វ៉ាស៊ីនតោន៖ «ហេតុអីបានជាកន្លងទៅគេថា អានេះជាអនុសាសន៍អ.ស.ប.។ អូ អាអ.ស.ប.! មនុស្សម្នាក់ហ្នឹង អ.ស.ប.នឹងគេដែរ? ហើយដើរតឹកឡឺកៗមកអញ្ចឹង ទៅត្រង់នេះ ត្រង់នោះ ហើយធ្វើរបាយការណ៍? រួចហើយឲ្យគេទទួលយក! រដ្ឋអធិប្បតេយ្យភាពមួយមិនអាចទទួលយកនូវអ្វីដែលជារបស់អ្នកដទៃបានទេត្រូវសួរប្រជាពលរដ្ឋសិន។ ឥឡូវឆ្នាំ២០១៣ សួរប្រជាពលរដ្ឋទៅ បើប្រជាពលរដ្ឋលែងត្រូវការគណបក្សប្រជាជនកម្ពុជាហើយ គេបោះឆ្នោតទម្លាក់ហើយ ហើយបោះឆ្នោតទម្លាក់ហើយ អាហ្នឹងលោកឯងធ្វើទៅតាមលោកឯងហ្នឹងទៅ»។
ដោយបានយកប្រជាពលរដ្ឋអ្នកបោះឆ្នោតគាំទ្រលោកជាខែលការពារនោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានវាយប្រហារដោយពាក្យសម្តីធ្ងន់ៗ ដូច្នេះលើមន្ត្រីអ.ស.ប. លោកសូរិយា ស៊ូប៊ែឌី ដែលសរសេររបាយការណ៍ថ្មីៗ ដោយរកឃើញថា ដីសម្បទានសេដ្ឋកិច្ចមិនបានផ្តល់ប្រយោជន៍ដល់ពលរដ្ឋ ប្រព័ន្ធយុត្តិធម៌មិនបម្រើជនក្រីក្រ ការធ្លាក់ចុះសិទ្ធិបញ្ចេញមតិ និងប្រព័ន្ធបោះឆ្នោតមិនឯករាជ្យ និងការរំលោភសិទ្ធិមនុស្សជាដើមទៀត។ ថ្
លែងជាសាធារណៈកាលពីថ្ងៃ ព្រហស្បតិ៍ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៃសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ លោកហ៊ុន សែនពុំបានពន្យល់ពីកំហុសឆ្គងក្នុងរបាយការណ៍របស់លោកស៊ូបេឌីឬមូលហេតុលម្អិតអ្វីដែលកម្ពុជាមិនអាចទទួលយកនោះទេ។
លោកហ៊ុន សែនគ្រាន់តែបង្ហាញការសោកស្តាយ ហើយជំរុញថា លោកសូរីយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជាគួរទៅជួយប្រទេសរបស់លោកគឺប្រទេសនេប៉ាល់ ជាជាងជួយកម្ពុជា។ តែក្រុមសកម្មជនតស៊ូមតិខ្លះបានវិភាគថា ការវាយប្រហាររបស់លោកហ៊ុន សែនទៅលើមន្ត្រីអ.ស.ប.នេះនឹងធ្វើឲ្យប្រទេសកម្ពុជាបាត់បង់ផលប្រយោជន៍ជាតិលើឆាកអន្តរជាតិ។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអះអាងថា ជាសិទ្ធិរបស់ នាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងការធ្វើអត្ថាធិប្បាយ តែនេះជាការផ្ញើសារមួយ មិនល្អដែលថា កម្ពុជាមានភាពចម្រូងចម្រាស់ជាមួយអ.ស.ប. ហើយជាការបង្ហាញ ការធ្លាក់ចុះកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិដែរ។
«ការដែលបង្ហាញបែបហ្នឹង ការប្រតិកម្មបែបហ្នឹងធ្វើឲ្យប្រទេសជាច្រើនឈប់ទុក ចិត្តប្រទេសកម្ពុជាថា ប្រទេសកម្ពុជាហាក់ដូចជាគ្មានឆន្ទៈក្នុងការយកសេចក្តីរាយការណ៍របស់អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សយកមកអនុវត្តន៍ ហើយការខ្វះឆន្ទះផ្នែកសិទ្ធិមនុស្សនេះវាធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេស មួយដែលមិនគួរទុកចិត្តបាន ក្លាយជាប្រទេសមួយមិនមែនជាសមាជិកល្អរបស់អ.ស.ប.។ អាហ្នឹងវានឹងខូចខាតដល់ប្រទេសយើង»។
