបាល​នឹង​ដោះ​ស្រាយ​ជា​មួយ​អ្នក​តវ៉ា​យ៉ាង​ដូច​ម្តេច?​ ហើយ​ដោះ​ស្រាយ​បញ្ហា​ដែល​បាន​កើត​ឡើង​មក​នោះ​តាម​វិធី​ណា?»។

នៅ​ក្នុង​ការ​ថ្លែង​ជា​សាធារណៈ ​កាលពី​ថ្ងៃ​ទី​ ២២​ ខែ​សីហា ​ដើម្បី​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​ការ​កាន់​អំណាច​ លោក ​ហ៊ុន ម៉ាណែត​ បាន​ថែ្លង​ឆ្លើយ​តប​នឹង​ការ​រិះគន់​ និង​ក្តី​បារម្ភ​នានា​អំពី​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​នោះ ​ដោយ​បាន​លើក​ឡើង​ថា ​វា​បាន​«បង្កើត​សក្តានុពល​និង​ការ​អភិវឌ្ឍ» ​នៅ​ក្នុង​ខេត្ត​ទាំង​បួនរបស់​កម្ពុជា​ដែល​ពាក់​ព័ន្ធ​ផែនការ​អភិវឌ្ឍន៍​នោះ។​

លោក​ថ្លែង​ថា​ គំនិត​ផ្តួចផ្តើម​នោះ​នឹង​បំផុស​ឱ្យ​មាន​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំបន់​ព្រំដែន​ ហើយ​ជំរុញ​ឱ្យ​មាន​ការ​ប្រើប្រាស់​ដី​ដែល​អាច​បង្ក​បង្កើន​ផល​ដំណាំ​បាន​ច្រើន​ និង​ការពារ​ព្រៃ​ឈើ​សម្រាប់​ការ​អភិវឌ្ឍ​រួម​គ្នា។​

នៅ​ក្នុង​ការ​ថ្លែង​សារ​ដដែល​នោះ ​លោក​ ហ៊ុន ម៉ាណែត​ គូស​បញ្ជាក់​ត្រួសៗ​ថា ​គំនិត​ផ្តួច​ផ្តើម​នោះ​នឹង​ពង្រឹង​អធិប​តេយ្យ​របស់​កម្ពុជា ​ខណៈ​«ជំរុញ​កំណើន​នៃ​ការ​អភិវឌ្ឍ ​និង​រក្សា​ស្ថិរភាព ​និង​សន្តិសុខ»​សម្រាប់​ប្រជាជន។​

ចំណាប់​អារម្មណ៍​លើ​គំនិត​ផ្តួចផ្តើម​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​ កម្ពុជា​ ឡាវ​ វៀតណាម​ កើត​ឡើង​ខណៈ​ប្រទេស​កម្ពុជា​កំពុង​ជំរុញ​ឱ្យ​ដំណើរ​ការ​ទៅ​មុខ​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​ដែល​មាន​ប្រវែង​ ១៨០​គីឡូម៉ែត្រ​ ដែល​នឹង​ពឹង​ផ្អែក​ខ្លាំង​លើ​ប្រភព​ទុន​របស់​ចិន​ និង​ជាការ​ពឹង​លើ​ខ្លួន​ឯង​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​ការ​ទាក់ទង​ក្នុង​តំបន់​ ខណៈ​កម្ពុជា​នឹង​រំលង​ផ្លូវទឹក​ពាណិជ្ជ​កម្ម​បែប​ប្រពៃណី​តាម​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​វៀតណាម។​

រូបឯកសារ៖ ទិដ្ឋភាពនៃពិធីសម្ពោធជាផ្លូវការ​នូវ​គម្រោងព្រែកជីកហ្វូណនតេជោ នៅខេត្តកណ្តាល កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
រូបឯកសារ៖ ទិដ្ឋភាពនៃពិធីសម្ពោធជាផ្លូវការ​នូវ​គម្រោងព្រែកជីកហ្វូណនតេជោ នៅខេត្តកណ្តាល កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

