ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ថា​ទំនាក់ទំនង​ជាមួយ​អាមេរិក​នៅ​តែ​ល្អ


រូបឯកសារ៖ លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​រៀបចំ​ឡើង​ដើម្បី​បង្ហាញ​ជំហរ​របស់​រដ្ឋាភិបាល​អំពី​ទំនាក់ទនង​ខ្មែរ-ចិន នៅ​កម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)។
រូបឯកសារ៖ លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​រៀបចំ​ឡើង​ដើម្បី​បង្ហាញ​ជំហរ​របស់​រដ្ឋាភិបាល​អំពី​ទំនាក់ទនង​ខ្មែរ-ចិន នៅ​កម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)។

​នៅថ្ងៃ​ច័ន្ទ​នេះ ​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ថា កម្ពុជា​នៅ​តែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​អាមេរិក ហើយ​ថា ​ការ​ចោទ​ប្រកាន់​នោះ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​របស់​អ្នក​ស្រាវជ្រាវ​មួយ​រូប​ប៉ុណ្ណោះ។

រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ពី​«ទំនាក់​ទំនង​ល្អ​និងជា​ប្រវត្តិ​សាស្ត្រ»រវាង​កម្ពុជា​និង​សហរដ្ឋ​អាមរិក។

សេចក្តីអះអាង​នេះ​ធ្វើ​ឡើង​ក្រោយ​ពីទី​ប្រឹក្សា​មួយ​រូប​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ​រស់ ចន្ត្រាបុត្រ ​បាន​ថ្លែង​កាល​ពី​សប្តាហ៍​មុន​ថា សហរដ្ឋអាមេរិក​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​លោក​ សម រង្ស៊ី ក្នុង​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។

លោក ផៃ ស៊ីផាន រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី​និង​ជា​អ្នក​នាំពាក្យ​រដ្ឋាភិបាលបាន​អធិប្បាយ​លើ​គណនី​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោកថា «រាជរដ្ឋាភិបាល​នៅតែ​បង្ហាញ​ជំហរ​យ៉ាង​មុតមាំ​ ​ចំពោះ​កិច្ចសហប្រតិបត្តិ​ការ​ ​និង​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​-​អាមេរិក​»។​ ​

លោក​គូស​បញ្ជាក់​បន្ថែម​ថា ​«កិច្ចសហការ​ជិតស្និទ្ធ​ ​និង​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាជាតិ​ទាំងពីរ​នេះ​ ​នៅតែ​បង្ហាញ​ភាព​សកម្ម​ ​និង​ជិតស្និទ្ធ​ជាច្រើន​វិស័យ​ ​ដូចជា នៅ​ក្នុង​វិស័យ​ដោះ​មីន​ វិស័យ​អប់រំ​ ​កសិកម្ម​ ​បេតិកភណ្ឌ​ ​និង​ក្នុង​ការ​រួមគ្នា​ប្រឆាំង​អំពើ​ភេរវកម្ម​ជាដើម​»។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃព្រហស្បតិ៍សប្តាហ៍​មុន លោកបណ្ឌិត រស់ ចន្ត្រាបុត្រ​ ទីប្រឹក្សា​ផ្ទាល់របស់​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​និង​ជា​សមាជិក​បណ្ឌិត​សភាចារ្យ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថា​បាន​រៀបចំ​ផែនការ​សម្រាប់​លោក​ សម រង្ស៊ី ប្រធាន​ស្តី​ទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល​បច្ចុប្បន្ន។

ការចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​ លោក Patrick Murphy ទើប​នឹង​មកដល់​បានមួយ​ថ្ងៃ។

លោក​ ផៃ ស៊ីផាន ពន្យល់​មកវិញថា​«​ផលប្រយោជន៍​ ​និង​ទស្សនៈ​យល់ឃើញ​របស់​អ្នក​សិក្សា​ស្រាវជ្រាវ​ ​ដែល​បាន​លើកឡើង​នៅ​សន្និសីទ​សារព័ត៌មាន​នោះ​ ​គឺ​គ្រាន់តែ​ជា​សិទ្ធិ​នៃ​ការ​បញ្ចេញ​យោបល់​ ​មិនមែន​ជា​ជំហររបស់​រាជរដ្ឋាភិបាល​ឡើយ»​។

​លោក​បណ្ឌិត ឈាង វណ្ណារិទ្ធិ​ ​ប្រធាន​វិទ្យាស្ថាន​ចក្ខុ​វិស័​យអាស៊ី​ (Asian Vision Institute)​ នៅ​ទីក្រុង​ភ្នំពេញ​ ​បានប្រាប់​ VOA​ តាម​ទូរស័ព្ទ​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ថា ទំនាក់ទំនង​ការទូត​ដែល​រឹង​មាំ​គឺ​ពឹង​ទៅ​ការ​យោគយល់​គ្នា​ទៅវិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​ពីរ​ ហើយ​លោក​យល់​ឃើញ​ថា​ ការ​មក​ដល់​នៃ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ថ្មី​អាច​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ប្រសើរ​ជាង​មុន។ លោក ឈាង វណ្ណារិទ្ធិ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«ឯកអគ្គរដ្ឋទូត​ថ្មី លោក Patrick Murphy ហ្នឹង ​ជា​អ្នក​ជំនាញ​ខាង​អាស៊ី​ យល់​ពីអាស៊ី តាំង​ពី​ប្រវត្តិ​សាស្ត្រ​និង​សង្គម ​អ៊ីចឹង​ទេ​នោះគឺ​ជា​កត្តា​វិជ្ជមាន​មួយ​ដើម្បី​ឲ្យ​ទំនាក់ទំនង​កម្ពុជា​អាមេរិក​ហ្នឹង​វា​ល្អប្រសើរ​ជាង​នេះ»។​

ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ​និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ប៉ះ​ពាក្យ​សម្ដី​គ្នា​មួយ​ចំនួន​ក្នុង​ពេលអវត្តមានឯក​អគ្គ​រដ្ឋទូត​អាមេរិក​ថ្មី​ជាច្រើន​ខែ។ ការ​ប៉ះទង្គិច​គ្នា​នោះ​កើត​ឡើង​ក្រោយ​ពី​ស្ថានទូតបាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ចាប់​ខ្លួន​និង​ចោទប្រកាន់​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិដែល​បាន​រីក​រាល​ដាល​ ព្រម​ទាំង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ឃុំ​ខ្លួន​លោក​ កឹម សុខា អតីត​ប្រធាន​គណបក្ស​នេះ ដោយ​មិន​មានការ​ជម្រះ​ទោស។​

រហូត​ដល់​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ អ្នក​នាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​អ្នក​ស្រី Emily Zeeberg មិន​ទាន់​ឆ្លើយ​តប​នឹង​សំណួរ​តាមសារ​អេឡិចត្រូនិក​របស់ VOA ​ទាក់​ទង​នឹង​ការ​បញ្ជាក់​ជំហរ​របស់​កម្ពុជា​ឡើង​វិញ​ ជុំវិញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​និង​សហរដ្ឋ​អាមេរិកនោះ​ទេ៕

XS
SM
MD
LG