ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​សុខាភិបាល​កម្ពុជា៖ ករណី​ផ្ទុះ​ជំងឺ​ឈីក​សង្ស័យ​មាន​៦០០​នាក់ តែ​អាច​គ្រប់គ្រង​បាន


នេះ ជាសត្វមូស​ដែលចម្លងវីរុស​ឈ្មោះ​ឈីក​គន់ហ្គន់យ៉ាទៅមនុស្ស។
នេះ ជាសត្វមូស​ដែលចម្លងវីរុស​ឈ្មោះ​ឈីក​គន់ហ្គន់យ៉ាទៅមនុស្ស។

វីរុស​ឈីក​គន់ហ្គន់យ៉ា​នេះ​ មិន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ទេ​ ក៏​ប៉ុន្តែ​រោគ​សញ្ញា​អាច​វិវឌ្ឍ​ធ្ងន់ធ្ងរ​ ឬ​ បង្ក​ឲ្យ​មាន​ពិការ​ភាព។​

មន្ត្រី​សុខាភិបាល​កម្ពុជា​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ឈីក គន់ហ្គន់យ៉ា​ ដែល​ត្រូវ​បាន​រាយ​ការណ៍​ថា ​មាន​សរុប​ជាង​៦០០​ករណី ​កើត​ឡើង​នៅ​ក្នុង​ខេត្ត​ជាង​១០​នៅ​ទូទាំង​ប្រទេស​កម្ពុជា។​

ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ ប៉ារ៉ាស៊ីត​សាស្ត្រ​ និង​បាណក​សាស្ត្រ​លោក​លាង ឬទ្ធា​ ប្រាប់​វីអូអេ​ថា​ ​ក្នុង​អំឡុង​ពេល​៩​ថ្ងៃ​ ចន្លោះ​ពី​ថ្ងៃ​ទី​១៩​ ដល់​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​នេះ​ ​ជំងឺ​គ្រុន​ឈីក​ត្រូវ​បាន​រាយ​ការណ៍​មក​ពី​បណ្តា​ខេត្ត​ចំនួន​១១​ ដែល​រួមមាន​ខេត្ត​សៀមរាប ​ជាង​២៥០ ករណី​ ​ ខេត្ត​បន្ទាយ​មានជ័យ​ ជាង​១៨០​ករណី ​ ខេត្ត​ព្រះ​វិហារ ​១២០​ករណី ​និង​ខេត្ត​ផ្សេងៗ​ទៀត​ដូច​ជា​ខេត្ត​ព្រះ​សីហនុ​ ត្បូងឃ្មុំ​ កំពត​ពោធិ៍សាត់ ​ឧត្តរមានជ័យ​ ស្ទឹងត្រែង​ ប៉ៃ​លិន​ និង​តាកែវ។​

លោក​ លាង ឬទ្ធា ​មាន​ប្រសាសន៍​ថា៖​ «និយាយ​ឲ្យ​ខ្លី​ទៅ​ ស្ថាន​ភាព​ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​បាន​ទេ។​ជំងឺ​គ្រុន​ឈីក​នេះ​ក៏​ដូច​ជា​ជំងឺ​គ្រុន​ឈាម​កើត​ឡើង​ដោយ​សារ​មូសខ្លា​ញី​ខាំ។ [...] សរុប​សេចក្តី​ទៅ​ បូក​នឹង​ជំងឺ​គ្រុន​ឈាម​ឥឡូវ​ [មាន​ចំនួន​ប្រមាណ]​៤​ពាន់​ករណី​នោះ​គឺ​ប្រទេស​កម្ពុជា​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រប់​គ្រង​បាន»។​

ជំងឺ​ឈីក​គន់ហ្គន់យ៉ា ​ហៅ​កាត់​ថា​ជំងឺ​ឈីក ​ឬ​ គ្រុន​ឈីក​មាន​អាការៈ​ស្រដៀង​នឹង​ជំងឺ​គ្រុនឈាម។​

គ្រុន​ឈីក​(CHIK)​ នេះ​ កើត​ឡើង​ដំបូង​បំផុត​នៅ​ឆ្នាំ​១៩៥២​ នៅ​ប្រទេស​តង់ហ្សានី​នៃ​ទ្វីប​អាហ្វ្រិក។ ជំងឺ​នេះ​ធ្លាប់​បាន​រក​ឃើញ​ជា​ដំបូង​នៅ​កម្ពុជា​ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅ​ឆ្នាំ​១៩៦១​និង​នៅ​ឆ្នាំ​២០១១។​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​ កាល​ពី​សប្តាហ៍​មុន។​ក្រសួង​បញ្ជាក់​ទៀត​ថា​ ជំងឺ​គ្រុន​ឈីក​«ធ្លាប់​មាន​អត្រា​ឆ្លង​ខ្ពស់​រហូត​ដល់​៦០-៧០% ​ក្នុង​ប្រទេស​កម្ពុជា​នា​ទស​វត្សរ៍​១៩៦០​ ហើយ​មាន​ការ​រាតត្បាត​ខ្លាំង​ផង​ដែរ​នៅ​ក្នុង​ឆ្នាំ​២០១១​និង​២០១២»។​

