ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាមទារ​ប្រាក់​បៀវត្ស​កន្លង​មក​វិញទេ


លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ចុះ​ឈ្មោះ​នៅ​មុន​​សម័យ​ប្រជុំ​រដ្ឋសភា​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី​​៨ ខែ​សីហា ឆ្នាំ​២០១៤។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​ចូល​រួម​ប្រជុំ​រដ្ឋសភា​ជា​លើក​ដំបូង​ក្រោយ​ពី​បាន​ធ្វើ​ពហិការ​រយៈ​ពេល​១០​ខែ។
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ចុះ​ឈ្មោះ​នៅ​មុន​​សម័យ​ប្រជុំ​រដ្ឋសភា​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី​​៨ ខែ​សីហា ឆ្នាំ​២០១៤។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​ចូល​រួម​ប្រជុំ​រដ្ឋសភា​ជា​លើក​ដំបូង​ក្រោយ​ពី​បាន​ធ្វើ​ពហិការ​រយៈ​ពេល​១០​ខែ។

ក្នុង​អំឡុង​ពេល​នៃ​ការ​ជាប់​គាំង​នយោបាយ​ជាង​១០​ខែ​កន្លង​មក​នេះ ប្រាក់​បៀវត្ស​អ្នក​តំណាងរាស្ត្រ​ទាំង​៥៥​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវ​បាន​រដ្ឋសភា​របស់​ប្រទេស​កម្ពុជា​ផ្តល់​ជូន​ទេ ដោយ​លើក​ហេតុផល​ថា​ អ្នក​តំណាងរាស្ត្រ​ទាំង​នោះ​អវត្តមាន​ និង​មិន​មក​បំពេញ​ភារកិច្ច​ជា​អ្នក​តំណាងរាស្ត្រ​ស្រប​ច្បាប់។​

ក្រោយ​ពី​បាន​ស្បថ​ចូល​កាន់​មុខ​តំណែង​និង​បាន​ចូល​រួម​បើក​កិច្ច​ប្រជុំ​សភា​ដំបូង​កាល​ពី​សប្តាហ៍​មុន ប្រាក់​បៀវត្ស​អ្នក​តំណាងរាស្ត្រ​ទាំង​៥៥​រូប​របស់​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​លើក​យក​មក​ជជែក​គ្នា​ឡើង​វិញ​បន្ទាប់​ពី​វិបត្តិ​នយោបាយ​បាន​បញ្ចប់។​

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ការ​បើក​ប្រាក់​បៀវត្ស​នេះ​អាស្រ័យ​ទៅ​លើ​ស្ថាប័ន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ថា ​តើ​ត្រូវ​បើក​ប្រាក់​ជូន​អ្នក​តំណាងរាស្ត្រ​ខាង​គណបក្ស​សង្គ្រោះជាតិ​ទាំង​៥៥​រូប​ដែល​ខក​ខាន​មិន​បាន​ចូល​រួម​ប្រជុំ​សភា​កន្លង​មក​ឬ​ក៏​យ៉ាង​ណា?​

លោក​ អ៊ុច ឈន​ អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មាន​ប្រសាសន៍​ថា ​មក​ទល់​ពេល​នេះ​គ្មាន​ការ​ស្នើ​សុំ​ជា​លាយ​លក្ខណ៍​អក្សរ​ពី​គណបក្ស​សង្គ្រោះជាតិ​ អំពី​ប្រាក់​បៀវត្ស​របស់​ខ្លួន​ទេ។ ​លោក​មាន​ប្រសាសន៍​ថា​ ប្រសិន​បើ​មាន​លិខិត​ស្នើ​សុំ​ក្រុម​ប្រឹក្សាធម្មនុញ្ញ​និង​ទទួល​យក​ទៅ​ពិចារណា។​

លោក​បាន​និយាយ​ថា៖ «បើ​សិន​ជា​មាន​ ខាង​ខ្ញុំ​ត្រូវ​ពិភាក្សា​គ្នា​ថា​តើ​ត្រឹម​ត្រូវ​តាម​ច្បាប់​ឬអត់?»។​

