ក្នុងពេលមានករណីឆ្លងវីរុសកូរ៉ូណាកើនឡើងខណៈមានការបិទខ្ទប់តឹងរ៉ឹងដោយសារជំងឺកូវីដ១៩នោះប្រទេសកម្ពុជាកំពុងដាក់ក្តីសង្ឃឹមរបស់ខ្លួនលើកម្មវិធីចាក់វ៉ាក់សាំងដែលនឹងជួយប្រទេសនេះឱ្យមានភាពស៊ាំសហគមន៍ ទោះបីជាកម្ពុជាប្រឈមនឹងឧបសគ្គពិបាកៗដែលអាចប៉ះពាល់ដល់កិច្ចប្រឹងប្រែងនេះក្តី។
ចំនួនករណីឆ្លងប្រចាំថ្ងៃកើនឡើងដល់កំណត់ត្រាខ្ពស់មួយ ដែលមានចំនួន ១,១៣០ ករណីនៅដើមខែកក្កដានេះ។ នេះជាចំនួនខ្ពស់ឆ្ងាយជាងតួលេខដែលត្រូវបានរាយការណ៍កាលពីខែមេសាកន្លងទៅ នៅពេលមានការបិទខ្ទប់តឹងរ៉ឹង ការហាមឃាត់មិនឱ្យលក់គ្រឿងស្រវឹង និងការរឹតត្បិតការធ្វើដំណើរឆ្លងខេត្ត។
ទោះជាយ៉ាងនេះក្តីដូចប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតដែរ កម្ពុជាប្រឈមមុខនឹងបញ្ហាជាច្រើនដែលទំនងជាមិនមាននៅក្នុងប្រទេសអ្នកមាននៅលោកខាងលិច។ ពិសេសនៅក្នុងរាជធានីភ្នំពេញដែលមានមនុស្សកកកុញជាច្រើនដែលជារឿយៗជួលបន្ទប់មួយ ឬជួនកាលគ្រែមួយដើម្បីសម្រាកតែប៉ុន្មានម៉ោងប៉ុណ្ណោះដើម្បីបំបាត់ភាពនឿយហត់នៅខាងក្រៅ។
លោក Bradley Murg ទីប្រឹក្សាជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព (CICP) បានប្រាប់ VOA ថា ប្រជាជននៅទីនេះមិនមានកន្លែងទូលាយ សុវត្ថិភាព ឬការទទួលបានសេវាសុខាភិបាល និងមិនអាចចូលផ្សារទំនើបបានដូចនៅតំបន់ជាយក្រុងនៅប្រទេសលោកខាងលិចដូចជាសហរដ្ឋអាមេរិក ឬអូស្ត្រាលីនោះទេ។
លោកបានថ្លែងក្នុងសម្តីដើមថា៖ «នៅក្នុងទីក្រុងដែលមានមនុស្សកកកុញដូចជារាជធានីភ្នំពេញវាពិតជាពិបាកក្នុងការអនុវត្តវិធានការបិទខ្ទប់ឱ្យមានប្រសិទ្ធភាពណាស់ទោះបីជាមានការចូលរួមពីស្ថាប័នរដ្ឋទាំងមូលក្តី»។
លោកបានបន្ថែមថា៖ «បើផ្អែកទៅលើកម្រិតនៃការអភិវឌ្ឍនិងតម្រូវការប្រចាំថ្ងៃរបស់ប្រជាជន នោះនឹងមានបញ្ហាប្រឈមមួយចំនួន។ ការបិទខ្ទប់រយៈពេលវែងមិនមែនជាយុទ្ធសាស្ត្រដែលអាចទៅរួចទេនៅកម្ពុជា ឬបើនិយាយឱ្យចំទៅគឺនៅក្នុងរាជធានីភ្នំពេញតែម្តង»។