លោកថ្លែងដូច្នេះដោយចង្អុលបង្ហាញឲ្យឃើញថា កម្ពុជាអាចប្រឈមមុខនឹងការ បាត់ការគាំទ្របេក្ខភាពកម្ពុជាជាសមាជិកក្រុមប្រឹក្សាសន្តិសុខរបស់អ.ស.ប.ដែល ត្រូវបោះឆ្នោតនៅខែនេះ និងគ្មានបរិយាកាសល្អដែលអាចឲ្យអ្នកវិនិយោគទុនមានការជឿជាក់។
«វាអាចប៉ះពាល់ដល់ឱកាសទាក់ទាញវិនិយោគទាក់ទងនឹងការប្រកួតប្រជែង ជាមួយប្រទេសដទៃក្នុងតំបន់អាស៊ាន និងសមាជិកភាពកម្ពុជាក្នុងក្រុមប្រឹក្សា សន្តិសុខអ.ស.ប.ជាដើម។ ជាទូទៅក្នុងឆាកអន្តរជាតិសំខាន់ណាស់»។
លោកយ៉ាប់ គឹមទឹង ប្រធានអង្គការសិទ្ធិមនុស្សខ្មែរអាមេរិកាំងមួយក្នុងប្រទេស អាមេរិក ហៅថា ខារ៉ាដ បានអះអាងថា សហគមន៍អន្តរជាតិនឹងមិនយល់ស្របជាមួយនឹងការបដិសេធរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនចំពោះរបាយការណ៍លោកសូរិយា ស៊ូប៊ែឌីដែលបានស្រាវជ្រាវនិងចងក្រងអំពីបញ្ហាសិទ្ធិមនុស្ស បញ្ហារំលោភបំពានដីធ្លី និងបញ្ហាជាច្រើនផ្សេងៗទៀតក្នុងប្រទេសកម្ពុជានោះទេ។
«ម្ល៉ោះហើយ រដ្ឋាភិបាលមិនអាចចេះតែបដិសេធរបស់គេ។ រដ្ឋាភិបាលត្រូវតែយករឿងហ្នឹងទៅត្រិះរិះមើល។ បញ្ហាស្រុកខ្មែរយើងមានច្រើនឡើងៗ ដូចថា រដ្ឋាភិបាលធ្វើអ្វីទៅតាមចិត្ត អត់មានអ្វី ដូចជា Balance of Power ប្រព័ន្ធត្រួតពិនិត្យគ្នាទៅវិញទៅមក»។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់ អំណាចជាង៣០ឆ្នាំ កំពុងគ្រប់គ្រងប្រទេសម្នាក់ឯងក្រោយពីបានឈ្នះឆ្នោត ៩០អាសនៈក្នុងរដ្ឋសភា១២៣អាសនៈកាលពីឆ្នាំ២០០៨។
វីអូអេបានព្យាយាមទាក់ទងលោកសូរិយា ស៊ូប៊ែឌីដើម្បីអត្ថាធិប្បាយ តែពុំអាចទាក់ទងបានទេនៅថ្ងៃនេះ តែលោកបានដាក់របាយការណ៍របស់លោកទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប.ទាក់ទងនឹងការរកឃើញរបស់លោកអំពីការជឿនលឿនលើវិស័យមួយចំនួនក្នុងប្រទេសកម្ពុជានិងការមិនជឿនលឿនទៅមុខមួយចំនួនដែលលោកបានផ្តល់អនុសាសន៍ដល់រដ្ឋាភិបាល ដើម្បីឲ្យមានការកែទម្រង់ដើម្បីបញ្ចៀសការគំរាមដល់សន្តិសុខនិងស្ថិរភាពរបស់ប្រទេស។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនចាត់ទុករបាយការណ៍លោកស៊ូប៊ែឌីថា ជារបាយ ការណ៍ចាប់បង្ខំ ដែលលោកអះអាងថា មានតែក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ទេដែលមានសិទ្ធិធ្វើដូច្នោះ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់បដិសេធ និងវាយប្រហារស្រដៀងគ្នានេះដែរចំពោះមន្ត្រីអ.