គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅថ្ងៃចន្ទនេះថា ខ្លួនឈ្នះអាសនៈរដ្ឋសភាទាំង ១២៥ អាសនៈ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យម្សិលមិញ ដែលជាការបោះឆ្នោតមួយដែលអ្នករិះគន់ថាគ្មានភាពសេរី និងយុត្តិធម៌ ដោយសារគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ចម្បងបំផុតត្រូវបានរារាំងមិនឲ្យចូលរួម។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters តាមទូរស័ព្ទថា៖ «គណបក្សប្រជាជនកម្ពុជាឈ្នះបានសំឡេងឆ្នោតចំនួន ៧៧,៥ ភាគរយ និងទទួលបានអាសនៈទាំងអស់នៃរដ្ឋសភា។ ចំណែកឯគណបក្សផ្សេងៗទៀត មិនទទួលបានអាសនៈណាមួយនោះទេ»។
តួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញថា នៅក្នុងការបោះឆ្នោតនេះ សន្លឹកឆ្នោតប្រហែល ៨,៤ ភាគរយ គឺជាសន្លឹកឆ្នោតមិនបានការ។ ចំណែកឯសន្លឹកឆ្នោតមិនបានការនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៣ វិញ គឺមានចំនួនតែ ១,៦ ភាគរយ តែប៉ុណ្ណោះ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ បាននិយាយថា៖ «នេះគឺជាការបោះឆ្នោតជំទាស់ទៅនឹងការបោះឆ្នោតលើកនេះ និងជាការប្រឆាំងចំពោះការបង្ខិតបង្ខំខុសច្បាប់ឲ្យអ្នកបោះឆ្នោតចេញទៅបោះឆ្នោត»។
លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «យើងខ្ញុំសូមសរសើរភាពក្លាហានរបស់អ្នកបោះឆ្នោតទាំងអស់ ដែលចេញមកបង្ហាញសារដ៏មុតមាំរបស់ខ្លួន ដោយការគូសសន្លឹកឆ្នោតរបស់ពួកគេឲ្យខូច ដើម្បីជាវិធីមួយបង្ហាញពីការប្រឆាំងទៅនឹងការបោះឆ្នោតក្លែងក្លាយនេះ ហើយយើងខ្ញុំក៏សូមសរសើរផងដែរដល់អ្នកដែលនៅផ្ទះមិនចេញទៅបោះឆ្នោត»៕