ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខេត្ត​ឧត្តរមានជ័យ​ផ្អាក​កាប់​ព្រៃ​ ហើយ​ត្រៀមលក់​កាបូន


​​ព្រៃ​ឈើ​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​មាន​ទំហំជាង​៦៤.០០០​ហិកតា​ហើយ​ព្រៃ​ទាំង​នេះ​កំពុង​​អភិរក្ស​ជាព្រៃ​សហគមន៍​ចំនួន​១៣។
​​ព្រៃ​ឈើ​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​មាន​ទំហំជាង​៦៤.០០០​ហិកតា​ហើយ​ព្រៃ​ទាំង​នេះ​កំពុង​​អភិរក្ស​ជាព្រៃ​សហគមន៍​ចំនួន​១៣។
ប្រទេស​កម្ពុជា​កំពុង​រៀប​ចំ​លក់កាបូនអំពី​ព្រៃ​ឈើ​ជា​លើក​ដំបូង​នៅ​ក្នុង​ខេត្ត​ឧត្តមានជ័យ​ក៏ប៉ុន្តែ​នីតិវិធី​នៃ​ការ​លក់​ស្ថិត​ក្នុង​ភាព​មិនចុះ​សម្រុង​គ្នា​នៅឡើយ។

ការ​លក់​កាបូន​គឺ​ជា​វិធី​សាស្ដ្រ​អភិរក្ស​បរិដ្ឋាន​តាម​រយៈ​ការ​ថែ​រក្សា​ព្រៃ​ដែល​មាន​អានុភាព​ស្រូប​ឬ​បំផ្លាញ​កាបូន​ដើម្បីធានា​តុល្យភាព​រវាង​ការ​បញ្ចេញ​កាបូន​ក្នុង​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​និង​ប្រទេស​ថែរក្សា​ព្រៃឈើ។

​ដូច្នេះ​ប្រទេស​ជឿន​លឿន​ត្រូវ​ចំណាយ​លុយ​ទិញ​កាបូន​ពី​ប្រទេស​ដែល​ថែ​រក្សា​គម្រប​ព្រៃឈើ​បាន​គង់វង្ស​ដើម្បី​រក្សា​តុល្យភាព​ធម្មជាតិ​ក្នុង​ពិភព​លោក។ ទំហំ​ព្រៃ​ឈើ​ដែល​រក្សា​ទុក​ត្រូវគេ​គិតជា​ទំហំ​កាបូន​ដើម្បី​ទូទាត់​ជា​ថវិកា​សម្រាប់​ការថែរក្សា​បរិដ្ឋាន។​

ដោយឡែកព្រៃ​ឈើ​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​មាន​ទំហំជាង​៦៤.០០០​ហិកតា​ហើយ​ព្រៃ​ទាំង​នេះ​កំពុងអភិរក្ស​ជាព្រៃ​សហគមន៍​ចំនួន​១៣។

លោកស្រី​ ឡេសលី ដឺសឆីងហ្គឺ (Leslie Durschinger) ​ស្ថាបនិក​និង​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​Terra Global Capital​ដែល​ជា​ក្រុម​ហ៊ុន​ស្វែងរក​ទីផ្សារ​លក់​កាបូន​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ថ្លែង​ប្រាប់​វីអូអេ ​ខ្មែរ​តាម​ទូរស័ព្ទ​ថា​គម្រប​ព្រៃឈើ​នេះ​អាច​លក់​បាន​ពី​៤,២​លាន​ដុល្លារ​ទៅ​៥,៤​លាន​ដុល្លារ​អាមេរិក។

​ប៉ុន្តែ​បើ​តាម​លោកស្រី ​Sarah Sitts ​ប្រធាន​អង្គការ​Pact​ប្រចាំ​កម្ពុជា​ដែល​ទទួល​បន្ទុក​អនុវត្ត​គម្រោង​អភិរក្ស​ព្រៃ​ឈើ​សហគមន៍​ក្នុង​ខេត្ត​ឧត្តរមានជ័យ​នេះ រដ្ឋបាល​ព្រៃឈើ​ដែល​មាន​សមត្ថកិច្ច​ក្នុង​ការ​លក់​ឥណទាន​កាបូន​មិន​ព្រម​លក់​ ស្របពេល​ដែល​តម្រូវ​ការ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​អនុវត្ត​គម្រោង​នេះ​បន្ត​កំពុង​ត្រូវការ​ជា​ចាំ​បាច់។

