ខ្លឹមសារបឋមនៃសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈនេះ គ្របដណ្តប់ទូលំទូលាយទាំងការនិយាយស្តី ការធ្វើដំណើរនិងសោភ័ណសាធារណៈជាដើម ដែលនេះត្រូវបានគេមើលឃើញថាមានការរឹតត្បិតយ៉ាងច្រើនរាល់សកម្មភាពសាធារណៈ។
ក្រសួងមហាផ្ទៃបានតាក់តែងសេចក្តីព្រាងបឋមនៃច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ និងបានចែកចាយទៅកាន់បណ្ដារដ្ឋបាលខេត្តរាជធានី ដើម្បីប្រមូលធាតុចូលបន្ថែម។ VOA ទទួលបានច្បាប់ចម្លងមួយនៃសេចក្ដីព្រាងបឋម ដែលមាន ៨ ជំពូក ៤៨ មាត្រា ដែល «បានពិនិត្យកែសម្រួលចប់នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០»។
មាត្រា១ នៃសេចក្តីព្រាងច្បាប់នេះចែងថា៖ «ច្បាប់នេះមានគោលបំណងធានាការគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយ សោភ័ណភាព អនាម័យ បរិស្ថានភាពស្ងប់ស្ងាត់ សុវត្ថិភាពសង្គម រក្សាប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ»។ សេចក្ដីព្រាងបឋមដែលផ្ដោតទៅលើធាតុសំខាន់ ៥ រួមមាន សោភ័ណភាព អនាម័យ ភាពស្ងប់ស្ងាត់ សុវត្ថិភាព និងសណ្ដាប់ធ្នាប់។
មាត្រា ៦ ចែងអំពីការផ្ដល់ «សិទ្ធិអំណាច» ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ រួមមានរដ្ឋបាលខេត្តរាជធានី ក្រុង ស្រុក ខណ្ឌនិងសាលាឃុំ-សង្កាត់ ក្នុងការគ្រប់គ្រងធ្វើនិយ័តកម្មលើទីលំហសាធារណៈ ដែលត្រូវបានផ្ដល់និយមន័យថាជា «ទីកន្លែងដែលសាធារណជនអាចមើលឃើញចេញចូលបាន ឬអាចស្ដាប់ឮ»។ រដ្ឋបាលថ្នាក់ក្រោមជាតិទទួលសិទ្ធិអំណាចក្នុងការផ្ដល់ច្បាប់អនុញ្ញាតរឹតត្បិត និងបញ្ឈប់ សកម្មភាពនានាតាមទីសាធារណៈ។
បណ្ដាសកម្មភាពដែលត្រូវហាមឃាត់ក្នុងទីសាធារណៈ រួមមានការរស់នៅតាមចិញ្ចើមផ្លូវ ការសុំទាន ការប្រវាយប្រតប់ឈ្លោះប្រកែកជេរប្រមាថគ្នា ប្រព្រឹត្តអំពី «អាស» និង «សេពសន្ថវៈ» ការហាល ឬព្យួរសម្លៀកបំពាក់ ការបង្ហូរចោលកាកសំណល់ ការលក់ដូរនៅទីសាធារណៈដោយគ្មានច្បាប់អនុញ្ញាត និងសូម្បីតែ «ការចារឹកអក្សរ ការគូរគំនូរការគូរនិមិត្តសញ្ញា ការបាញ់ថ្នាំ ការបិទផ្សាយព័ត៌មាន ឬការដាក់តាំងរូបភាព ដែលមានខ្លឹមសារប៉ះពាល់ដល់សោភ័ណភាពនៅទីសាធារណៈ»។
មាត្រា ៣៧ ចែងអំពីការហាមឃាត់ «ការចារឹកអក្សរការគូរគំនូរ ការគូរនិមិត្តសញ្ញា ការបាញ់ថ្នាំ ការបិទផ្សាយព័ត៌មាន ឬការដាក់តាំងរូបភាពដែលមានខ្លឹមសារប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ សាសនា» និង «ការដាក់បង្ហាញ ឬចែកចាយនូវសំណេរ ឬរូបភាព ឬប្រើពាក្យសម្ដីមានខ្លឹមសារជេរប្រមាថ តាមបណ្ដាញព័ត៌មានសង្គម»។
លោក អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលទទួលបន្ទុករៀបចំសេចក្តីព្រាងនេះ បានបញ្ជាក់ថាសេចក្ដីព្រាងច្បាប់បឋម ដែល VOA ទទួលបានកាលពីសប្ដាហ៍មុន គឺដូចគ្នានឹងសេចក្ដីព្រាងដែលក្រសួងបានផ្ញើជូនរដ្ឋបាលថ្នាក់ក្រោមជាតិពិគ្រោះពិភាក្សាផ្ដល់ធាតុចូលបន្ថែម។
«បាទ!បាទ!ហ្នឹងហើយ។ ត្រូវហើយ!»
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះបានការពារភាពចាំបាច់នៃវត្តមានច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈនេះ ថាជាការរៀបចំខ្លួនដើម្បីប្រទេសកម្ពុជាក្លាយជារដ្ឋ «ស៊ីវិល័យជឿនលឿន»។
«ការរៀបរៀងច្បាប់នេះ មិនមានលាតសន្ធឹងអ្វីទៅបិទសិទ្ធិសេរីភាព មិនឱ្យបញ្ចេញមតិបញ្ចេញយោបល់អ៊ីចឹងទេប្អូន នេះគ្រាន់តែឱ្យរៀបរយ ធ្វើអី្វឱ្យមានជារបៀបរៀបរយ មានសណ្ដាប់ធ្នាប់ មានច្បាប់មានទម្លាប់ ចង់និយាយអ៊ីចឹងនេះ»។
មាត្រា ៣៦ នៃសេចក្ដីព្រាងច្បាប់បឋមខាងលើ ចែងអំពីការស្លៀកពាក់ គ្របដណ្ដប់កាយរបស់ពលរដ្ឋទាំងពីរភេទ ដែលបុរសហាមមិនឱ្យព្រលែងខ្លួនល្វែងលើ ដោយមិនពាក់អាវ និងហាមមិនឱ្យ«ស្លៀកតែខោទ្រនាប់ បង្ហាញផ្នែកខ្លះនៃកេរភេទ»។ សម្រាប់ស្ត្រី មាត្រានេះហាម «ស្លៀកពាក់ខ្លី ខើចលើខើចក្រោម ឬស្លៀកពាក់ស្ដើងមើលឃើញកេរភេទ ឬស្លៀកពាក់បង្ហាញផ្នែកខ្លះនៃកេរភេទ។
លោក អ៊ុក គឹមលេខ មន្រ្តីក្រសួងមហាផ្ទៃការពារមាត្រានេះថា មិនមែនជាការរឹតត្បិតសិទ្ធិសេរីភាពនៃការស្លៀកពាក់នោះទេ។ តែលោកលើកឡើងនូវពាក្យ «ប្រពៃណី» និង «ទំនៀមទម្លាប់» ដោយមិនបានបញ្ជាក់ពីនិយមន័យជាក់ច្បាស់ឡើយ។
«ប្អូនអ៊ីចេះ! មិនឱ្យវាលេចលើលេចក្រោម «ពេក» បាទ! ពាក្យ «ពេក» នេះ វាមានកុំឱ្យវាអាក្រក់មើលពេកណាប្អូន។ យើងថែរក្សាសណ្ដាប់ធ្នាប់។ ច្បាប់នេះមានគោលបំណងថែរក្សាសណ្ដាប់ធ្នាប់ប្រពៃណី ទំនៀមទម្លាប់ ចង់និយាយថា បើធ្វើអ្វីវាខុសប្រពៃណីពេក យើងហាមឃាត់»។
សកម្មភាព ហាមឃាត់ផ្សេងទៀត រួមមានការខាកស្តោះនៅតាមផ្លូវ ឬតាមទីសាធារណៈ ការបន្ទោបង់ក្រៅបង្គន់អនាម័យ ការចោលសំរាម ឬខ្មោចសត្វ ការដឹកជញ្ជូនសំរាមជ្រុះរាយប៉ាយតាមផ្លូវសាធារណៈ ការបូជាសព ឬបញ្ចុះសពនៅទីហាមឃាត់ ការសង់រោងការរោងបុណ្យ ឬរោងពិធីផ្សេងទៀតនៅទីសាធារណៈ ឬតាមដងផ្លូវដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។ ចំណែកការជះទឹកបាញ់ទឹក ស្រោចទឹក ឬប៉ាតម្សៅនៅទីសាធារណៈ ក៏ត្រូវបានហាមឃាត់ដែរ។
