ភ្នំពេញ៖ សាលាឧទ្ធរណ៍បានចាប់ផ្តើមបើកសវនាការជំនុំជម្រះករណីលោកម៉ម សូណង់ដូ ប្រធានស្ថានីយវិទ្យុសម្បុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រធាធិបតេយ្យដែលត្រូវបានចោទប្រកាន់បីបទពាក់ព័ន្ឋនឹងការបង្កើតតំបន់អបគមន៍នៅស្រុកឆ្លូង ខេត្តក្រចេះប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោក ម៉ម សូណង់ដូ ត្រូវបានសាលាដំបូងក្រុងភ្នំពេញកាលពីខែតុលា ឆ្នាំ២០១២កាត់ទោសឲ្យជាប់ពន្ឋនាគាររយៈពេល២០ឆ្នាំនិងពិន័យជាប្រាក់ចំនួន១០លានរៀលគឺប្រមាណ២.៥០០ដុល្លារសហរដ្ឋអាមេរិកបន្ទាប់ពីតុលាការរកឃើញថា លោកជាប់ពាក់ព័ន្ឋនឹងការបង្កើតតំបន់អបគមន៍ប្រឆាំង និងរដ្ឋាភិបាល។
នៅក្នុងសវនាការថ្ងៃទី១នៅសាលាឧទ្ធរណ៍ លោកម៉ម សូណង់ដូត្រូវបានអនុរក្សពន្ឋនាគារបណ្តើរចេញពីក្នុងរថយន្តដោយដៃទាំងពីរជាប់ខ្នោះជាមួយជនជាប់ចោទពីរនាក់ផ្សេងទៀតគឺលោក ទូច រាមនិងកាន់ សុវណ្ណ។
ស្ថិតក្នុងសម្លៀកបំពាក់អាវសដៃខ្លីនិងមានសក់ព័ណ៌ស។លោកម៉ម សូណង់ដូមានទឹកមុខញញឹមដាក់ក្រុមអ្នកកាសែតនិងអ្នកតាមដានតំណើរការណ៍សាលាក្តី។លោកមិនមានអត្ថាធិប្បាយទេនៅពេលបណ្តើរចេញពីក្នុងរថយន្តដោយលោកគ្រាន់តែលើកសញ្ញាម្រាមដៃពីរឡើងទៅលើដែលសម្គាល់ថា សញ្ញានេះជាសញ្ញាជ័យជម្នះ។
នៅក្នុងបន្ទប់សវនាការ លោក ម៉ម សូណង់ដូ បានជម្រាបសួរនិងដើរចាប់ដៃក្រុមអង្កការសង្គមស៊ីវិលនិងអ្នកការទូតគ្រប់ៗគ្នាមុនសវនាការចាប់ផ្តើម។ លោកបានប្រាប់វីអូអេយ៉ាងខ្លីថាលោកបានស្រកទម្ងន់ចំនួនប្រាំបីគីឡូក្រាមពីទំងន់៧៣គក្រ មក ៦៥គក្រវិញ។
ចំណែកនៅខាងក្រៅបរិវេណតុលាការវិញ ក្រុមសមាជិកសមគមអ្នកប្រធាធិបតេយ្យនិងក្រុមអ្នករងគ្រោះដោយសារការរំលោភដីធ្លីពីតំបន់បឹងកក់និងបូរីកីឡាបានលើករូបថតនិងពាក់រូបសញ្ញាលោកម៉ម សូណង់ដូ លើក្បាលស្រែកទាមទារឲ្យសាលាឧទ្ធរណ៍ផ្តល់យុត្តិធម៌ដល់លោកម៉ម សូណង់ដូ។
«លោកម៉ម សូណង់ដូមិនមែនរងដូចមានការចោទប្រកាន់របស់តុលាការដំបូងទេ។ យុត្តិធម៌ត្រូវតែមានចំពោះលោកម៉ម សូណង់ដូ»។
សវនាការថ្ងៃទី១នេះមានជនជាប់ចោទចំនួនបីនាក់គឺលោកម៉ម សូណង់ដូ លោកទូច រាម និងលោកកាន់ សុវណ្ណ ព្រមទាំងមានភាគីដើមបណ្តឹងចំនួនបីរូបផ្សេងទៀត។
មុនដំណើរការអង្គសេចក្តី មេធាវីការពារក្តីលោកម៉ម សូណង់ដូគឺលោកសម សុគង់ បានទាមទារឲ្យតុលាការត្រូវតែមានវត្តមានជនជាប់ចោទប្រាំពីររូបផ្សេងទៀតដែលជាសាក្សីដាក់បន្ទុកមកលើលោកម៉ម សូណង់ដូ បើមិនមានវត្តមានទេ មេធាវីបានទាមទារឲ្យតុលាការពន្យារពេលសវនាការ។ ក៏ប៉ុន្តែក្រោយពីបានដកឃ្លាទៅពិភាក្សាមួយរយៈ តុលាការសាលាឧទ្ធរណ៍បានសម្រេចបន្តនីតិវិធីរបស់ខ្លួនដោយរង់ចាំការកោះហៅសាក្សីនៅពេលក្រោយ។
