រដ្ឋាភិបាលខ្មែរ និងវៀតណាម បានឯកភាពគ្នាកាលពីដើមខែធ្នូនេះថា រដ្ឋាភិបាលប្រទេសទាំងពីរនឹងប្រារព្ធទិវាជ័យជម្នះថ្ងៃ៧ មករា ឆ្នាំ១៩៧៩រួមគ្នា ខុសពីបណ្តាឆ្នាំមុនៗ។
តួនាទីរបស់កងទ័ពប្រទេសវៀតណាម នៅក្នុងជ័យជម្នះរបស់ប្រទេសកម្ពុជាដែលបានផ្តួលរំលំរបបខ្មែរក្រហមកាលពីថ្ងៃទី៧មករា ឆ្នាំ១៩៧៩ គឺជាព្រឹត្តិការណ៍មួយមិនអាចប្រកែកបានឡើយ ហើយជ័យជម្នះនេះ បានធ្វើឲ្យកម្ពុជាសម្រេចបានសមិទ្ធិផលជាច្រើនមកទល់សព្វថ្ងៃ។ នេះបើតាមការចេញផ្សាយសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានវៀតណាម Vietnam News Agency (VNA)។
ក៏ប៉ុន្តែ អតីតសមាជិកគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោតមួយរូបដែលជាអ្នកគាំទ្រមកពីគណបក្សជំទាស់ យល់ថា កងទ័ពវៀតណាមមិនមានបំណងជួយកម្ពុជាដោយស្មោះត្រង់នោះទេ តែវៀតណាមបានឆ្លៀតឱកាសដឹកនាំទ័ពវាយលុកចូលប្រទេសកម្ពុជា គ្រាដែលសហគមន៍អន្តរជាតិបានបង្កើនការយកចិត្តទុកដាក់លើស្ថានភាពរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុល ពត។
សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានវៀតណាម ដែលបានផ្សាយបន្តលើគេហទំព័រព័ត៌មានវៀតណាម Vietnamplus កាលពីថ្ងៃទី២៧ ខែធ្នូ បានដកស្រង់សម្តីអ្នកកាសែតខ្មែរពីរនាក់ ដែលបាននិយាយថា ប្រសិនបើគ្មានទ័ពស្ម័គ្រចិត្តរបស់វៀតណាមមកជួយកម្ពុជាទេ នោះកម្ពុជាមិនអាចយកឈ្នះរបបប្រល័យពូជសាសន៍ប៉ុល ពត បានទេ ហើយថា ព្រឹត្តការណ៍នៃការជួយរបស់កងទ័ពវៀតណាមនេះ គឺជា «ការណ៍ពិតមួយដែលមិនអាចប្រកែកបានឡើយ»។
លោក កែវ ចាន់ដារា អគ្គនាយករងទីភ្នាក់ងារព័ត៌មាន AKP របស់រដ្ឋាភិបាលខ្មែរត្រូវបានស្រង់សម្តីជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថាប្រជាជនកម្ពុជានិងពិភពលោកបានទទួលស្គាល់ថា ប្រសិនគ្មានជ័យជម្នះ៧ មករា ឆ្នាំ១៩៧៩ទេ ក៏គ្មានការរស់ឡើងវិញរបស់ប្រជាជាតិខ្មែរនោះឡើយ។
លោកត្រូវបានស្រង់ប្រសាសន៍បន្ថែមក្នុងន័យដើមថា៖
«ហើយបើគ្មានជំនួយពីបងប្អូន និងសមមិត្តវៀតណាមនោះទេ ប្រទេសកម្ពុជាក៏នឹងមិនអាចសម្រេចជោគជ័យចុងក្រោយ និងសមិទ្ធិផលនានាដូចថ្ងៃនេះដែរ។
លោកកែវ ចាន់ដារា បានបន្តថា៖
«នេះជាការណ៍ពិតមួយ ដែលមិនអាចសួរដេញដោលបានទេ»។
លោកទាវ សារៈមុនី និពន្ធនាយកកាសែតរស្មីកម្ពុជា បានប្រាប់ទីភ្នាក់ងារព័ត៌មានវៀតណាម ថាបើគ្មានជ័យជម្នះ និងការគាំទ្រពីទាហានស្ម័គ្រចិត្តវៀតណាម ព្រមទាំងគណបក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាម ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ទេ នោះប្រជាជាតិកម្ពុជា និងប្រជាជន មិនអាចរស់រានមានជីវិត និងអភិវឌ្ឍបានដូចថ្ងៃនេះឡើយ ជាពិសេសនៅក្រោយថ្ងៃរំដោះ ដែលកម្ពុជាត្រូវប្រឈមនឹងបញ្ហាសំខាន់ៗពីរ គឺកសាងជាតិ និងទប់ស្កាត់ការវិលមកវិញរបស់របបប្រល័យពូជសាសន៍ប៉ុល ពត។
ក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម កាលពីដើមខែធ្នូនេះ លោក ហ៊ុន សែន និងក្រុមមេដឹកនាំវៀតណាម បានឯកភាពគ្នារៀបចំរំឭកខួបអនុស្សាវរីយ៍លើកទី៤០ឆ្នាំ នៃការតស៊ូរួមគ្នា ដើម្បីរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត។
