ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ប៉ូលិស​តាម​ឃ្លាំ​មើល​បាតុកម្ម​បក្ស​ប្រឆាំង​ដោយ​យក​ចិត្ត​ទុកដាក់


ក្រុម​ប៉ូលិស​បង្ក្រាប​កុប្បកម្ម​​ធ្វើ​ការ​ហាត់​សាកល្បង​នៅ​ទីលាន​ប្រជាធិបតេយ្យ​​ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៣។
ក្រុម​ប៉ូលិស​បង្ក្រាប​កុប្បកម្ម​​ធ្វើ​ការ​ហាត់​សាកល្បង​នៅ​ទីលាន​ប្រជាធិបតេយ្យ​​ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៣។
នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​បាន​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ដោយ​អហិង្សាបាន​រយៈ​ពេល​បួន​ថ្ងៃ​ប៉ុណ្ណោះ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជាក់​ថា​ពួកគេ​កំពុង​តាមដាន​ការ​វិវត្តន៍​ពី​ដំណើរ​បាតុកម្ម​នោះ​ដោយ​យក​ចិត្ត​ទុកដាក់​និង​អាច​ប្រើ​ប្រាស់​កម្លាំង​ដើម្បី​បង្រ្កាប​ប្រសិន​ណា​វាធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ​និង​សុវត្ថិភាព​របស់​ប្រទេស។​

មហាបាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ធ្វើ​នៅ​ទី​លាន​ប្រជាធិបតេយ្យ​គឺ​ដើម្បី​ទាមទារ​ឱ្យរៀបចំ​បោះឆ្នោត​ឡើង​វិញ​ដោយ​សារ​តែ​គណបក្ស​នេះ​ចាត់​ទុក​ថា​ការ​បោះ​ឆ្នោតក្នុងអណត្តិ​ទី​៥​នេះ​មាន​ភាព​មិន​ប្រក្រតី​យ៉ាង​ធ្ងន់​ធ្ងរ។​

លោក​ ឧត្តម​សេនីយ៍​ឯក ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ពុធ​នេះ​ថា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិនៅមិន​ទាន់​ដល់​ចំណុច​ក្រហម​ដែល​រដ្ឋាភិបាល​ដាក់​វិធានការ​ដើម្បី​បង្រ្កាប​ទេ។​

លោក​បាន​បញ្ជាក់​ថា ​កម្លាំង​មាន​សមត្ថកិច្ច​មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​ការពារ​សន្តិសុខ​និង​សុវត្ថិភាព​របស់​ប្រទេស។ ​ប្រសិន​ណា​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ដឹក​នាំ​ធ្វើ​បាតុកម្ម​ដើម្បី​ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល។​

លោក​និយាយ​ថា៖​ «ជាការ​ពិត​ណាស់​នៅ​ពេល​ណា​ដែល​សន្តិសុខ​ជាតិ​ត្រូវ​បាន​គំរាម​កំហែង​នោះ​កម្លាំង​មាន​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​មាន​សមត្ថកិច្ច​ដើម្បី​រៀប​ចំធ្វើ​យ៉ាង​ណាឱ្យសន្តិសុខ​ជាតិ​វិល​រក​ភាព​ប្រក្រតី​ឡើង​វិញ»។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ជាច្រើន​លើក​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​ដោយ​គណបក្ស​នេះ​បាន​ចាត់​ទុក​ថា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ឆ្នោត​ដោយ​សារ​ការ​លួច​បន្លំ។​

ពី​ពេល​មុខ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ឱ្យបង្កើត​គណៈកម្មការ​ឯករាជ្យ​ស្វែង​រក​ការពិត​មួយដើម្បី​ស៊ើប​អង្កេត​លទ្ធផល​បោះឆ្នោត​តែពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទាមទារ​ឱ្យរៀបចំ​បោះ​ឆ្នោត​ឡើង​វិញ​ព្រម​ជាមួយ​នឹង​ការ​ទុក​ឱសានវាទ​ដល់​រដ្ឋាភិបាល​រយៈពេល​បី​ខែ​ប៉ុណ្ណោះ​ដើម្បី​ឱ្យរដ្ឋាភិបាល​ដោះ​ស្រាយ​ចំពោះ​ការទាមទារ​របស់​ខ្លួន។​

