ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល៖ មន្ត្រី​ថ្នាក់​ធំៗ​និង​ក្រុម​ឧកញ៉ា​ជាប់​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ


របាយការណ៍​មួយ​របស់​អ្នកស្រាវជ្រាវ​អាមេរិក​ដែល​ត្រូវ​បានផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៥​ខែវិច្ឆិកា​នេះ ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​កាប់​បំផ្លាញ​និង​ធ្វើឲ្យ​បាត់បង់​យ៉ាងតិច​ចំនួន​៧​​ភាគ​រយ​​ក្នុង​រយៈពេល​១២​ឆ្នាំ​ចុងក្រោយ​នេះ។
របាយការណ៍​មួយ​របស់​អ្នកស្រាវជ្រាវ​អាមេរិក​ដែល​ត្រូវ​បានផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៥​ខែវិច្ឆិកា​នេះ ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​កាប់​បំផ្លាញ​និង​ធ្វើឲ្យ​បាត់បង់​យ៉ាងតិច​ចំនួន​៧​​ភាគ​រយ​​ក្នុង​រយៈពេល​១២​ឆ្នាំ​ចុងក្រោយ​នេះ។
ភ្នំពេញ៖ មនុស្ស​សំខាន់ៗ​យ៉ាងតិច​១០០​នាក់​ជាប់ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោកចាន់ សុវ៉េត ​អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បានថ្លែង​យ៉ាង​ដូច្នេះ​ក្រោយ​ពី​សន្និសីទ​សារព័ត៌មាន​មួយ​នៅព្រឹកថ្ងៃ​ច័ន្ទ​នេះ​ក្នុង​ទីក្រុង​ភ្នំពេញ។

លោក​បញ្ជាក់​ថា៖

«មាន​សមត្ថកិច្ច​ថ្នាក់​ធំៗ ​មាន​មន្ត្រី​ប៉ូលិស​ យោធា ​មាន​ឧកញ៉ា ​មាន​ប្រជា​ពលរដ្ឋ​ មាន​ឈ្មួញ​កណ្តាល​ មាន​ឈ្មោះ​ទាំងអស់​ប៉ុន្តែ​យើងនៅ​កំណត់​អត្តសញ្ញាណ​របស់​គាត់​មួយៗ​ឲ្យ​ច្បាស់​លាស់​សិន»។

លោកចាន់ សុវ៉េត ​បញ្ជាក់​ថា​បុគ្គល​ទាំងនេះ​ពាក់ព័ន្ធ​នឹង​ការកាប់​បំផ្លាញ​ព្រៃឈើនៅក្នុង​ខេត្ត​ចំនួន​១១។​

មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​ដដែល​គ្រោង​នឹង​ដាក់ពាក្យ​បណ្តឹង​ប្រឆាំង​បុគ្គល​សង្ស័យ​ទាំង​នេះ​នៅ​ចុងឆ្នាំ​នេះ​ប្រសិន​បើ​រដ្ឋាភិបាល​ថ្មី​មិន​ចាត់វិធានការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅពេល​នេះ​ទេ​នោះ។

«យើង​មិនទាន់​បញ្ចេញ​ឈ្មោះ​អ្នកទាំងនោះ​ជា​សាធារណៈ​ដោយសារ​វា​ទាក់ទង​នឹង​សុវត្ថិភាព​និង​ផ្លូវ​ច្បាប់។​យើង​នឹង​បញ្ជូន​ព័ត៌មាន​ទាំងនោះ​ទៅតាម​ផ្នែក​ព្រហ្មទណ្ឌ​ដូចជា​រឿង​ពុករលួយ​ត្រូវ​បែងចែក​តាម​សំណុំរឿង​ពុករលួយ»។

យោងតាម​របាយការណ៍​មួយ​របស់​អ្នកស្រាវជ្រាវ​អាមេរិក​ដែល​ត្រូវ​បានផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៥​ខែវិច្ឆិកា​នេះ ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​កាប់​បំផ្លាញ​និង​ធ្វើឲ្យ​បាត់បង់​យ៉ាងតិច​ចំនួន​៧ភាគ​រយក្នុង​រយៈពេល​១២​ឆ្នាំ​ចុងក្រោយ​នេះ។

តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ប្រាំបានសម្តែង​កង្វល់​រួមគ្នា​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​នេះ​ដោយ​កត់សម្គាល់​ឃើញ​មាន​ការកើនឡើង​នៃ​ការកាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​រយៈពេល​ជិត​មួយ​ឆ្នាំ​ចុង​ក្រោយ​ហើយ​បានស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ជា​បន្ទាន់​ដើម្បី​សង្គ្រោះ​ព្រៃឈើ​នៅ​កម្ពុជា។

អង្គការ​ទាំងនេះ​រួមមាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ អង្គការ​ប្រឆាំង​អំពើពុករលួយ ​ទប់ស្កាត់​ការបំផ្លាញ​ព្រៃឈើ​និង​ធនធាន​ធម្មជាតិ ​សម្ធ័ន្ធ​សហគមន៍​កសិករ​កម្ពុជា ​និង​បណ្តាញ​កសាង​សន្តិភាព​សហគមន៍។

តំណាង​អង្គការ​ទាំងប្រាំ​បញ្ជាក់​ថា​ការកាប់​បំផ្លាញ​ព្រៃឈើ​ក្នុងពេល​បច្ចុប្បន្ន​មានលក្ខណៈ​ជាប្រព័ន្ធ​ហើយ​មូលហេតុ​សំខាន់​នៃ​ឧក្រិដ្ឋកម្ម​នេះ​ដោយសារ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯក​ជន ​ដោយសារ​គម្រោង​អភិវឌ្ឍន៍​វារីអគ្គិសនី ​ដោយសារ​តម្លៃ​ឈើលើ​ទីផ្សារ​ឡើង​ខ្ពស់ ​ដោយសារ​ការ​វាត​ដី​ធ្វើ​កសិកម្ម ​និង​ដោយសារ​ការបោះ​ជំរំ​ទ័ព​ចល័ត។