ជំងឺ​ឈីក​គន់ហ្គន់យ៉ា​បង្ក​ឡើង​ដោយ ​វីរុស​ឈ្មោះ​ឈីក​គន់ហ្គន់យ៉ា។ វីរុស​នេះ​ឆ្លង​ទៅ​លើ​មនុស្ស​ដោយ​ភ្នាក់​ងារ​ចម្លង​រោគ​គឺ​មូសខ្លា​ញី ​ដែល​ចម្លង​ជំងឺ​គ្រុនឈាម​ផង​ដែរ។​នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​របស់​អាមេរិក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​CDC។​

វីរុស​ឈីក​គន់ហ្គន់យ៉ា​នេះ​ មិន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ទេ​ ក៏​ប៉ុន្តែ​រោគ​សញ្ញា​អាច​វិវឌ្ឍ​ធ្ងន់ធ្ងរ​ ឬ​បង្ក​ឲ្យ​មាន​ពិការ​ភាព។​ អ្នក​ដែល​ឆ្លង​ជំងឺនេះ​ហើយ​អាច​មាន​អាការៈ​ធ្ងន់ធ្ងរ​ គឺ​រួម​មាន​ទារក​ទើប​នឹង​កើត​ដែល​ឆ្លង​រោគ​ក្នុង​អំឡុង​ពេល​កើត​ មនុស្ស​ចាស់​ វ័យ​លើស​៦៥​ឆ្នាំ ​និង​អ្នក​ដែល​មាន​ជំងឺ​ដូចជា​ជំងឺ​លើស​ឈាម​ ទឹក​នោម​ផ្អែម​ ឬ​ជំងឺ​បេះដូង។​

លោក​ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម ​លាង​ ឬទ្ធា​ បាន​រៀប​រាប់​អំពី​អាការៈ​នៃ​ជំងឺ​គ្រុន​ឈីក​នេះ​ថា៖​

«ក្តៅ​ខ្លួន ​ស្រួច​ស្រាល​ ហើយ​ជា​ពិសេស​ឡើង​រោល​កន្ទួល​ក្រហមៗ ​ ឈឺ​សន្លាក់។​ឃើញ​សញ្ញា​ហ្នឹង​ដាច់​ខាត​ត្រូវ​តែ​ទៅ​ពេទ្យ​ពិនិត្យ​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ជា​បន្ទាន់»។​

យោង​តាម​មជ្ឈមណ្ឌល​របស់​អាមេរិក ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​CDCអ្នក​ជំងឺ​ដែល​ផ្ទុក​វីរុស​ឈីក​គន់ហ្គន់យ៉ា​ចាប់​ផ្តើម​ចេញ​រោគ​សញ្ញា​ នៅ​អំឡុង​ពេល​៣​ថ្ងៃ​ទៅ​៧​ថ្ងៃ​ បន្ទាប់​ពី​មូសខាំ។​

លោក​ លាង​ ឬទ្ធា ​មន្រ្តី​សុខាភិបាល​កម្ពុជា​ បន្ថែម​ថា៖​ «សញ្ញា​សង្ស័យ​[គ្រុន] ​ឈីក​ក៏​ដោយ​[គ្រុន]ឈាម​ក៏​ដោយ​ ឲ្យ​តែ​ក្តៅ​ខ្លួន​ ព្រោះ​រដូវ​នេះ​ជា​រដូវ​វស្សា​ ភ្លៀង​ធ្លាក់​ច្រើន​ដាច់​ខាត​ត្រូវ​តែ​យក​មក​មន្ទីរ​ពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​បំផុត»។​

លោក​បន្ថែម​ថា​អ្នក​ជំងឺ​អាច​ជា​សះស្បើយ​ឡើង​វិញ​ ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​បើ​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ។

