វ៉ាស៊ីនតោន៖ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders)និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានធ្វើការអំពាវនាវនៅថ្ងៃសុក្រទាមទារឱ្យដោះលែងលោកម៉ម សុណង់ដូនាយកវិទ្យុសំបុកឃ្មុំជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌបន្ទាប់ពីព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បានទម្លាក់ចោលការចោទប្រកាន់បទល្មើសឧក្រិដ្ឋពីរធំៗប្រឆាំងនឹងលោក គឺបទល្មើសកុប្បកម្មនិងញុះញង់ប្រឆាំងនឹងរាជការសាធារណៈ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលវីអូអេទទួលបានអង្គការអ្នកសារព័ត៌មានគ្មានព្រំដែនបានបញ្ជាក់ថា
«សូម្បីតែដើមបណ្តឹងសំខាន់ក៏មិនទាំងបានបង្ហាញមុខនៅឯសវនាការកាត់ទោសផង ហើយក៏គ្មានភស្តុតាងថ្មីត្រូវបានយកមកចោទប្រកាន់ទេ។ ដូច្នេះការបន្តដាក់គុកលោកម៉ម សុណង់ដូគឺមិនយុត្តិធម៌ទាល់តែសោះ»។
លោកម៉ម សុណង់ដូត្រូវបានតុលាការរាជធានី ភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំទាក់ទងនឹងការបង្រ្កាបយ៉ាងឃោរឃៅរបស់រដ្ឋាភិបាលលើទំនាស់ដីធ្លី មួយនៅខេត្តក្រចេះ។
នៅ ក្នុងបទសម្ភាសជាមួយនឹងអង្គការអ្នកសារព័ត៌មានគ្មានព្រំដែនលោកម៉ម សុណង់ដូបានបញ្ជាក់ថាសេរីភាពសារព័ត៌មានមិនមានទេនៅប្រទេសកម្ពុជា។ អ្នកសារព័ត៌មានមិនបានបំពេញតួរនាទីរបស់ពួកគេដោយត្រឹមត្រូវទេដោយសារតែពួកគេមានការភ័យខ្លាច ហើយឱនក្បាលនឹងការគំរាមកំហែងដែលមានតែបន្តិចបន្តួច។ លោកសុណង់ដូបញ្ជាក់ថាលោកបានធ្វើការងាររបស់លោកដោយត្រឹមត្រូវដោយហេតុនោះ ហើយលោកមិនធ្វើតាមចិត្តអ្នកណាម្នាក់ឡើយ ហើយលោកមិនមែនកើតមកដើម្បីផ្គាប់ចិត្តនាយករដ្ឋមន្ត្រី ណាមួយឡើយ។ លោកថាលោកធ្វើតាមតែសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ។
សាលាឧទ្ធរណ៍នឹងប្រកាសសាលក្រមនៅថ្ងៃទី១៤ខែមិនាខាងមុខនេះ។
លោកស សូវ៉ាន មេធាវីរបស់លោកម៉ម សុណង់ដូបានបញ្ជាក់ប្រាប់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនថា៖
«ការសម្រេចរបស់តុលាការរាជធានីភ្នំពេញមិនអាចដម្កល់ទុកបានទេ ហើយកូនក្តីរបស់ខ្ញុំមិនមានទោសកំហុសក្នុងការញុះញង់អ្វីឡើយហើយក្រោយពីសវនាការនៅសាលាឧទ្ធរណ៍គឺត្រូវទម្លាក់ការចោទប្រកាន់និងដោះលែងគាត់។ សាលក្រមណាផ្សេងពីនេះនឹងជាអំពើអយុត្តិធម៌»។