​ក្រុមមន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា​ព្រៃឈើ​ដែល​កំពុង​ទទួលរង​ការបំផ្លិច​បំផ្លាញ​រួម​មានទាំង​តំបន់​ក្នុងគម្រោង​ការពារ​របស់​រដ្ឋ​ដូចជា​ឧទ្យាន​ជាតិ ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ ដោយ​មានការដឹក​ជញ្ជូន​ជាចំហនិង​ដោយ​មិនមាន​ការទប់ស្កាត់​មាន​ប្រសិទ្ធភាព​នោះទេ។

តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ព្រួយបារម្ភ​ថា​ឈើ​មាន​តម្លៃ​នៅ​កម្ពុជា​អាច​នឹង​អស់​នៅ​ក្នុង​អំឡុង​រដ្ឋា​ភិបាល​អណត្តិទី​៥​នេះ​ប្រសិនបើ​មិនមាន​ការទប់ស្កាត់។

​លោកសេង សុខហេង ​អ្នកសម្រប​សម្រួល​បណ្តាញ​កសាង​សន្តិភាព​សហគមន៍​យល់ឃើញ​អវិជ្ជមាន​ជាង​នេះ។

«យ៉ាងយូរ​ប្រហែល​ជា​កន្លះឆ្នាំ​ទៀត​ព្រៃឈើ​នឹង​អស់​នៅ​ប្រទេស​កម្ពុជា​បើសិនជា​រដ្ឋាភិបាល​មិនមាន​វិធានការ​ទប់​ស្កាត់​ឲ្យ​បានលឿន​និង​មិន​មាន​ប្រសិទ្ធភាព»។

​ដោយឡែក​លោកឈឹម សាវុធ ​អ្នកស្រាវជ្រាវ​ធនធាន​ធម្មជាតិ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​លើក​ឡើង​ថា​ក្រុមហ៊ុនឯកជន​ជាអ្នកជំរុញ​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ចូលរួម​ចំណែក​កាប់​បំផ្លាញ​ព្រៃឈើ​របស់​ខ្លួន។

«ជាទូទៅ​ក្នុង​ខេត្ត​ជាច្រើន​ក្នុងភាគ​ឧត្តរ​និង​ភាគឥសាន ​ការកាប់​បំផ្លាញ​ព្រៃឈើ​ចុងក្រោយ​ដែល​មាន​ទំហំ​ធំធេង​គឺចាប់ពី​ចន្លោះ​ពីមុនបោះឆ្នោត​រហូត​ដល់​បច្ចុប្បន្ន។​ហើយ​គេ​បំផុស​ប្រជាពលរដ្ឋ​ឲ្យ​កាប់​បំផ្លាញ​ឈើ​ខ្លួនឯង​តែ​ម្តងហើយនាំ​ឲ្យ​ក្រុមហ៊ុន​ដែល​ជា​អ្នកដឹកជញ្ជូន»។

លោកឆេង គឹមស៊ុន ​ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម​មិនអាច​ទាក់ទង​បាន​ទេ។
ដោយឡែក​លោក​អ៊ុក រ៉ាប៊ុន ​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​នេះ​មិន​បានឆ្លើយតប​នឹង​វីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក​ទេ ​ខណៈ​ដែល​ជំនួយការ​របស់​លោក​ស្នើ​ឲ្យ​រង់ចាំ​ការទូរស័ព្ទ​ត្រឡប់​មកវិញ។

យ៉ាងណាក៏ដោយ​លោកផៃ ស៊ីផាន ​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រីស្វាគមន៍​ការបង្ហាញ​របាយការណ៍​របស់​មន្ត្រី​សង្គមស៊ីវិល​និង​ទទួល​ស្គាល់​ថា​មានជនខិល​ខូចបានកាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​បែប​នេះ​មែន។

«ទោះជា​យ៉ាងណា​ក៏យើងនៅ​ឃើញភាព​ចន្លោះ​ប្រហោង​អំពី​មនុស្ស​ផ្តេសផ្តាស​ដែល​រំលោភ​លើ​ការ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល។​ដូច្នេះ​ការលើកឡើង​ជា​ព័ត៌មាន​មួយ​សម្រាប់​យើង​ដឹង​ជា​បន្ថែម​ទៀត​សម្រាប់​ធ្វើឲ្យ​ការគ្រប់គ្រង​កាន់តែ​មាន​ប្រសិទ្ធភាព​ហើយ​យើង​មាន​ការទទួល​ខុសត្រូវ​ខ្ពស់​ជាប្រវត្តិ​សាស្ដ្រ​ចំពោះ​ការងារ​ព្រៃ​នេះ»។

​ជាមួយគ្នា​នេះ​លោកថេង សាវឿន ​អ្នកសម្រប​សម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ដែល​មាន​សមាជិក​រាប់ម៉ឺន​នាក់ ​ព្រមាន​ថា​ក្រុម​ប្រជា​កសិករ​អាច​នឹង​ងើប​ឡើង​តវ៉ា​ដើម្បី​ការការពារ​ព្រៃ​ឈើ​ដែល​ស្ថិត​ក្នុង​គ្រោះថ្នាក់​នេះ៕
XS
SM
MD
LG