លោកស្រី​ Leslie Durschinger ​ថ្លែង​ថា​នា​ពេល​នេះ​ទីផ្សារ​លក់​កាបូន​គឺ​មិន​សូវ​សម្បូរ​ទេ។

«ទីផ្សារ​សម្រាប់​លក់​កាបូន​គឺ​ចង្អៀត​ណាស់។ វា​ពិបាក​លក់​ដោយសារគម្រោង​អញ្ចឹង​មាន​ច្រើន ហើយ​អ្នក​ទិញ​មាន​តិច​ជាង ដូច្នេះ​វា​ត្រូវការ​ពេលវេលា​ក្នុង​ការ​លក់»។

ឥណទាន​កាបូន​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ស្ម័គ្រចិត្ត​អន្តរជាតិ ទៅ​ឱ្យ​អ្នក​ទិញដែល​ជា​ក្រុមហ៊ុន​ធំ​ៗ​ភាគ​ច្រើន​ស្ថិត​ក្នុង​សហគមន៍​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក ដែល​ចង់​បង្ហាញ​ពី​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ខ្លួន។

សព្វថ្ងៃ​ប្រទេស​កម្ពុជា​មាន​គម្រប​ព្រៃ​ឈើ​ដែល​បម្រុង​ទុក​សម្រាប់​លក់​កាបូន​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ខេត្ត​មណ្ឌល​គិរី កោះកុង ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ព្រះ​វិហារ​ជា​ដើម ​ប៉ុន្តែ​កាបូន​ដែល​អាច​លក់​បាន​នៅ​ក្នុង​ពេល​នេះ​មាន​តែ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ប៉ុណ្ណោះ។

លោក ឡុង រតនៈកុមារ ​មន្ត្រី​សម្របសម្រួល​គម្រោង​នេះ​នៅ​រដ្ឋបាល​ព្រៃឈើ​មិន​អាច​ទាក់ទង​ដើម្បី​ធ្វើអត្ថាធិប្បាយ​បាន​ទេ។ ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី សារ៉ា សីតដ ​ភាគី​រដ្ឋបាល​ព្រៃឈើ​បាន​ព្រមព្រៀង​លក់​កាបូន​នេះ​នៅ​ពេល​ខាង​មុខ​ក្នុង​តម្លៃ​អប្បបរមា​ដែល​បាន​កំណត់។

យោង​តាម​សារាចរ​មួយ​របស់​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០០៩ ​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​កាបូន​នឹង​ត្រូវ​បែងចែក​សម្រាប់​ការ​ប្រើប្រាស់​បី​ប្រភេទ​គឺ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​គុណភាព​ព្រៃឈើ ​ផ្តល់​ប្រយោជន៍​ជា​អតិបរមា​ដល់​សហគមន៍​មូលដ្ឋាន ​និង​ទុក​សម្រាប់​ការ​សិក្សា​តំបន់​សក្តានុពល​សម្រាប់​គម្រោង​REDD​ ​ដែលជា​គម្រោង​ក្រោម​ការ​ផ្តួច​ផ្តើម​របស់​អង្គការ​សហ​ប្រជាជាតិ។

REDD ​ដែល​មាន​ពាក្យ​ពេញ​ថា​«​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពី​ការ​បាត់បង់​និង​រិចរិល​ព្រៃឈើ​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍»​ហើយ​គម្រោងនេះ​ទទួល​បន្ទុក​គ្រប់គ្រង​ដោយ​អង្គការ​ក្នុង​ស្រុក​មួយ​ចំនួន​ជា​ដៃ​គូ ដូចជា​អង្គការ Pact​អង្គការ​Fuana & Flora International (FFI) ​និង​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ (NGO Forum) ជា​ដើម។

