បន្ទាប់ពីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន រដ្ឋាភិបាលកម្ពុជាគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយទៀតជាមួយកូរ៉េខាងត្បូង ដែលពិធីចុះហត្ថលេខានេះនឹងធ្វើឡើងនាសប្តាហ៍ក្រោយ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទីពីរដែលកម្ពុជាមានជាមួយរដ្ឋបរទេស។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាភាគីកម្ពុជានិងកូរ៉េខាងត្បូងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នៅថ្ងៃអង្គារទី ២៦ ខែតុលា ខាងមុខនេះ ដោយធ្វើតាមប្រព័ន្ធវីដេអូអនឡាញ ដោយសារបញ្ហាជំងឺកូវីដ១៩។
លោកបន្ថែមថាបន្ទាប់ពីចុះហត្ថលេខាភាគីទាំងសងខាងត្រូវបំពេញនីតិវីធីផ្ទៃក្នុងរៀងៗខ្លួន។ សម្រាប់កម្ពុជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះត្រូវឆ្លងកាត់ការពិនិត្យសម្រេចពីរដ្ឋសភា និងព្រឹទ្ធសភា មុនប្រទានថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខា។ បន្ទាប់ពីនេះ កម្ពុជាត្រូវជូនដំណឹងទៅភាគីកូរ៉េខាងត្បូង ដើម្បីទទួលការឆ្លើយតបនិងដាក់ចេញកិច្ចព្រមព្រៀងជាធរមាន នៅចន្លោះពេលពី៣០ទៅ៩០ថ្ងៃ ពោលគឺនៅឆ្នាំ២០២២ ខាងមុខ។ នេះបើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
លោក ប៉ែន សុវិជាតិ បានបញ្ជាក់ពីលទ្ធភាពប្រសើរជាងមុនក្នុងការពង្រឹងវិស័យផលិតកម្មនិងកសិកម្មក្នុងស្រុកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីខាងលើនេះនិងឱកាសទាញចំណេញផ្នែកវិនិយោគនិងទីផ្សារប្រសើរជាងមុនសម្រាប់កម្ពុជា។
លោកប្រាប់វីអូអេថា៖ «ចំពោះកម្ពុជាយើង ការនាំចេញផលិតផលកសិកម្មការនាំចេញផលិតផលឧស្សាហកម្មខ្នាតតូច។ ការជួយឲ្យសហគ្រាសតូចនិងមធ្យមបានរស់រាននិងរីកចម្រើនហើយអាចទទួលបានបច្ចេកវិទ្យាថ្មីៗ គឺជាក្តីរំពឹងទុកមួយក្នុងការធ្វើពាណិជ្ជកម្មសេរីជាមួយនឹងកូរ៉េខាងត្បូង»។
លោកបន្តថាកម្ពុជាក៏រំពឹងទុកថាការផ្លាស់ប្តូរវិនិយោគទៅវិញទៅមកការស្រូបទាញវិនិយោគពីភាគីកូរ៉េខាងត្បូង ការផ្លាស់ប្តូរបច្ចេកវិទ្យាតាមរយៈការធ្វើវិនិយោគ និងការទទួលបានចំណែកទីផ្សារកាន់តែធំ នៅពេលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។
យ៉ាងណាក្តី លោក ប៉ែន សុវិជាតិ បានឲ្យដឹងថា លោកមិនទាន់អាចជម្រាបជូនជាសាធារណជនពាក់ព័ន្ធនឹងផលិតផលណាខ្លះដែលកម្ពុជាអាចនឹងនាំទៅប្រទេសកូរ៉េខាងត្បូង ដូចបានកំណត់ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយសារតែកិច្ចព្រមព្រៀងមិនទាន់ចូលជាធរមាន។
កម្ពុជានិងកូរ៉េខាងត្បូងបានបញ្ចប់ការចរចាជាផ្លូវការស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងគ្នា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយប្រទេសទាំងពីររំពឹងថា កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹងសេដ្ឋកិច្ចឡើងវិញបានឆាប់រហ័សក្នុងអំឡុងពេលនិងក្រោយពេលវិបត្តិជំងឺកូវីដ១៩។
