ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្កាត់​គោកចក​ប្រើ​វិធី​ពន្យល់​ពលរដ្ឋ​ដើម្បី​បង្ការ​គ្រោះថ្នាក់​នៃ​ចំណាកស្រុក

រូបឯកសារ៖ ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ភាគច្រើន​ជា​កម្មករ​រោងចក្រ​កាត់ដេរ បាន​ធ្វើ​ដំនើរ​តាម​រយៈ​រថយន្ត​ឈ្នួលនៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦A នៅ​ថ្ងៃ​សៅរ៍​ ទី​១០ ខែតុលា ឆ្នាំ​២០១៥​។ (រូបថត៖ ឡេង ឡែន)
រូបឯកសារ៖ ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ភាគច្រើន​ជា​កម្មករ​រោងចក្រ​កាត់ដេរ បាន​ធ្វើ​ដំនើរ​តាម​រយៈ​រថយន្ត​ឈ្នួលនៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦A នៅ​ថ្ងៃ​សៅរ៍​ ទី​១០ ខែតុលា ឆ្នាំ​២០១៥​។ (រូបថត៖ ឡេង ឡែន)

លោកស្រី​ យឹម ផល្លី​ បាន​បញ្ជាក់​ថា​លទ្ធផល​នៃ​ការ​ចុះ​ពន្យល់​ជា​ប្រចាំ​ធ្វើ​ឱ្យ​សង្កាត់​របស់​លោកស្រី​មាន​ចំនួន​អ្នក​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ក្រៅ​ ជាពិសេស​ប្រទេស​ថៃ​មាន​ការ​ធ្លាក់​ចុះ។

កត្តា​ជីវភាព​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក ប៉ុន្តែ​សម្រាប់​លោក​ស្រី​ យឹម ផល្លី ចៅ​សង្កាត់​រង​ទីមួយ​នៃ​សង្កាត់គោកចក ខេត្ត​សៀមរាប ​បាន​ខិតខំ​ពន្យល់​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​លោក​ស្រី ​ឱ្យ​យល់​ដឹង​ពី​គ្រោះថ្នាក់​នៃ​ការ​ធ្វើ​ចំណាកស្រុក ហើយ​ក្រើន​រំឭក​ថា ពលរដ្ឋ​គ្រប់រូប​ត្រូវ​មាន​ព័ត៌មាន​គ្រប់គ្រាន់ មុន​នឹង​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស។

លោកស្រី​ យឹម ផល្លី​ បាន​បញ្ជាក់​ក្នុង​កម្មវិធី​ Hello VOA ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​លទ្ធផល​នៃ​ការ​ចុះ​ពន្យល់​ជា​ប្រចាំ​ធ្វើ​ឱ្យ​សង្កាត់​របស់​លោកស្រី​មាន​ចំនួន​អ្នក​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ក្រៅ​ ជាពិសេស​ប្រទេស​ថៃ​មាន​ការ​ធ្លាក់​ចុះ។​

លោក​ស្រី​ យឹម ផល្លី ចៅ​សង្កាត់​រង​ទីមួយ​នៃ​សង្កាត់​គោកចក ខេត្ត​សៀមរាប​ ដែល​បាន​ខិតខំ​ពន្យល់​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​លោក​ស្រី​ឱ្យ​យល់​ដឹង​ពី​គ្រោះថ្នាក់​នៃ​ការ​ធ្វើ​ចំណាកស្រុក ចូលរួម​ជា​វាលគ្មីន​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ។ (លឹម សុធី/VOA)

លោកស្រី យឹម ផល្លី​ បាន​បន្ថែម​ថា​ឧបសគ្គ​ក្នុង​ការធ្វើ​កសិកម្មបាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​៖ «កត្តា​ដែល​ជំរុញ​ឱ្យ​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក​ខ្លាំង​ជាងគេ​គឺ​កត្តា​ជីវភាព»។​

ប៉ុន្តែ លោកស្រី​បន្ថែម​ថា​ អ្វី​ដែល​ពួកគេ​ទទួលបាន​ក៏​មិន​ច្រើន​ដែរ៖ «ផល​ដែល​បាន​មក​ពី​ចំណាក​ស្រុក​តិច​តួច​ មិន​ស្មើ​នឹង​កម្លាំង​ដែល​គាត់​បាន​ចេញ‍»។

សេចក្តី​រាយការណ៍​នានា​ឱ្យ​ដឹង​ថា​ មាន​ពលរដ្ឋ​ខ្មែរ​ជាង​មួយ​លាន​នាក់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ទាំង​ខុស​ច្បាប់​ និង​ស្រប​ច្បាប់។​ ក៏​មាន​អ្នក​ខ្លះ​បាន​ផ្ញើរ​ថវិកា​មក​ជួយ​គ្រួសារ​វិញ​ ដែល​ជួយ​ជំរុញ​ដល់​សេដ្ឋកិច្ចជាតិ​ ហើយ​ក៏​មាន​អ្នកខ្លះ​ត្រូវ​ចាញ់​បោកគេ និង​រង​ការ​ធ្វើ​បាប​ផ្លូវចិត្ត​ និង​រាងកាយ​ផងដែរ។ ​