ក្រសួង​សុខាភិបាល​កម្ពុជា​បញ្ជាក់​ថា​ ក្នុង​ស្ថាន​ភាព​ខ្លះ​ ការ​ព្យាបាលហើយ​បើ​អ្នក​ជំងឺ​មាន​ជំងឺ​នេះ​រយៈ​ពេល​យូរ ​ដល់​ច្រើន​សប្តាហ៍ ​នោះ ​ នោះ​អ្នក​ជំងឺ​មាន​អាការៈ​ឈឺ​សន្លាក់​ដៃ​ជើង​ក្នុង​រយៈ​ពេល​យូរ​ខែ​ ឬ​ឆ្នាំ។​ជំងឺ​នេះ​អាច​បណ្តាល​ឲ្យ​ស្លាប់​នៅ​ក្នុង​ករណី​ដែល​អ្នក​ជំងឺ​កើត​មាន​ជំងឺ​នេះ​រួម​ផ្សំ​គ្នា​ជាមួយ​ជំងឺ​ផ្សេងៗ​ដូច​ជា​ជំងឺ​គ្រុន​ចាញ់ ​ ជំងឺ​គ្រុន​ឈាម ជំងឺ​រលាក​ស្រោម​ខួរ​ជាដើម។​

ទោះ​ជា​យ៉ាង​ណា​ ​អ្នក​ជំនាញ​សុខាភិបាលនៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ​ អំពី​មូល​ហេតុ​ដែល​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​ជំងឺ​ឈីក​នេះ។​

នាយក​នៃ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​កម្ពុជា​ លោក​ឈា ឆវណ្ណ ​ឲ្យ​ដឹង​ថា​ជំងឺ​គ្រុនឈីក​នេះ​ អាច​កើត​មាន​ផង​ដែរ​នៅ​អំឡុង​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​គ្រុន​ឈាម។​

លោក​មាន​ប្រសាសន៍​ថា៖​ «ពេល​ផ្ទុះ​ជំងឺ​គ្រុន​ឈាម​ អា​ជំងឺ​គ្រុន​ឈីក​ហ្នឹង​វា​អាច​ថា​ បង្កប់​ក្នុង​ហ្នឹង​ដែរ​ ក៏​យើង​វា​អត់​ដឹង ​ ព្រោះ​ពេល​ហ្នឹង​យើង​ផ្តោត​ទៅ​លើ​គ្រុន​ឈាម​ខ្លាំង។ ​[...] ជំងឺ​នេះ​ជា​ប្រភេទ​ឆ្លង​ដោយ​វិកទ័រ ​ឬ​សត្វ​ល្អិត។ ​ វា​ភាគ​ច្រើន​វា​មាន​លក្ខណៈ​seasonal​(តាម​រដូវ​កាល)។​វា​ជា​ជំងឺ​ដែល​កើត​ឡើង​តាម​រដូវ​ ហើយ​៤​ទៅ​៥​ឆ្នាំ​ម្តង ​វា​ហ្នឹង​ផ្ទុះ​ទៅ​ជា​cycle​(វដ្ត)​អ៊ីចឹង​ទៅ»។​

មន្រ្តី​សុខាភិបាល​រូប​នេះ​បន្ត​ថា៖​ « [...] ​ហើយ​បើ​សួរ​ថា​ហេតុអី​បាន​ឆ្នាំ​នេះ​ចេញ​អា​នេះ​ ឆ្នាំ​នោះ​ចេញ​អានោះអ្នក​វិទ្យាសាស្ត្រ​ក៏​មិន​ទាន់​រក​ឃើញ​ច្បាស់​ដែរ។​វា​ទាក់​ទង​ទាំង​អាកាស​ធាតុ​វា​ទាក់​ទង​នឹង​បម្រែ​បម្រួល​នៃ​ការ​រស់​នៅ​របស់​យើង។[...] ហើយ​គ្រុន​ពីរ​នេះ​ ដូច​វា​មិន​ដែល​បាត់​ឈឹង​ទាំង​ពីរ​ហ្នឹង​ទេ។​វា​នៅ​គ្រប់​តែ​ប្រទេស​ហ្នឹង! ​នៅ​ជា​ដុំៗ​ ដល់​ខែ ​ដល់​រដូវ​ វា​កើត​ចេញ​មក​វិញ»។​

នៅ​ខេត្ត​បន្ទាយមានជ័យ ​មានរបាយ​ការណ៍​អំពី​ការ​ផ្ទុះ​ជំងឺ​ឈីក​១៨៧​ករណី​ គិត​ត្រឹម​ថ្ងៃ​ទី​២៨​ ខែ​កក្កដា។​ នេះ​បើ​តាម​ទិន្នន័យ​ដែល​វីអូអេ​ទទួល​បាន។​

ប្រធាន​មន្ទីរសុខាភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ លោក កែវ​ សុភ័ក្ត្រា ​ឲ្យ​ដឹង​ថា​ស្ថានភាព​អំពី​ជំងឺ​នេះ​មាន​ភាព​ប្រសើរ​វិញ​ហើយ។​

លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា៖ ​«មាន​អី​ ឥឡូវ​ធូរស្រាល​អស់​ហើយ​តើ!»​