យោង​តាម​គម្រោង​REDD​ចំណូល​យ៉ាង​តិច​ណាស់​៥០​ភាគរយ​នឹង​ត្រូវ​បែងចែក​ឱ្យ​ទៅ​សហគមន៍​មូលដ្ឋាន​សម្រាប់​ប្រើប្រាស់​ដើម្បី​បង្កើន​ទិន្នផល​កសិកម្ម​និង​ការ​ប្រើប្រាស់​ដី​ដោយ​និរន្តរភាព ​បង្កើត​ការងារ​តាម​រយៈ​ការ​ល្បាត​ព្រៃ​និង​ការ​ដាំ​កូន​ឈើ​ជា​ដើម។

លោកស្រី ​Sarah Sitts ​អះអាង​ថា​ក្រៅ​ពី​ចំនួន​អ្នកទិញ​កាបូន​មាន​កំណត់ ​ការ​កាប់​ព្រៃឈើ​ខុស​ច្បាប់​និង​ការ​ធ្វើ​ឱ្យ​ខូច​ទ្រង់ទ្រាយ​ព្រៃ​ឈើ​ក៏​អាច​ប៉ះពាល់​ដល់​គម្រោង​នេះ​ដែរ​ដោយ​សារ​ការ​ថយ​ចុះ​ចំនួន​កាបូន។

«មិន​ទាន់​ច្បាស់​ទេ​ថា​តើ​ពួក​អ្នក​កាប់​ឈើ​នោះ​ជា​អ្នកណា ​ទោះ​បី​ជា​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ជា​រឿយ​ៗ​កំណត់​អត្ត​សញ្ញាណ​ពួកគេ​ថា​ជា​ជន​ភៀសខ្លួន។ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កំពុង​ប្រតិបត្តិ​ក្នុង​ព្រៃ​ជា​ច្រើន ​ហើយ​បាន​ហាម​មិន​អ្នក​ល្បាត​ព្រៃ​សហគមន៍​ចូល​ល្បាត​ហើយ​មាន​ពេល​មួយ​នោះ​ឃាត់​ខ្លួន​អ្នក​ល្បាត​ព្រៃ​ទៀត​ផង»។

លោក​ផុន សោភ័ន​ តំណាង​សហគមន៍​ដួង បេង ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ក៏​បាន​បញ្ជាក់​ដូច​គ្នា​នេះ​ដែរ។

«សហគមន៍​របស់​ខ្ញុំ​ដែល​ការពារ​គម្រោង​REDD​នេះ​បានចុះ​ល្បាត​និង​ឃ្លាំ​មើល​ប៉ុន្តែ​ការ​ចុះ​ល្បាត​និង​ឃ្លាំ​មើល​នេះ​ក៏​មិន​បាន​ញឹកញាប់​ទេ ដោយ​សារ​មាន​កង​ទ័ព​នៅ​សហគមន៍​ដួង​បេង។ កង​ទ័ព​គាត់​កាប់​បំផ្លាញ​រហូត​យក​ដី​សហគមន៍​ទៀត​។ ប៉ុន្តែ​បើ​គម្រោង​REDD​ដំណើរការ​លេច​ធ្លោ​មក ​អាច​បាន​ជោគជ័យ។ បើ​ឃើញ​លេច​ធ្លោ​មែន ​ទាហាន​នឹង​ជួយ​ការពារ​យើង​ ប៉ុន្តែ​នៅ​ពេល​នេះ​នៅ​ទ្រឹង​ទាំង​អស់​គ្នា»។

លោកស្រី ​Sarah Siths ​ថ្លែង​ថា​ប្រសិន​បើ​គ្មាន​ចំណូល​ពី​ការ​លក់​កាបូន​ទេ​នោះ ​និរន្តរភាព​នៃ​គម្រោង​នេះ​នៅ​តែ​ជា​ការ​ប្រឈម​ដ៏​ខ្លាំង ​ស្របពេល​ដែល​ជំនួយ​សម្រាប់​អនុវត្តន៍​គម្រោង​នេះ​បាន​បញ្ចប់​តាំង​ពី​ថ្ងៃ​ទី​៣១​ខែកក្កដា​ឆ្នាំ​២០១៣​មក​ម៉្លេះ៕
XS
SM
MD
LG