នៅក្នុងសេចក្ដីព្រាងច្បាប់ដដែលនេះ ក៏មានចែងផងដែរអំពីការរឹតត្បិតការប្រើឧបករណ៍បំពងសំឡេង កងរំពងខ្លាំង រំខានដល់អ្នកដទៃ ដែលរាល់សំឡេងបង្កឱ្យឮខ្លាំង រំខានអ្នកដទៃត្រូវបញ្ឈប់ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង២រសៀល និងចាប់ពីម៉ោង ១០យប់ ដល់ម៉ោង ៥ទៀបភ្លឺ។
អនីតិជនអាយុក្រោម ១៨ឆ្នាំ ទៀតសោត នឹងត្រូវហាមប្រាមពីការសេពគ្រឿងស្រវឹង និងចូលក្លឹបកម្សាន្ត រីឯការលក់ដូរគ្រឿងស្រវឹង ក៏នឹងត្រូវហាមឃាត់ពីម៉ោង ១២កណ្ដាលអធ្រាត្រ ដល់ម៉ោង ៦ព្រឹក។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ដដែល។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា និយមន័យទូលាយនៃពាក្យពេចន៍ក្នុងពង្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈនេះ ផ្ដល់វិសាលភាពធំធេងដល់ការអនុវត្តជាក់ស្ដែង។ លោកស្រីបន្ថែមថា បទពិសោធន៍នៃការអនុវត្តកន្លងមក នៅពេលដែលអាជ្ញាធរលើកឡើងអំពីករណីរក្សា «សណ្ដាប់ធ្នាប់» និងកែកុន «សោភ័ណភាព» នៃទីសាធារណៈតែងប៉ះពាល់ដល់សិទ្ធិសេរីភាពនៃការជួបជុំនិងបញ្ចេញមតិ។
«បើតាមការពិនិត្យមើលត្រួសៗ នាពេលបច្ចុប្បន្ននេះ យើងហាក់ដូចជាមានក្ដីបារម្ភចំពោះការតាក់តែងកន្លងមក ដែលមានការលម្អិតខ្លាំងទៅលើសណ្ដាប់ធ្នាប់។ ពាក្យថា «សណ្ដាប់ធ្នាប់» ហ្នឹងយ៉ាងម៉េច? ហើយកន្លងមក យើងអង្កេតឃើញជាក់ស្ដែងខាងអាជ្ញាធរ គាត់តែងតែយកហេតុផល ដូចជាការរឹតត្បិតទៅលើការជួបជុំអ្វីជាដើម ឈរលើហេតុផលនៃការរក្សាសណ្ដាប់ ធ្នាប់សង្គម»។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក អ៊ុក គឹមលេខ មានប្រសាសន៍ថា រដ្ឋាភិបាលនឹងផ្តល់ឱកាសដល់អង្គការសង្គមស៊ីវិល ក្នុងការផ្ដល់ធាតុចូលលើសេចក្ដីព្រាងច្បាប់នេះ។
លោកស្រី ចក់ សុភាព មានប្រសាសន៍ថា លោកស្រីនឹងផ្តល់អនុសាសន៍ពាក់ព័ន្ធ ដើម្បីជាការរួមចំណែកមិនឲ្យច្បាប់នេះប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
លោកស្រីបន្ថែមថា៖ «ប៉ុន្តែ សំខាន់វាស្ថិតនៅលើឆន្ទៈរបស់រដ្ឋាភិបាល ដែលលោក ដូចខ្ញុំបានគូសបញ្ជាក់ គឺយើងត្រូវមើលទៅលើចេតនានៃច្បាប់ថា តើដើម្បីផលប្រយោជន៍សាធារណជនទូទៅ ឬក៏ធ្វើឡើងក្នុងចេតនាក្នុងការរឹតបន្តឹង»។