ការ​ខឹង​ក្រោធ​នឹង​គំនិត​ផ្តួចផ្តើម​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​ កម្ពុជា​ ឡាវ​ វៀតណាម​ បាន​បង្វែរ​ការ​ចាប់​អារម្មណ៍​ពី​គម្រោង​ហ៊្វូណនតេជោ​ ដែល​បាន​បើក​ការដ្ឋាន​សាង​សង់​ជា​ផ្លូវការ​កាល​ពីដើម​ខែ​សីហា។​

សាស្ត្រាចារ្យវិទ្យាសាស្ត្រ​នយោបាយ​ លោក​ ឯម សុវណ្ណារ៉ា​ ថ្លែង​ថា​ លោក​ ហ៊ុន ម៉ាណែត​ ហាក់​ដូច​ជា​គ្មាន​លទ្ធភាព​នឹង​ដោះស្រាយ​ជាមួយ​នឹង​បញ្ហា​នេះ​បាន​ទេ។​

លោក​ថ្លែង​ថា៖​ «រឿង​ព្រែក​ជីក​ហ្នឹង​គឺ​ជា​កេរ​តម្លៃ​នយោបាយ​មួយ​ដែល​គេ​ទុក​តម្លៃ​ធ្វើ​កសាង​តម្លៃ​នយោបាយ​សម្រាប់​នាយក​រដ្ឋមន្ត្រី​ថ្មី​ បាទ​ ទីមួយ។​ ចំណុច​ទី​ពីរ​ រឿង ​CLV ​នេះ​ ជា​ចំណុច​សល់​ពី​អតីត​កាល​និង​ នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​ពុំ​មាន​សមត្ថ​ភាព​ក្នុង​ការ​ឆ្លើយ​តប​ ឬ​ក៏​ដោះស្រាយ​ទេ​ បើ​យើង​មើល​ទៅ​បាទ»។​

អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក​ ស៊ឹង សែនករុណា​ ដែល​បាន​ភៀស​ខ្លួន​ទៅ​រស់​នៅ​ប្រទេស​អូស្ត្រាលី​ បាន​ប្រាប់​សំឡេង​សហ​រដ្ឋ​អាមេរិក​ថា​ លោក​រំពឹង​ថា​ លោក ​ហ៊ុន ម៉ាណែត​ នឹង​បន្ត​ព្យាយាម​ដោះស្រាយ​ការ​រិះគន់​ដោយ​ការ​បំបិទ​សំឡេង​ ឬ​ក៏​ការ​បង្វែរ​ចំណាប់​អារម្មណ៍​ពី​រឿង​មួយ​ទៅ​រឿង​មួយ​ទៀត។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​បើ​និយាយ​ដោះស្រាយ​តាម​ការ​ទាម​ទារ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​ហ្នឹង​ គឺ​គេ​មិន​ដោះ​ទេ​ គឺ​គេ​នៅ​តែ​ការពារ​គម្រោង​ហ្នឹង»។​

លោក​បន្ថែម​ថា៖​ «គម្រោង​ហ្នឹង​យើង​ដឹង​ហើយ​ ជា​យុទ្ធសាស្ត្រ​ វែង​ឆ្ងាយ​ រវាង​កម្ពុជា ​វៀតណាម​ ឡាវ​ ហ្នឹង។​ អ៊ីចឹង​បាន​ជា​នាយក​រដ្ឋមន្ត្រី​កូន​ ហើយ​និង​អតីត​ ឪ​ដែល​ជា​នាយក​រដ្ឋមន្ត្រី​ គឺ​ឃើញ​ហើយ ​យើង​ដឹង​ហើយ​ គឺ​មិន​អាច​ធ្វើ​អី​កើត​ជាមួយ​នឹង​រឿង​រ៉ាវ​ ជាមួយ​នឹង​ប្រទេស​វៀតណាម​ ទេ។ ​អ៊ីចឹង​គ្មាន​សមត្ថ​ភាព​អី​ ទៅ​ដោះ​ស្រាយ​រឿង​ហ្នឹង​បាន​ទេ​ នាយក​រដ្ឋមន្ត្រី​ហ្នឹង!»។​