លោក​ សម រង្ស៊ី ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា​ការដឹកនាំ​ធ្វើ​មហា​បាតុកម្ម​នេះ​គ្មាន​អ្វី​បារម្ភ​ថា​នឹង​អាច​អន្តរាយ​ដល់​ប្រទេស​ជាតិ​ទេ​ដោយ​សារ​បាតុកម្ម​ដែល​រៀប​ចំដោយ​គណបក្ស​សង្គ្រោះ​ជាតិ​គឺមាន​លក្ខណៈ​អហិង្សា​ជានិច្ច​ទាំង​ថ្ងៃ​នេះ​ក៏ដូច​ជាពេល​មុនៗ។​

លោក​បញ្ជាក់​ថា​គណបក្ស​នឹង​ដង្ហែរ​ក្បួន​ដោយ​សន្តិវិធី​ប្រកប​ទៅ​ដោយ​ភាព​ថ្លៃ​ថ្នូរ​អត់មាន​អ្វី​គួរឱ្យបារម្ភ​ទេ​ពីព្រោះ​ឃើញ​ប្រជាពលរដ្ឋ​ចូល​រួម​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​គោល​បំណង​ស្រោច​ស្រង់​ប្រទេស​ជាតិ​យើង​ទាំង​អស់​គ្នា។​

លោក​និយាយ​ថា៖ «គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ប្រកាន់​ខ្ជាប់​នូវ​ក្រម​សីលធម៌​ របស់​ខ្លួន​ហើយ​អ្នក​ចូល​រួម​ទាំង​អស់​ យល់​ច្បាស់​ស្ទើរ​តែ​ទន្ទិញ​ចាំ​មាត់​បាន​ពី​ក្រម​សីលធម៌​គឺ​ចៀស​វាង​ដាច់​ខាត​រាល់​អំពើ​ហិង្សា​សូម្បី​តែ​បន្តិច​ក៏គ្មាន​ដែរ»។​

លោក​ ធន សារាយ​ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​បញ្ជាក់​ថា​ទាំង​រដ្ឋាភិបាល​និង​ក្រុម​បាតុករ​គួរ​តែចៀស​វាង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​និង​អត់ធ្មត់ឱ្យបាន​ច្រើន​បំផុត​តាម​ការ​ដែល​អាច​ធ្វើ​ទៅ​បាន។​

លោក​បាន​អះអាង​ថា​ បើ​អំពើ​ហិង្សា​អាច​នឹង​ផ្ទុះ​វា​នឹង​អាច​មាន​ភាព​ច្របូល​ច្របល់​នៅ​ក្នុង​ប្រទេស។​

លោក​និយាយ​ថា៖ «អ្នក​ដឹកនាំ​នយោបាយ​ទាំង​ពីរ​ខាង​មេត្តា​បន្ថយ​នូវភាព​គេហៅ​ថា​បង្កើន​នូវ​ភាព​តានតឹង​ ធ្វើ​យ៉ាងណា​ឱ្យមាន​ការ​ជជែក​គ្នា​ច្រើន​ជា​សម្ងាត់​ក្តី​ ជា​ចំហរ​ក្តី។​ យើង​ជជែក​គ្នាទៅ​ហើយ​ការ​ដែល​ធ្វើ​សម្ពាធ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ណា​នោះ​ធ្វើ​ទៅ​តែ​ចៀស​វាង​នូវ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​មួយ​កើត​ឡើង​នេះ​ជាបញ្ហា​មួយ​យ៉ាង​សំខាន់​ណាស់»។​

មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃពុធ​នេះ​បាន​បន្ត​ដឹក​នាំ​ក្បួន​បាតុ​កម្ម​នៅ​ពាសពេញ​ទីក្រុង​ភ្នំពេញ​ក្រោម​ការ​រឹត​បន្តឹង​សន្តិសុខ​ពី​កម្លាំង​មាន​សមត្ថកិច្ច៕
XS
SM
MD
LG