ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​ស្រ្តី​កម្ពុជា​ស្លាប់​ពេល​មាន​ផ្ទៃ​ពោះ​និង​ឆ្លង​ទន្លេ​នៅ​តែ​ខ្ពស់​ក្នុង​តំបន់


ស្រ្តី​ម្នាក់​នេះ យោល​អង្រឹង​កូន​នៅ​ក្នុង​ហាង​លក់​ទំនិញ​របស់​គាត់​ដែល​លិច​ទឹក​ នៅ​ក្នុង​ខេត្ត​កណ្តាល​នៃ​ប្រទេស​កម្ពុជា នៅ​ខែតុលា ឆ្នាំ២០១៣។
ស្រ្តី​ម្នាក់​នេះ យោល​អង្រឹង​កូន​នៅ​ក្នុង​ហាង​លក់​ទំនិញ​របស់​គាត់​ដែល​លិច​ទឹក​ នៅ​ក្នុង​ខេត្ត​កណ្តាល​នៃ​ប្រទេស​កម្ពុជា នៅ​ខែតុលា ឆ្នាំ២០១៣។

ជា​រៀងរាល់​ឆ្នាំ​មាន​ស្ត្រី​កម្ពុជា​ជាង​១.០០០​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ពេល​មាន​ផ្ទៃពោះ​និង​សម្រាល​កូន​ដោយ​ធ្វើ​ឱ្យ​កុមារ​ត្រូវ​កំព្រា​ម្តាយ​និង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ក្រុម​គ្រួសារ​និង​សហគមន៍។

អង្គការ​យូនីសេហ្វ​បាន​រក​ឃើញ​ថា ​ក្នុង​ចន្លោះ​ឆ្នាំ​២០០០​ដល់​២០១០​គឺ​មាន​ស្ត្រី​កម្ពុជា​១.៧០០​នាក់​បាន​ស្លាប់ក្នុង​មួយ​ឆ្នាំៗ​ដែល​នេះ​មាន​ន័យ​ថា​ ក្នុង​ចំណោម​ស្រ្តី​១០០.០០០​នាក់​ដែល​សម្រាល​កូន​គឺ​មាន​ចំនួន​ ២០៦​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត។

​ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ថាសម្រាប់​ឆ្នាំ​២០១៤ ​កន្លងទៅ​នេះ​តួលេខ​នេះ​បាន​ធ្លាក់​ចុះ ​បន្តិច​ដោយនៅក្នុង​ចំណោម​ស្រ្តី​១០០.០០០​ នាក់​ដែល​មាន​ផ្ទៃពោះ​និង​សម្រាល​កូន​គឺ​មាន​១៧០នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត។ តួលេខ​នេះ​នៅ​តែ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេសដែលមាន​ស្រ្តី​ស្លាប់​ក្នុង​ពេល​មាន​ផ្ទៃពោះ​និង​សម្រាល​កូនខ្ពស់​ជាងគេនៅ​ក្នុង​តំបន់។

នៅ​ក្នុង​គោលដៅ​ទី​ប្រាំ​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​កម្ពុជា​គឺ​តម្រូវ​ឱ្យ​មានការ​លើក​កម្ពស់​សុខភាព​ស្ត្រី​ជា​មាតា​ឱ្យ​បាន​ដល់​គោលដៅ​ប្រសើរ​ឡើង​មួយ​ចំនួន​ត្រឹម​ឆ្នាំ​២០១៥។ សម្រាប់​អត្រា​មរណភាព​មាតា​ ចំណុច​ដៅ​នៅ​ឆ្នាំ២០១៥​ ប្រទេស​កម្ពុជា​កំណត់​ថា​នឹង​កាត់​បន្ថយ​ឱ្យ​ធ្លាក់​មក​នៅ ​ត្រឹម​១៤០​ ​នាក់​ក្នុង​មួយ​១០០.០០០​កំណើត​រស់។ នេះ​បើ​តាម​របាយការណ៍ ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​កម្ពុជាឆ្នាំ​២០០៣ ​ប៉ុន្តែ​បាន​កែប្រែ​តួលេខ​វិញ​ដោយ​កំណត់​ថា​កាត់​បន្ថយ​មក​ត្រឹម​តែ​២៥០​នាក់​ប៉ុណ្ណោះ។ នេះ​បើ​តាម​របាយការណ៍​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​កម្ពុជា​ឆ្នាំ​២០១៤។ ​

លោកស្រី​វេជ្ជបណ្ឌិត​ទង់ រ័ត្នថាវី ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក​បានពន្យល់​ថា៖​ «យើង​បាន​យក​គោលដៅ​២៥០​លើ​១០០.០០០​កំណើត​រស់​ពីព្រោះ​នេះ​ជា​អ្វី​ដែល​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​កំណត់​ឱ្យ​សម្រេច​៣ភាគ៤​ គឺ​កាត់​បន្ថយ​៣ភាគ៤​នៃ​កម្រិត​ក្នុង​ឆ្នាំ​១៩៩០។ អីចឹង​បើ​យើង​ក្រឡេក​មើល​ក្នុង​ឆ្នាំ​១៩៩០​ដែល​មាន​៩០០​លើ​១០០.០០០កំណើត​រស់​ ឆ្នាំ​២០១៥​ត្រូវ​សម្រេច​ឱ្យ​នៅ​ត្រឹម​២៥០​លើ​១០០.០០០​កំណើត​រស់​ ហើយ​ឥឡូវ​នេះ​យើង​បាន​មក​ដល់​១៧០។ ខ្ញុំ​គិត​ថា​នេះ​ជា​មោទនភាព​របស់​យើង​ដែរ។ យើង​បាន​ទទួល​នូវ​ការ​ទទួលស្គាល់​ថា​យើង​ធ្វើ​បាន​សម្រេច​ហើយ‍»។​

អង្គការ​យូនីសេហ្វ​បាន​បង្ហាញ​ថា​ស្រ្តី​ដែល​ស្លាប់​នេះ​ដោយ​សារ​តែ​កង្វះ​ការ​ថែ​រក្សា​ពេល​សម្រាលកូន​នៅ​ពេល​ដែល​មាន​ស្ថានភាព​ត្រូវ​ជួយ​សង្គ្រោះ​បន្ទាន់ ​និង​ដោយ​សារ​តែ​កង្វះ​ក្រុម​បុគ្គលិក​ពេទ្យ​ដែល​មាន​ជំនាញ​ថែទាំ​នៅ​ពេល​ស្រ្តី ​សម្រាល​កូន។

អង្គការ​យូនីសេហ្វ​បាន​ឱ្យ​ដឹងបន្ថែម​ទៀត​ថា៖

«សូម្បី​តែ​ស្ត្រី​មាតា​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ ក៏ ​គុណភាព​ជាទូទៅ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ ដោយ​ធ្វើ​ឱ្យបញ្ហា​ដែល​ស្ត្រី​ប្រឈម​ខាងផ្នែក​សុខភាព​មាន​កាន់​តែខ្លាំង​ក្នុង​ពេលសម្រាល​កូន​និង​ក្រោយពេល​សម្រាល​កូន‍»។

លោក​ស្រី​ កែ សុវណ្ណរ័ត្ន​ ប្រធាន​គណៈកម្មការ​សុខាភិបាល​និង​កិច្ចការ​នារី​បាន​និយាយ​ថា​កម្ពុជា​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ច្រើន​លើ​សេវា​សុខភាព​សម្រាប់​ស្ត្រី​ជា​មាតា​និង​ពលរដ្ឋ​ទូទៅ។ ​

«ហេតុអ្វី​បាន​ជា​ខ្ញុំ​ថា​អញ្ចឹង​ពីព្រោះ​បើ​សិន​ជា​យើង​ពិនិត្យ​ប្រៀបធៀប​ទៅ ​នឹង​ប្រទេស​ជិតខាង​យើង​ឃើញ​ថា​គេ​ក៏​កំពុង​តែ​ធ្វើ​ការ​នេះ​ដូច​ប្រទេស​កម្ពុជា​ដែរ​គឺ​ពាក់​ព័ន្ធ​ទៅ​នឹង​មរណភាព​មាតា​និង​ទារក​នេះ​គឺ​កម្ពុជា​យើង​ ចំនួន​១០ម៉ឺន​ដូច​គ្នា​ប្រៀបធៀប​ក្នុង​តំបន់​គឺ​កម្ពុជា​ ថៃ​ វៀតណាម​និង​ឡាវ។ កម្ពុជា​លើស​តែ​ឡាវ​ទេ។ បើ​ថៃ​អត្រា​មរណភាព​១០ម៉ឺននាក់​មាន​តែ​៤៨​ទេ​ វៀតណាម​តែ​៥៩​ទេ​ប៉ុន្តែ​កម្ពុជា​២០៦​នាក់​ហើយ​ឡាវ​៤៧០នាក់​ក្នុង​១០​ម៉ឺន​នាក់‍»។​

លោកស្រី​បាន​បន្ថែម​ទៀត​ថា៖ «អីចឹង​ហើយ​ខ្ញុំ​ចង់​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​សង្គម​ ឆ្លុះ​បញ្ចាំ​ង​ពី​កង្វះ​ខាត​គុណភាព​ សមត្ថភាព​និង​ប្រព័ន្ធ​គ្រប់​គ្រង​សុខាភិបាល‍»។​