ការឯកភាពគ្នានេះ ត្រូវអ្នកវិភាគនយោបាយកម្ពុជាមួយចំនួន យល់ថា វានឹងជាព្រឹត្តិការណ៍កម្រមួយ នៅគ្រាកម្ពុជាកំពុងងាកទៅចាប់ដៃជាមួយប្រទេសចិន។
លោកបណ្ឌិត មាស នី អ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជា បានប្រាប់ VOA ក្រោយការបញ្ចប់ទស្សនកិច្ចរបស់លោកហ៊ុន សែន នៅវៀតណាមកាលពីដើមខែធ្នូនោះថា ការត្រៀមរៀបចំខួប៤០ឆ្នាំនៃការវាយផ្តួលរំលំរបបកុម្មុយនិស្តជ្រុលនិយមខ្មែរក្រហមនេះ គឺវៀតណាមចង់ដាស់តឿនខ្មែរថា មិនត្រូវភ្លេចគុណវៀតណាម នៅពេលកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រឹងរំកិលខ្លួនកាន់តែខ្លាំងទៅរកប្រទេសចិននោះ។
សម្រាប់លោករ៉ុង ឈុន ដែលជាអតីតសមាជិករបស់ គ.ជ.ប. មកពីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកម្ពុជារំលាយចោលកាលពីឆ្នាំមុននោះ បា្រប់ VOA នៅថ្ងៃសុក្រនេះថា វៀតណាមមិនដែលមានចិត្តស្មោះត្រង់នឹងខ្មែរឡើយ ហើយការជួយរំដោះប្រជាជនខ្មែរពីរបបខ្មែរក្រហមនោះ គឺជាការឆ្លៀតឱកាសមួយប៉ុណ្ណោះ។
«បើសិនជាវៀតណាម ជួយកម្ពុជាដោយស្មោះ គឺនៅពេលដែលវាយបែករបបខ្មែរក្រហមហើយនោះ ពេលហ្នឹងត្រូវប្រគល់អ្វីៗឲ្យកម្ពុជាគ្រប់គ្រងដឹកនាំ ហើយខ្លួនត្រូវដកទ័ពចេញពីកម្ពុជាទៅ មិនត្រូវ បន្តគ្រប់គ្រងនៅលើកម្ពុជាជាច្រើនឆ្នាំនោះទេ»។
លោកថ្លែងថា ការណ៍ដែលវៀតណាមបានជួយខ្មែរពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩នោះ គឺធាតុពិត ជាការជួយជ្រែងរបស់សហភាពសូវៀត ដែលជាអ្នកពង្រីកឥទ្ធិពលរបស់លទ្ធិកម្មុយនិស្តខ្លួននៅទូទាំងពិភពលោកនាពេលនោះ។ លោកមានប្រសាសន៍ថាវៀតណាមព្រមដកទ័ពចេញពីកម្ពុជា ដោយសារតែការដួលរលំរបស់សហភាពសូវៀត។
«ខ្មែរក្រហមក៏ទទួលឥទ្ធិពលកុម្មុយនិស្ត ហើយពួកដែលយួនដែលវាយចូល វាយចូល(បណ្តេញ)ខ្មែរក្រហម ហើយចូលមកគ្រប់គ្រងហ្នឹងក៏ទទួលឥទ្ធិពលកុម្មុយនិស្តពីសូវៀតដែរដូចគ្នាបាទ។ ប៉ុន្តែនៅពេលដែលសូវៀតត្រូវបានដួលរលំទៅ ហើយខាងអន្តរជាតិ ខាងប្លុកសេរីហ្នឹងគេ គិតគូរអំពីបញ្ហាកម្ពុជាហ្នឹង បានរុញច្រានឲ្យយួនហ្នឹង បានដកទ័ពចេញពីកម្ពុជាបាទ»។
លោករ៉ុង ឈុន ថ្លែងបន្ថែមទៀតថា ការអភិវឌ្ឍន៍ដែលបានកើតមានមកដល់សព្វថ្ងៃ គឺបានមកពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលបើកផ្លូវឲ្យកម្ពុជាមានការបោះឆ្នោតតាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងសេដ្ឋកិច្ចទីផ្សារសេរី។
សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានវៀតណាម មិនបាននិយាយដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលជាកិច្ចប្រឹងប្រែងរបស់ប្រទេសចំនួន១៩ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានោះទេ។ តែទីភ្នាក់ងារព័ត៌មានវៀតណាមដដែលនេះ បានបញ្ចប់សេចក្តីរាយការណ៍របស់ខ្លួន ដោយការស្រង់សម្តីអ្នកកាសែតអូស្តា្រលីម្នាក់ឈ្មោះ Peter Starr ថាជោគជ័យនៅថ្ងៃទី៧មករា ឆ្នាំ១៩៧៩ គឺត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់ពលរដ្ឋកម្ពុជា ខណៈដែលវាបញ្ជាក់ពីសេរីភាព និងការគេចចេញរបស់ប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍៕