ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​មហាផ្ទៃ​ចាប់​ផ្តើម​ធ្វើ​ជំរឿន​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ឡើងវិញ


ក្រុម​តំណាង​អង្គការ​សង្គម​ស៊ីវិល កំពុង​ចូលរួម​ក្នុង​វេទិកា​ស្តីពី​ភាព​ជា​ដៃ​គូ​រវាង​រដ្ឋាភិបាល និង​អង្គការ​សង្គមស៊ីវិល ជា​លើកទី២ ជាមួយមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
ក្រុម​តំណាង​អង្គការ​សង្គម​ស៊ីវិល កំពុង​ចូលរួម​ក្នុង​វេទិកា​ស្តីពី​ភាព​ជា​ដៃ​គូ​រវាង​រដ្ឋាភិបាល និង​អង្គការ​សង្គមស៊ីវិល ជា​លើកទី២ ជាមួយមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​លើក​ឡើង​ថា​ ក្រសួង​មហាផ្ទៃ​និង​អង្គការ​គណៈកម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា​(CCC)​ ​កំពុង​សហការ​គ្នា​​ធ្វើ​ជំរឿន​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ ​ដើម្បី​កំណត់​ចំនួន​ជាក់លាក់​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​កំពុង​មាន​សកម្ម​ភាព​និង​ដើម្បី​ជា​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​សហ​ប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល។

ក្រសួង​មហាផ្ទៃ​ចាប់​ផ្តើម​ធ្វើ​ជំរឿន​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ពី​ខែ មករា​ ​ឆ្នាំ ២០១៩​ នេះ​តទៅ​ ​ដើម្បី​កំណត់​ចំនួន​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​សកម្មភាព​ជាក់​លាក់​ ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​សហ​ប្រតិបត្តិការ។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល។​

នៅ​ថ្ងៃ​ទី១៧​ ​ខែ​មករា​ ​ឆ្នាំ២០១៩​នេះ​ ​ក្រសួង​មហាផ្ទៃ​បាន​រៀបចំ​វេទិកា​ស្តីពី​ភាព​ជា​ដៃ​គូ​រវាង​រដ្ឋា​ភិបាល​និង​អង្គការ​សង្គម​ស៊ីវិល​ជា​លើក​ទី២​ ដោយ​មាន​ការចូល​រួម​ពី​តំណាង​សង្គម​ស៊ីវិល​ចំនួន​ជាង​២០០​នាក់​ ​ក្នុង​គោល​បំណង​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​ ​និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។​

លោក​ ​ប៊ុន ហុន​ ​រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ថ្លែង​ក្នុង​វេទិកា​នោះថា​ ក្រសួង​មហាផ្ទៃ​ ​និង​អង្គការ​គណៈ​កម្មា​ធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា​ ​(CCC)​ ​កំពុង​សហការ​គ្នាធ្វើ​ជំរឿន​អង្គការ​សង្គម​ស៊ីវិល​ទាំង​ជាតិ​ ​និង​អន្តរជាតិ​នៅ​កម្ពុជា​ ​ចាប់​ពី​ដើម​ខែ​មករា​ ​ឆ្នាំ​២០១៩​ ​នេះ​តទៅ។​ ​លោក​បន្ថែម​ថា​ ​ការ​ធ្វើ​ជំរឿន​នេះ​គឺ​ក្នុង​គោល​បំណង​ដើម្បី កំណត់ ចំនួន​ជាក់​លាក់​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​កំពុង​មាន​សកម្មភាព​និង​ដើម្បី​ជា​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​សហ​ប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល។​

លោក​បញ្ជាក់​ថា៖​

​«យើង​ចង់​ដឹង​ឲ្យ​ជាក់​លាក់​ថា​មាន​អង្គការ​សមាគម​ប៉ុន្មាន​ដែល​ធ្វើ​សកម្ម​ភាព​ពិត​ប្រាកដ​ ​ហើយ​អង្គការ​សមាគម​ណា​ដែល​លែង​ធ្វើ​សកម្មភាព​ឬ​ក៏​បិទ​បាត់​ទៅ​ហើយ? ព្រោះ​ខ្លះ​គ្រាន់​តែ​បើក​រួច​ហើយ​ធ្វើ​សកម្មភាព​មិនមាន​លុយ​កាក់មិនមាន​អី​ គាត់​បិទ​ខ្លួន​គាត់​ទៅ ប៉ុន្តែ​គាត់​អត់​បាន​ជូន​ដំណឹង​មក។ ប្រយោជន៍​សំខាន់​គឺ​យើង​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​កិច្ច​សហការ​គ្នា។ ឥឡូវ​យើង​បាន​ជជែក​គ្នា​រួច​ហើយ​ រឿង​ថា​ភាព​ជា​ដៃគូ​ជាមួយ​រាជ​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល។ ចុះបើ​អង្គការ​សង្គម​ស៊ីវិល​អត់​ធ្វើ​អី គ្រាន់​តែ​ដាក់​ឈ្មោះ​មក​ កន្លែង​ណា​ហៅ​ថា​ភាព​ដៃគូ?»​

លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​និយាយ​ជាមួយ​នឹង VOA ក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជាលើកទី២ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​និយាយ​ជាមួយ​នឹង VOA ក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជាលើកទី២ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