តាម​គោលដៅ​ដែល​បាន​កំណត់​គឺ​កម្ពុជា​ត្រូវ​បង្កើន​សមាមាត្រ​នៃ​ការ​សម្រាល​កូន​ដោយ​បុគ្គលិក​សុខាភិបាល​ដែល​មាន​ជំនាញ​ពី​៣២​ភាគរយ​ក្នុង​ឆ្នាំ​២០០០​ដល់​៨៧ភាគរយ​នៅឆ្នាំ​២០១៥។

កុមារ​ខ្មែរ ជិះ​អង្រឹង​លេង​នៅ​ក្បែរម្តាយ (មិន​នៅ​ក្នុងរូបថត) ក្នុង​ទីក្រុង​ភ្នំពេញនៅ​ថ្ងៃទី ១​ ខែមិថុនា ឆ្នាំ២០១០។
កុមារ​ខ្មែរ ជិះ​អង្រឹង​លេង​នៅ​ក្បែរម្តាយ (មិន​នៅ​ក្នុងរូបថត) ក្នុង​ទីក្រុង​ភ្នំពេញនៅ​ថ្ងៃទី ១​ ខែមិថុនា ឆ្នាំ២០១០។

លោក​ស្រី ទង់​ រ័ត្នថាវី​ នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក​ក៏​បញ្ជាក់​ដែរ​ថា​ចំនួន​ពលរដ្ឋ​កម្ពុជា​ដែល​ទទួល​បាន​សេវា​គ្រូពេទ្យ​ក្នុង​ពេល​មាន​ផ្ទៃពោះ​និង​សម្រាល​បាន​កើន​ឡើង​ដល់​៨៩ភាគរយ​នៅ​ត្រឹម​ឆ្នាំ​២០១៤គឺ​លើស​ផែនការ​ដែល​បាន​កំណត់។

លោកស្រី​បាន​បញ្ជាក់​ថា​មណ្ឌល​សុខភាព​នៅ​ពេល​បច្ចុប្បន្ន​នេះ​មាន​ជាង​១.០០០​នៅ​ទូទាំង​ប្រទេស​ដែល​ជា​ការ​កើន​ឡើង​ទ្វេដង​ក្នុង​រយៈពេល​ជាង​១០ឆ្នាំ​នេះ។

«ទៅថ្ងៃ​មុខ​យើង​នឹង​មាន​គម្រោង​ពង្រីក​ថែម​ទៀត​ដើម្បី ​ឱ្យ​ទៅដល់​កាន់តែ​កៀក​ជិត​ប្រជាពលរដ្ឋ​ជាពិសេស​ស្រ្តី​និង​កុមារ។ ដូច្នេះ​យើង​នៅ​តែ​ត្រូវ​ការ​បុគ្គលិក។ យើង​នៅ​តែ​ត្រូវ​ការ​ឆ្មប​ជំនាញ​បន្ថែម​ទៀត​ធ្វើ​យ៉ាងណា​ដាក់​គាត់​ធ្វើការ​នៅ ​កន្លែង​ខ្វះខាត​ទាំង​នោះ។ យើង​មិន​ទាន់​ឈប់​ទេ​តែ​យើង​បាន​ធ្វើ​ការងារ​ច្រើន​នៅ ​ក្នុង​ការ​បង្កើន​ធនធាន​មនុស្ស​ជាពិសេស​ឆ្មបជំនាញ‍»។​

ប៉ុន្តែ​លោកស្រី​កែ​ សុវណ្ណរ័ត្ន​ នៃ​សភាជាតិ​កម្ពុជា​បញ្ជាក់​ថា​របាយការណ៍​ពី​មូលដ្ឋាន​ដែល​លោកស្រី​ទទួល​បាន​គឺ ​នៅ ​មាន​ការ​យក​លុយកាក់​ក្រៅ​ប្រព័ន្ធ​ពី​ស្រ្តី​មាន​ផ្ទៃពោះ​ដែល​មក​រក​សេវា​គ្រូពេទ្យ​បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​កំណត់​ថា​មិន​យក​តម្លៃ​សេវា​ក៏​ដោយ​សម្រាប់​អ្នក​ក្រីក្រ។​

