ក្រសួងអប់រំ យុវជននិងកីឡាបានឱ្យដឹងថាសិស្សានុសិស្សប្រមាណ៣.៤៦៦.០០០នាក់ បានចុះឈ្មោះចូលរៀននៅឆ្នាំសិក្សាថ្មី ដែលបើកបវេសនកាលទូទាំងប្រទេសនាថ្ងៃច័ន្ទនេះ បន្ទាប់ពីសាលារៀនបានបិទរាប់ខែដោយសារវិបត្តិជំងឺកូវីដ១៩។
នេះជាការបើកដំណើរការនៅក្របខណ្ឌទូទាំងប្រទេសនៃបណ្ដាសាលារៀននិងការសិក្សារបស់សិស្សានុសិស្សគ្រប់កម្រិតលើកដំបូង ចាប់តាំងពីការបិទសាលា ដើម្បីទប់ទល់នឹងជំងឺកូវីដ១៩តាំងពីខែមីនាឆ្នាំមុនមក។
ស្ថិតិបឋមផ្ដល់ដោយក្រសួងអប់រំបង្ហាញថា ចំនួនសិស្សចុះឈ្មោះពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២សម្រាប់ឆ្នាំសិក្សាថ្មី ២០២០-២០២១នេះ បានធ្លាក់ចុះប្រមាណ ១៧.៨៥៤នាក់ ធៀបនឹងឆ្នាំសិក្សា២០១៩-២០២០ ដែលមានអ្នកចុះឈ្មោះចូលរៀនចំនួន៣.៤៨៣.៨៥៤នាក់។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់វីអូអេថាក្រោយពីរង«ផលជះ»ពីវិបត្តិកូវីដ១៩ ក្រសួងប្រឹងឆ្លើយតប ដើម្បីបន្តដំណើរការអប់រំ និងប្រមែប្រមូលសិស្សមកចូលរៀនវិញ។
លោកមានប្រសាសន៍ថា៖
«នៅក្នុងការអង្កេតជាទូទៅ ការបន្តរៀនទៀត ឬមួយក៏បោះបង់ការសិក្សានោះ ជាជម្រើសបុគ្គល ហើយក្រសួងអប់រំ យុវជននិងកីឡា បានបន្តលើកទឹកចិត្តដល់សិស្សានុសិស្សគ្រប់រូប ក៏ដូចជាមាតាបិតា ដើម្បីបន្តចូលរួមក្នុងការស្វ័យសិក្សា ក៏ដូចជារៀននៅក្នុងថ្នាក់រៀនផ្ទាល់ក្នុងបរិបទកូវីដ១៩នេះផងដែរ»។
នៅត្រឹមថ្ងៃច័ន្ទនេះ លោក រស់ សុវាចា មិនទាន់អាចបញ្ជាក់បានទេថាក្នុងចំណោមសិស្សដែលមានឈ្មោះទាំងជាង៣,៤លាននាក់នោះ មានប៉ុន្មាននាក់បានបង្ហាញខ្លួនចូលរៀនជាក់ស្ដែង។ លោកថាតួលេខអាចប្រែប្រួលបន្ថែមទៀត។
អ្នកនាំពាក្យរបស់ក្រសួងអប់រំរូបនេះ មិនទាន់អាចពន្យល់បាននៅឡើយថាតើជំងឺកូវីដ១៩ ជាដើមចម ដែលនាំឱ្យតួលេខបឋមនៃចំនួនសិស្សចុះឈ្មោះចូលរៀន បានធ្លាក់ចុះឬយ៉ាងណា។
បើតាមក្រសួងអប់រំ ក្នុងចំណោមសិស្សប្រមាណ ៣.៤៦៦.០០០នាក់នោះ មាន៣៦ម៉ឺននាក់នៅកម្រិតមត្តេយ្យសិក្សា ២លាន១៤ម៉ឺននាក់នៅកម្រិតបឋមសិក្សា ៩៦ម៉ឺន៦ពាន់នាក់នៅកម្រិតមធ្យមសិក្សា។
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងកាលពីព្រឹកថ្ងៃច័ន្ទថាការបើកដំណើរការសាលារៀនក្នុងឆ្នាំសិក្សាថ្មីនេះ នឹងនៅតែយកជំងឺកូវីដ១៩ជាកត្តាពិចារណាជានិច្ច ដើម្បីជៀសវាងកុំឲ្យមានការឆ្លងរាលដាល។
លោកមានប្រសាសន៍ថា៖
«អាទិភាពរបស់យើងក្នុងអំឡុងពេលជំងឺឆ្លងរីករាលដាលជាសកលកូវីដ១៩ គឺការការពារសុវត្ថិភាពកុមារ រួមទាំងការប្រើប្រាស់គ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីជួយកុមារទាំងអស់និងសិស្សានុសិស្សទាំងអស់បន្តទទួលបានការអប់រំ»។
បទបញ្ជាក្រសួងអប់រំបានកំណត់ចំនួនសិស្សរៀនជុំគ្នាក្នុងថ្នាក់នីមួយៗ មិនឱ្យលើសពី២៥នាក់ នៅកម្រិតមត្តេយ្យសិក្សា មិនឱ្យលើស៣៥នាក់នៅកម្រិតបឋមសិក្សា និងមិនឱ្យលើស៤០នាក់នៅកម្រិតមធ្យមសិក្សា។
ការពាក់ម៉ាស់ រក្សាគន្លាត និងអនាម័យ ត្រូវបានណែនាំជាករណីយកិច្ចចាំបាច់នៅតាមបណ្ដាសាលារៀន។
តែការបើកដំណើរការនេះ ក៏ជួបបញ្ហាប្រឈមមួយចំនួនផងដែរ។ នេះជាការលើកឡើងរបស់លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។
លោកស្រីបន្ថែមថាគួរមានការរឹតបន្តឹងបន្ថែមទៀតសម្រាប់វិធានការអនាម័យ និងការរក្សាគម្លាតរបស់សិស្សានុសិស្សពេលវិលត្រឡប់ចូលសាលារៀនវិញ។ លោកស្រីក៏ជំរុញឲ្យដំឡើងប្រាក់ខែដល់គ្រូបង្រៀន ឱ្យសមាមាត្រនឹងបន្ទុកការងារដែលកើនឡើងអំឡុងវិបត្តិកូវីដនេះ។
គួរបញ្ជាក់ថាកម្ពុជាបានប្រកាសបិទបញ្ចប់ការឆ្លងសហគមន៍ខ្លាំងលើកដំបូងកាលពីខែធ្នូ ឆ្នាំ២០២០។ បច្ចុប្បន្ននេះ កំណើននៃការឆ្លងជំងឺកូវីដ១៩ កើតឡើងក្នុងចំណោមពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ដែលមានរហូតមកដល់២៧នាក់ហើយគិតត្រឹមថ្ងៃច័ន្ទនេះ៕