បើ​តាម​លោក ប៊ុន ហុន រហូត​មក​ដល់​ពេល​នេះ​ ​សមាគម​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​តម្កល់​សំណុំ​ឯកសារ និង​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃមានសរុប​ចំនួន​ ​៥៥២៣ ប៉ុន្តែ​លោក​ថា​ ​អង្គការ​ប្រមាណ​ជា​ជាង​២ពាន់​ប៉ុណ្ណោះ​ដែល​កំពុង​មាន​សកម្មភាព។​ ​យ៉ាងណាក្តី​លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា តើ​ក្រសួង​នឹង​មាន​ចំណាត់ការ​បែប​ណា​ចំពោះ​អង្គការ​ដែល​ក្រសួង​រក​ឃើញ​ថា​ មិនមាន​សកម្មភាព​នៅ​ឡើយ​នោះ​ទេ។​

លោក សឿង សារឿន​ ​នាយក​ប្រតិបត្តិ​អង្គការ​គណៈកម្មា​ធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា (CCC) ប្រាប់​ ​VOA​ ​ថា​ លោក​គាំទ្រ​ចំពោះ​ការ​ធ្វើ​ជំរឿន​លើ​អង្គការ​សង្គម​ស៊ីវិល​របស់​ក្រសួង​មហាផ្ទៃ។ លោក​បន្ត​ថា ​ការធ្វើ​ជំរឿន​លើ​អង្គការ​សង្គម​ស៊ីវិល​នឹង​ធ្វើ​ឲ្យ​ការធ្វើ​ការងារ​របស់​សង្គម​ស៊ីវិល​ដែល​មាន​សកម្មភាព​ពិត​ប្រាកដ​អាច​ធ្វើការ​បាន​ដោយ​ល្អ​ប្រសើរ។

លោក​បញ្ជាក់​ថា៖​

«នៅ​ពេល​ដែល​យើង​ដឹង​ថា​អ្នកណា​ជា​អ្នកណា?​ ​ហើយ​គាត់​មាន​សេវា​អី?​ ​ធ្វើ​នៅ​កន្លែង​ណា?​ កញ្ចប់​ថវិកា​ប៉ុន្មាន?​ ​ក្រុម​គោលដៅ​ប៉ុន្មាន?​ ​អាហ្នឹង​យើង​ស្រួល​ជម្រាប​ និង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល តើ​យើង​អាច​បំពេញ​បន្ថែម​អី​ជាមួយ​រដ្ឋាភិបាល​ ​ហើយ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​យ៉ាង​ណា​ជាមួយ​យើង​ដើម្បី​ឲ្យ​បរិយាកាស​របស់​យើង​អាច​វិភាគ​ទាន​ក្នុង​ការ​អភិវឌ្ឍ​នឹង​បាន​ស្រួល។​ ​ហើយ​បើ​យើង​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​យើង​អត់​ដឹង​ថា​នរណា​ធ្វើអីៗ​ ​ចុងក្រោយ​បែរ​យើង​លាប​ពណ៌​គ្នា​ទៅ​វិញ​ទៅ​មក»។​

លោក សឿង សារឿន នាយកប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មានក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជាលើកទី២ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
លោក សឿង សារឿន នាយកប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មានក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជាលើកទី២ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

ក្នុង​វេទិកា​ស្តីពី​ភាព​ជា​ដៃ​គូ​រវាង​រដ្ឋា​ភិបាល​និង​អង្គការ​សង្គម​ស៊ីវិល​ ជា​លើក​ទី២​នោះ​ ​គេ​ឃើញ​មាន​តំណាង​ពី​អង្គការ​មួយ​ចំនួន​បាន​ឡើង​បង្ហាញ​ពី​បញ្ហា​ប្រឈម​ ​ការព្រួយ​បារម្ភ​ ​និង​សំណូមពរ​របស់​ខ្លួន​ ទៅ​កាន់​តំណាង​របស់​ក្រសួង​មហាផ្ទៃ។​ ​ពួកគេ​មួយ​ចំនួន​ក៏​បាន​សំណូម​ពរ​ដល់​រដ្ឋាភិបាល​កុំ​បើក​បិទ​លំហរ​សេរីភាព​ការងារ​របស់​ពួកគេ​ទៅ​តាម​បរិយាកាស​នយោបាយ​ ដូច​ដែល​បាន​ធ្វើ​នា​ពេល​កន្លង​ទៅ​ផង​ដែរ។​

លោក​ ​សឿង សារឿន​ ​នាយក​ប្រតិបត្តិ​អង្គការ​គណៈ​កម្មា​ធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា (CCC)​ ​ដែល​ជា​អង្គការ​មួយ​មាន​អង្គការ​ចំនួន​ជិត​២០០​ផ្សេង​ទៀត​ជា​សមាជិក​ ​បាន​ឡើង​ថ្លែង​ពី​បញ្ហា​ប្រឈម​របស់​សមាគម​និង​អង្គការ​សង្គម​ស៊ីវិល​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​កម្ពុជា​ថា​ មិន​ទាន់​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ក្នុងការ​អនុវត្ត​ការងារ​នៅ​ឡើយ។​ លោក​ក៏​បាន​សំណូម​ពរ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​អង្គការ​សង្គម​ស៊ីវិល​ដែល​ក្រុម​អង្គការ​ជាច្រើន​លើកឡើង​ថា ច្បាប់​នេះ​ ​បាន​និង​កំពុង​រឹតត្បិត​សិទ្ធិ​សេរីភាព​នៃ​ការ​ធ្វើ​ការងារ​របស់​ពួកគេ៕

XS
SM
MD
LG