«អីចឹង​ហើយ​បាន​ជា​ធ្វើ​ឱ្យ​ភាព ​ជឿជាក់​ទៅលើ​សេវាផ្តល់​សុខភាព​នៅ ​មាន​ភាព​ខ្សោយ​ដែល​យើង​មិន​អាច​ទប់​ស្កាត់​បាន​នូវ​ការិយាធិបតេយ្យ​មាន​ន័យ​ថា​យក​លុយ​យក​កាក់​ មិន​គោរព​តាម​អ្វី​ដែល​រដ្ឋាភិបាល​កំណត់។ មួយ​ទៀត​រដ្ឋាភិបាល​មាន​ភាព​ធូរ​រលុង​ដោយ​សារ​តែ​មិន​បាន​ដាក់​ទោសទណ្ឌ​ទៅលើ​មន្ត្រី ដែល​ប្រព្រឹត្ត​ខុស។ ​កន្លង​មក​យើង​ឃើញ​ហើយ​ថា​មាន​ការ​ស្លាប់​ដោយ​សារ​ស្រ្តី ​ឆ្លងទន្លេ​ឬ​ក៏​ការស្លាប់​កុមារ​គឺ​ជា​ការ​ធ្វេស​ប្រហែល​របស់ក្រុម​គ្រូពេទ្យ​ប៉ុន្តែ​យើង​អត់​ឃើញ​រដ្ឋាភិបាល​បង្ហាញ​ពី​ការ​ដាក់​ទោសទណ្ឌ​ចំពោះ​អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស​នោះ​ទេ‍»។​

សម្រាប់​ផ្នែក​ដែល​ត្រូវ​កែលម្អ​មួយ​ទៀត​គឺ​លើ​ការកាត់​បន្ថយ​ជំងឺ​ស្លេកស្លាំង​ខ្វះ​ជាតិ​ដែក​ដែល​ស្រ្តី​មាតា​ជួបប្រទះ​ក្នុង​ពេល​មាន​ផ្ទៃពោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី​វេជ្ជបណ្ឌិត ទង់ រ័ត្នថាវី៖

«យើង​ឃើញ​ថា​អត្រា​នៃ​ភាព​ស្លេកស្លាំង​នេះ​មាន​ភាព​ថយ​ប៉ុន្តែ​គ្រាន់​តែ​ថា​មិន​ទាន់​ដល់​គោលដៅ ដែល​យើង​ចង់​បាន​នៅឡើយ​ប៉ុន្តែ​យើង​ឃើញ ​ថា​កម្រិត​នៃ​ការ​មាន​ភាព​ស្លេកស្លាំង​នេះ​ដែល​ពីដើម​ភាព​ស្លេកស្លាំង​ធ្ងន់​ធ្ងរ​មាន​ច្រើន​ប៉ុន្តែ​ភាព​ស្លេកស្លាំង​ធ្ងន់​ធ្ងរ​របស់​យើង​ទាប​ជាង​មួយ​ភាគរយ​ទៅ​ហើយ​ដូច្នេះ​យើង​បាន​ធ្វើ​ការងារ​ពុះពារ​ច្រើន​នៅ​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ទម្លាក់​ភាព​ស្លេកស្លាំង​ធ្ងន់​ធ្ងរ​នេះ​ឱ្យ​នៅ ​ទាប​បំផុត​ហើយ​យើង​នឹង​ធ្វើ​បន្ត​សម្រាប់​ភាព​ស្លេកស្លាំង​មធ្យម​និង​តិចតួច‍»។​

បើ​ទោះ​បី​ជា​មន្ត្រី​សុខាភិបាល​បាន​បង្ហាញ​តួលេខ​ល្អ​ប្រសើរ​ច្រើន​នៅ​ថ្នាក់​ជាតិ​ប៉ុន្តែ​ពលរដ្ឋ​ដែល​រស់​នៅ ​ខេត្ត​ដាច់​ស្រយាល​និង​មាន​ការ​អភិវឌ្ឍ​តិចតួច​មួយ​ចំនួន​ដូច​ជា​ខេត្ត​ស្ទឹងត្រែង កោះកុង រតនគិរី​ និង​មណ្ឌល​គិរី​នៅ​មាន​អត្រា​មរណភាព​មាតា​ខ្ពស់​ជាង​អត្រា​មធ្យម​ភាគ​នៅ​ថ្នាក់​ជាតិ។ ចំនួន​ភាគរយ​ស្ត្រី ​សម្រាល​កូន​ដោយ​បុគ្គលិក​សុខាភិបាល​ទទួលការ​បណ្តុះបណ្តាល​មាន​ចំនួន​៧៥ភាគរយ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០១២។ នេះ​បើ​យោង​តាម​របាយការណ៍​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​កម្ពុជា​ចេញ​ផ្សាយ​ឆ្នាំ​២០១៤៕

XS
SM
MD
LG