ក្រុង Los Angeles៖ ជារៀងរាល់ខែនៅតំបន់ Los Angeles មានមនុស្សរាប់ពាន់នាក់ធ្វើការស្បថចូលសញ្ជាតិ អាមេរិកាំង។ នៅថ្មីៗនេះ មានពលរដ្ឋខ្មែររាប់រយនាក់ត្រូវបានផ្តល់សញ្ជាតិអាមេរិកាំងនៅទីនេះ។ មន្រ្តីគណៈកម្មការចុះឈ្មោះបោះឆ្នោតមើលឃើញថា នេះជាឱកាសសម្រាប់ពួកគេបង្កើនចំនួនអ្នកបោះឆ្នោតដើមកំណើតជាខ្មែរដែលមានចំនួនតិចតួចនៅឡើយ។
លោក លោកស្រីអ្នកនាងកញ្ញាជាទីមេត្រីឥឡូវនេះនាងខ្ញុំកំពុងឈរនៅមជ្ឈមណ្ឌលសន្និបាតនៃទីក្រុងLos Angeles ឬគេហៅថា LA Convention Center ហើយនៅខាងក្រោយនាងខ្ញុំនេះមានមនុស្សជាង៣ពាន់នាក់កំពុងឈរតម្រង់ជួរ ដើម្បីចូលទៅក្នុង ស្បថក្លាយទៅជាពលរដ្ឋអាមេរិកាំង ហើយគណៈកម្មការចុះឈ្មោះបោះឆ្នោតនៃតំបន់ Los Angeles សង្ឈឹមថា អ្នកចូលសញ្ជាតិថ្មីទាំងនេះនឹងចុះឈ្មោះបោះឆ្នោត។
នៅក្នុងចំណោមមនុស្សរាប់ពាន់អ្នកដែលបានស្បថចូលសញ្ជាតិថ្មីនេះមានពលរដ្ឋដើមកំណើតខ្មែរ១៧៤នាក់។
បន្ទាប់ពីពួកគេបានធ្វើការស្បថ អ្នកចូលសញ្ជាតិថ្មីទាំងនេះមានសិទ្ធិពេញលេញក្នុងការបោះឆ្នោត។ ហើយការបោះឆ្នោតបន្ទាប់ទៅនេះគឺការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលនឹងធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះ។
លោក នេត មនោរម្យ ធ្វើការនៅគណៈកម្មការចុះឈ្មោះបោះឆ្នោតតំបន់ Los Angeles។ កិច្ចការរបស់គាត់គឺ ធ្វើយ៉ាងណាឲ្យមានអ្នកដែលដើមកំណើតខ្មែរចុះឈ្មោះបោះឆ្នោតឲ្យបានច្រើន និងយល់ពីដំណើរការនៃការបោះឆ្នោត។ លោកនិយាយថា ចំណោមពលរដ្ឋ ដែលនិយាយភាសាខ្មែរនៅរដ្ឋ California យ៉ាងហោចណាស់មាន៥០.០០០មានសិទ្ធិបោះឆ្នោ។ លោកនេត មនោរម្យ និយាយថា៖
«ប៉ុន្តែដល់ពេលចុះឈ្មោះបោះឆ្នោត មានប្រហែល៤ពាន់ជាងទេ តិចមែនទែន។អញ្ចឹងបានខ្ញុំចង់ជួយប្រាប់ឲ្យបងប្អូនខ្មែរចុះឈ្នោះបោះឆ្នោតឲ្យបានច្រើន»។
ចំនួនអ្នកដែលចុះឈ្នោះបោះឆ្នោតមានដើមកំណើតខ្មែរគឺមានតិចជាង១០%ទៅទៀត។ ដូច្នេះ លោក នេត មនោរម្យ ព្យាយាមរកអ្នកចុះឈ្មោះបោះឆ្នោតថ្មី។ ហើយថ្ងៃនេះលោកបានជួបអ្នកទាំងនោះមួយចំនួនដែរ។
លោកស្រីសេង ស៊ីណាតប្រាប់ពីមូលហេតុដែលលោកស្រីចុះឈ្មោះបោះឆ្នោត៖
«ពីព្រោះថា ខ្ញុំមានអារម្មណ៍ថា ចង់ស្គាល់របៀបរបបការបោះឆ្នោតចង់ស្គាល់របៀបរើសប្រធានាធិបតីយ៉ាងម៉េច»។
ប៉ុន្តែវាមិនមែនសុទ្ធតែមានភាពងាយស្រួលបែបនេះទេ។ ពលរដ្ឋខ្មែរភាគច្រើនព្យាយាមនៅឆ្ងាយពីបញ្ហានយោបាយ ដោយសារបញ្ហាវិបត្តិនិយោបាយនៅប្រទេសកំណើត។ អ្នកខ្លះធុញទ្រាន់ មិនចង់ចុះឈ្នោះបោះឆ្នោតទេ។ អ្នកខ្លះទៀតមានការរវល់។
ដូចជាលោក សួងសារិន នេះជាឱកាសល្អសម្រាប់លោកចុះឈ្នោះបោះឆ្នោត។លោក សារិននិយាយថា៖
«ខ្ញុំមកម្នាក់ឯង ហើយរវល់តែធ្វើការផង ជាពិសេសខ្ញុំមិនសូវពូកែរឿងភាសាទេ។ នៅពេលនេះ គេជួយយើងបានច្រើន។ ខ្ញុំក៏មកចូលសញ្ជាតិ»។
តែនៅមានកិច្ចការជាច្រើនទៀត។ មានពលរដ្ឋខ្មែរអាមេរិកាំងជាច្រើនដែលមិនបានចុះឈ្មោះបោះឆ្នោត។ តែនេះមិនបានធ្វើឲ្យលោក នេត មនោរម្យ មានការព្រួយបារម្ភនោះទេ។
លោកនេត មនោរម្យនិយាយថា៖
«ការដែលឲ្យបងប្អូនចុះឈ្មោះបោះឆ្នោតមានការពិបាក តែខ្ញុំនឹងខិតខំ»។
ឱកាសបន្តទៀតរបស់លោកនេត មនោរម្យគឺនៅថ្ងៃអង្គារ ទី២៥កញ្ញាខាងមុខនេះ ដែលជាថ្ងៃចុះឈ្នោះបោះឆ្នោតជាតិ។ លោកនិងបន្តស្វែងរកអ្នកចុះឈ្មោះបោះឆ្នោតដើមកំណើតខ្មែរដែលទើបតែចូលសញ្ញាតិអាមេរិកាំងថ្មី នៅទីក្រុង ឡងប៊ិច រដ្ឋកាលីហ្វញ៉ា៕