ប្រទេស​កម្ពុជា​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ជំនួប​កំពូល​រដ្ឋមន្ត្រី​នៅ​ឆ្នាំ​នេះ​ សម្រាប់​ការ​ពិនិត្យ​ឡើង​វិញ​ និង​ការ​ផ្តល់​ការ​យល់​ព្រម​លើ​ផែនការ​មេ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៅ​ក្នុង​

គម្រោង​អភិវឌ្ឍន៍​ តំបន់​ត្រីកោណ​កម្ពុជា​ ឡាវ​ វៀតណាម​ (CLV-DTA)​ ពី​ពេល​នេះ​ដល់​ឆ្នាំ​ ២០៣០។​

ក្រុម​មេ​ដឹកនាំ​នយោបាយ​ជំទាស់​កម្ពុជា​ដែល​បាន​និរទេស​ខ្លួន​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​បាន​ឆក់​ឱកាស​អំពី​ការ​ភ័យខ្លាច​នឹង​គំនិត​ផ្តួតផ្តើម​ CLV-DTA ​នោះ​ ដែល​អាច​នឹង​ប៉ះពាល់​ជា​អវិជ្ជ​មាន​លើ​ខេត្ត​ជាប់​ព្រំដែន​របស់​កម្ពុជារួមមាន ​រតនគិរី​ មណ្ឌលគិរី​ ក្រចេះ​ និង​ស្ទឹងត្រែង​ ព្រមទាំង​ខេត្ត​មួយ​ចំនួន​នៅ​ប្រទេស​ឡាវ។​

ផែនការ​នេះ​នឹង​ជំរុញ​ឱ្យ​មាន​ការ​ហូរចូល​នូវ​ទំនិញ​ និង​ប្រជាជន​ឆ្លង​កាត់​ព្រំដែន។​ ប៉ុន្តែ​ការ​ចូល​តាម​ការ​អភិវឌ្ឍ​រួម​ជាមួយ​អ្នក​ជិត​ខាង​នៅ​ភាគ​ខាង​កើត​ដែល​មាន​ប្រជាជន​ច្រើន​ជាង ​និង​ទឹក​ដី​ធំ​ជាង​ ក៏​បាន​ធ្វើ​ឱ្យ​មាន​ការ​កម្រើក​ជា​ថ្មី​នូវ​ការ​ភ័យ​ខ្លាច​ជា​យូរ​លង់​មក​ហើយ​របស់​ប្រជាជន​កម្ពុជា​អំពី​ការ​ពង្រីក​ និង​ការ​គ្រប​ដណ្តប់​របស់​វៀតណាម​មក​លើ​ខ្លួន។​

នៅ​លើ​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ X​ ដែល​ពី​មុន​គេ​ស្គាល់​ថា ​Twitter​ ចលនា​ខ្មែរ​ដើម្បី​ប្រជា​ធិបតេយ្យ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស​បាន​បង្ហោះ​សារ​ថា ៖​ «គម្រោង​នេះ​ពិត​ជា​គ្រប​ដណ្តប់​លើ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​បន្ថែម​ទៀត​ ការ​បណ្តេញ​ចេញ​ពី​ដី​ធ្លី​ និង​ការ​កេង​ប្រវ័ញ្ច​ធនធាន​ធម្មជាតិ​ដើម្បី​កេង​ចំណេញ​ដោយ​បរទេស»។​