ចំណែក​នៅ​ខេត្ត​ព្រះ​សីហនុ​វិញ​មាន​ការ​សង្ស័យ​ថា​ មាន​ជំងឺ​ឈីក​នេះ​៤៦​ករណី។​

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​មួយ​នេះ ​លោកស្រី​ លឹម​ សាមាន ​ឲ្យ​ដឹង​ថា​អ្នក​ជំងឺ​៧​នាក់​ ត្រូវ​បាន​បញ្ជាក់​ថា​ ​មាន​ជំងឺ​ឈីក​ តាម​រយៈ​ការ​ធ្វើ​តេស្ត​ឈាម​នៅ​វិទ្យាស្ថាន​សុខភាព​សាធារណៈ។ ​ លោកស្រី​ថា​បច្ចុប្បន្ន​នេះ ​អ្នក​ជំងឺ​៤​នាក់​បាន​ជា​សះ​ស្បើយ។​

លោកស្រី​ឲ្យ​ដឹង​ទៀត​ថា​ពួកគេ​មិន​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​នោះ​ទេ។​

«ឲ្យ​តែ​ឈឺ​ មិន​មែន​អត់​បារម្ភ​ទេ!​គឺ​ឲ្យ​គាត់​ត្រូវ​ការពារ​ខ្លួន​កុំ​ឲ្យ​មាន​មូស​ខាំ​ទៅ!​សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ​គាត់​ទៅ​ព្រោះ​អី​ដាក់​អាល់ប៊ែត​ទូទាំង​ខេត្ត​រួច​ហើយ»។​

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ដទៃៗ​ទៀត​ ដែល​វីអូអេ​បាន​សាក​សួរ​ ឲ្យ​ដឹង​ថា​ ពួក​គេ​បាន​ចុះ​អប់រំ​ បាញ់​ថ្នាំ​កម្ចាត់​មូស និង​ដាក់​ថ្នាំ​អាល់​ប៊ែត​សម្លាប់​ដង្កូវ​ទឹក។​ពួក​គេ​កត់​សម្គាល់​ថា​បរិស្ថាន​កខ្វក់​នៅ​ជា​បញ្ហា​នៅ​ក្នុង​ភូមិដ្ឋាន​រស់នៅ​របស់​ប្រជា​ពលរដ្ឋ ​នៅ​តាម​ផ្ទះ​ និង​តាម​ទីសាធារណៈ​ដែល​នៅ​មាន​ដប​កំប៉ុង​ដែល​គេ​បោះ​ចោល​ពាស​វាល​ពាស​កាល​ ហើយ​បង្ក​ឲ្យ​ដក់​ទឹក​ និង​ជា​ជម្រក​សត្វ​មូស។​

លោក​ លាង ឬទ្ធា ​ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម​ លើក​ឡើង​ថា​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​ជា​ក្តី​បារម្ភ​មួយ​របស់​សុខភាព​សាធារណៈ ​ ហើយ​លោក​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ចេះ​ការពារ​ខ្លួន​ហើយ​បើ​អ្នក​មាន​ជំងឺ​នេះនិង​សង្ស័យ​ថា ​ មាន​ករណី​ជំងឺ​នេះ ​ ​គេ​ ត្រូវ​បញ្ជូន​អ្នក​ជំងឺ​មក​មន្ទីរ​ពេទ្យ​រដ្ឋ​ជា​បន្ទាន់​ ដែល​ការ​ព្យាបាល​ជំងឺ​នេះ​មិន​គិត​ថ្លៃ​នោះ​ទេ។​លោក​អំពាវនាវ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​ពេទ្យ​ឯកជន​ ដែល​ពួក​គេ​ប្រហែល​ជា​មិន​មាន​សមត្ថភាព​បែង​ចែក​រវាង​ជំងឺ​គ្រុន​ឈាម ​និង​គ្រុន​ឈីក​ឲ្យ​ដាច់​ពី​គ្នា​ទេ។​

«ដូច្នេះ​ឲ្យ​តែ​ជំងឺ​កុំ​គិត​ថា​ ស្រាល​ឬ​ធ្ងន់ទោះ​វា​មិន​បង្ក​ឲ្យ​ស្លាប់​ក៏​វា​បង្ក​រំខាន​ ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ និង​សេដ្ឋកិច្ច​សង្គម​ទាំងមូល។ ​ ខ្ញុំ​មិន​ចង់​ផ្ញើសារ​មួយ​ថា​ ជំងឺ​ហ្នឹង​ស្រាល​ទេ​ព្រោះ​វា​ ធ្វើ​ឲ្យ​ប្រជាជន​ព្រងើយ​កន្តើយ​ក្នុង​ការ​ការពារ​ខ្លួន»៕​

XS
SM
MD
LG