ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កាន់​អំណាច​ពិចារណា​លទ្ធភាព​ដក​ហូត​អាសនៈ​បក្ស​សង្គ្រោះជាតិ


ព្រះមហាក្សត្ស​ព្រះបាទ នរោត្តម សីហមុន្នី ​និង​សមាជិក​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ថត​រួម​គ្នា​នៅ​ក្នុង​ថ្ងៃបើក​ប្រជុំ​សភា​​ថ្ងៃ​ទី​២៣ កញ្ញា ជា​លើ​ក​ដំបូង​​តាំងពី​ការបោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ​២០១៣។
ព្រះមហាក្សត្ស​ព្រះបាទ នរោត្តម សីហមុន្នី ​និង​សមាជិក​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ថត​រួម​គ្នា​នៅ​ក្នុង​ថ្ងៃបើក​ប្រជុំ​សភា​​ថ្ងៃ​ទី​២៣ កញ្ញា ជា​លើ​ក​ដំបូង​​តាំងពី​ការបោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ​២០១៣។
មន្ត្រីជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជាបាន​អះអាង​នៅថ្ងៃ​ពុធ​នេះ​ថា ​សមាជិក​សភា​គណបក្ស​កាន់​អំណាច​បាន​ពិភាក្សា​ក្រៅ​ផ្លូវការ​អំពី​លទ្ធភាព​ស្នើ​ឲ្យ​មាន​ការទាត់​ចោល​អាសនៈ​ចំនួន​៥៥​របស់​គណបក្ស​សង្គ្រោះ​ជាតិ​និង​គ្រោង​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ដើម្បី​បញ្ចៀស​វិបត្តិ​ក្នុង​រដ្ឋសភា​ក្រោយ​ពី​ការ​បោះឆ្នោត។

ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ការសម្រេច​ជា​គោលការណ៍​បែប​ណា​នៅ​ឡើយ​ទេ។

លោក​ជាម​ យៀប ប្រធាន​គណៈ​កម្មការ​ហិរញ្ញវត្ថុ​និង​ធនាគារ​របស់​រដ្ឋសភា​និង​ជា​ប្រធាន​ក្រុម​តំណាងរាស្ដ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា​ ការ​លើក​គំនិត​បែប​នេះ​ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិកំពុង​បន្តទាត់​ចោល​លទ្ធផល​បោះឆ្នោត​និង​ពហិការ​កិច្ច​ប្រជុំ​សភា​ជា​ផ្លូវការ។

លោក​បន្ថែម​ថា​ប្រធាន​រដ្ឋសភា​លោក​ហេង សំរិន​ អាច​នឹង​ធ្វើ​របាយការណ៍​មួយ​ទៅ​កាន់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះ​ឆ្នោតដើម្បី​ស្នើ​ឲ្យ​មាន​ការ​ចាត់​វិធានការ​លើ​ការ​ជាប់គាំង​របស់​រដ្ឋ​សភា​នេះ។

«ចាំ​បាច់​ត្រូវ​ប្រធាន​រដ្ឋ​សភា​ត្រូវធ្វើ​របាយការណ៍​ទៅ (គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត)សុំឲ្យ​មាន​វិធានការ​យ៉ាង​ណា​តាម​ផ្លូវ​ច្បាប់ថា​តើ​អាច​ធ្វើ​យ៉ាង​ណា​បាន។​មក​ទល់​ពេល​នេះ​យើង​អត់​ទាន់​បាន​និយាយ​ទៅ​ដល់​នេះ​ទេ។ ​គ្រាន់​តែ​និយាយ​ក្រៅ​ផ្លូវ​ការ​ជា​មួយ​គ្នា»។

លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​ជា​ផ្លូវការ​បង្ហាញ​ថា​គណបក្ស​ប្រជា​ជន​កម្ពុជា​ឈ្នះ​បាន៦៨​អាសនៈ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៥៥​អាសនៈ​ក្នុង​រដ្ឋ​សភា​ដែល​មាន​១២៣​អាសនៈ។

ប៉ុន្តែ​គណបក្ស​ជំទាស់​មិន​ទទួល​យក​លទ្ធផល​ឆ្នោត​នេះ​ទេ​ដោយ​សំអាង​ថា​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​ដែល​ធ្វើឲ្យ​បាត់​បង់​ចំនួន​អាសនៈ​ដែល​ខ្លួន​ត្រូវ​ទទួល​បាន។ គណបក្ស​ជំទាស់​បាន​ទាមទារ​ឲ្យ​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើងវិញ​និង​បោះ​ឆ្នោត​ឡើង​វិញ។​ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គជប​បាន​អះអាង​ថា​ ការ​បោះឆ្នោត​ឡើងវិញ​មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ។

មក​ទល់​ពេល​នេះ​រដ្ឋ​សភា​ជាតិ​បាន​ដំណើរ​ការ​បី​ខែ​មក​ហើយដោយ​មាន​ពហិការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

