ជាច្រើនសប្តាហ៍មកហើយ អតីតអ្នកបើកបររថយន្តក្រុងនៃក្រុមហ៊ុនសូរិយាភ្នំពេញដឹកជញ្ជូនអ្នកដំណើរជាង១០នាក់បានធ្វើការតវ៉ាប្រឆាំងនឹងការបណ្តេញពួកគេចេញពីការងារ។ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានសម្រេចឲ្យក្រុមហ៊ុនទទួលយកពួកគេចូលធ្វើការងារវិញ ក៏ប៉ុន្តែក្រុមហ៊ុននៅតែមិនបានអនុវត្តតាមសេចក្តីសម្រេចនេះទេ។
ស្ថិតនៅក្នុងចំណោមអ្នកតវ៉ាចំនួន១៧នាក់ នៅពីមុខចំណតរថយន្តនៃក្រុមហ៊ុនដឹកជញ្ជូនសុរិយា នៅក្បែរផ្សារធំថ្មី កណ្តាលទីក្រុងភ្នំពេញ លោកសម្បត្តិ វនកំពុងតែឈរលើរថយន្តមួយគ្រឿងដៃកាន់ឧគ្ឃោសនស័ព្ទស្រែកទាមទារឲ្យក្រុមហ៊ុននេះគោរពច្បាប់ការងារ និងទទួលក្រុមអ្នកតវ៉ាឲ្យចូលធ្វើការវិញ។
ជាអ្នកបើកបររថយន្តក្រុងឲ្យក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរភំ្នពេញសូរិយា១៦៨អស់រយៈពេលជាងពីរឆ្នាំ នៅទីបំផុតលោកសម្បត្តិ វនត្រូវក្រុមហ៊ុនឯកជននេះបណ្តេញចេញពីការងារកាលពីខែមេសាឆ្នាំ២០១៤នេះ។ ការបណ្តេញចេញពីការងារនេះកើតឡើង ក្រោយពីរូបលោក និងសហសេវិកប្រមាណ៨៩នាក់ផ្សេងទៀតបានទាមទារដំឡើងប្រាក់ខែពី១២០ដុល្លារដល់ ១៨០ដុល្លារ។
ចាប់ពីពេលនោះមក លោកវនបានដឹកនាំចលនាតវ៉ា ទាមទារដំឡើងប្រាក់ខែលើកដំបូងរបស់ក្រុមអ្នកបើកបររថយន្តក្រុងក្នុងប្រទេសកម្ពុជា។
«មូលហេតុរបស់ក្រុមហ៊ុន គេបានឆ្លើយថា ខ្ញុំអស់កិច្ចសន្យាការងារ តែខាងក្រុមហ៊ុនបកស្រាយពុំមែនជាការណ៍ពិតនោះទេ។ អ្វីដែលជាការណ៍ពិតនោះគឺពួកខ្ញុំទាមទារតវ៉ាដំឡើងប្រាក់ខែ ហើយពេលនោះក្រុមហ៊ុនគំរាមកំហែងបញ្ឈប់ខ្ញុំ»។
ឆ្នាំនេះលោកសម្បត្តិវនមានអាយុ២៩ឆ្នាំ។ កើតចេញពីត្រកូលកសិករមួយ នៅឯភូមិវត្តធ្នុងឃុំភ្នំតូចស្រុកឧដុង្គខេត្តកំពង់ស្ពឺ លោកគឺជាអ្នកដែលពូកែវោហារស័ព្ទម្នាក់ ថ្វីបើលោកបានបោះបង់ចោលការសិក្សានៅត្រឹមថ្នាក់ទី១០ក៏ដោយ។
លោកបានដឹកនាំការតវ៉ាប្រកបដោយវោហារស័ព្ទដើម្បីដំឡើងប្រាក់ខែអ្នកបើកបររថយន្តក្រុងប្រចាំក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរភំ្នពេញសូរិយា១៦៨ នេះ។ ក្រោយពីធ្វើការតវ៉ាមិនបានសម្រេចជាច្រើនថ្ងៃ អ្នកបើកបររថយន្តធុនធំរូបនេះបានសម្រេចចិត្តបង្កើតជាសហជីពនៃអ្នកបើកបររថយន្តក្រុងក្នុងក្រុមហ៊ុនរបស់ខ្លួនដើម្បីប្រមូលកម្លាំងតវ៉ាឲ្យកាន់តែរឹងមាំ។
