ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា និង​កូរ៉េខាងត្បូង ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយគ្នា


ទិដ្ឋភាព​ទូទៅ​នៃ​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ (រូបភាព​ពី​ទំព័រ​ហ្វេសប៊ុក​ក្រសួង​ពាណិជ្ជកម្ម Ministry of Commerce)
ទិដ្ឋភាព​ទូទៅ​នៃ​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ (រូបភាព​ពី​ទំព័រ​ហ្វេសប៊ុក​ក្រសួង​ពាណិជ្ជកម្ម Ministry of Commerce)

រដ្ឋាភិបាល​កម្ពុជា​ កាលពី​ថ្ងៃ​អង្គារ​ បានចុះ​ហត្ថលេខាជា​ផ្លូវការលើកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​កូរ៉េខាង​ត្បូង​ ដែល​នឹង​បើក​ផ្លូវ​ឲ្យ​ប្រទេស​ទាំង​ពីរ​ ពង្រីក​ភាពជា​ដៃ​គូ​សេដ្ឋកិច្ច​ និង​ពង្រីក​ការ​ធ្វើ​សេរីភាវូប​នីយកម្ម​ទ្វេភាគី​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​ជាង​មុន។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​លើទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យដឹងថា​ ការ​ចុះព្រម​ព្រៀង​ពាណិជ្ជកម្ម​ដែល​ហៅ​កាត់​ថា​ CKFTA នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​លោក ប៉ាន សូរស័ក្តិ ​និង​សមភាគី​របស់​លោក​គឺ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​កូរ៉េ​លោក​ YEO Han-Koo តាមរយៈ​ប្រព័ន្ធ​វីដេអូ​អនឡាញ។

​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា​-កូរ៉េ​ខាង​ត្បូង​ដែល​ទើបតែ​សម្រេច​បាន​នា​ពេល​ថ្មីៗនេះ​ នឹងក្លាយជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ទី​ពីរ​ដែល​កម្ពុជា​មាន​ជាមួយ​រដ្ឋ​បរទេស។

មុន​ពេល​មាន​ការចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នេះ​ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​លោក​ ស៊ាង ថៃ ​បាន​ប្រាប់​វីអូអេ​កាលពី​សប្តាហ៍​មុន​ថា កិច្ច​ព្រមព្រៀង​ថ្មីនេះ​ នឹង​ចូល​ជាធរមាន​នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២២ ​ហើយ​កម្ពុជា​អាច​នាំចេញ​ផលិត​ផល​ឧស្សាហកម្ម ​និង​កសិកម្ម​ក្នុងអត្រា​ពន្ធ​០ភាគ​រយ​។

បើ​តាម​លោក​ ស៊ាង ថៃ​ ទំនិញ​ឧស្សាកម្ម​សំខាន់ៗ​ដែល​កម្ពុជា​អាច​នាំចេញ ​ក្នុងនោះ​មាន​ កង់​ ជ័រកៅស៊ូ ​គ្រឿង​បង្គំ​អេឡិចត្រូនិក​ សម្លៀក​បំពាក់​ ស្បែក​ជើង​ និងគ្រឿង​បង្គំ​កំព្យូទ័រ​ជាដើម។​ ចំណែកទំនិញ​កសិកម្ម​ គឺ​កម្ពុជា​អាច​នាំចេញ​បាន​ទំនិញមួយ គឺ​ម្រេច ​គ្រាប់​ស្វាយ​ចន្ទី ​ចេក​អំបូង​លឿង​ គ្រាប់​កាហ្វេ​ ប្រភេទ​សាច់ និង​វារីប្បកម្ម​មួយ ចំនួន។

កាល​ពី​ខែ​តុលា ឆ្នាំ​មុន ប្រទេស​កម្ពុជា ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន​ ដោយ​កម្ពុជា​រំពឹង​ខ្លាំង​លើការ​នាំចេញ​ទំនិញ​កសិផល​មួយចំនួន​ ក្នុងនោះ​មាន​ចេក​ ស្វាយ និង​ផ្លែមៀន​ប៉ៃលិន​ជាដើម​ ទៅ​កាន់​ប្រទេស​ចិន។ ប៉ុន្តែ​របាំង​អនាម័យ​និង​ភូតគាម​អនាម័យ​ ដែល​រដ្ឋាភិបាល​ប្រទេស​នីមួយៗ​បាន​ដាក់​ចេញ​ក្នុង​គោល​បំណងការពារ​សុខភាព​ អាយុ​ជីវិត​របស់​ពលរដ្ឋ​នៅ​តែ​ជា​បញ្ហា​សម្រាប់​ប្រទេស​កម្ពុជា៕

XS
SM
MD
LG