ខ្មែរក្រហមបានសម្រេចផ្តាច់ទំនាក់ទំនងការទូត និងបណ្ដេញមន្ដ្រីទូតវៀតណាមទាំងអស់ចេញពីប្រទេសកម្ពុជាកាលពីចុងឆ្នាំ១៩៧៧ ដោយចោទប្រកាន់ថាប្រទេសវៀតណាមបានឈ្លានពានប្រទេសកម្ពុជា។
នេះបើយោងតាមឯកសារភស្តុតាងដែលសហព្រះរាជអាជ្ញារងកម្ពុជា លោក សេង ប៊ុនឃាង លើកយកមកពិភាក្សាក្នុងការកាត់ក្ដីសំណុំរឿង០០២ នៅថ្ងៃព្រហស្បតិ៍នេះ។ ការកាត់ក្ដីនេះផ្តោតលើ ការជំទាស់លើឯកសារភស្ដុតាងលើកឡើងដោយភាគីការពារជនជាប់ចោទ។
លោកសហព្រះរាជអាជ្ញារង សេង ប៊ុនឃាង បានអានសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសខ្មែរក្រហមថា របបកុម្មុយនិស្ដម៉ៅនិយមខ្មែរក្រហមកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ១៩៧៧ បានសម្រេចផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសវៀតណាមជាបណ្ដោះអាសន្នដោយកំណត់ពេលឲ្យមន្ដ្រីទូតវៀតណាមទាំងអស់ចាកចេញពីប្រទេសកម្ពុជាទៀតផង។
លោក សេង ប៊ុនឃាងបានបញ្ជាក់បន្ថែមថា៖
«ខ្ញុំសុំដកស្រង់តែខ្លឹមសារ នៃសេចក្តីសម្រចនៅក្នុងសេចក្តីថ្លែងការណ៍នេះ ដែលមានដូចតទៅ៖ ក្រសួងការបរទេសនៃកម្ពុជាប្រជាធិបតេយ្យសូមធ្វើសេចក្តីថ្លែងការណ៍ដូចតទៅនេះ ទី១ រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យសម្រេចកាត់ផ្តាច់ទំនាក់ទំនងការទូតទាំងស្រុង និងជាបណ្តោះអាសន្នជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាមចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៧៧ រហូតដល់កងទ័ពឈ្លានពានរបស់សាធារណរដ្ឋសង្គមនិយមវៀតណាមដកចេញពីទឹកដីដ៏ពិសិដ្ឋរបស់កម្ពុជាប្រជាធិបតេយ្យរហូតដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរឋិតនៅក្នុងបរិយាកាសដូចដើមវិញ។ ទី២ អ្នកការទូតនិងបុគ្គលិករបស់ស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានការទទួលស្គាល់ពីកម្ពុជាប្រជាធិបតេយ្យ ត្រូវតែចាកចេញពីកម្ពុជាប្រជាធិបតេយ្យនៅមុនថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៨ជាកំហិត»។
របបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមបានកាន់កាប់អំណាចចន្លោះពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៧៩។ ក្នុងរយៈពេលជិតបួនឆ្នាំនេះ ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិចចំនួន១,៧លាននាក់បានស្លាប់ដោយសារការសម្លាប់ ការបង្អត់អាហារ ដោយជំងឺ និងដោយសារការបង្ខំឲ្យធ្វើពលកម្មធ្ងន់ធ្ងរជាដើម។
យោងតាមសៀវភៅ «ប្រវត្តិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យ» របស់មជ្ឈមណ្ឌលឯកសារកម្ពុជា បង្ហាញថា ពួកខ្មែរក្រហមមានទំនាក់ទំនងការទូតជាមួយប្រទេសកុម្មុយនិស្ដមួយចំនួនដូចជាប្រទេសចិន វៀតណាម ឡាវ គុយបា រូម៉ានី យូហ្គោសា្លវី អាលបានី និងប្រទេសអេហ្ស៊ីបជាដើម។ ក៏ប៉ុន្ដែស្ថានទូតទាំងនោះបានបិទជាបន្ដបន្ទាប់ហើយមន្ដ្រីទូតទាំងអស់ត្រូវបង្ខាំងទុកក្នុងទូត លើកលែងតែមន្ដ្រីស្ថានទូតចិនតែប៉ុណ្ណោះដែលមានសិទ្ធិអាចចេញទៅមជ្ឈដ្ឋានខាងក្រៅបាន។
សៀវភៅដដែលនេះបានបញ្ជាក់ថា របបខ្មែរក្រហមមានទំនាក់ទំនងការទូតកាន់តែអាក្រក់ក្នុងរយៈពេលចុងក្រោយជាមួយប្រទេសវៀតណាមដោយសារតែទំនាស់ប្រដាប់អាវុធកើតមាននៅតាមបណ្ដោយព្រំដែន ហើយដោយសារតែទំនាស់មនោគមវិជ្ជា។
ការបង្ហាញការផ្ដាច់ទំនាក់ទំនងការទូតនៃរបបកម្ពុជាប្រជាធិបតេយ្យជាមួយប្រទេសវៀតណាម របស់សហព្រះរាជអាជ្ញារងកម្ពុជា លោក សេង ប៊ុនឃាង ក្នុងការកាត់ទោសនៅថ្ងៃនេះគឺដើម្បីសំអាងថា ឯកសារដែលការិយាល័យសហព្រះរាជអាជ្ញាយកមកប្រើមានភាពគួរជឿទុកចិត្តបាន ខណៈដែលក្រុមមេធាវីការពារក្ដីរបស់ អៀង សារី នួន ជា និងមេធាវីរបស់ខៀវ សំផន បានជំទាស់នឹងឯកសារជាច្រើនដែលជាប្រភេទឯកសារដកស្រង់ចេញពីប្រព័ន្ធផ្សព្វផ្សាយបរទេស និងឯកសារពីមជ្ឈមណ្ឌលឯកសារកម្ពុជាជាដើម។
ក្រុមមេធាវីការពារជនជាប់ចោទបានលើកឡើងដូចៗគ្នាថា ឯកសារតាមសារព័ត៌មាន ឬសៀវភៅមិនអាចជឿទុកចិត្តបាន ហើយបានទាមទារឲ្យតុលាការបង្ហាញឯកសារដើម។ ក៏ប៉ុន្ដែក្រុមសហព្រះរាជអាជ្ញា បានជំទាស់នឹងការទាមទារនេះ ហើយបានស្នើឲ្យអង្គជំនុំជម្រះទាត់ចោលការទាមទារនេះផងដែរ៕