លោក គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងនឹងជួយលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាតាមរយៈការជំរុញកំណើនក្នុងវិស័យផលិតកម្មឯកជនដែលនឹងផ្តល់ពន្ធបន្ថែមជូនរដ្ឋ ហើយអាចទូទាត់នឹងពន្ធដែលកម្ពុជាលែងអាចប្រមូលបានពីការនាំចូលពីកូរ៉េខាងត្បូង។ លោកចាត់ទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ជា«ការបើកច្រកទីផ្សារ» ដើម្បីជំរុញវិស័យកសិកម្មនៅកម្ពុជាឲ្យបានកាន់តែខ្លាំងជាងមុន។ យ៉ាងណាក្តី សេដ្ឋវិទូរូបនោះបញ្ជាក់ថាការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅកូរ៉េខាងត្បូងសម្រេចទៅបានលុះត្រាតែកម្ពុជាមានកិច្ចព្រមព្រៀងភូតគាមអនាម័យ។
លោកមានប្រសាសន៍ថា៖ «វិស័យកសិកម្មរបស់យើងដែលនាំចេញនេះគឺមិនប្រាកដថាអាចនឹងនាំផលិតផលកសិកម្មទៅប្រទេសកូរ៉េបានទេ វាត្រូវតែមានកិច្ចព្រមព្រៀងមួយទៀតគឺកិច្ចព្រមព្រៀងនៃភូតគាមអនាម័យ។ កាលណាយើងមិនទាន់បានបំពេញកិច្ចព្រមព្រៀងភូតគាមអនាម័យទោះជាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក៏ដោយក៏ពិបាកនៅក្នុងការនាំទៅដែរ ព្រោះវាជាប់របាំងមិនមែនពន្ធបាទ»។
កាលពីខែតុលា ឆ្នាំមុន ប្រទេសកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ដោយកម្ពុជារំពឹងខ្លាំងលើការនាំចេញផលិតផលកសិកម្ម ក្នុងនោះមានផ្លែចេក ស្វាយ មៀនប៉ៃលិនជាដើមទៅប្រទេសចិន។ ប៉ុន្តែរបាំងអនាម័យនិងភូតគាម ដែលរដ្ឋាភិបាលប្រទេសនីមួយៗបានដាក់ចេញក្នុងគោលបំណងដើម្បីការពារសុខភាព អាយុជីវិតរបស់ពលរដ្ឋនៅតែជាបញ្ហាសម្រាប់ប្រទេសកម្ពុជា។
កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថាកម្ពុជាមិនអាចនាំចេញកសិផលមួយចំនួនទៀតទៅកាន់ប្រទេសចិនបាន ដោយសារផលិតផលកសិកម្មទាំងនោះ ត្រូវតែបំពេញតាមលក្ខខណ្ឌតម្រូវខាងស្តង់ដាអនាម័យនិងភូតគាមអនាម័យនិងសុវត្ថិភាពចំណីអាហារ ដែលកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តរបស់ប្រទេសចិន។
វីអូអេមិនទាន់ទទួលបានការឆ្លើយតបពីស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជាតាមសារអ៊ីមែលបាននៅឡើយទេ។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងកូរ៉េខាងត្បូងសម្រេចបានជាង៨៨៥លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០។ នេះបើយោងទៅតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ ដែលបង្ហោះនៅលើគេហទំព័ររបស់ខ្លួន។
ក្នុងនោះ កម្ពុជាបាននាំចេញទំនិញសរុបក្នុងតម្លៃ ៣១៨លានដុល្លារអាមេរិកទៅកូរ៉េខាងត្បូង ខណៈកម្ពុជាបាននាំចូលមកវិញ ក្នុងតម្លៃ៥៦៧លានដុល្លារអាមេរិកពីកូរ៉េខាងត្បូង។ ទំនិញដែលកម្ពុជានាំចេញទៅកូរ៉េខាងត្បូង ភាគច្រើនជាសម្លៀកបំពាក់ និងផលិតផលស្បែកជើង និងកាបូបជាដើម។ ចំណែកកូរ៉េខាងត្បូងនាំចូលមកកម្ពុជា ដូចជាភេសជ្ជៈ គ្រឿងអេឡិចត្រូនិក ឱសថ និងរថយន្តដឹកទំនិញ។
គួរបញ្ជាក់ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាបានបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញ លើកលែងសព្វាវុធ» ឬ Everything But Arms (EBA) ចំនួន២០% ដែលប៉ះពាល់ដល់ការនាំចេញសម្លៀកបំពាក់ទៅប្រទេសនៅអឺរ៉ុប។ ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA មួយផ្នែក កើតឡើងបន្ទាប់ពីសហភាពអឺរ៉ុបបានរកឃើញការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធធ្ងន់ធ្ងរ និងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា៕