ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន​ជជែក​គ្នា​សាជាថ្មី​លើ​វិធានការ​រួមប្រឆាំង​នឹង​វិបត្ដិកូវីដ១៩


រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសប្រចាំប្រទេសនីមួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាអាស៊ាន ថតរូបរួមគ្នា នៅក្នុងអំឡុងកិច្ច​ប្រជុំ​កំពូល​ពិសេសនៃក្រុមប្រឹក្សាប្រតិបត្តិអាស៊ាន នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសប្រចាំប្រទេសនីមួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាអាស៊ាន ថតរូបរួមគ្នា នៅក្នុងអំឡុងកិច្ច​ប្រជុំ​កំពូល​ពិសេសនៃក្រុមប្រឹក្សាប្រតិបត្តិអាស៊ាន នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រុម​រដ្ឋ​មន្ត្រីការ​បរ​ទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា​ ​អាស៊ាន ​ដែល​មាន​ ១០​ប្រទេស​បាន​ជជែក​គ្នា​សា​ជា​ថ្មី​អំពី​វិបត្តិ​បង្ក​ឡើង​ដោយ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩​ ដែល​កំពុង​រាត​ត្បាត​នៅ​គ្រប់​បណ្ដា​ប្រទេស​សមាជិក​ និង​នៅ​ទូទាំង​ពិភព​លោក។​

ការ​ជួប​ប្រជុំ​គ្នា​តាម​រយៈ​មធ្យោបាយ​ទូរ​គមនាគមន៍​សោត​ទស្សន៍​ពី​ចម្ងាយ​រវាង​រដ្ឋ​មន្ត្រី​ការ​បរទេស ទាំង​ ១០​ប្រទេស​បាន​ប្រព្រឹត្ត​ទៅ​ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី៩ ​ខែ​មេសា​នេះ​ ដែល​ជា​កិច្ច​ប្រជុំ​ «ក្រុម​ប្រឹក្សា​សម្រប​សម្រួល​អាស៊ាន»។​

នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ព្រឹកមិញ​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង​នោះ​ បាន​ជជែក​អំពី​វិធាន​ការ​ឆ្លើយ​តប​រួម​របស់​អាស៊ាន​ «ចំពោះ​ការ​ផ្ទុះ​ឡើង​យ៉ាង​ឆាប់​រហ័ស»​ នៃ​មេរោគ​រាត​ត្បាត​ប្រភេទ​ថ្មី​នេះ។​នេះ​បើ​យោង​តាម​ក្រសួង​ការ​បរទេស​កម្ពុជា។​

ទី​ភ្នាក់ងារ​ព័ត៌មាន​ជប៉ុន ​Kyodo​ ក៏​បាន​ស្រង់​សម្ដី​ពី​មន្រ្តី​ទូត​នានា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ​ ដោយ​រាយ​ការណ៍​ថា​ក្ រុម​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​១០ ​បាន​ព្រម​ព្រៀង​គ្នា​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​តាម​រយៈ​មធ្យោបាយ​ទូរ​គមនាគមន៍​សោត​ទស្សន៍​ពី​ចម្ងាយ​ (Teleconference)​ នៅ​សប្ដាហ៍​ក្រោយ​និង​កំពុង​ពិចារណា​ធ្វើ​កិច្ច​ប្រជុំ​តាម​មធ្យោបាយ​ដូច​គ្នា​ ដែល​ពង្រីក​ដល់​ក្របខណ្ឌ​អាស៊ាន​បូក​៣​ ជាមួយ​ចិន​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​ផង​ដែរ។​

រហូតមក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​បញ្ជាក់​នោះ​ទេ​ថា​ ​តើ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​បាន​ឈាន​ទៅ​សម្រេច​កិច្ច​ព្រម​ព្រៀង​ហើយ​ ឬ​នៅ​លើ​វិធាន​ការ​ឆ្លើយ​តប​រួម​របស់​អាស៊ាន​ក្នុង​ការ​ទប់ទល់​នឹង​វីរុស​រាត​ត្បាត​ឬ​ក៏​ការ​ព្រម​ព្រៀង​នេះ​ត្រូវ​រង់ចាំ​ការ​សម្រេច​ពី​បណ្ដា​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ពី​ចម្ងាយ​នៅ​សប្ដាហ៍​ក្រោយ។​

VOA​ មិន​ទាន់​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​លោក​ កុយ គួង​ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។​

បណ្ដា​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​បាន​ជួប​ប្រជុំ​គ្នា​នៅ​រដ្ឋធានី​វៀង​ចន្ទន៍​ប្រទេស​ឡាវ ​កាល​ពី​ខែ​កុម្ភៈ​ដើម្បី​ជជែក​អំពី​វិបត្តិ​កូវីដ១៩​ហើយ​បាន​ដាក់​ចេញ​ផង​ដែរ​អំពី​ការ​ព្រម​ព្រៀង​គ្នា​តាំង​ចិត្ត​សហការ​គ្នា​ចែក​រំលែក​ព័ត៌មាន​សំខាន់ៗ​ និង​បន្ត​ធានា​ឱ្យ​សរសៃ​ឈាម​សេដ្ឋកិច្ច​ពាណិជ្ជ​កម្ម​ និង​ការ​វិនិយោគ​បន្ត​មាន​ដង្ហើម​ដើរ​ដោយ​គ្មាន​ការ​រាំង​ស្ទះ។​

