ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គម្រោង​សាងសង់​ផ្លូវ​សម្រាប់​ការ​បើកបរ​ល្បឿន​លឿន​ត្រូវបាន​​ពិភាក្សា


ក្រសួង​សាធារណការនិង​ដឹក​ជញ្ជូន ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះនរោត្តម​ នៅ​រាជធានី​ភ្នំពេញ​ នៅ​​ថ្ងៃទី៨ ខែ សីហា ២០១៥។ (ស៊ូ ពិសែន/ VOA)
ក្រសួង​សាធារណការនិង​ដឹក​ជញ្ជូន ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះនរោត្តម​ នៅ​រាជធានី​ភ្នំពេញ​ នៅ​​ថ្ងៃទី៨ ខែ សីហា ២០១៥។ (ស៊ូ ពិសែន/ VOA)

ក្រសួង​សាធារណការ​ ដឹក​ជញ្ជូន​ និង​ប្រៃសនីយ៍​ ហើយនឹង​ភាគី​ពាក់ព័ន្ធ​បាន​ពិភាក្សា​អំពី​គម្រោង​សាងសង់​ផ្លូវ​សម្រាប់​ការ​បើកបរ​ល្បឿន​លឿន​​ពី​កណ្តាល​ក្រុង​ភ្នំពេញ​ទៅ​កាន់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

ក្រសួង​សាធារណការនិង​ដឹក​ជញ្ជូន​ និង​ប្រៃសណីយ៍​ ហើយនឹង​ភាគី​ពាក់ព័ន្ធ​បាន​ពិភាក្សា​អំពី​គម្រោង​សាងសង់​ផ្លូវ​សម្រាប់​ការ​បើកបរ​ល្បឿន​លឿនពី​កណ្តាល​ក្រុង​ភ្នំពេញ​ទៅ​កាន់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ ​ទោះ​បី​ជា​ក្រុម​មន្ត្រី​សង្ឃឹម​ថា ផ្លូវ​ Highway​ ដែល​មានការបង់​ថ្លៃ​នេះ​ ​អាច​ជួយ​សម្រួល​ដល់​ការ​កក​ស្ទះ​ចរាចរណ៍​ក្នុង​ទី​ក្រុង​ភ្នំពេញ​ក៏ដោយក៏​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​នៅតែ​មន្ទិល​សង្ស័យ​ទាក់ទិន​និង​ការ​សាង​សង់​គម្រោង​ថ្មី​នេះ។​

ទោះ​ជា​ប្រជា​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ការ​សារទ​រចំពោះ​គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ ​(express way)ដែល​ត​ភ្ជាប់​ពី​កណ្តាល​ក្រុង​ភ្នំពេញ​ទៅ​កាន់​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ក៏​ដោយ​ ​ក៏​ប៉ុន្តែ​ពួក​គេ​យល់​ថា​ ការ​គោរព​ច្បាប់​ចរាចរណ៍​នៅ​តែ​ជា​គន្លឹះ​ចម្បង​ក្នុង​កាត់​បន្ថយ​ការ​ស្ទះ​ចរាចរណ៍​ក្នុង​ក្រុង។​