ខណៈមាត្រានៃសេចក្ដីព្រាងច្បាប់ខាងលើនឹងផ្ដល់អំណាចដល់អាជ្ញាធរមូលដ្ឋានក្នុងការផ្ដល់ ឬមិនផ្ដល់ការអនុញ្ញាតដល់បណ្ដាអាជីវកម្មតូចធំលក់ដូរ ក្នុងទីសាធារណៈនោះ លោក ចាន់ ពន្លឺ អ្នកលក់ដូរភេសជ្ជៈចម្រុះមុខលើរទេះរ៉ឺម៉ក សណ្ដោងដោយម៉ូតូ មិនសូវសម្ដែងការភ្ញាក់ផ្អើលប៉ុន្មានទេ អំពីវត្តមាននៃច្បាប់ថ្មីនេះ។
អាជីវករវ័យ ៣០ឆ្នាំ ដែលកំពុងលក់ដូរនៅក្បែររបងវត្តបទុមវតី ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នេះលើកឡើងថា៖ «វាលើតែការ គេដឹកនាំទេ។ យើងអត់ ដឹងទេ បើគេថាឱ្យយើងចេញ យើងចេញ។ បើគេថាឱ្យយើងនៅយើងនៅ។ ការរកស៊ីតែប៉ុណ្ណឹងទេ។ វាដូចថាមានយប់មានថ្ងៃ។ ថ្ងៃណាគេឱ្យបិទ យើងអាចនឹងបិទ។ ថ្ងៃណាគេឱ្យបើក យើងអាចនឹងបើក។ បើយើងគិតថាយើងខ្លាំងជាមួយគេ យើងទៅអត់រួចទេៗ»។
លោក អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបន្ថែមថា ក្រសួងនិងរដ្ឋាភិបាលគ្រោងតាក់តែងច្បាប់នេះឱ្យរួចរាល់ និងដាក់ឱ្យប្រើប្រាស់ត្រឹមដំណាច់ឆ្នាំ ២០២០នេះ ឬក៏នៅដើមឆ្នាំ ២០២១ ខាងមុខ។
ទាក់ទងនឹងការដាក់ទោសទណ្ឌវិញមាត្រា ៤២ ចែងថាជនណារារាំងបង្កឧបសគ្គធ្វើឲ្យរាំងស្ទះដល់ការអនុវត្តច្បាប់នេះ ដោយអាជ្ញាធរមានសមត្ថកិច្ច និងឬមន្រ្តីទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈ ជននោះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ថ្ងៃ ទៅ៦ថ្ងៃ និងពិន័យជាប្រាក់ពី ១០ម៉ឺនរៀលទៅ ៥០ម៉ឺនរៀល។
ចំណែកមាត្រា ៤៣ ចែងថា ក្នុងការបំពេញមុខងារបើមន្រ្តីថ្នាក់ក្រោមជាតិ ឬនិងមន្រ្តីទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈ ដែលរំលោភអំណាចដោយចេតនា ដូចមានចែងក្នុងច្បាប់នេះ មន្ត្រីនោះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០ម៉ឺនរៀលទៅ ៨០ម៉ឺនរៀល។ ក្នុងករណីការរំលោភអំណាចនេះនៅតែប្រព្រឹត្តសាជាថ្មីទៀត ក្នុងរយៈពេល ១២ខែ ការផ្តន្ទាទោសខាងលើត្រូវគុណទ្វេដង៕