រដ្ឋាភិបាលកម្ពុជាត្រូវតែបញ្ឈប់ការចាប់ខ្លួននិងការចោទប្រកាន់លើសមាជិកគណបក្សសង្គ្រោះជាតិតាមអំពើចិត្ត ហើយត្រូវដោះលែងអ្នកទោសមនសិការនិងអ្នកទោសនយោបាយទាំងអស់នោះជាបន្ទាន់។ នេះបើយោងតាមការអំពាវនាវរបស់អង្គការសិទ្ធិមនុស្ស Amnesty International ដែលបានប្រកាសតាមរយៈសេចក្តីថ្លែងការណ៍មួយរបស់ខ្លួននៅថ្ងៃអង្គារនេះ។
សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា៖ «អង្គការ Amnesty International សូមអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងបុគ្គលទាំងអស់នោះ ដែលត្រូវបានឃុំខ្លួន ដោយសារតែពួកគេបានអនុវត្តសិទ្ធិរបស់ខ្លួនដោយសន្តិវិធី ហើយរដ្ឋាភិបាលកម្ពុជាត្រូវទម្លាក់បទចោទមកលើពួកគេជាបន្ទាន់»។
ចាប់តាំងពីខែសីហា បន្ទាប់ពីលោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ បានប្រកាសធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ សកម្មជននិងអ្នកគាំទ្រគណបក្សប្រឆាំងមួយនេះយ៉ាងហោចណាស់ ចំនួន៤១នាក់ត្រូវបានឃុំខ្លួន ហើយ៨៨នាក់ផ្សេងទៀតត្រូវបានចោទប្រកាន់តាមនីតិវិធីរបស់តុលាការកម្ពុជា ដែលជាញឹកញាប់រងការរិះគន់ថាមានការលម្អៀងខាងនយោបាយគាំទ្រនិន្នាការរបស់រដ្ឋាភិបាល។
ថ្មីៗនេះ អតីតសកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្តស្វាយរៀងម្នាក់ ឈ្មោះ សំ បុប្ផា បានស្លាប់បាត់បង់ជីវិត ដោយសារតែធ្លាក់ពីលើម៉ូតូរបស់ប៉ូលិស នៅពេលដែលត្រូវបាននាំខ្លួនទៅសាកសួរទាំងបង្ខំ។ នេះបើយោងតាមការលើកឡើងរបស់សាច់ញាតិ ដែលបច្ចុប្បន្នកំពុងទាមទាររកយុត្តិធម៌ឲ្យអ្នកស្រី សំ បុប្ផា។ ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចហាក់ដូចជាមិនយកចិត្តទុកដាក់លើករណីនេះទេ។
អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International ក៏បានស្នើឲ្យសហគមន៍អន្តរជាតិឃ្លាំមើលឲ្យបានដិតដល់លើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលកំពុងតែធ្លាក់ចុះយ៉ាងខ្លាំងផងដែរ៕