ក្រសួងសាធារណការនិងដឹកជញ្ជូន នាព្រឹកថ្ងៃពុធនេះ បានសម្ពោធឲ្យដំណើរការមណ្ឌលប្តូរនិងពន្យារប័ណ្ណបើកបរនៅក្នុងផ្សារទំនើប AEON រាជធានីភ្នំពេញ។ ការបង្កើតមណ្ឌលប្តូរ និងពន្យារប័ណ្ណបើកបរជាលើកដំបូងនេះ គឺជាការបង្ខិតសេវាសាធារណៈឲ្យទៅជិតប្រជាពលរដ្ឋកម្ពុជា ព្រមទាំងដើម្បីធានានូវតម្លាភាពនៃការអនុវត្តសេវាសាធារណៈ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ថ្លែងនៅក្នុង ពិធីសម្ពោធមណ្ឌលថ្មីនេះថា ក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជាគ្រោងនឹងបើកឲ្យមានការចុះបញ្ជីយានយន្តថ្មី តាមប្រព័ន្ធអ៊ីនធឺណិតឲ្យបាន មុនពេលបំណាច់ឆ្នាំ២០១៦។
លោករដ្ឋមន្ត្រីដឹកជញ្ជូនបានឲ្យដឹងបន្ថែមទៀតថា គម្រោងដាក់ឲ្យចុះបញ្ជីយានយន្តតាមអនឡាញ (អ៊ីនធឺណិត) នេះ គឺជាផ្នែកមួយនៃយុទ្ធនាការ១០០ថ្ងៃរបស់លោក ក្រោយពីការកាន់តំណែងជារដ្ឋមន្ត្រីក្រសួងដ៏សំខាន់នាដើមខែមេសាកន្លងទៅ។ លោកបន្តថា ការណ៍នេះនឹងជួយសម្រួលដល់អ្នកប្រើប្រាស់យានយន្តទាំងអស់ទូទាំងប្រទេស។
លោក ស៊ុន ចាន់ថុល ថ្លែងថា៖
«មុនដាច់ឆ្នាំ២០១៦ ប្រព័ន្ធចុះបញ្ជីយានយន្តតាមប្រព័ន្ធ នឹងធ្វើឡើងមុនដាច់ឆ្នាំនេះហើយ»។
ក្នុងការរុះរើគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមខែមេសាកន្លងទៅក្រសួង៣សំខាន់ៗ បានធ្វើការផ្លាស់ប្តូរក្បាលម៉ាស៊ីន គឺក្រសួងការបរទេស ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសាធារណការនិងដឹកជញ្ជូន។ លោក ស៊ុន ចាន់ថុល ជាអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងពិធីកាលព្រឹកថ្ងៃពុធ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងផងដែរថា ក្រោយពីការកាន់តំណែងរបស់លោក លោក ហ៊ុន សែន កំណត់រយៈពេលដល់លោក១០០ថ្ងៃក្នុងការផ្លាស់ប្តូរនឹងធ្វើឲ្យមានសេវាល្អសម្រាប់ប្រជាពលរដ្ឋ។ ហើយមកដល់ពេលនេះ លោកបានសម្រេចឲ្យមានដំណើរការថ្មីៗមួយចំនួន រួមទាំងការដាក់ឲ្យមានសេវាប្តូរ និងពន្យារប័ណ្ណបើកបរ ដែលលោកអះអាងថា ជាសេវាមួយដែលមិនធ្លាប់នៅក្នុងប្រទេសសមាជិកអាស៊ាន។
លោក ស៊ុន ចាន់ថុល ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននាព្រឹកថ្ងៃពុធនេះ យ៉ាងដូច្នេះ៖
«ធ្វើឲ្យមានប្រសិទ្ធភាពឲ្យមានតម្លាភាព ឲ្យបានលឿនជូនពលរដ្ឋ។ នៅកន្លែងនេះគឺចំណាយពេលតែ២០នាទីប៉ុណ្ណោះ។ ធានាថា តម្លាភាពដោយសារនៅក្នុងបន្ទប់ធ្វើការហ្នឹងមានកាមេរ៉ា៩ ថតទាំងអស់។ ចឹង យើងបង់លុយ បង់តាមតែតម្លៃហ្នឹងទេ។ បើមន្ត្រីណាទារលុយបន្ថែម រាយការណ៍មក។ ខ្ញុំជឿជាក់ថា នៅកន្លែងនេះ មិនអាចមានកម្រៃផ្សេងពីតម្លៃកម្រៃផ្លូវការយើងទេ»។
លោក ស៊ុន ចាន់ថុល អះអាងថា ក្រៅពីគម្រោងលុបបំបាត់ការប្តូរ និងពន្យារប័ណ្ណបើកបរតាមរយៈឈ្មួញកណ្តាល ក្រសួងសាធារណការនិងដឹកជញ្ជូនក៏បានរៀបចំឲ្យមានការត្រួតពិនិត្យគុណភាពយានយន្តចល័តទៅតាមមូលដ្ឋាននាពេលខាងមុខនេះផងដែរ ដើម្បីឲ្យប្រជាជនកម្ពុជាកាន់តែមានភាពងាយស្រួល ហើយសេវាការប្តូរនិងពន្យារប័ណ្ណបើកបរដែលដាក់ឲ្យដំណើរការនាផ្សាទំនើប AEON នេះមានតម្លៃសេវាត្រឹមតែ៣ម៉ឺនរៀលសម្រាប់ប័ណ្ណបើកបររថយន្តនិង២០.០០០(២ម៉ឺន)រៀលសម្រាប់ទោចក្រយានយន្ត។