ប៉ុន្តែជាអកុសល្យ គ្រាន់តែគាត់បង្កើតសហជីពបានតែមួយថ្ងៃប៉ុណ្ណោះ គាត់ត្រូវបណ្តេញចេញពីការងារពោលគឺគាត់ត្រូវបញ្ឈប់ពីការងារនៅថ្ងៃទី១០ខែមេសាឆ្នាំ២០១៤។
ស្ថិតក្នុងសម្លៀកបំពាក់អ្នកបើកឡានឲ្យក្រុមហ៊ុនសុរិយា សម្បត្តិ វនបានស្តីបន្ទោសដល់ក្រុមហ៊ុនពីការមិនគោរពច្បាប់ជាច្រើន។
«ក្រុមហ៊ុនសូរិយា តាំងពីខ្ញុំមិនទាន់តវ៉ាមកគឺធ្វើការគ្មានច្បាប់ គ្មានទម្លាប់ត្រឹមត្រូវទេ មិនដែលមានលុយគុណ សម្រាប់ការធ្វើការលើសម៉ោង»។
ដូចជាការតវ៉ាដំឡើងប្រាក់ខែនៅក្នុងមជ្ឈដ្ឋានក្រុមហ៊ុនឯកជនដទៃទៀតដែរ ជាពិសេសដូចការតវ៉ារបស់ក្រុមកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ ដែរនោះ លោកវនបញ្ជាក់ថា ការទាមទារដំឡើងប្រាក់ខែនេះធ្វើឡើងគឺដោយសារអតិផរណាទំនិញនៅលើទីផ្សារ។
«ជីវភាពរាល់ថ្ងៃ ម្ហូបអាហារ ទំនិញលើទីផ្សារមានតម្លៃថ្លៃ ហើយនៅផ្ទះនៅចំណាយលើកូនរៀន សម្ភារៈផ្សេងៗអត់គ្រប់ អញ្ចឹងហើយបានទាមទារដំឡើងប្រាក់ខែ»។
ដោយសារតែគ្រួសារមានជីវភាពយ៉ាប់យ៉ឺន លោកសម្បត្តិ វនបានបង្ខំចិត្តបោះបង់ចោលការសិក្សាហើយទៅធ្វើជាព្រូឡានដឹកខ្សាច់នៅឯសង្កាត់ជ្រោយចង្វាក្រុងភ្នំពេញអស់រយៈពេលពីរឆ្នាំ។ បន្ទាប់មកទៀត គាត់ក៏បានក្លាយទៅជាអ្នកបើកបរឲ្យក្រុមហ៊ុនឯកជនមួយនៅឯខេត្តកំពង់សោម។
នៅឆ្នាំ២០០៨ សម្បត្តិ វនក៏បានទៅធ្វើការតាមមិត្តភក្តិក្នុងនាមជាអ្នកបើកឡានទេសចរណ៍ នៅក្នុងខេត្តសៀមរាបអស់រយៈពេល២ឆ្នាំទៀត។
បុរសសម្បុរស្រអែមរូបនេះបានរៀបការនៅក្នុងឆ្នាំ២០១០ជាមួយកម្មការិនីរោងចក្រមួយ។ ជាចំណងដៃនៃអាពាហ៍ពិពាហ៍នេះ លោកទទួលបានកូនស្រីមួយក្នុងបន្ទុក។
ក្នុងឆ្នាំ២០១១ គាត់ក៏បានចូលធ្វើការជាអ្នកបើកបរក្នុងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរភ្នំពេញសូរិយា១៦៨នេះ។ ប៉ុន្តែលោកត្រូវដាក់ប្រាក់តម្កល់ដល់ក្រុមហ៊ុនចំនួន៣០០ដុល្លារ ហើយទទួលបានមកវិញនូវប្រាក់ខែថេរ១២០ ដុល្លារក្នុងមួយខែ។
ថ្វីបើសម្បត្តិ វនបានបង្កើតសហជីពដើម្បីជំរុញឲ្យមានការដោះស្រាយសំណើសុំដំឡើងប្រាក់ខែ ប៉ុន្តែមកដល់ពេលនេះ នៅតែមិនទាន់មានដំណោះស្រាយនៅឡើយ ហើយលោកត្រូវដឹកនាំការតវ៉ាជាច្រើនជាបន្តបន្ទាប់។
