សាលារាជធានីភ្នំពេញបានឱ្យក្រុមអង្គការសង្គមស៊ីវិលកាត់បន្ថយចំនួនអ្នកចូលរួម ពីចំនួន ២.០០០ នាក់ មកត្រឹម ១.៥០០ នាក់ ដែលគ្រោងនឹងប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យនៅថ្ងៃ ១០ ធ្នូ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិ។ អាជ្ញាធររាជធានីភ្នំពេញក៏មិនអនុញ្ញាតឱ្យរៀបចំពិធីប្រគល់ពានរង្វាន់ដល់អ្នកការពារសិទ្ធិមនុស្សឆ្នើមដែរ។ នេះបើយោងតាមលោក រស់ សុដ្ឋា នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CHRAC។
កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២២ ក្រុមអង្គការសង្គមស៊ីវិលបានដាក់លិខិតទៅកាន់គណៈអភិបាលរាជធានីភ្នំពេញ ដើម្បីស្នើសុំប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៤ ឆ្នាំនៃទិវាសិទ្ធិមនុស្សអន្តរជាតិ ដែលពួកគេមានបំណងប្រមូលផ្តុំអ្នកចូលរួមប្រមាណ២.០០០ នាក់នៅទីលានប្រជាធិបតេយ្យ ដែលស្ថិតក្នុងខណ្ឌឬស្សីកែវ។
លោកបានបញ្ជាក់បន្ថែមថា គម្រោងដែលគ្រោងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ត្រូវបានសាលារាជធានីភ្នំពេញអនុញ្ញាត ប៉ុន្តែមិនអនុញ្ញាតឱ្យធ្វើទៅតាមអ្វីដែលបានគ្រោងទាំងអស់ឡើយ ដូចជាការមិនអនុញ្ញាតឱ្យចែកពានរង្វាន់ដល់សកម្មជនសិទ្ធិមនុស្សជាដើម។
លោកថ្លែងថា៖ «អ្នកការពារសិទ្ធិមនុស្សមួយចំនួនត្រូវបានតុលាការដាក់ពន្ធនាគារ ដាក់អីអ៊ីចឹង។ បើយើងចែកពានរង្វាន់ ហាក់បីដូចជាអត់ស័ក្តិសមជាមួយនឹងសេចក្តីសម្រេចរបស់តុលាការ។ ទស្សនៈខុសគ្នា»។
លោក រស់ សុដ្ឋា អះអាងថា អាជ្ញាធរយល់ព្រមធានាតែសន្តិសុខខាងក្រៅកម្មវិធីទេ ខណៈនៅខាងក្នុង គឺទុកឱ្យអង្គការសង្គមស៊ីវិលមើលការខុសត្រូវដោយខ្លួនឯង។ លោកថ្លែងបន្តថា អាជ្ញាធរក៏បានហាមមិនឱ្យនិយាយអ្វីក្រៅពីប្រធានបទដែលកំណត់ផងដែរ ជាពិសេសពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយ។
លោកថ្លែងថា៖ «មួយទៀតការប្រើពាក្យពេចន៍ចង់ឱ្យសហការនិយាយក្នុងក្របខណ្ឌនៃប្រធានបទ មិនឱ្យនិយាយពាក់ព័ន្ធនឹងរឿងភូមិសាស្ត្រនយោបាយ។ នេះជារឿងមួយដែលខាងអាជ្ញាធរមិនឱ្យនិយាយ ព្រោះបញ្ហាកំពុងតែក្តៅឡើង ដោយសារបញ្ហានេះជាបញ្ហាប្រទាញប្រទង់។ អានេះជាសំណូមពររបស់អាជ្ញាធរ»។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក យល់ឃើញថា វាមិនមែនជារឿងថ្មីឡើយដែលអាជ្ញាធរតែងតែបង្ហាញពីការរឹតត្បិត និងមិនឱ្យមានសេរីភាពពេញលេញ។
បើតាមលោក នី សុខា អាជ្ញាធរតែងតែចាត់ទុកការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិថាជាការធ្វើបាតុកម្ម ហេតុនេះត្រូវតែសុំការអនុញ្ញាត ឬក៏ជូនដំណឹងទៅអាជ្ញាធរ ខណៈថាអាជ្ញាធរត្រូវបែងចែកឱ្យច្បាស់រវាងពិធីបុណ្យ និងបាតុកម្ម។
លោកថ្លែងថា៖ «ហើយបើយើងទៅកំណត់ពិធីបុណ្យថាទាល់តែមនុស្សចូលរួមប៉ុណ្ណេះនាក់ ប៉ុណ្ណោះនាក់។ ខ្ញុំគិតថា អាហ្នឹងជាការរឹតត្បិតសេរីភាព មិនខុសអីពីឆ្នាំកន្លងទៅទេ។ វានៅតែដដែល ហើយយើងកំពុងតែនិយាយពីទិវាសិទ្ធិមនុស្ស ប៉ុន្តែអាជ្ញាធរនៅបង្ហាញពីឥរិយាបថនៃការរឹតត្បិត នៃការតឹងតែងចំពោះបញ្ហាទាំងអស់ហ្នឹង»។
លោកថ្លែងបន្ថែមថា៖ «ដូច្នេះអាជ្ញាធរគួរតែងាកទៅអនុវត្តឱ្យបាននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ គិតថាធ្វើម៉េចឱ្យប្រជាពលរដ្ឋមានសិទ្ធិក្នុងការប្រើប្រាស់សេរីភាពគេដោយទូលំទូលាយ មិនមានដែនកំណត់»។
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា ការកំណត់ចំនួនមនុស្ស ១.៥០០ នាក់ ជាការយល់ព្រមរបស់ក្រុមអង្គការសង្គមស៊ីវិល។ លោកបានបញ្ជាក់បន្តថា ទីលានប្រជាធិបតេយ្យជាកន្លែងបញ្ចេញមតិ មិនមែនជាកន្លែងប្រគល់ពានរង្វាន់ឡើយ។
លោកថ្លែងថា៖ «យើងស្វាគមន៍ការសម្តែងមតិថ្ងៃ ១០ ធ្នូ ព្រោះ ១០ ធ្នូ មិនមែនជាកម្មសិទ្ធិរបស់នរណាទេ ជារបស់ប្រជាជនខ្មែរទូទៅ។ កុំយក ១០ ធ្នូ ជាសិទ្ធិរបស់ក្រុមគាត់ ក្រុមទាំងអស់គ្នាហ្នឹង។ នរណាក៏គោរពសិទ្ធិមនុស្សដែរ»។
គួរបញ្ជាក់ថា យោងតាមលិខិតរបស់ក្រុមអង្គការសង្គមស៊ីវិល ចុះថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ ក្រុមអង្គការសង្គមស៊ីវិលចំនួន ២៤ ស្ថាប័ន រួមមានអង្គការអាដហុក សង់ត្រាល់ និង CHRAC នឹងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នាថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២២ នៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ។
ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូនេះ គឺដើម្បីបង្កើនការចងចាំនូវសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ សិទ្ធិនយោបាយ និងដើម្បីប្រជាពលរដ្ឋបានបញ្ចេញមិតិអំពីកង្វល់ និងសំណូមពរផ្សេងៗទៅកាន់រដ្ឋាភិបាល៕
ភ្នំពេញ —