ចលនា​ខ្មែរ​ដើម្បី​ប្រជា​ធិបតេយ្យ​បន្ថែម​ថា៖ ​«លំហូរ​អន្តោ​ប្រវេសន៍​វៀតណាម​ខុស​ច្បាប់​ចូល​ទៅ​ក្នុង​ខេត្ត​ទាំង​បួន​របស់​កម្ពុជា​ដែល​ពាក់ព័ន្ធ​ដោយ​កិច្ច​ព្រមព្រៀង​នេះ​ ហើយ​ការ​ត្រួតត្រា​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ដែល​វៀតណាម​នឹង​គ្រប់​គ្រង​លើ​សេដ្ឋ​កិច្ច​ក្នុង​តំបន់​នេះ​ មាន​ន័យ​ថា​ ខេត្ត​ទាំង​បួននោះ​នឹង​ក្លាយ​ជា​តំបន់​ដែល​កាន់​កាប់​ដោយ​វៀតណាម​យ៉ាង​ពេញ​ទី»។​

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ​ប៉ែន បូណា​ ​ថ្លែង​ថា​ លោក​ ហ៊ុន ម៉ាណែត​ បាន​កំពុង​ថែ​រក្សា​សន្តិភាព​ សន្តិសុខ​ និង​អធិប​តេយ្យ​ភាពជាតិ​ ហើយ​បាន​បដិសេធ​ចោល​ថា មិន​មាន​ការ​រឹត​បន្តឹង​លើ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​អ្នក​មាន​ទស្សនៈ​ផ្ទុយ​ពី​រដ្ឋាភិបាល​ទេ។​

លោក​ប្រាប់​វីអូអេ​ថា៖​ «អ៊ីចឹង យើង​ឃើញ​ហើយ​ចុង​ក្រោយ​នេះ​ មាន​អ្នក​ប្រើប្រាស់​វប្បធម៌​ប្រឆាំង​បំផ្លិច​បំផ្លាញ​ដោយ​ពួក​ជ្រុល​និយម​មួយ​ក្តាប់​តូច​ ដូច្នេះ​រាជ​រដ្ឋាភិបាល​ត្រូវ​ចាត់​វិធាន​ការ​យ៉ាង​តឹង​រ៉ឹង​បំផុត​មិន​អនុញ្ញាត​ឱ្យ​ក្រុម​នេះ​ប្រើប្រាស់​ឧបាយ​កល​របស់​ខ្លួន​មក​បំផ្លាញ​សន្តិភាព​ និង​ភាព​សុខ​សាន្ត​ឬ​ក៏​ការ​អភិវឌ្ឍ​ប្រទេស​បាន​ជា​ដាច់​ខាត»។

លោក​បន្ថែម​ថា៖​ «ហើយ​ខ្ញុំ​សូម​បញ្ជាក់​ជូន​ដែរ​ថា៖​ កុំ​ប្រើប្រាស់​វិធាន​ការ​របស់​រាជ​រដ្ឋាភិបាល​ហ្នឹង​ថា​ជា​ការ​រឹតត្បិត​ សេរីភាព​បញ្ចេញ​មតិ​ សេរីភាព​ប្រជា​ធិបតេយ្យ​ឱ្យសោះ។​ អត់​មាន​ប្រជា​ធិបតេយ្យ​ណា​ដែល​មក​ធ្វើ​នយោបាយ​ដើម្បី​បំផ្លិច​បំផ្លាញ​សន្តិសុខ​ជាតិ​ បំផ្លិច​បំផ្លាញ​ក្តី​សុខ​របស់​ប្រជា​ពលរដ្ឋ​ ធ្វើ​ឱ្យ​អ្នក​ទេសចរ​មិន​ហ៊ាន​មក​ក្នុង​ប្រទេស ​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​មិន​ហ៊ាន​ចូល​ស្រុក​ ហើយ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ដំាក្បាល​ចុះ ដូច​ដែល​ក្រុម​ពួក​គេ​បាន​និយាយ​នោះ​ទេ​បាទ​ គឺ​អត់​មាន​ទេ​ មិន​អនុញ្ញាត​ជា​ដាច់​ខាត»៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG