ប្រទេសកម្ពុជាបានច្រានចោលរបាយការណ៍ព័ត៌មានរបស់កាសែតវៀតណាម Vietnam News Express អំពីអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ ដោយបានហៅការចុះផ្សាយព័ត៌មានរបស់កាសែតនេះថា «មិនមែនជាការណ៍ពិត»ទេ។ នេះបើយោងតាមលិខិតមួយច្បាប់ ដែលចុះហត្ថលេខាដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២០។
ប្រតិកម្មរបស់ក្រសួងសុខាភិបាលកម្ពុជានេះ ធ្វើឡើង ក្រោយពីកាសែតវៀតណាមមួយនេះបានរាយការណ៍ កាលពីថ្ងៃសៅរ៍ ទី ១៦ ខែឧសភាថា ពលរដ្ឋវៀតណាម ៤ នាក់ ដែលវិលត្រឡប់មកពីបរទេស រួមទាំងបុរសវ័យ ៣៩ ឆ្នាំម្នាក់ ដែលបានធ្វើដំណើរចូលប្រទេសវៀតណាមវិញ ពីខេត្តសៀមរាប ប្រទេសកម្ពុជា ត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសកូវីដ១៩។
ការរាយការណ៍របស់កាសែតវៀតណាមនេះ កើតឡើងចំថ្ងៃដែលកម្ពុជាបានប្រកាសថា អ្នកឆ្លងជំងឺកូវីដទាំងអស់ ១២២ នាក់ នៅកម្ពុជាបានជាសះស្បើយអស់ហើយ ហើយក៏មិនមានករណីឆ្លងថ្មីក្នុងប្រទេសអស់រយៈពេលជាងមួយខែចុងក្រោយនេះ។
ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់នៅក្នុងលិខិតរបស់ខ្លួនថា អាជ្ញាធរកម្ពុជាបានស្រាវជ្រាវដោយយកចិត្តទុកដាក់ «ជាទីបំផុត និងជាបន្ទាន់ តែមិនមានឈ្មោះជនជាតិវៀតណាម ដូចការចុះផ្សាយនៅក្នុងកាសែតរបស់វៀតណាមនោះទេ»។
មិនទាន់មានសេចក្តីរាយការណ៍អំពីការឆ្លើយតបរបស់អាជ្ញាធរវៀតណាម ជុំវិញករណីនេះនៅឡើយទេ។
រហូតមកដល់ពេលនេះ វីរុសកូរ៉ូណាដែលបង្កជាជំងឺកូវីដ១៩ បានឆ្លងទៅមនុស្សជិត ៥ លាននាក់ និងបានសម្លាប់មនុស្សជាង ៣សែននាក់ នៅទូទាំងសកលលោក។ នេះបើផ្អែកតាមទិន្នន័យនៃមជ្ឈមណ្ឌលព័ត៌មានអំពីវីរុសកូរ៉ូណានៃសាកលវិទ្យាល័យ Johns Hopkins ក្នុងសហរដ្ឋអាមេរិក៕