​កិច្ច​ប្រជុំ​ពិភាក្សា​របស់ក្រសួង​សាធារណការ​ហើយ​នឹង​ភាគី​ពាក់ព័ន្ធ​ដែល​មាន​គម្រោង​សាង​សង់​ផ្លូវ​ថ្មី​នេះ​ ត្រូវ​បាន​ធ្វើឡើង​កាលពីថ្ងៃអង្គារ​សប្តាហ៍​នេះ។​ ក្នុង​នោះ​ ​គម្រោង​៣​ត្រូវ​បាន​លើក​ឡើង​ចំពោះ​ផ្លូវ​ថ្មី​ ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ​១០​គីឡូម៉ែត្រ​ ក្នុង​គោល​បំណង​កាត់​បន្ថយ​ភាព​កកស្ទះ​ចរាចរណ៍​និង​ការ​ធ្វើដំណើរ​ទៅ​មក​រវាង​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​និង​កណ្តាល​ទីក្រុង។ ​គម្រោង​ទាំង​បី​នោះ​រួម​មាន​ ​ទី១​ ​គឺ​ការ​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ត្រង់​ពី​សហ​ព័ន្ធរុស្ស៊ី​ទៅ​ព្រលាន​យន្ត​ហោះ​ ​ដែល​មាន​ទឹក​ប្រាក់​ប្រមាណជាង​៣៦០​លាន​ដុល្លារ​អាមេរិក។​ ​គម្រោង​ទី២​គឺ​ការសាង​សង់​ផ្លូវ​ពី​លើ​រថភ្លើង​ក្បែរ​សក្យ​មុនី​ចេតិយ​ឆ្ពោះ​ទៅ​កាន់​ព្រលាន​ ​យន្តហោះ។​ ​រីឯ​គម្រោង​ទី៣​ ​គឺ​ការ​សាង​សង់​កាត់​លើ​ផ្លូវ​ក្បែរ​ស្ថានទូត​បារាំង​ទៅ​កាន់​អង់តែន​ទួលគោក​ និង​កាត់​តាមផ្លូវ​ឧកញ៉ា​ម៉ុងឫទ្ធី។​

គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន ​ដែល​មាន​របាំង​ខណ្ឌ​នៅ​កណ្តាល​ទ្រូង​ផ្លូវ​ ​មាន​បង្កាន់​ដៃ​សង​ខាង​ ​និង​មាន​ទទឹង​ផ្លូវ​ប្រមាណជាង​ដប់​ម៉ែត្រ​នេះ នឹង​ចាប់​ផ្តើម​ធ្វើពីឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០២១។

គេ​រំពឹង​ថា ផ្លូវថ្មី​នេះ​អាច​ជួយ​សម្រួល​ដល់​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ​ជា​ពិសេស​គឺ​បន្ថែម​ភាព​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រលាន​យន្ត​ហោះ។​

យ៉ាង​ណាក៏​ដោយ​ ​ក្រសួង​សាធារណការ​ ​និង​ភាគី​ពាក់ព័ន្ធ​កំពុង​តែ​ធ្វើ​ការ​សិក្សា​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត​ ​ដើម្បី​សម្រេច​ ថា​តើ​គម្រោង​ណា​មួយ​ដែល​ជា​ជម្រើស​ល្អជាង​គេ​ ហើយ​អាច​ផ្តល់​ចំណូល​សេដ្ឋកិច្ច​ច្រើន​ជាង​ ​គេ​ព្រម​ទាំង​មាន​ផល​ប៉ះពាល់​តិច​ជាង​គេ។​

លោក ​ត្រាំ អ៊ីវតឹក ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ ហាក់​ដូចជា​មាន​ការ​ថ្លឹង​ថ្លែង​ចំពោះគម្រោង​ទី១​ជា​ជាង​គម្រោង​ផ្សេង​ទៀត។​

លោក​រដ្ឋមន្ត្រី​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិសេស​កាល​ពី​ថ្ងៃអង្គារ​យ៉ាង​ដូច្នេះ​ថា៖​

«គឺ​យើង​មាន​ជម្រើស​៣​ ហើយ​ក្នុង​ជម្រើស​ហ្នឹង​ការ​សិក្សា​របស់​វិទ្យាស្ថាន​គឺ​សង្កត់​ធ្ងន់​ទៅ​លើ​គម្រោង​ទី១ ​ដោយ​សារ​ផ្នែក​ហិរញ្ញ​វត្ថុវា​ថោក​ជាង ​តម្លៃ​វា​៣៦២​លាន​ដុល្លារ។ ​ទី២​ ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ក៏​វា​បាន​ច្រើន​ជាង​គម្រោង​ផ្សេង​ដែរ។​ ​ហើយ​វា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​សាងសង់ ​ដឹក​ជញ្ជូន​គ្រឿង​សំណង់»។​

អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន​ធំ​ ​ដែល​ VOA​ ​បាន​ជួប​សម្ភាស​ ​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​គម្រោង​សាង​សង់​នេះ​ ​ដោយ​ពួក​គេ​យល់​ថា​ ​វា​នឹង​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​ក្នុង​រាជ​ធានី​ភ្នំពេញ​ដែល​ជា​បញ្ហា​ប្រ​ឈម​មួយ។​ ក៏ប៉ុន្តែ​ប្រពល​រដ្ឋ​គ្រប់​រូប​គួរ​តែ​គោរព​ច្បាប់​ចរាចរណ៍​ និង​បើក​បរ​ដោយ​ការ​ទទួល​ខុស​ត្រូវ​ផង​ដែរ។​

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ​ ​ប្រជា​ពលរដ្ឋមួយ​ចំនួនដែល​ប្រើ​ប្រាស់​ផ្លូវ​សាធារណៈ​នា​ទី​ក្រុង​ភ្នំពេញ​ក៏​បាន​លើក​ឡើង​ពីក្តី​កង្វល់​ទាក់ទង​នឹង​ការ​សាង​សង់​នេះ​ផង​ដែរ។​

លោក​គឹម សក្កដា​ វ័យ​៣៨​ឆ្នាំ​ ជា​មន្រ្តី​រាជការក្នុង​រាជ​ធានីភ្នំពេញ​ បាន​ឲ្យដឹង​ថា៖​

«វា​កាត់​បន្ថយ​នោះ​ កាត់​បន្ថយ​ហើយ! ​ប៉ុន្តែ​មិន​ដឹង​ថា ​ប៉ះពាល់​ដល់​ប្រជាជន​ច្រើន​ឬ​អត់។​ ហើយ​សំណង​ហ្នឹង​វា​យ៉ាង​ម៉េច​ដែរ។​ បើ​សិន​ជា​ថា​ ធ្វើ​ គួរ​តែ​រក​ផ្លូវ​ណា​ផ្សេង​ទៅ។ ​អា​ហ្នឹង​កណ្តាល​ក្រុង​ហ្នឹង!​ ព្រោះអី​ក្រុង​យើង​តូច​ដែរ។ ​វា​ចាំ​បាច់ដែរ​ តែ​យើង​គួរ​តែ​រុញ​ទៅ​កៀន​ក្រុង​ដើម្បី​ឲ្យ​សេដ្ឋកិច្ច​ វា​រត់​ទៅ​តាម​ហ្នឹង​ដែរ»។​

ប៊ូណេត​ សុវណ្ណា​ ​វ័យ​២២ឆ្នាំ​ ដែល​ជា​និស្សិត​ឆ្នាំ​ទី​២​នៃ​សាកល​វិទ្យាល័យ​កម្ពុជា​ បាន​គាំទ្រ​គម្រោង​នេះ។​

«គិត​ថា ​ល្អ​ ព្រោះ​ថា​ ទោះ​វា​លំបាក​រយៈពេល​ខ្លី​ តែ​ពេល​វា​សាង​សង់​ហើយ​ ធ្វើ​ឲ្យ​យើង​អាច​ធ្វើ​ដំណើរ​ទាន់ពេល​វេលា​ អត់​ស្ទះ​ដូច​មុន»។​

សុផាត បញ្ញា​ ​អាយុ​២២ឆ្នាំជា​និស្សិតសាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ។​ ​បញ្ញា​ឲ្យ​ដឹង​ថា​ កំណើន​ប្រជាជន​ និង​កំណើន​យាន​យន្ត​ជា​កត្តា​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ ដែល​តម្រូវ​ឲ្យ​មាន​ផ្លូវ​ថ្មី​ល្បឿន​លឿន​នេះ។​

«រាល់​ថ្ងៃ​ហ្នឹង​ វា​ស្ទះ​ច្រើន!​ កំណើន​ប្រជាជន​ កំណើន​ឡានវា​ច្រើន!​ ហើយណា​មួយ​មាន​អ្នក​អត់​គោរព​ច្បាប់ អត់គោរព​ភ្លើង​ចរាចរណ៍។​ បើ​បាន​ធ្វើ​ផ្លូវ​ហ្នឹង​មួយ​ វា​អាច​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នេះដែរ»។​

គិត​មក​ត្រឹម​ចុង​ឆ្នាំ​២០១៤​នេះ ​ចំនួន​យាន​ជំនិះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ជិត​៣​លាន​គ្រឿង​ ដែល​ក្នុង​នោះ​មាន​ម៉ូតូ​ជាង​២​លាន​គ្រឿង និង​មាន​ឡាន​ជាង​៤០​ម៉ឺន​គ្រឿង។ ​នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ​ហើយ​តួលេខ​នេះ​មាន​ការ​កើន​ឡើង​ប្រមាណ​ជា​១៥%​ បើធៀប​ទៅ​នឹង​ឆ្នាំ​២០១៣។​

ក្នុង​សប្តាហ៍​នេះ​ ​ក្រុមហ៊ុនចិន​ទួល​បន្ទុក​គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ បាន​ធ្វើការ​ស្ទាប​ស្ទង់​មតិ​សាធារណជន​នៅ​តាម​ដង​ផ្លូវ​សំខាន់ៗ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ចំពោះការ​បង់​ថ្លៃ​២​ដុល្លារ​សម្រាប់​យាន​យន្ត​ណា​ដែល​ចង់​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន​គឺ​៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នេះ។​

លោក ​ចាន់ សុផល​ អ្នក​វិភាគ​សេដ្ឋកិច្ច​ ​និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​ បាន​ឲ្យដឹង​ថា​ ការ​បង្កើត​ឲ្យមាន​ផ្លូវល្បឿន​លឿន​នេះ​ បាន​ផ្តល់​ជា​ជម្រើស​ដល់​អ្នក​ប្រើប្រាស់​ ថា​តើ​ពួក​គេ​ចង់​ធ្វើ​ដំណើរ​រហ័ស​ដោយ​បង់​ប្រាក់​ក្នុង​តម្លៃ​មួយ​ ឬ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ធម្មតា​ដោយ​ឥត​គិត​ថ្លៃ។​

«Highway ​ខ្ញុំ​យល់​ថា​ ជា​ការ​ចាំ​បាច់​ទៅ​ទៀត​ ទៅ​ថ្ងៃ​មុខ​ទៀត។​ បើ​យើង​ពឹង​ទៅ​លើ​ផ្លូវតែ​មួយ​ចេញ​ចូល​មក​អាកាស​យានដ្ឋាន​ វា​នឹង​នាំ​បញ្ហា​កាន់​តែ​ធំ។​ ហើយ​វា​ប៉ះពាល់​ដល់​ប្រយោជន៍​សេដ្ឋកិច្ច ​ប្រយោជន៍​ពាណិជ្ជកម្ម​ ថែម​ទាំង​ប្រយោជន៍​ទេសចរ​ទៀត។ ​ពេល​គេ​ខកខាន​ជើង​យន្តហោះ​ដោយសារ​ការ​ស្ទះ​ចរាចរ​ វា​បង្ក​ឲ្យ​មាន​ភាព​អវិជ្ជមាន​ដល់​មុខមាត់​ប្រទេស​ជាតិ​ទៀត»។​

លោក​ក៏​លើក​ឡើង​ផង​ដែរ​ថា៖​

«ធម្មតា​ការ​ធ្វើ​អ្វី​មួយ​តែង​តែ​មាន​ផល​ប៉ះ​ពាល់​ហើយ​ ទៅ​ដល់​អ្នក​ដែល​ត្រូវ​បាត់​បង់​ដី ​ឬទី​កន្លែង ​ដោយសារ​គម្រោង។ ​ ​ជា​គោល​ការណ៍​ ​វា​ទាម​ទារ​ឲ្យ​មាន​សំណង​ ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​អ្នក​ណា​ម្នាក់ក្រ​ជាង​មុនដោយ​សារ​ការ​អភិវឌ្ឍ»។​