យ៉ាង​ណាក្ដី​លោក ​ស៊ុន គឹម​ គ្រូ​ឧទ្ទេស​ជំនាញ​កិច្ច​ការ​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​បាន​ប្រាប់​ VOA​ កាល​ពី​សប្ដាហ៍​មុន​ដោយ​បង្ហាញ​ការ​សង្កេត​របស់​លោក​ថា​ ស្ថាន​ការណ៍​ថ្មីៗ​បាន​ចាប់​បង្ខំ​ឲ្យ​ប្រទេស​នីមួយៗ​ចាត់​វិធាន​ការ​រៀង​ខ្លួន​ និង​ហាក់​មិន​បាន​អនុវត្ត​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​នៅ​វៀង​ចន្ទន៍​នោះ​ទេ។​

លោក​សេក ​សុផល ​អ្នក​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ Ritsumeikan​ ដើម្បី​ការ​សិក្សា​កិច្ច​ការ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ឱ្យដឹង​ថា​ សហគមន៍​អាស៊ាន​ទាំង​មូល​តែម្ដង​មិន​ងាយ​សម្រេច​បាន​ការ​តាក់​តែង​និង​ការ​អនុវត្ត​ផែន​ការ​រួម​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩​បាន​ទេ។​

អ្នក​ស្រាវ​ជ្រាវ​រូប​នេះ​បាន​ប្រាប់​ VOA ​តាម​សារ​អេឡិច​ត្រូនិក​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖ «ការ​ផ្ទុះ​រីក​រាល​ដាល​[លើក​នេះ]​សុទ្ធ​សឹង​តែ​ជា​រឿង​ថ្មី​សម្រាប់​ទាំង​អស់​គ្នា។​ អាស៊ាន​មិន​មាន​យុទ្ធ​សាស្ត្រ​រួម​ណា​មួយ​នោះ​ទេ​ព្រោះ​ថា​ ប្រទេស​ជា​សមាជិក​នីមួយៗ​មាន​ធនធាន​សមត្ថភាព​ផ្សេង​ពី​គ្នា​ក្នុង​ការ​ឆ្លើយ​តប​នឹង​វិបត្តិ​នេះ»។​

លោក​ សេក សុផល​ បាន​បន្ថែម​ថា៖ «សិង្ហបុរី​កំពុង​ឆ្លើយ​តប​ធ្វើការ​បាន​យ៉ាង​ប្រសើរ​ ប៉ុន្តែ​យើង​ត្រូវ​ទទួល​ស្គាល់​ថា​ ប្រទេស​នេះ​មាន​ធន​ធាន​ច្រើន​និង​មាន​ប្រជាជន​តិច»។​

មក​ទល់​នឹង​សប្ដាហ៍​ទី​ពីរ​នៃ​ខែ​មេសា​នេះ​ក្នុង​បណ្ដា​ប្រទេស​ទាំង​១០​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​យ៉ាង​តិច​ ១៥.៤៧៨​នាក់​និង​មាន​អ្នក​ស្លាប់​ប្រមាណ ​៥២៧​នាក់។​ ប្រទេស​ឥណ្ឌូនេស៊ី​មាន​ចំនួន​អ្នក​ស្លាប់​ឈរ​នៅ​លើ​គេ​ ដែល​មាន​សរុប​យ៉ាង​ហោច​ ២៤០​នាក់​ ហើយ​ប្រទេស​ម៉ាឡេស៊ី​រកឃើញ​ការ​ឆ្លងខ្ពស់​ជាង​គេ​សរុប​ប្រមាណ​ ៤១១៩​នាក់។​

ចំណែក​នៅ​កម្ពុជា​វិញ​ករណី​ឆ្លង​នេះ​មាន​ទៅ​ដល់​ ១១៨​ គិត​មក​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ហើយ​អ្នក​ជា​សះស្បើយ​ឡើង​វិញ​មាន​ប្រមាណ​ ៧០​នាក់។​ កម្ពុជា​ស្ថិត​នៅ​ខ្ពស់​ជាង​ប្រទេស​ឡាវ​និង​មីយ៉ាន់ម៉ា​ឬភូមា។​

កាល​ពី​ថ្ងៃ​អង្គារ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ បាន​ថ្លែង​ថា​លទ្ធភាព​នៃ​ការ​ឆ្លង​នៅ​កម្ពុជា​ស្ថិត​នៅ​ខ្ពស់​នៅ​ឡើយ​ ហើយ​លោក​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​រស់​នៅ​ក្រៅ​ប្រទេស​កុំ​ទាន់​ចូល​មក​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ។​ លោក​ទើប​នឹង​បាន​ដាក់​បម្រាម​ការ​ធ្វើ​ដំណើរ​រវាង​រាជធានី​ទៅ​បណ្ដា​ខេត្ត​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ និង​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ។​

គួរ​បញ្ជាក់​ថា​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​បាន​បង្ក​ភាព​រអាក់​រអួល​រួច​ជា​ស្រេច​ដល់​ការងារ​របស់​អាស៊ាន​នៅ​ឆ្នាំ​នេះ។​ ជាក់​ស្ដែង​ទាំង​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន​អាមេរិក​ ដែល​គ្រោង​ធ្វើ​នៅ​ក្រុង​ Las Vegas​ សហ​រដ្ឋ​អាមេរិក​នៅ​ពាក់ កណ្ដាល​ខែ​មីនា​និង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​គ្រោង​ធ្វើ​នៅ​ទីក្រុង​ Da Nang​ប្រទេស​វៀតណាម​ក្នុង​សប្ដាហ៍​នេះ​សុទ្ធ​តែ​ត្រូវ​បាន​លើក​ពេល៕

XS
SM
MD
LG