ការបិទផ្សារបណ្តាលឱ្យកង្វះម្ហូបអាហារ និងការឡើងថ្លៃទំនិញ។ អាជ្ញាធរមានការលំបាកក្នុងការអនុវត្តវិធានការបិទខ្ទប់បន្ទាប់ពីមានការបែងតំបន់ក្នុងរាជធានីទៅជាតំបន់លឿងលឿងទុំ និងក្រហម ដោយអាស្រ័យលើចំនួនករណីឆ្លង និងការរាលដាល។ តំបន់ក្រហមមានន័យថា ជាតំបន់ដែលមានហានិភ័យខ្ពស់បំផុត។
ការរឹតត្បិតត្រូវបានកាត់បន្ថយ ប៉ុន្តែសាលារៀន រង្គសាល កន្លែងហាត់ប្រាណ និងអាជីវកម្មផ្សេងទៀតជាច្រើននៅតែត្រូវបិទទ្វារ ខណៈភោជនីយដ្ឋានតម្រូវឱ្យមានវិធានការរក្សាគម្លាតនិងវិធានការសុខាភិបាលផ្សេងៗយ៉ាងតឹងរ៉ឹង។
អ្នកនាង ហ្សង សុគន្ធាជាសាស្រ្តាចារ្យនិងជាអ្នកនិពន្ធសៀវភៅ «ខ្ញុំជាកូនស្រី» ដែលនិយាយអំពីការពង្រឹងសមត្ថភាពដល់ស្ត្រីនៅកម្ពុជាបាននិយាយថា ការរស់នៅក្នុងពេលមានជំងឺរាតត្បាតនេះមានការលំបាកណាស់សម្រាប់អ្នកក្រ។
អ្នកនាងបានប្រាប់ VOA ថា៖ «គ្រួសារក្រីក្រជាច្រើនរស់នៅជិតៗគ្នា ដែលជាកន្លែងត្រូវបានកំណត់ថាជាតំបន់ក្រហម។ពួកគេរស់នៅជាមួយគ្នា និងចម្លងជំងឺកូវីដ១៩កាន់តែលឿន»។
អ្នកនាងបានបន្ថែមថា លើសពីនេះទៅទៀត «នៅពេលផ្សារមិនបើកនិងមិនមានចំណូលសម្រាប់ចិញ្ចឹមជីវិត ពួកគេមិនអាចស៊ូរស់បានយូរនោះទេ»។
អ្នកនាង ហ្សង សុគន្ធា បាននិយាយថា ស្ថានភាពបែបនេះ បើនិយាយពីប៉ូលិស និងអ្នកលក់វិញ គឺដូចលេងល្បែងឆ្មាចាប់កណ្តុរអញ្ជឹង ។ អ្នកស្រីបានបន្ថែមថា៖ «អ្នកលក់នឹងនៅតែលក់របស់របរនៅលើផ្លូវ ទោះបីជា ប៉ូលិសដេញពួកគេក្តី»។
អ្នកនាង កែវ សាវ៉ាឌី បើកអាជីវកម្មខ្នាតតូចមួយលក់សម្លៀកបំពាក់តាមអនឡាញ និងដូចពលរដ្ឋ
មានជីវភាពថ្នាក់កណ្តាលជាច្រើនទៀតដែលកំពុងមានចំនួនកើនឡើងនៅកម្ពុជានោះអ្នកនាងក៏មានការលំបាកដែរបន្ទាប់ពីបាត់បង់ការងារនៅហាងកាហ្វេមួយឈ្មោះ Hard Rock នៅរាជធានីភ្នំពេញ។
អ្នកនាងបាននិយាយក្នុងសម្តីដើមថា «រឿងពិបាកនោះគឺថា ខ្ញុំទើបតែចាប់ផ្តើមអាជីវកម្មតាមអនឡាញនេះ។ វាជាអាជីវកម្មតាមអនឡាញតូចមួយ។ វាមិនដំណើរការនោះទេដោយសារតែស្ថានភាពកូវីដ១៩មិនល្អ។ ខ្ញុំ និងគ្រួសារដែលពួកគេភាគច្រើនបានបាត់បង់ការងារដែរនោះ ត្រូវស្វែងរកបន្ទប់ជួលតូចជាងនេះដើម្បីរស់នៅ»។
