រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់បន្ថយការចំណាយរបស់ក្រសួងនិងស្ថាប័នជាតិ៣ឆ្នាំជាប់គ្នា ខណៈកម្ពុជារំពឹងថា កំណើនសេដ្ឋកិច្ចធ្លាក់ចុះមកក្នុងរង្វង់១,៩%ក្នុងឆ្នាំ២០២០ ដោយសារវិបត្តិជំងឺកូវីដ១៩។នេះបើតាមសារាចរណែនាំរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។
សារាចរណែនាំអំពីការរៀបចំផែនការយុទ្ធសាស្រ្តឆ្នាំ២០២១-២០២៣ ឲ្យដឹងថា ការរាតត្បាតជំងឺកូវីដ១៩ធ្វើឲ្យស្ថានភាពម៉ាក្រូសេដ្ឋកិច្ចពិបាកប៉ាន់ប្រមាណឲ្យបានច្បាស់លាស់គ្រប់គ្រាន់នៅដើមឆ្នាំ២០២០។ រដ្ឋាភិបាលបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនអវិជ្ជមាន១,៩%ដែលជាអត្រាមិនធ្លាប់មានកន្លងមក។ពីដើមឡើយ កម្ពុជារំពឹងថា មានកំណើនសេដ្ឋកិច្ចប្រមាណ៦,៥%ក្នុងឆ្នាំ២០២០។ ប៉ុន្តែកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២១ ត្រូវបានរំពឹងថា នឹងងើបឡើងវិញមកក្នុងអត្រាកំណើន៣,៥% ដោយសារការរំពឹងទុកនៃការងើបឡើងវិញយឺតនៃសកម្មភាពសេដ្ឋកិច្ច ជាពិសេសការកើនឡើងក្នុងកម្រិតទាបនៃតម្រូវការខាងក្រៅនិងទំនុកចិត្តទីផ្សារក្នុងស្រុក។
រដ្ឋាភិបាលណែនាំឲ្យស្ថាប័នរដ្ឋទាំងអស់ធ្វើផែនការថវិកាកាត់បន្ថយការចំណាយដើម្បីរដ្ឋាភិបាលរៀបចំសម្រាប់សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់។បើតាមសារាចរនោះ ចំណាយសរុបរបស់ក្រសួងនិងស្ថាប័នទាំងអស់ក្នុងឆ្នាំ២០២១មានប្រមាណ៣,៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ប្រមាណ៣,៧ពាន់លានដុល្លារដដែល និងជាង៣,៨ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។
សារាចរឲ្យដឹងថា វិស័យរដ្ឋបាលទូទៅត្រូវបានគ្រោងចំណាយប្រមាណ១,៩៩%នៃផលិតផលក្នុងស្រុកសរុបដែលថយចុះ៦,៤% ធៀបនឹងច្បាប់ហិរញ្ញវត្ថុក្នុងឆ្នាំ២០២០។វិស័យការពារជាតិ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈត្រូវបានគ្រោងចំណាយប្រមាណ៣,៨៩% ថយចុះ៤,៣%វិស័យសង្គមកិច្ចត្រូវបានគ្រោងចំណាយប្រមាណ៦,១៤%នៃផលិតផលក្នុងស្រុកសរុប ថយចុះ១១,៣%។
បើតាមសារាចរ សន្ទស្សន៍បៀវត្សរ៍មូលដ្ឋាននិងកម្រិតប្រាក់បំណាច់មុខងាររបស់មន្រ្តីរាជការទាំងអស់រួមទាំងប្រាក់ឧបត្ថម្ភមន្រ្តីជាប់កិច្ចសន្យានិងប្រាក់សោធន ត្រូវរក្សាស្មើនឹងកម្រិតឆ្នាំ២០២០។ រដ្ឋាភិបាលក៏នឹងផ្អាកការផ្តល់ប្រាក់ឧបត្ថម្ភជូនមន្រ្តីរាជការសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរនិងពិធីបុណ្យភ្ជុំបិណ្ឌ៥ម៉ឺនរៀលក្នុង១នាក់សម្រាប់ឆ្នាំ២០២១។