សវការត្រូវបានធ្វើឡើងប្រមាណជាងបីម៉ោង ដោយត្រឹមតែបានសាកសួរលោកម៉ម សូណង់ដូនិងជនជាប់ចោទពីរនាក់ទៀតប៉ុណ្ណោះ។ ដោយសារតែពេលវេលា លោកប្រធានចៅក្រមជំនុំជម្រះ ឃុន លាងម៉េង បាននិយាយថា សវនាការនឹងបន្តនៅថ្ងៃពុធស្អែកទៀត។
នៅក្នុងបន្ទប់សវនាការ លោកម៉ម សូណង់ដូ បានឆ្លើយប្រាប់តុលាការសាលាឧទ្ធរណ៍ដូចតុលាការក្រុងភ្នំពេញដែរថា លោកបង្កើតសមាគមនេះត្រឹមត្រូវតាមច្បាប់ បង្រៀនសមាជិកឲ្យគោរពច្បាប់ និងរដ្ឋធម្មនុញ្ញហើយមិនមានគោលការណ៍ប្រឆាំងនឹងរដ្ឋាភិបាលទេ។
ក្នុងវ័យ៧១ឆ្នាំ លោកម៉ម សូណង់ដូ នៅតែប្រកាន់ជំហរថា អ្នកដែលមកជូបលោកនៅទីស្នាក់ការវិទ្យុសម្បុកឃ្មុំគឺនិយាយពីរឿងតចរន្តអគ្គីសនី។ លោកមិនបានលើកទឹកចិត្តឲ្យបង្កើតចាប់យកដីធ្លីនៅភូមិប្រម៉ា ឃុំកំពុងដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីធ្វើតំបន់អបគមន៍ប្រឆាំងនឹងរដ្ឋាភិបាលទេ។ មានប្រសាសន៍ប្រាប់ក្រុមអ្នកយកព័ត៌មាននៅខាងក្រៅអគារតុលាការ។ លោកម៉ម សូណង់ដូ បាននិយាយថា លោកសង្ឃឹមថា សាលាឧទ្ធរណ៍នឹងផ្តល់យុត្តិធម៌ដល់លោក។
«ខ្ញុំសូមអរគុណ ប៉ុន្តែចំពោះខ្ញុំនឹកឃើញថា ដូចអត់មានបញ្ហាអ្វីទេពីព្រោះខ្ញុំនិយាយការពិតទាំងអស់ហើយខ្ញុំសង្ឃឹមថា តុលាការនឹងរកយុត្តិធម៌ឲ្យខ្ញុំ។ ហើយខ្ញុំអរគុណដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងពិភពលោក»។
លោកអំ សំអាត មន្ត្រីឃ្លាំមើលការរំលោភសិទ្ឋិមនុស្សរបស់អង្កការលីកាដូបាននិយាយថា តាមការជជែកដេញដោលគ្នានៅព្រឹកនេះមិនមានភស្តុតាងណាមួយដែលដាក់បន្ទុកមកលើលោកម៉ម សូណង់ដូ ដូចមានការចោទប្រកាន់របស់សាលាដំបូងក្រុងភ្នំពេញទេ។
«ឆ្លងតាមការដេញដោលលោកម៉ម សូណង់ដូ ក៏ដូចជាជនជាប់ចោទពីរនាក់ផ្សេងទៀតគឺមិនមានភស្តុតាងណាមួយដែលថា លោកម៉ម សូណង់ដូជាប់ពាក់ព័ន្ឋនឹងតំបន់អបគមន៍នៅភូមិប្រម៉ា ឃុំកំពុងដំរី ស្រុកឆ្លូង ខេត្តក្រចេះនោះទេ»។
អ្នកស្រី ឌិន ផាន់ណារ៉ា ភរិយារបស់លោកម៉ម សូណង់ដូបានអួលដើមកនិយាយមិនចេញនៅពេលដែលក្រុមអ្នកយកព័ត៌មានចោទសួរក្រោយពីស្វាមីរបស់អ្នកស្រីត្រូវបានអនុរក្សពន្ឋនាគារគ្រាបញ្ជូលក្នុងរយន្តរួចយកទៅឃុំឃាំងព្រៃសវិញ។
លោកស សាវាន មេធាវីការពារក្តីលោកម៉ម សូណង់ដូ បាននិយាយថា កូនក្តីរបស់លោកមិនជាប់ពាក់ព័ន្ឋទេគឺសំណុំរឿងនេះជាប់ពាក់ព័ន្ឋជាមួយលោកប៊ុន រដ្ឋាអតីតសមាជិកសមាគមអ្នកប្រជាធិបតេយ្យដែលបានបង្កើតសហគមន៍ប៊ុន រដ្ឋា សាមគ្គីដែលទៅចាប់ដីយកនៅភូមិប្រម៉ា៕