នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០២៣ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា អាជ្ញាធរកម្ពុជាបានជួយសង្រ្គោះពលរដ្ឋខ្មែរនៅក្រៅប្រទេសប្រមាណ ៨ពាន់នាក់ ក្នុងនោះមានអ្នករងគ្រោះដោយសារអំពើជួញដូរមនុស្សផងដែរ។
ក្រសួងការបរទេសបញ្ជាក់ក្នុងរបាយការណ៍ថា៖ «ចំពោះការជួយសង្គ្រោះពលរដ្ឋខ្មែរនៅបរទេស ដោយមានការសហការជិតស្និទ្ធជាមួយក្រសួងមហាផ្ទៃ [គឺ]ក្រសួងបានផ្តល់ការគាំទ្រ និងសម្របសម្រួលមាតុភូមិនិវត្តន៍ដល់ពលរដ្ឋខ្មែរ ដែលរងគ្រោះដោយការរំលោភសិទ្ធិសេរីភាពនៅបរទេស និងអំពើជួញដូរមនុស្សចំនួន ៧.៩៥៣នាក់ ពីប្រទេសថៃ ឡាវ វៀតណាម ម៉ាឡេស៊ី ចិន ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងសិង្ហបុរី»។
ទោះជាយ៉ាងណា ក្រសួងការបរទេសកម្ពុជាមិនបានបញ្ជាក់ថា តើពលរដ្ឋខ្មែរប្រមាណ ៨ពាន់នាក់ដែលត្រូវបានជួយសង្រ្គោះនោះ មានប៉ុន្មាននាក់ដែលពាក់ព័ន្ធនឹងការជួញដូរមនុស្សឡើយ។ ក្រសួងក៏មិនបានបញ្ជាក់ថា តើការជួញដូរមនុស្សស្ថិតក្នុងទម្រង់អ្វីឡើយ។
បើតាមរបាយការណ៍ដាច់ដោយឡែកមួយចេញផ្សាយកាលពីឆ្នាំមុន ក្រសួងការបរទេសកម្ពុជាក៏បង្ហាញលទ្ធផលការងារឆ្នាំ ២០២២ ដោយក្រសួងបញ្ជាក់ថាខ្លួ នបានជួយពលរដ្ឋខ្មែរដែលរងគ្រោះដោយការរំលោភសិទ្ធិសេរីភាពនៅបរទេស និងអំពើជួញដូរមនុស្សចំនួន ៧.៩៥៣នាក់។ ចំនួននេះដូចគ្នានឹងឆ្នាំ ២០២៣ ដែរ។
ជុំវិញតួលេខនេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស មិនទាន់អាចបញ្ជាក់បន្ថែមបាននៅឡើយទេ ដោយលោកថាកំពុងជាប់រវល់នៅក្នុងកិច្ចប្រជុំ។
អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង អះអាងថា តួលេខរបស់ក្រសួងការបរទេសកម្ពុជាបានជួយសង្គ្រោះពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលរងគ្រោះដោយសារការរំលោភសិទ្ធសេរីភាព និងអំពើជួញដូរមនុស្សជិត ៨ពាន់នាក់ គឺជាការខិតខំប្រឹងប្រែងបំពេញការងាររបស់មន្ត្រីស្ថានទូត ប៉ុន្តែអ្នកស្រីមិនអាចបញ្ជាក់ថា តើវាជាករណីជួញដូរមនុស្សកម្រិតណានោះទេ។
បើតាមអ្នកស្រី ជូ ប៊ុនអេង ការងារដែលក្រសួងការបរទេសបានជួយពលរដ្ឋខ្មែរនៅក្រៅប្រទេសមានទាំងការដោះស្រាយបញ្ហាដែលពលរដ្ឋខ្មែរហួសសុពលភាពឯកសារអន្តោប្រវេសន៍ ដែលអាចប្រឈមនឹងការផាកពិន័យ។ អ្នកស្រីបញ្ជាក់ថា តួលេខនេះមិនអាចរាប់បញ្ចូលថាជាករណីជួញដូរមនុស្សឡើយ។