លោកជាម ​យៀប​ ចាត់​ទុក​ថា​នេះ​ជា​មេរៀន​ក្រោយ​ពី​ការ​បោះឆ្នោត​ដែល​កម្ពុជា​មិន​ដែល​ជួប​ប្រទះ​ហើយ​លោក​គ្រោង​នឹង​ស្នើ​ឲ្យ​មាន​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ដើម្បី​បញ្ចៀស​វិបត្តិ​បែប​នេះ​ក្នុង​ការ​បោះឆ្នោត​លើក​ក្រោយ។

«នេះ​ជា​មេរៀន​ដែល​យើង​ទើប​នឹង​ជួប​ប្រទះ។​យើង​នឹង​ត្រូវ​ឲ្យ​មាន​ច្បាប់​ត្រឹម​ត្រូវ​ដើម្បី​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​មាន​ការ​លំបាក​ដូច្នេះ។ ​បើ​គ្មាន​អ្នកណា​ស្នើ​(ច្បាប់)​ ក៏​ខ្ញុំ​នឹង​ស្នើ​ដែរ។​ គេ​ថា​គេ​មិន​បោះ​បង់​ចោល​ (អាសនៈ)។​ដូច្នេះ​យើង​មាន​ការ​លំបាក​ដោយសារ​យើង​អត់​មាន​ច្បាប់។ ​យើង​ត្រូវ​កែ​ច្បាប់​បោះ​ឆ្នោត»។

ប៉ុន្តែ​លោក​ជាម ​យៀប ​បញ្ជាក់​ថា​ការស្នើ​ច្បាប់​ឬ​វិសោធនកម្ម​ច្បាប់​បោះឆ្នោតបាន​លុះ​ណា​តែ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ស្រុះ​ស្រួល​គ្នា​ចូល​រួម​ប្រជុំ​សភា​ជា​មុន​សិន។

លោក​ ទេព ​នីថា​ អគ្គ​លេខា​ធិការ​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំ​ការបោះ​ឆ្នោត​មាន​ប្រសាសន៍​ថា​ប្រសិន​បើ​មាន​សំណើ​ដូច​ខាង​លើ​នោះ​មែន​គ.ជ.ប​នឹង​ដោះស្រាយ​តាម​សិទ្ធិ​អំណាច​របស់​ខ្លួន​ដែល​មាន​ចែង​ក្នុង​ច្បាប់។

ដោយឡែកលោកស្រី មួ សុខហួរ​ តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បក​ស្រាយ​ថា​ ការ​ដក​កៅអី​តំណាងរាស្ដ្រ​របស់​គណបក្ស​ជំទាស់​គឺជា​អំពើ​ខុសច្បាប់​និង​អាចនឹង​រុញ​ច្រាន​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​កាន់តែ​ធ្ងន់ធ្ងរ។

«ច្បាប់​និយាយ​ថា​លុះណា​តែ​ប្រធាន​របស់​គណ​បក្ស​នោះ​ តំណាង​រាស្ដ្រ​គណ​បក្ស​នោះ​លាលែង​ពី​កៅអី​របស់​គេ​ពុំ​នោះ​ទេ​ចាក​ឆ្ងាយ​ណាស់​ពី​លទ្ធិ​ប្រជា​ធិបតេយ្យ។​ ហើយ​បើ​សិន​ជា​ធ្វើ​នោះ​មែន​ច្បាស់​ជា​មាន​ការតវ៉ា​រឹត​តែ​ខ្លាំង​ទៅៗ​ចូល​ជ្រៅ​ក្នុង​វិបត្តិ​នយោបាយ​ហើយ។​សូម​ពិចារណា​ផង»។

ដោយឡែក​លោក​បណ្ឌិត​ ហង្ស ​ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការបោះឆ្នោត​មួយ​ហៅ​ថា​និកហ្វិក​អះអាង​ដូច​គ្នា​ដែរ​ថា​ ការ​ធ្វើ​ឲ្យ​មាន​ការ​សម្រេច​ដក​អាសនៈ​គណបក្ស​សង្គ្រោះ​ជាតិ​ណាមួយ​គឺជា​ការ​ប្រឆាំង​នឹង​ច្បាប់។

«ផ្លូវ​ច្បាប់​មិន​មាន​លទ្ធ​ភាព​បញ្ឈប់​តួនាទី​របស់​តំណាង​រាស្ដ្រ​ដែល​បោះឆ្នោត​ដោយ​ប្រជាពលរដ្ឋ​ទេ»។​

គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ដឹកនាំ​បាតុកម្ម​ឈាន​ដល់​ថ្ងៃ​ទី​៤​ហើយ​នៅ​ថ្ងៃ​នេះ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​ក្នុង​ការបោះឆ្នោត​និង​ទាមទារ​ឲ្យ​មាន​ការបោះ​ឆ្នោត​ឡើង​វិញ។​

មេដឹកនាំ​គណបក្ស​នេះ​បានគំរាម​ថា​នឹង​ដឹកនាំ​បាតុកម្ម​អំណាច​ប្រជាពលរដ្ឋ​បើ​មិន​មាន​ការ​ដោះ​ស្រាយ​តាម​សំណើ​របស់​ខ្លួន​ក្នុង​អំឡុងពេល​បី​ខែ​ខាង​ទៀត​នោះ​ទេ៕
XS
SM
MD
LG