ភ្នំពេញ៖ អ្នករងគ្រោះដោយសារការរំលោភដីធ្លីនៅតំបន់បឹងកក់និងតំបន់បូរីកីឡានៅថ្ងៃសុក្រនេះបានដើរដង្ហែរក្បួនតវ៉ាពេញទីក្រុងភ្នំពេញចំថ្ងៃទិវាសិទ្ធិនារីអន្តរជាតិដើម្បីទាមទារឱ្យដោះលែងអ្នកស្រីយ៉ោម បុប្ជានិងលើកលែងការចោទប្រកាន់អ្នកភូមិបឹងកក់ផ្សេងទៀតដែលត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។
ក្រុមអ្នកតវ៉ាបានស្លៀកសម្លៀកបំពាក់ជាអ្នកទោសនិងមួយចំនួនទៀតពាក់អាវពណ៌ខ្មៅនិងពាក់រូបអ្នកស្រីយ៉ោម បុប្ជានៅលើក្បាលព្រមទាំងកាន់ទង់ជាតិសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិប្រទេសជប៉ុន និងសហគមន៍អឺរ៉ុប។ ដោយចាប់ចេញដំណើរពីកន្លែងវិវាទដីធ្លីនៅតំបន់បឹងកក់ ក្រុមអ្នកតវ៉ាបានដើរឆ្ពោះទៅសាលាក្រុងភ្នំពេញ ស្ថានទូតសហរដ្ឋអាមេរិក និងក្រសួងកិច្ចការនារីដើម្បីដាក់សម្ពាធឱ្យតុលាការដោះលែងសកម្មជនរបស់ខ្លួនដែលកំពុងជាប់ឃុំ។
ពួកគេបានស្រែកថា៖
«ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច។ ស្ត្រីគឺជាមាតានៃពិភពលោកហេតុនេះត្រូវតែលើកកម្ពស់ បញ្ចប់ការប្រើប្រាស់ប្រព័ន្ធតុលាការមកលើស្ត្រីដែលជាសកម្មជនដីធ្លី»។
ការដើរក្បួនតវ៉ារបស់អ្នករងគ្រោះដោយសារការរំលោភដីធ្លីត្រូវបានក្រុមអាជ្ញាធរមានសមត្ថកិច្ចរារាំងតែមិនមានការប៉ះទង្គិចគ្នារហូតដល់មានអំពើហិង្សាដូចពេលមុនៗទេ។ ក្រុមបាតុករបានដើរតាមមហាវិថីនានារហូតចូលក្នុងតំបន់បឹងកក់ដើម្បីប្រារព្ធកម្មវិធីរបស់ខ្លួន។
អ្នកស្រីទេព វន្នីតំណាងអ្នកភូមិបឹងកក់បាននិយាយថាការយកទិវាសិទ្ធិនារីអន្តរជាតិដើរក្បួនដង្ហែរនេះគឺដើម្បីទាមទារឱ្យរដ្ឋាភិបាលបោះបង្គោលព្រំដីជាង១២ហិកតានៅតំបន់បឹងកក់ឱ្យបានច្បាស់លាស់និងដោះលែងអ្នកស្រីយ៉ោម បុប្ជាដែលកំពុងជាប់ឃុំ។
លោកស្រីបញ្ជាក់ថា៖
«គោលដៅដែលសំខាន់គឺពួកខ្ញុំទាមទារឱ្យមានការដោះលែងអ្នកស្រីយ៉ោម បុប្ជាដែលជាស្ត្រីមួយរូបនិងជាសកម្មជនការពារដីធ្លីនៅតំបន់បឹងកក់ត្រូវបានប្រព័ន្ធតុលាការសាលារាជធានីដំបូងបានដាក់ពន្ធនាគារ៣ឆ្នាំដោយអយុត្តិធម៌។ ដោយសារតែគាត់គ្មានកំហុសទាល់តែសោះហើយខ្ញុំសុំឱ្យរាជរដ្ឋាភិបាលដោះលែងអ្នកស្រី យ៉ោម បុប្ជា ដើម្បីបញ្ជាក់ថាប្រទេសកម្ពុជាមានការគោរពសិទ្ធិស្ត្រីពិតប្រាកដ»។
ស្ថិតក្នុងសម្លៀកបំពាក់ជាអ្នកទោសនិងមានកាន់ឧគ្ឃោសនស័ព្ទបំពងសំឡេង អ្នកស្រី សុង ស្រីលាភ អាយុ២៧ឆ្នាំធ្លាប់បានជាប់ពន្ធនាគារជាមួយអ្នកភូមិបឹងកក់១៣នាក់បាននិយាយថាអ្នកស្រីពាក់អាវជាអ្នកទោសនៅថ្ងៃនេះគឺចង់បង្ហាញថាពួកគេនៅតំបន់បឹងកក់បានរងគ្រោះដោយសារការរំលោភសិទ្ធិពីអាជ្ញាធរនិងប្រព័ន្ធតុលាការដែលបានប្រើប្រាស់មកគាបសង្កត់ស្ត្រីការពារផ្ទះខ្លួនឯង។
អ្នកស្រីសុង ស្រីលាភបានបន្ថែមថា៖
«និយាយរួមទៅស្រ្តីមានសិទ្ធិគ្រប់បែបយ៉ាងតែពេលដែលខ្ញុំចេញប្រើសិទ្ធិរបស់ពួកខ្ញុំត្រូវគេចាប់ដាក់ពន្ធនាគារ។ អីចឹងពួកខ្ញុំចង់ពាក់អាវអ្នកទោសនេះសបញ្ជាក់ថាពួកខ្ញុំប្រឆាំងដាច់ខាតនិងសុំទាមទារឱ្យលុបការចោទប្រកាន់ចំពោះស្ត្រីហើយនិងសុំឱ្យរាជរដ្ឋាភិបាលលើកកម្ពស់ស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច»។
តុលាការក្រុងភ្នំពេញកាលពីខែធ្នូឆ្នាំ២០១២បានសម្រេចផ្តន្ទាទោស អ្នកស្រីយ៉ោម បុប្ជាឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំនិងពិន័យជាប្រាក់ចំនួន៦០ លានរៀលគឺប្រមាណជាង១៦.000ដុល្លារសហរដ្ឋអាមេរិកទៅឲ្យជនរងគ្រោះ ពីរនាក់ បន្ទាប់ពីតុលាការបានសម្រេចថា អ្នកស្រីជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើហិង្សាកាលពីខែសីហា ឆ្នាំ២០១២។
លោក សួស សំអាត ប្រធានចៅក្រមជំនុំជម្រះ នៅពេលនោះបានប្រកាសផ្តន្ទាទោសលោកលួស សាខនស្វាមីអ្នកស្រីយ៉ោម បុប្ជាឱ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំដូចគ្នាដែរ ក៏ប៉ុន្តែទោសទាំងនោះត្រូវព្យួរ។
អ្នកភូមិបូរីកីឡានិងតំបន់បឹងកក់បានដាក់ញត្តិជាបន្តបន្ទាប់ទៅស្ថានទូតនានាប្រចាំប្រទេសកម្ពុជាដើម្បីឱ្យអន្តរាគមដោះលែងអ្នកស្រីយ៉ោម បុប្ជាតែមកដល់ពេលនេះមិនមានដំណោះស្រាយណាមួយត្រូវបានធ្វើឡើងទេ៕