ខណៈដែលសហភាពអឺរ៉ុបកំពុងរង់ចាំការឆ្លើយតបពីរដ្ឋាភិបាលកម្ពុជា មុននឹងសម្រេចថាតើត្រូវព្យួរឋានៈអនុគ្រោះពន្ធដល់កម្ពុជា ឬក៏យ៉ាងណានោះ រដ្ឋាភិបាលបានប្រមូលថវិកាបំរុងទុកប្រមាណ ៣ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងលទ្ធភាពនៃការបាត់បង់ឋានៈអនុគ្រោះពន្ធនេះ។
លោក ហាវ រតនៈ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា បានថ្លែងកាលសប្តាហ៍មុនថា រដ្ឋាភិបាលកម្ពុជាបានត្រៀមថវិកាប្រមាណ ៣ ពាន់លានដុល្លារអាមេរិករួចជាស្រេច ដើម្បីទប់ស្កាត់ផលប៉ះពាល់នានា ដែលអាចកើតមានឡើង ដោយសារលទ្ធភាពនៃការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ» ឬ Everything But Arms (EBA)។
លោកហាវ រតនៈ បានថ្លែងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ ដែលត្រូវបានចុះផ្សាយដោយកាសែតភ្នំពេញប៉ុស្តិ៍៖ «ចំណូលដែលរដ្ឋទទួលបានពីសារពើពន្ធ រដ្ឋមិនបានចាយទាំងអស់ទេ រដ្ឋមានប្រាក់សន្សំទុកសម្រាប់ដោះស្រាយវិបត្តិដែលអាចកើតមានឡើងជាយថាហេតុ ដូចដែលនាយករដ្ឋមន្ត្រីធ្លាប់លើកឡើង ហើយរដ្ឋត្រៀមប្រមាណ ៣ពាន់លានដុល្លារ»។
ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍមួយ កម្ពុជាទទួលបានឋានៈអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ដែលអនុញ្ញាតឲ្យកម្ពុជានាំចេញផលិតផលក្នុងស្រុករបស់ខ្លួនជាច្រើនប្រភេទ ទៅកាន់ប្រទេសនានានៅទ្វីបអ៊ឺរ៉ុបដោយមិនបាច់បង់ពន្ធ។ ក្នុងមួយឆ្នាំៗ ឋានៈអនុគ្រោះពន្ធនេះ បានធ្វើឲ្យកម្ពុជាចំណេញយ៉ាងហោចណាស់ ៦០០លានដុល្លារអាមេរិក។
ក៏ប៉ុន្តែ ស្ថានភាពធ្លាក់ចុះដុនដាបនៃសេរីភាពនយោបាយរបស់គណបក្សប្រឆាំង ការគោរពសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ អង្គការសង្គមស៊ីវិល និងសេរីភាពសារព័ត៌មាននៅកម្ពុជា ជាពិសេសមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ បានជំរុញឲ្យគណៈកម្មការសហភាពអឺរ៉ុប ពិចារណាថាត្រូវព្យួរឋានៈអនុគ្រោះពន្ធ ដែលកម្ពុជាទទួលបាន ឬក៏យ៉ាងណា បើសិនជារដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនស្តារលទ្ធិប្រជាធិបតេយ្យ សេរីភាពមូលដ្ឋាន និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
ប្រហែលពីរសប្តាហ៍ខាងមុខនេះ ពោលគឺត្រឹមថ្ងៃទី១២ ខែធ្នូ រដ្ឋាភិបាលកម្ពុជានឹងត្រូវធ្វើការឆ្លើយតបទៅគណៈកម្មការសហភាពអឺរ៉ុបវិញ បន្ទាប់ពីគណៈកម្មការនេះបានចេញរបាយការណ៍វាយតម្លៃរបស់ខ្លួនលើស្ថានភាពសិទ្ធិមនុស្សនិងនយោបាយរបស់កម្ពុជា កាលពីខែវិច្ឆិកាកន្លងទៅនេះ។
សមាគមកាត់ដេរ សភាពាណិជ្ជកម្មអឺរ៉ុប និងក្រុមហ៊ុនវិនិយោគទុននៅកម្ពុជាមួយចំនួន បានប៉ាន់ស្មាននាពេលកន្លងមកថា ការបាត់បង់ឋានៈអនុគ្រោះពន្ធ EBA នេះ អាចប៉ះពាល់ខ្លាំងគួរសមដល់សេដ្ឋកិច្ចកម្ពុជា ដោយបណ្តាលឲ្យមានការបាត់បង់ការងារធ្វើរបស់ពលរដ្ឋកម្ពុជាយ៉ាងហោចណាស់ ៩ម៉ឺននាក់ ហើយកម្ពុជានឹងបាត់បង់ចំណូលប្រមាណ ៦០០លានដុល្លារអាមេរិកពីការនាំចេញទៅអឺរ៉ុប។
ស្របពេលជាមួយគ្នានឹងការត្រៀមថវិកានេះ រដ្ឋាភិបាលកម្ពុជាក៏បានបង្កើនកិច្ចខំប្រឹងប្រែងរបស់ខ្លួន ក្នុងការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬ Free Trade Agreement (FTA) ជាមួយប្រទេសដែលមានសេដ្ឋកិច្ចធំៗនានា ដូចជា ចិន និងកូរ៉េខាងត្បូងជាដើម ដែលការណ៍នេះអាចអនុញ្ញាតឲ្យកម្ពុជាទទួលបានទីផ្សារនាំចេញផលិតផលក្នុងស្រុករបស់ខ្លួនបន្ថែមទៀត៕