«ប៉ុន្តែរយៈពេល៥ទៅ៦ខែនេះ ការដោះស្រាយពុំមានលទ្ធផលសម្រាប់ពួកខ្ញុំទេ។ ដល់ថ្នាក់ក្រសួងការងារគេមកផ្សះផ្សារ ក៏ក្រុមហ៊ុនមិនព្រម។ ពេលដែលក្រសួងដោះស្រាយលែងចេញ ក៏បានផ្ញើរសំណុំរឿងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ក្រុមប្រឹក្សាបានកាត់ក្តីឲ្យពួកខ្ញុំចំនួន៤ដងឈ្នះ តែក្រុមហ៊ុនពុំបានធ្វើតាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលទេ»។
ចលនាទាមទារដំឡើងប្រាក់ខែនៅក្នុងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរភ្នំពេញសូរិយា១៦៨ហាក់ដូចជាមានការគាំទ្រជាខ្លាំង នៅពេលចាប់ផ្តើមដំបូង។ មានបុគ្គលិកក្រុមហ៊ុនប្រមាណ៨៩នាក់បានចូលជាសមាជិកសហជីពអ្នកបើកបររថយន្តក្រុងរបស់លោកសម្បត្តិ វន ហើយពួកគេសុទ្ធតែបានចូលរួមក្នុងចលនាតវ៉ា។ ប៉ុន្តែក្រោយពីក្រុមហ៊ុនបានបណ្តេញសមាជិកក្រុមអ្នកតវ៉ាជាបន្តបន្ទាប់ សមាជិកដទៃទៀតបានដកថយពីចលនាសង្គមនេះទៅវិញ។
ថ្លែងដោយសំឡេងឮៗ លោកសម្បតិ្ត វននៅតែមិនទាន់រកការងារថ្មីបានធ្វើនៅឡើយ ក្រោយពីការបណ្តេញចេញ។ លោកបានបញ្ជាក់ថា៖
«ប្រសិនបើខ្ញុំដូរកន្លែងថ្មីគឺក្រុមហ៊ុននេះមិនបានគោរពសិទ្ធិបុគ្គលិកទេ។ នៅតែបន្តជិះជាន់ បន្តគាបសង្កត់បុគ្គលិក»។
លោកបាននិយាយថា ក្នុងនាមជាប្រធានសហជីពប្រចាំក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរភំ្នពេញសូរិយា លោកមានផលវិបាកមួយចំនួនដូចជាការគំរាម កំហែងពីក្រុមហ៊ុន គំរាមបញ្ឈប់ការងារ និងចាប់ដាក់គុកជាដើម។
«ការទាមទាររបស់ខ្ញុំគឺគ្រាន់តែដើម្បីសេរីភាព និងភាពថ្លៃថ្នូរដើម្បីឲ្យថៅកែក្រុមហ៊ុនគោរពសិទ្ធិបុគ្គលិក។ ប្រសិនបើក្រុមហ៊ុនគាបសង្កត់បុគ្គលិក ពួកខ្ញុំអាចទាមទារ អាចតវ៉ាបាន ព្រោះបុគ្គលិកដែលមានសហជីពគឺក្រុមហ៊ុនពុំហ៊ានជិះជាន់ទេ»។
មកទល់នឹងពេលនេះ បុគ្គលិកទាំង១៧នាក់ដែលក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរភ្នំពេញសូរិយា១៦៨បណ្តេញចេញនោះ នៅតែមិនទាន់មានឱកាសត្រឡប់ចូលកៅអីបើកបររបស់ខ្លួនបានវិញនៅឡើយ។
លោកសម្បត្តិ វនសង្ឍឹមថា «រាជរដ្ឋាភិបាល» អាចនឹងលូកដៃក្នុងដំណោះស្រាយរឿងនេះ៕