តាមគម្រោងពីដើម នៅក្នុងឆ្នាំ២០២០ រដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ៨,២ពាន់លានដុល្លារអាមេរិក។
លោក មាស សុខសេនសាន អ្នកនាំពាក្យនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានប្រសាសន៍ថា នេះជាពេលវេលាដែលរដ្ឋាភិបាលត្រូវការបន្ថយការចំណាយដែលមិនចំបាច់ ក្នុងនោះមានបេសកកម្មនិងសម្ភារៈមួយចំនួន។លោកបន្តថា រដ្ឋាភិបាលនឹងបន្តវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ការបង្កើតការងារនិងប្រព័ន្ធធារាសាស្រ្ត ដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញ។ លោកបន្ថែមថា ស្ថាប័ននីមួយៗនឹងដាក់ផែនការមក ហើយនឹងមានការចរចាជាក់ស្តែងទាក់ទងនឹងការចំណាយអាទិភាព។
លោកថ្លែងប្រាប់VOAថា៖ «រីឯការអនុវត្តជាក់ស្តែងនៅពេលដែលយើងចរចារឿងថវិកា នៅពេលដែលយើងរៀបចំថវិកា ហើយយើងចរចាជាមួយគ្នាជាមួយក្រសួងសេដ្ឋកិច្ចនៅពេលខែ៧ ខែ៨មកដល់»។ លោកបន្ថែមថា៖ «ប្រទេសណាក៏ដូចប្រទេសណា សុទ្ធតែប៉ះពាល់សេដ្ឋកិច្ចដូចគ្នា។ អ៊ីចឹងគេប្រឹងរកវិធីដើម្បីធ្វើយ៉ាងម៉េចដើម្បីឲ្យសេដ្ឋកិច្ចងើបឡើងវិញ ហើយវិធីសាស្រ្តដែលល្អគឺយើងត្រូវចាក់ឲ្យចំប្រើថវិកាឲ្យចំគោលដៅ ។ អាហ្នឹងបានយើងជួយសេដ្ឋកិច្ចបាន»។
លោកឈឿន ប៊ុណ្ណារ័ត្ន អ្នកនាំពាក្យក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា រដ្ឋាភិបាលបានលុបចោលការជ្រើសរើសមន្រ្តីរាជការថ្មីជាង៦ពាន់នាក់ក្នុងឆ្នាំ២០២០នេះ។ ប៉ុន្តែលោកមិនទាន់ដឹងថា តើមានការជ្រើសរើសនៅក្នុងឆ្នាំ២០២១ឬយ៉ាងណា។
លោកបញ្ជាក់ថា៖ «គោលដៅយើងត្រូវតែសន្សំពីព្រោះដំណាក់កាលនេះមិនមែនតែកម្ពុជាទេគឺប្រទេសនៅលើសកលលោក គឺមានការរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចទាំងអស់គ្នា»។
កាលពីខែមេសា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋាភិបាលបានសម្រេចកាត់បន្ថយការចំណាយថវិកាជាតិសរុបជាង៩០០លានដុល្លារដើម្បីដោះស្រាយបញ្ហាបង្កឡើងដោយជំងឺកូវីដ។កាលពីសប្តាហ៍មុនក្រសួងការងារបានប្រកាសថា រដ្ឋាភិបាលបានបើកប្រាក់ឧបត្ថម្ភដល់កម្មករក្នុងវិស័យកាត់ដេរ និងទេសចរណ៍ចំនួន១៧.០៥២នាក់នៃរោងចក្រសហគ្រាសទាំង៥០ក្នុងវិស័យកាត់ដេរនិងទេសចរណ៍។ក្នុងនោះ១៥ដុល្លារសម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលពី៧ថ្ងៃទៅ១០ថ្ងៃចំនួន៣០ដុល្លារសម្រាប់រយៈពី១១ថ្ងៃទៅ២០ថ្ងៃនិង៤០ដុល្លារសម្រាប់រយៈពេលព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី២១ថ្ងៃទៅ១ខែ។
កាលពីដើមខែមីនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យស្ថាប័នទាំងអស់ត្រូវកាត់ការចំណាយរហូតដល់៥០% លើកលែងតែក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្រ្តី ដែលនឹងត្រូវកាត់បន្ថយការចំណាយចំនួន២៥%។
លោកមានប្រសាសន៍ថា៖ «មិនត្រឹមតែមិនឲ្យ(បង្កើន)ការចំណាយទេយើងកាត់បន្ថយការចំណាយតែម្តង។ មានតែចំណាយទៅលើបៀវត្សរ៍តែប៉ុណ្ណោះដែលមិនមានការកាត់បន្ថយទេទាក់ទងទៅនឹងការការចំណាយចរន្ត ដែលក្នុងមួយខែយើងត្រូវចំណាយជាង៤០០លានដុល្លារគឺអាហ្នឹងមិនអាចប៉ះពាល់បានទេ»។លោកបន្ថែមថា៖ «ហើយខ្ញុំនឹងសង្កេតមើលថា តើរដ្ឋមន្រ្តីក្រសួងណាខ្លះដែលបន្តអនុវត្តដែលគេហៅថា យកអាវិធីហ្នឹងយកទៅសម្រួល កុំឲ្យបញ្ហាដាក់មក ចាំឲ្យនាយករដ្ឋមន្រ្តីកាត់»។
លោក Jayant Menon អ្នកស្រាវជ្រាវម្នាក់នៅស្ថាប័នស្រាវជ្រាវ ISEAS-Yusof Ishak ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានប្រាប់វីអូអេនៅក្នុងសារអេឡិចត្រូនិកថា ប្រទេសកម្ពុជារងគ្រោះខ្លាំងក្នុងពេលមានវិបត្តិជំងឺកូវីដនេះ ដោយសារកម្ពុជាជាប្រទេសតូចដែលសេដ្ឋកិច្ចពឹងផ្អែកខ្លាំងទៅលើពាណិជ្ជកម្មនិងការវិនិយោគផ្ទាល់ពីបរទេស(FDI)។
លោកបញ្ជាក់ថា៖ «ដូច្នេះវាជាពេលមួយសម្រាប់រដ្ឋាភិបាលក្នុងការគាំទ្រកំណើននេះ ដោយបង្កើនការចំណាយ មិនមែនបន្ថយនោះទេ។នេះនឹងជួយប៉ះប៉ូវការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនិងកម្រិតផលប៉ះពាល់សង្គម ជាពិសេសទៅលើអ្នកក្រីក្រ»។
គួរបញ្ជាក់ថា កាលពីចុងខែឧសភា ធនាគារពិភពលោក(World Bank) បានចេញផ្សាយរបាយការណ៍មួយ ដោយលើកឡើងថា ការអភិវឌ្ឍរបស់កម្ពុជាក្នុងរយៈពេល៣០ឆ្នាំមកនេះកំពុងរងការគំរាមកំហែងខ្លាំងបំផុតពីការរាតត្បាតជំងឺកូវីដ ដែលនឹងនាំឲ្យការងាររបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងហោចណាស់១លាន៧០ម៉ឺននាក់«ស្ថិតក្នុងហានិភ័យ»។
ធនាគារពិភពលោកបញ្ជាក់ថា ដោយសារមូលហេតុនេះក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកថា នឹងមានល្បឿនយឺតបំផុតមិនដែលធ្លាប់ជួបប្រទះតាំងពីឆ្នាំ១៩៩៤មក។ វានឹងថមថយរហូតដល់រវាង-១និង-២,៩%។ ធនាគារពិភពលោកបន្ថែមថា នៅក្នុងស្ថានភាពនេះ ភាពក្រីក្រក្នុងឆ្នាំ២០២០អាចនឹងកើនឡើងពី៣ទៅ១១ភាគរយ ប្រសិនបើអ្នកដែលស្ថិតក្នុងវិស័យរងផលប៉ះពាល់បាត់បង់ចំណូលអស់៥០ភាគរយក្នុងរយៈពេល៦ខែជាប់គ្នា។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ធ្លាប់មានប្រសាសន៍ប្រាប់VOA ថា វិបត្តិហិរញ្ញវត្ថុសាកលឆ្នាំ២០០៨ ជាបទពិសោធន៍វាត្រូវការរយៈពេល៣ឆ្នាំដើម្បីធ្វើឲ្យសេដ្ឋកិច្ចងើបឡើងវិញ។លោកបានប្រៀបធៀបករណីនេះទៅនឹងជំងឺកូវីដថា វាមានលំនាំប្រហាក់ប្រហែលគ្នា៕