ប្រាក់​ខែ​អ្នក​តំណាងរាស្ត្រ​គឺ​ជា​បន្ទុក​របស់​គណ់ៈកម្មាធិការ​ហិរញ្ញវត្ថុ​ និង​សវនកម្ម​របស់​រដ្ឋសភាជា​អ្នក​បើក​ជូន​អ្នក​តំណាងរាស្ត្រ​ទាំង​១២៣​រូប​ដែល​ជា​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា។​

អ្នក​តំណាងរាស្ត្រ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ប្រាក់​បៀវត្ស​ប្រមាណ​ជាង​២.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក។​ប្រសិន​បើ​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះជាតិ​ទាំង​៥៥​រូប​មិន​ត្រូវ​បាន​បើកប្រាក់​បៀវត្ស​ទេ នោះ​អ្នក​តំណាងរាស្ត្រ​ទាំង​នោះ​នឹង​បាត់បង់​ថវិកា​សរុប​ ​ប្រមាណ​ជាង​១១​សែន​ដុល្លារសហរដ្ឋ​អាមេរិក។​

លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​មាន​ប្រសាសន៍​ថា ​គណបក្ស​គ្មាន​គម្រោង​ណា​មួយ​ដើម្បី​សរសេរ​លិខិត​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​ស្នើ​សុំ​បើក​ប្រាក់​បៀវត្ស​ដល់​សមាជិក​សភា​អ្នក​តំណាងរាស្ត្រ​ទាំង​៥៥​រូប​នោះ​ទេ។​

លោក​បាន​បញ្ជាក់​ថា លោក​មិន​ចាប់​អារម្មណ៍​នឹង​បញ្ហា​បៀវត្ស​ទេ​ ដោយ​សារ​តែ​លោក​រវល់​នឹង​ការ​រៀបចំ​ពង្រាង​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ សមាភាព​គជប​ និង​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​តាម​កិច្ច​ព្រមព្រៀង​នៃ​គណបក្ស​ទាំង​ពីរ។

លោក​បាន​និយាយ​ថា៖ «បាទ! អត់​មាន​ទេ​យើង​កំពុង​តែ​ធ្វើ​សេចក្តី​ព្រាង​សំខាន់​គឺ​កំណែទម្រង់​កិច្ចការ​បោះ​ឆ្នោត​ក្នុង​ការ​រៀបចំ​គជប​ ក្នុង​ការ​រៀបចំ​ច្បាប់​បោះ​ឆ្នោត​ឲ្យ​បាន​ល្អ​សម្រាប់​ប្រទេស​យើង​ទៅ​ថ្ងៃ​អនាគត»។​

លោក​ ជាម យៀប​ ប្រធាន​គណៈកម្មាធិការ​ហិរញ្ញវត្ថុ ​ធនាគារ និង​ សវនកម្ម​របស់​រដ្ឋសភា​មិន​អាច​ស្នើ​សុំ​សេចក្តី​ពន្យល់​បាន​ទេ​នៅ​ថ្ងៃ​អង្គារ៍​នេះ។ ​ក៏ប៉ុន្តែ​កន្លង​មក​លោក​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​រដ្ឋសភា​បាន​បង្វិល​ថវិកា​ទាំង​នេះ​ទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​វិញ​ហើយ។​

លោក​បាន​និយាយ​ថា៖ ​«កាល​ណា​គាត់​មិន​ទាន់​ចូល​ អត់​មាន​អភ័យឯកសិទ្ធិ​ អត់​មាន​ទទួល​បាន​ប្រាក់​ខែទេ។ ​មិន​អាច​ទទួល​បាន​ទេ។ យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​វេ​ប្រាក់​ជូន​ទៅ​រដ្ឋ​វិញ»។​

ញ៉ែម ថាវី​ អ្នក​នាំ​ពាក្យ​រដ្ឋសភា​មាន​ប្រសាសន៍​ថា ​យោង​តាម​ច្បាប់ ​អ្នក​តំណាងរាស្ត្រ​ក៏​ដូច​ជា​មន្ត្រី​រាជការ​ដែរ ​ប្រសិន​ណា​បើ​មិន​បាន​មក​បំពេញ​ភារកិច្ច​នោះ​មិន​អាច​ទទួល​បៀវត្ស​បាន​ទេ៕

XS
SM
MD
LG