នៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យដោះលែងសកម្មជនគណបក្សប្រឆាំងរាប់សិបនាក់ ដែលអាជ្ញាធរបានចាប់ខ្លួនក្រោមបទចោទប្រកាន់ថាបានជួយលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយ រៀបចំគម្រោងធ្វើរដ្ឋប្រហារ។
ការចាប់ខ្លួនសកម្មជនទាំងនេះ ពាក់ព័ន្ធទៅនឹងការព្យាយាមរបស់លោក សម រង្ស៊ី នៅក្នុងការធ្វើដំណើរមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកម្ពុជា បន្ទាប់ពីលោកបាននិរទេសខ្លួននៅប្រទេសបារាំងតាំងពីឆ្នាំ ២០១៥ មក ដើម្បីគេចពីការចោទប្រកាន់មួយចំនួនរបស់តុលាការកម្ពុជា ដែលលោកអះអាងថាមានលក្ខណៈនយោបាយ។
លោក ហ៊ុន សែន បាននិយាយថា សកម្មជនគណបក្សប្រឆាំងជាង ៧០ នាក់ នឹងត្រូវដោះលែងឲ្យនៅក្រៅឃុំដើម្បីប្រយោជន៍នៃការបង្រួបបង្រួមជាតិ។ លោកបានបន្ថែមថា សកម្មជនទាំងនោះបានចាញ់បោកលោក សម រង្ស៊ី។
ការប្រកាសនេះបានធ្វើឡើងប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបន្ធូរបន្ថយការរឹតត្បិតលើប្រធានគណបក្សប្រឆាំងលោក កឹម សុខា ឲ្យមានសិទ្ធិដើរហើរនៅក្នុងប្រទេស ប៉ុន្តែគ្មានសិទ្ធិធ្វើនយោបាយ និងមិនអាចធ្វើដំណើរចេញទៅក្រៅប្រទេសបាន ហើយទោស «ក្បត់ជាតិ» របស់លោកមិនត្រូវបានទម្លាក់ចោលនោះទេ៕