ជា​មួយ​គ្នា​នោះ​ដែរ លោក ​អៀ ចរិយា ​អ្នក​ប្រឹក្សា​ឯករាជ្យ​ផ្នែក​សុវត្ថិភាព​ចរាចរ​ ​បាន​ឲ្យ​ដឹង​ថា ​ការ​បង្កើត​ឲ្យ​មាន​ផ្លូវ​ Highway ​ល្បឿន​លឿន​នេះ​ ជា​ជម្រើស​ត្រឹម​ត្រូវ​ចំពោះ​ស្ថានភាព​ចរាចរណ៍​កម្ពុជា​ ដែល​កាន់​តែ​មាន​ការ​កក​ស្ទះ​ខ្លាំង​ឡើងៗ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន។​

«អញ្ចឹង​គម្រោង​ដាក់​ឲ្យ​មាន​ផ្លូវ ​Highway​ ​វា​ជា​ជម្រើស​ត្រឹម​ត្រូវ។​ គុណ​សម្បត្តិ​នៃ​ផ្លូវ ​Highway ​គឺ​អាច​ចូលរួម​កាត់​បន្ថយ​ការ​កក​ស្ទះ។​ វា​អាច​ជួយ​ពន្លឿន​ល្បឿន​នៃ​ការ​ធ្វើ​ដំណើរ​ ការ​ដឹក​ជញ្ជូន​ កាត់​បន្ថយ​ពេល​វេលា​ជា​ច្រើន​ដែរ។ ​ប៉ុន្តែ​មិន​មាន​ន័យ​ថា ​វា​អាច​កាត់​បន្ថយ​ចំនួន​គ្រោះ​ថ្នាក់​ចរាចរ​បាន​ទេ»។​

អ្នក​ប្រឹក្សា​ឯករាជ្យ​ផ្នែក​សុវត្ថិភាព​ចរាចរ​រូប​នេះ​បាន​លើក​ឡើង​ថា​ ​ទន្ទឹម​នឹង​ការបង្កើត​ឲ្យ​មាន​ផ្លូវ ​Highway ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​កកស្ទះ​ចរាចរ​ ​គេគួរ​តែ​លើក​កម្ពស់​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ ​ព្រម​ទាំងរៀប​ចំ​ឲ្យ​មាន​ផ្លូវ​សម្រាប់​អ្នក​ថ្មើរ​ជើង​ និង​អ្នក​ជិះ​កង់​ផង​ដែរ ​ដែលអាច​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ចំនួន​រថយន្ត​ក្នុង​រាជ​ធានី​ភ្នំពេញ។​ ​ជាង​នេះ​ទៅ​ទៀត​ ​លោក​អ៊ា ចរិយា​បញ្ជាក់​ថា​ ការ​ចត​យានយន្ត​នៅ​តាម​ដង​ផ្លូវ​សាធារណៈ ​ និង​ឥរិយាបទ​ក្នុង​ការ​បើក​បរ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា ​ដែល​ខ្វះ​ចំណេះ​ដឹង​ផ្នែក​ចរាចរណ៍​ ​ក៏​ជា​មូល​ហេតុ​សំខាន់​បង្ក​ការ​កក​ស្ទះ​ចរាចរណ៍ដែរ។​

ស្រប​ពេល​ដែល​ការ​អភិវឌ្ឍ​ក្នុង​ក្រុង​ភ្នំពេញ​មាន​រីក​ដុះដាល​ ការ​ធ្វើ​ចរាចរ​ក៏​មាន​ភាព​កក​ស្ទះ​ជា​ច្រើន​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ជា​ពិសេស​ពេល​ព្រឹក​ ពេល​ថ្ងៃ​ត្រង់​និង​ពេលល្ងាច​គឺពេល​ដែល​ប្រជា​ពល​កម្ពុជា​ភាគ​ច្រើន​ចេញ​ពី​កន្លែង​ធ្វើ​ការ​ទៅ​គេហដ្ឋាន​រៀងៗ​ខ្លួន៕

XS
SM
MD
LG