ស.ប. លោកយ៉ាស ហ្គៃ ជាតំណាងពិសេសអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សមុនលោកសូរិយា ស៊ូប៊ែឌី ហើយដែលបានធ្វើឲ្យមានប្រតិកម្មពីក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ពេលនោះផងដែរ។
ប្រតិកម្មតបទៅនឹងក្រុមមន្ត្រីសង្គមស៊ីវិលខ្លះដែលរិះគន់អត្ថាធិប្បាយលោកនាយក រដ្ឋមន្ត្រីហ៊ុន សែនទិះទៀនលោកសូរិយា ស៊ូប៊ែឌីនោះ លោកផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាល បានអះអាងថា អត្ថាធិប្បាយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនគ្រាន់តែជាការតតាំងមតិ មិនមែនជាឧទ្ទាមជាមួយអ.ស.ប.ទេព្រោះកម្ពុជានៅមានវិស័យច្រើនតទៅទៀតដែលត្រូវធ្វើកិច្ចសហប្រតិបត្តិការ ជាមួយគ្នាទៅមុខទៀត។
«ការអត្ថាធិប្បាយហ្នឹងគឺជាការបញ្ចេញយោបល់នៃនាយករដ្ឋមន្ត្រីមួយដែលតំណាងអំណាចរបស់ប្រជាពលរដ្ឋ ដែលទទួលកាតព្វកិច្ចមួយរក្សាអធិបតេយ្យ ភាពនិងឯករាជ្យរបស់ខ្លួន។ ដូចក្នុងមាត្រារដ្ឋធម្មនុញ្ញគឺថា រាជរដ្ឋាភិបាលប្តេជ្ញា ក្នុងការការពារនូវអ្វីដែលជាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន រក្សាខ្លួនក្នុងឯករាជ្យ អព្យាក្រិត មិននៅក្រោមបង្គាប់ ចំណុះអ្នកណា»។
លោកផៃ ស៊ីផានជំរុញឲ្យអន្តរជាតិមួយចំនួនវាយតម្លៃសារជាថ្មីអំពីស្ថានការណ៍កម្ពុជា ក្រោយពីសម្រេចចិត្តមិនបានត្រឹមត្រូវ ខ្វះការគោរពនូវភាពស្មើភាពគ្នា។
លោកស្រីជា វណ្ណាត អ្នកវិភាគឯករាជ្យក្នុងប្រទេសកម្ពុជា បានធ្វើការកត់ សម្គាល់ថា ការវាយប្រហារគ្នាក៏ចេះតែកើតមានទៅ ហើយការសម្របសម្រួលគ្នា ក៏ចេះតែកើតមានដែរ រវាងកម្ពុជានិងអ.ស.ប. ជាពិសេសលើបញ្ហាបន្តអាណត្តិ ការិល័យអ.ស.ប.ផ្នែកសិទ្ធិមនុស្សនៅកម្ពុជា និងការផ្លាស់ប្តូរមន្ត្រីរបស់ខ្លួនដែល ធ្វើការដោយឯករាជ្យ។
«តួនាទីរបស់អ.ស.ប.ក៏មិនដើរតួជាអ្នកប្រឈមជាមួយនឹងប្រទេសជាសមាជិក របស់ខ្លួនដែរ ម្ល៉ោះហើយស្អីដែលថា ខ្លួនអាចសម្បទានបានចេះតែសម្បាទានគ្នាទៅវិញទៅមកទៅណា៎»។
លោកស្រីបានសង្កេតឃើញថា ការរិះគន់ខ្លះពិបាកឲ្យរដ្ឋាភិបាលទទួល ដោយ សារថា វាបង្ហាញថា រដ្ឋាភិបាលមិនចេះធ្វើអ្វី ឬក៏ធ្វើទៅតាមការរិះគន់ នៅពេល ដែលរដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់លើវិស័យមួយចំនួនដូចគ្នានឹងការលើក ឡើងរបស់មន្ត្រីអ.ស.ប.៕