អ្នកស្រីថ្លែងថា៖ «អ៊ីចឹងភាពរវល់របស់គាត់ដែលគាត់បញ្ជូនពលរដ្ឋខ្មែរ ដែលមានបញ្ហាតាមរយៈការសម្របសម្រួលរបស់គាត់ហ្នឹង គឺវាមានច្រើនអ៊ីចឹងមែន។ អ៊ីចឹង តួលេខ៧ពាន់[នាក់]ជាងដែលក្រសួងការបរទេសរាយការណ៍ហ្នឹង គឺយើងមិនបដិសេធទេ។ ប៉ុន្តែរឿងដែលសំខាន់ ខ្ញុំចង់ញែកឱ្យច្បាស់ចំពោះអ្នកដែលបានស្តាប់ឮសេចក្តីរាយការណ៍ហ្នឹងថាមិនមែនជាជនរងគ្រោះដោយអំពើជួញដូរមនុស្សទេ ខ្ញុំចង់និយាយអ៊ីចឹង»។
បើតាមអ្នកស្រី ជូ ប៊ុនអេង ក្រសួងមហាផ្ទៃកំពុងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីធ្វើយ៉ាងណាឱ្យទិន្នន័យនៃអំពើជួញដូរមនុស្សមានភាពច្បាស់លាស់ និងកុំឱ្យប៉ះពាល់មុខមាត់កម្ពុជា ដែលអ្នកស្រីថា តែងតែមានការចោទថាកម្ពុជាសម្បូរដោយករណីជួញដូរមនុស្ស។
អ្នកស្រីថ្លែងថា៖ «អ៊ីចឹងហើយបានជាយើងកំពុងតែធ្វើការងារផ្នែកនេះបន្តទៀត ទាក់ទងរឿងទិន្នន័យដែលបញ្ជាក់ឱ្យច្បាស់ថាតើមានប៉ុន្មានឱ្យប្រាកដពាក់ព័ន្ធអំពើជួញដូរមនុស្សប្រចាំឆ្នាំ។ អ៊ីចឹងខ្ញុំសង្ឃឹមថា នៅឆ្នាំក្រោយៗទៀត យើងនឹងមានទិន្នន័យជាក់លាក់ជាងនេះ។ ឆ្នាំមុន ក៏យើងបានជជែកគ្នាដែរ ប៉ុន្តែយើងអត់ទាន់រកចំណុចរួមមួយដែលធ្វើឱ្យមានសង្គតិភាព រវាងទិន្នន័យពីក្រសួងស្ថាប័នមួយ ទៅក្រសួងស្ថាប័នមួយ ពីព្រោះក្រសួងស្ថាប័ននីមួយៗ គាត់ព្យាយាមធ្វើការពន្យល់ពីរបៀបរបបការងារ ក៏ដូចជាស្នាដៃរបស់អង្គភាព»។
អ្នកស្រី ជូ ប៊ុនអេង បញ្ជាក់ថា ករណីជួញដូរមនុស្ស ក្នុងឆ្នាំ ២០២៣ មានជាង ១៦០ករណី ដែលមានជនបរទេសនិងជនជាតិខ្មែរជាង ២០០នាក់រងគ្រោះ។ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃរូបនេះក៏បានឱ្យដឹងដែរថា ក្នុងឆ្នាំ ២០២៣ អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះពលរដ្ឋខ្មែរដែលរងគ្រោះនិងងាយរងគ្រោះនៅប្រទេសចិន ទាក់ទងនឹងការរាយការណ៍អំពីការជួញដូរមនុស្សបានប្រមាណ ២០០នាក់។
ប៉ុន្តែអ្នកស្រីថាករណីខ្លះមិនដូចអ្វីដែលពលរដ្ឋរាយការណ៍នោះទេ ដោយស្ត្រីមួយចំនួនបានរងគ្រោះតាមរយៈការរៀបការជាមួយជនជាតិចិន លុះពេលពពោះរួចរាល់ហើយ ត្រូវបានបណ្តេញចេញមកប្រទេសកម្ពុជាវិញ។ អ្នកស្រីបន្ថែមថាអំពើជួញដូរមនុស្សនេះមានភាពស្មុគស្មាញខ្លាំងដែលអាជ្ញាធរកំពុងស៊ើបអង្កេតបន្តទៀត។
គួរបញ្ជាក់ថា កាលពីដើមខែមីនា អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះក្មេងស្រីម្នាក់ដែលចាញ់បោកមេខ្យល់នៅប្រទេសចិន ក្រោយស្រ្តីម្នាក់នោះបានអំពាវនាវឱ្យជួយសង្រ្គោះ តាមរយៈវីដេអូដែលបង្ហោះនៅលើប្រព័ន្ធសង្គម៕
វេទិកាបញ្ចេញមតិ