ប្រទេសកម្ពុជាមិនសូវរងផលបះពាល់ពីការរាតត្បាតជំងឺនោះទេនៅក្នុងឆ្នាំ២០២០ ប៉ុន្តែស្ថានភាពបានផ្លាស់ប្តូរនៅថ្ងៃទី២០ ខែកុម្ភៈកន្លងទៅ នៅពេលដែលអាជ្ញាធរនិយាយថា ស្ត្រីជនជាតិចិនពីរនាក់បានសូកប៉ាន់សន្តិសុខដើម្បីគេចចេញពីកន្លែងធ្វើចត្តាឡីស័ក និងបានទៅរាំរែក និងចម្លងជំងឺនេះ។
ចាប់តាំងពីពេលនោះមកករណីឆ្លងបានកើនឡើងពីចំនួនតិចជាង៥០០ ទៅជាង ៥០.០០០ ករណី និងមានករណីស្លាប់ចំនួន ៨២៥ ករណី គិតត្រឹមថ្ងៃព្រហស្បតិ៍ទី៨ ខែកក្កដា។
ទោះជាយ៉ាងនេះក្តី ប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ២បន្ទាប់ពីសិង្ហបុរី សម្រាប់កិច្ចប្រឹងប្រែងចាក់វ៉ាក់សាំង ក្នុងចំណោមប្រទេសទាំង១០ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បន្ទាប់ពីទទួលបានវ៉ាក់សាំង Sinopharm និង Sinovac ចំនួន ១១ លានដូសពីប្រទេសចិន។
ប្រទេសកម្ពុជានិយាយថា វ៉ាក់សាំងសរុបចំនួន ២០ លានដូសនឹងទទួលបានត្រឹមខែសីហា ខណៈដែលមូលនិធិពីអូស្ត្រាលី និងសហរដ្ឋអាមេរិកអនុញ្ញាតឱ្យប្រទេសនេះទទួលបានវ៉ាក់សាំងពីយន្តការ COVAX និង AstraZenica។
លោក Murg បានថ្លែងក្នុងសម្តីដើមថា៖ «នៅពេលគេប្រៀបធៀបសិង្ហបុរីជាមួយនឹងកម្ពុជា បើនិយាយពីកម្រិតនៃការអភិវឌ្ឍ កម្រិតហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗទៀតវាពិតជាអស្ចារ្យណាស់ដែលកម្ពុជាអាចសម្រេចបានជោគជ័យកម្រិតនេះនៅក្នុងយុទ្ធនាការដែលចូលរួមដោយស្ថាប័នរដ្ឋាភិបាលផ្សេងៗដើម្បីចាក់វ៉ាក់សាំងឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»។
លោកបានបន្ថែមថា៖ «ប្រទេសនេះកំពុងស្ថិតលើមាគ៌ាឆ្ពោះទៅសម្រេចគោលដៅរបស់ខ្លួន ហើយនេះជារឿងដែលមិនទាន់ទទួលបានការចាប់អារម្មណ៍ដែលប្រទេសនេះគួរទទួលបាននៅឡើយទេ»។
ប្រជាជនកម្ពុជាជិត ១៨% ក្នុងចំណោម ១៦,៥ លាននាក់បានចាក់វ៉ាក់សាំងពីរលើករួចរាល់ ខណៈ ប្រជាជនចំនួន ២៥% បានចាក់វ៉ាក់សាំងលើកទី១រួចហើយ។
ប្រទេសកម្ពុជាសង្ឃឹមថា នឹងមានភាពស៊ាំសហគមន៍ ក្នុងចំណោមពលរដ្ឋចំនួន ១០ លាននាក់ដែលបានចាក់វ៉ាក់សាំងរួចរាល់នៅត្រឹមចុងឆ្នាំនេះនិងមានបំណងបើកវិស័យទេសចរណ៍ឡើងវិញនៅត្រីមាសទី៤សម្រាប់អ្នកទេសចរណ៍ណាដែលបានចាក់វ៉ាក់សាំងពេញលេញរួចហើយ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា