រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា មិនធ្លាប់ចោទប្រកាន់អង្គការសង្គមស៊ីវិលណាមួយថា មានជាប់ពាក់ព័ន្ធនឹងការធ្វើបដិវត្តន៍ពណ៌នោះទេ។
ថ្លែងក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី២ ដែលមានការចូលរួមពីតំណាងសង្គមស៊ីវិលចំនួនជាង២០០នាក់ លោក ស ខេង លើកឡើងថា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងសមាគម អង្គការមិនមែនរដ្ឋាភិបាលនោះ ក្រសួងមហាផ្ទៃបានផ្តួចផ្តើមរៀបចំវេទិកាស្ដីពីភាពជាដៃគូរវាងរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល កាលពីខែ មិថុនា ឆ្នាំ ២០១៨ កន្លងទៅ ដើម្បីពិនិត្យឡើងវិញនូវស្ថានភាពកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
លោកបន្ថែមថា បច្ចុប្បន្នសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងនេះ ព្រមទាំងសហគមន៍នានានៅមូលដ្ឋាន មានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពស្របតាមច្បាប់ជាធរមាន ដោយគ្មានការហាមឃាត់ ឬរារាំង និងមិនតម្រូវឲ្យជូនដំណឹងជាមុនក្នុងរយៈពេលយ៉ាងតិច៣ថ្ងៃទៅអាជ្ញាធរមូលដ្ឋាន ដូចមុនឡើយ។
លោក ស ខេង បានបន្ថែមថា សេរីភាពសង្គមស៊ីវិលតាមមូលដ្ឋានតែងមានចន្លោះប្រហោង ប៉ុន្តែលោកថា រដ្ឋាភិបាលកម្ពុជាមិនបានរារាំង ឬលាបពណ៌សង្គមស៊ីវិលណាមួយដូចការចោទប្រកាន់កន្លងមកនោះទេ។
ក្រោយបញ្ចប់ការថ្លែងក្នុងវេទិកានោះ ក្រុមអ្នកសារព័ត៌មានបានសួរសំណួរទៅកាន់លោក ស ខេង ពាក់ព័ន្ធនឹងវីដេអូ ព្រមទាំងឯកសារមួយចំនួនដែលរដ្ឋាភិបាលបានផ្សព្វផ្សាយថា មានអង្គការមួយចំនួនបានជួយគណបក្សប្រឆាំងក្នុងការចូលរួមធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សកាន់អំណាចរូបនេះ បានឆ្លើយនឹងសំណួរនោះថា ជារឿងបុគ្គល។
«អាហ្នឹងរឿងបុគ្គល រឿងបុគ្គលទេ។ ខ្ញុំចង់និយាយថា អាហ្នឹងគ្មាននរណាលាបពណ៌គាត់ទេ តែកាលណាគាត់ចូលរួម គាត់ត្រូវទទួលខុសត្រូវមុខច្បាប់ហើយ។ ចង់និយាយអ៊ីចឹង»។
យ៉ាងណាក្តី កាលពីឆ្នាំ២០១៨ ទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជាបានផ្សព្វផ្សាយសៀវភៅ«ស» ស្តីពី«ស្ថានការណ៍នយោបាយនៅកម្ពុជា ការពង្រឹងនីតិរដ្ឋ និងដំណើរការលទ្ធិប្រជាធិបតេយ្យ»ដែលមានកម្រាស់ជាងមួយរយទំព័រ និងវីដេអូមួយដែលមានរយៈពេលជាង១ម៉ោង រៀបរាប់អំពីការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជាដើម្បីផ្តួលរំលំរដ្ឋាភិបាល។
ទាំងក្នុងសៀវភៅ«ស»និងវីដេអូនោះ រដ្ឋាភិបាលបានរៀបរាប់ថា កន្លងមកគណបក្សប្រឆាំងបានបង្កើតបដិវត្តន៍ពណ៌ជាច្រើនរូបភាពដើម្បីផ្តួលរំលំរដ្ឋាភិបាល ដោយមានការចូលរួម និងគាំទ្រពីបរទេស ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាលធំៗមួយចំនួនដែលធ្វើការលើការការពារសិទ្ធិមនុស្ស និងឃ្លាំមើលការបោះឆ្នោត និងមានជាប់ពាក់ព័ន្ធនឹងការរៀបចំយុទ្ធសាស្រ្តជាមួយគណបក្សប្រឆាំង រួមមានសមាគមការពារសិទ្ធិមនុស្សអាដហុក អង្គការលីកាដូ អង្គការខុមហ្វ្រែល និងនិចហ្វិចជាដើម។
សៀវភៅ«ស»នោះក៏បានរៀបរាប់ថា ការទប់ស្កាត់ និងការរំលាយចលនា ឬសកម្មភាពផ្សេងៗដែលរដ្ឋាភិបាលហៅថា បដិវត្តន៍ពណ៌ដែលមានអង្គការចាត់តាំងនយោបាយ ហើយការបិទស្ថាប័នអង្គការ និងការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងមួយចំនួននោះគឺធ្វើឡើងដោយប្រើវិធានការច្បាប់ដើម្បីធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍ។
ក្រសួងមហាផ្ទៃ នៅពេលនោះ ក៏បានព្រមានបិទ ឬចាត់វិធានការលើអង្គការទាំងនោះ ប្រសិនបើក្រសួងរកឃើញថា ពួកគេពិតជាបានប្រព្រឹត្តខុសនឹងច្បាប់ពិតមែន។
ក្រោយមានការផ្សព្វផ្សាយឯកសារ វីដេអូ និងការព្រមានចាត់វិធានការផ្សេងៗពីក្រសួងមហាផ្ទៃ គេឃើញនាយកប្រតិបត្តិអង្គការខុមហ្វ្រែល គឺលោកគល់ បញ្ញា និងមេដឹកនាំអង្គការមួយចំនួនទៀត បានរត់ភៀសខ្លួនទៅបរទេស។
យ៉ាងណាក្តី ក្រោយបញ្ចប់ការថ្លែងក្នុងវេទិកានោះ លោក ស ខេង បានឆ្លើយតបនឹងសំណួររបស់ VOA ថា ការចោទប្រកាន់សង្គមស៊ីវិលថា មានជាប់ពាក់ព័ន្ធនឹងការធ្វើបដិវត្តន៍កន្លងមកគឺធ្វើឡើងទៅលើបុគ្គលតែប៉ុណ្ណោះ មិនមែនចោទប្រកាន់លើស្ថាប័ននោះទេ។
លោក កន សាវាង្ស មន្រ្តីឃ្លាំមើលការបោះឆ្នោតនៃអង្គការខុមហ្វ្រែលប្រាប់VOA ថា លោកសប្បាយចិត្តនៅពេលបានឮរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលជាក្រសួងគ្រប់គ្រងអង្គការសង្គមស៊ីវិល ថ្លែងបែបនេះ។
ទោះយ៉ាងណា លោកថា នៅមុនការបោះឆ្នោត អង្គការខុមហ្វ្រែល ជាពិសេសអតីតបន្ទប់ស្ថានការណ៍ដែលមានអង្គការ សមាគមប្រមាណជា៤០ធ្វើការពាក់ព័ន្ធនឹងការឃ្លាំមើលការបោះឆ្នោត បានទទួលរងសម្ពាធ និងការគំរាមកំហែងពីសំណាក់អាជ្ញាធរ ក្រោយការចោទប្រកាន់ពីរដ្ឋាភិបាលថា អង្គការសមាគមទាំងនោះបានចូលរួមធ្វើបដិវត្តន៍ពណ៌។ លោកបន្ថែមថា ករណីនេះក្រសួងមហាផ្ទៃបានចេញជាលិខិតព្រមានក្រុមអង្គការ សមាគមទាំងនោះផងដែរ។
លោកបញ្ជាក់ថា៖
«រឿងទាំងអស់នេះខ្ញុំគិតថា មិនមែនលោកមិនដឹងទេ ហើយលោកក៏ធ្លាប់អន្តរាគមន៍ពាក់ព័ន្ធរឿងបន្ទប់ស្ថានការណ៍អីផ្សេងៗដែរ។ ទាំងអស់នេះ ដែលលោកអាចដឹង ហើយសហគមន៍ជាតិ និងអន្តរជាតិក៏លោកដឹងដែរ។ អ៊ីចឹង ការអនុវត្តសេរីភាព ឬក៏សកម្មភាពដែលស្របទៅតាមអ្វី ដែលមានក្នុងការជជែក ជាសេរីភាពតាមបែបលទ្ធិប្រជាធិបតេយ្យដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលមានចែងនៅក្នុងច្បាប់ អាហ្នឹងដែលជាការត្រឹមត្រូវ»។
ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៧ ពោលគឺក្រោយការបោះឆ្នោតឃុំសង្កាត់ ដែលពេលនោះ គណបក្សសង្គ្រោះជាតិ ដែលមានលោកសម រង្ស៊ី និងលោក កឹម សុខា ជាមេដឹកនាំ ទទួលបានការគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេសនោះ គេឃើញរដ្ឋាភិបាលចាប់ផ្តើមរឹតបន្តឹងការធ្វើសកម្មភាពការងាររបស់ក្រុមសង្គមស៊ីវិល និងសំឡេងប្រឆាំង ព្រមទាំងសិទ្ធិសេរីភាពនៃការបញ្ចេញមតិផ្សេងៗ។
គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដោយចោទថា បានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ចំណែកប្រធានគណបក្សនេះគឺលោក កឹម សុខា ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ដោយចោទពីបទក្បត់ជាតិ ព្រមទាំងមានការព្យួរសិទ្ធិធ្វើនយោបាយរបស់មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងចំនួន១១៨នាក់ ម្នាក់ៗមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
អង្គការមួយចំនួនដែលធ្វើការងារពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដូចជា NDI ជាដើម ត្រូវបានបិទ និងបណ្តេញចេញពីកម្ពុជា ព្រមទាំងមានការចោទប្រកាន់អង្គការសង្គមស៊ីវិលមួយចំនួនថា មានជាប់ពាក់ព័ន្ធនឹងការធ្វើបដិវត្តន៍ពណ៌ និងរងការព្រមានបិទ និងមានទាំងការចាប់ខ្លួនមន្រ្តីការពារសិទ្ធិមនុស្សដាក់ពន្ធនាគារ។
ចំណែកសារព័ត៌មានឯករាជ្យ ដែលមិនរណបរដ្ឋាភិបាល ត្រូវទទួលរងសម្ពាធរហូតបិទលែងមានប្រតិបត្តិការ ដូចជាកាសែតឌឹខេមបូឌាដេលី និងវិទ្យុអាស៊ីសេរី ព្រមទាំងការបិទវិទ្យុជាច្រើនដែលជួលម៉ោងផ្សាយឲ្យវិទ្យុអាស៊ីសេរី និងសំឡេងសហរដ្ឋអាមេរិកជាដើម។
ការរឹតត្បិតនាពេលនោះបានបន្តរហូតដល់ពាក់កណ្តាលឆ្នាំ២០១៨ ពោលគឺក្រោយការបោះឆ្នោតដែលមិនមានការចូលរួមពីគណបក្សប្រឆាំង ហើយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឈ្នះការបោះឆ្នោតនោះយ៉ាងភ្លូកទឹកភ្លូកដី និងកំពុងដឹកនាំប្រទេសដោយឯកបក្ស។
ក្រោយការបោះឆ្នោតដោយមិនមានគណបក្សប្រឆាំង និងកំពុងមានការដឹកនាំប្រទេសដោយឯកបក្ស រដ្ឋាភិបាលកម្ពុជាបានរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ជាពិសេសពីបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនថា កំពុងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារងនូវភាពខ្ទេចខ្ទី និងផ្ទុយពីច្បាប់អន្តរជាតិ រហូតមានការព្រមានដាក់ទណ្ឌកម្មផ្សេងៗ។
សហរដ្ឋអាមេរិកបានព្រមានដាក់ទណ្ឌកម្មដល់ក្រុមមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់របស់កម្ពុជា ដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស តាមរយៈការមិនផ្តល់ទិដ្ឋាការចូលសហរដ្ឋអាមេរិក និងការបង្កកទ្រព្យសម្បត្តិជាដើម។
សហភាពអឺរ៉ុបក៏បានព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ ដែលហៅកាត់ថា EBA ដែលផ្តល់ផលចំណេញដល់កម្ពុជាដោយការមិនបង់ពន្ធប្រមាណជា៧០០លានដុលា្លរក្នុងមួយឆ្នាំៗ។
យ៉ាងណាក្តី ទាំងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល សុទ្ធតែបានអះអាងថា រាល់ការបង្រ្កាប ទាំងទៅលើសំឡេងប្រឆាំង សង្គមស៊ីវិល និងបណ្តាញសារព័ត៌មាននានា គឺធ្វើឡើងទៅតាមច្បាប់ ស្របតាមប្រទេសនីតិរដ្ឋប៉ុណ្ណោះ៕