កញ្ញា ណុប សុគន្ធារី ជាអ្នកទទួលបន្ទុកការប្តូរ និងពន្យារប័ណ្ណបើកបរ នៅក្នុងមណ្ឌលថ្មីនេះ។ អ្នកបម្រើការសាធារណៈរូបនេះ រៀបរាប់ពីដំណើរការនៃការប្តូរ និងពន្យារប័ណ្ណបើកបរប្រាប់ VOA យ៉ាងដូច្នេះ៖
«ជាដំបូងសម្រាប់បងប្អូនដែលត្រូវការប្តូរប័ណ្ណបើកបរ គឺគាត់ត្រូវបំពេញលក្ខខណ្ឌមួយចំនួន។ រូបថតផ្ទៃស៤គុណ៦ ចំនួន៤សន្លឹក កូពីអត្តសញ្ញាណប័ណ្ណ និងប័ណ្ណចាស់របស់គាត់ដែលត្រូវយកមកប្តូរ។ តម្លៃដែលគាត់ប្តូរនឹងគឺ សម្រាប់ពិនិត្យសុខភាព១ម៉ឺនរៀល និងតម្លៃទទួលប័ណ្ណ[រថយន្ត]គឺ៣ម៉ឺនរៀល សរុប៤ម៉ឺនរៀល។ ពេលគាត់មកដល់គាត់ត្រូវបំពេញបែបបទឯកសារ ហើយគាត់នឹងចូលតាមដំណាក់កាលនីមួយៗ ហើយពិនិត្យសុខភាព។ បន្ទាប់ពីពិនិត្យហើយ បើឯកសារគាត់គ្រប់គ្រាន់ ១០នាទី គាត់នឹងបានប័ណ្ណដែលគាត់ចង់បាន»។
ជាមួយគ្នានោះដែរ អ្នកដែលប្រើសេវាសាធារណៈថ្មីនេះ បានសាទរនិងបញ្ជាក់ពីសេចក្តីរីករាយចំពោះគំនិតផ្តួចផ្តើមថ្មីនេះ។
កញ្ញា ពិន ទិត្យនីតា វ័យ២៦ ជានិស្សិតសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ដែលរៀបនឹងចូលប្តូរប័ណ្ណបើកបរថ្មីថ្លែងថា៖ «តម្លៃសមរម្យ ហើយលឿន ធ្វើបានភ្លាមៗ ណាមួយទីតាំងនៅជិតស្រួលមកធ្វើ»។
លោក ឡេង អូន វ័យ៤៤ឆ្នាំ ជាអ្នករស់នៅក្នុងរាជធានីភ្នំពេញមួយរូប ថ្លែងដូច្នេះបន្ទាប់ពីលោកបានបញ្ចប់ការធ្វើប័ណ្ណបើកបរថ្មីរបស់លោក៖
«រហ័ស ហើយអត់រង់ចាំយូរ ងាយស្រួលជាងមុន។ នីតិវិធីឥឡូវអត់សាំញ៉ាំដូចមុន។ ពីមុនទៅ ប្រើពេលយូរ ទម្រាំបានយូរថ្ងៃ។ ចំណាយពេលប្រហែល២០នាទី»។
គិតត្រឹមដើមឆ្នាំ២០១៦នេះ ប្រទេសកម្ពុជាមានយានយន្តសរុបនៅចំនួនជិត៧លានគ្រឿង។ ហើយក្នុងនោះ មានម៉ូតូជិត៦លានគ្រឿង និងមានឡានជិត១លានគ្រឿង។ ក៏ប៉ុន្តែចំនួនប័ណ្ណបើកបរសរុបនៅកម្ពុជាមានត្រឹមតែប្រមាណ៨២ម៉ឺនប័ណ្ណប៉ុណ្ណោះ ហើយប័ណ្ណបើកបរផុតសុពលភាពមានចំនួនជាង២ម៉ឺន។
លោក អ៊ា ចរិយា អ្នកប្រឹក្សាឯករាជ្យផ្នែកសុវត្ថិភាពចរាចរណ៍ ស្វាគមន៍ចំណាត់ការថ្មីៗរបស់រដ្ឋាភិបាលកម្ពុជា។ ក៏ប៉ុន្តែទន្ទឹមនឹងការរៀបចំឲ្យមានប្រព័ន្ធប្តូរ និងពន្យារប័ណ្ណបើកបរនៅក្នុងផ្សារទំនើប លោកក៏ចង់ឃើញ ការអប់រំអំពីច្បាប់ និងផ្លាកសញ្ញាចរាចរណ៍បន្ថែមទៀតទៅដល់អ្នកដែលកាន់ប័ណ្ណបើកបរទាំងនោះ។
«ខ្ញុំគិតថាវាជួយសម្រួលដល់ការផ្លាស់ប្តូររបស់អ្នកប្រើប្រាស់ច្រើន។ ខ្ញុំសង្កេតឃើញអ្នកប្រើប្រាស់ អ្នកចង់ទៅប្តូរឬពន្យារប័ណ្ណបើកបរឃើញគាត់សប្បាយចិត្ត។ ក្នុងពេលហ្នឹងទៀត ក្រសួងគួរគិតគូរការផ្តល់វគ្គបំប៉នដល់អ្នកកាន់ប័ណ្ណបើកបរយូរយារ ជួនកាលគាត់អាចភ្លេចចំណុចសំខាន់ៗមួយចំនួន»។
លោក អ៊ា ចរិយា បង្ហាញការពេញចិត្តចំណាត់ការថ្មីៗរបស់ក្រសួងសាធារណការនាពេលចុងក្រោយនេះ ជាអាទិ ការគូសគំនូសផ្លូវបន្ថែម ការបន្ថែមផ្លាកសញ្ញាតាមដងផ្លូវ ការសាងសង់ ឬជួសជុលផ្លូវពេលយប់ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ជាដើម៕