លោកស្រី​ មូរ សុខហួរ ​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ថា ​វិធី​នៃ​ការ​ដោះស្រាយ​គឺ​មាន​តែ​ដំឡើង​ថវិកា​ជាតិ​សម្រាប់​ជួយ​ដល់​វិស័យ​សង្គម​ និង​រក្សា​ឱ្យ​មាន​តុល្យភាព​រវាង​វិស័យ​សង្គម​ និង​វិស័យ​ការពារ​ជាតិ។

លោកស្រី​បន្ថែម​ថា៖​«ឥឡូវ​យើង​ឃើញ​វិស័យ​ការពារ​ជាតិ​ខ្ពស់​ជាង​វិស័យ​សង្គម​ នៅពេល​ដែល​សង្គម​យើង​កំពុង​មាន​បញ្ហា ​ជាពិសេស​ប្រជាពលរដ្ឋ​យើង​ ជាពិសេស​យុវជន​របស់​យើង​ ជាពិសេស​ស្រ្តី​របស់​យើង​ ដែល​ជា​ជន​ងាយ​រងគ្រោះ និង​ក្លាយ​ទៅ​ជា​អ្នក​រងគ្រោះ‍»។

លោកស្រី​បន្ថែម​ថា អត្រា​នៃ​ការ​ដោះស្រាយ​បញ្ហា​ភាព​ក្រីក្រ​របស់​រដ្ឋាភិបាល​មិន​បាន​ឈោង​ទៅលើ​អ្វី​ដែល​ជា​សេចក្តី​ត្រូវការ​របស់​ប្រជាកសិករ​ និង​យុវជន​នៅ​ឡើយ​ទេ។

ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​ស្តី​ពី​ការ​យោគយល់​គ្នា​ជាមួយ​នឹង​ប្រទេស​ អារ៉ាប់ប៊ី សាអ៊ូឌីត​ កាលពី​ពាក់​កណ្តាល​ខែ​កុម្ភៈ ​ដើម្បី​រៀបចំ​ការចរចា​លើ​កិច្ច​ព្រមព្រៀង​ស្វែង​រក​ការងារ​ធ្វើ​ដល់​ពលរដ្ឋ​កម្ពុជា។​

ប្រទេស​ អារ៉ាប់ប៊ី សាអ៊ូឌីត ​បាន​រង​ការ​រិះគន់​ជា​អន្តរជាតិ​ពី​ការ​រំលោភ​បំពាន​លើ​ពលករ​ចំណាក​ស្រុក ជាពិសេស​ស្ត្រី​បម្រើ​តាម​ផ្ទះ​រហូត​ដល់​ប្រទេស​នេះ​ត្រូវ​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​របស់​ខ្លួន។

អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​យល់​ថា​ ការ​កែប្រែ​ច្បាប់​ការងារ​ដែល​ប្រទេស​អារ៉ាប់ប៊ី ​សាអ៊ូឌីត ​បាន​ធ្វើ​នាពេល​ថ្មីៗ​នេះ​ប្រហែល​ជា​អាច​ទប់​ស្កាត់​ការ​រំលោភ​បំពាន​ ដែល​ធ្លាប់​មាន​ក្នុង​ពេល​កន្លង​មក ​ប៉ុន្តែ​នៅ​តែ​មិន​ទាន់​បាន​បញ្ចូល​ការ​ការពារ​ដល់​អ្នក​បម្រើ​តាម​ផ្ទះ ​ហើយ​មាន​លក្ខណៈ​រើសអើង​លើ​ស្ត្រី។

លោកស្រី មូរ សុខហួរ អ្នក​តំណាងរាស្រ្ត​ទទួល​បន្ទុក​កិច្ចការ​ស្រ្តី​ កុមារ និង​ពលករ​ចំណាកស្រុក​ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​«ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Michelle Obama ក្នុង​ការ​លើក​កម្ពស់​សារៈសំខាន់​នៃ​ការ​អប់រំ​សម្រាប់​ស្ត្រី‍» នៅ​ក្នុង​កម្មវិធី Hello VOA ពិសេស​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១១ ខែ​មីនា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

លោកស្រី​ មូរ សុខហួរ​ បាន​លើក​សរសើរ​ដល់​ក្រសួង​ការងារ​ដែល​ខិត​ខំ​ស្វែង​រក​ការងារ​ជូន​ដល់​ពលរដ្ឋ​ខ្មែរ ​ប៉ុន្តែ​បាន​ទាញ​ការចាប់​អារម្មណ៍​លើ​បញ្ហា​មួយ​ចំនួន​ដែល​លោក​ស្រី​យល់​ថា ​បើ​មិន​មាន​ការ​កំណត់​ឱ្យ​ច្បាស់​ទេ​ ស្ត្រី​ខ្មែរ​នឹង​ក្លាយ​ជា​ជន​រងគ្រោះ​ក្នុង​ពេល​អនាគត។​

«ការ​ប្រឈម​មុខ​របស់​ស្រ្តី​ដែល​ធ្វើ​ការ​ងារ​ក្នុង​ផ្ទះ​នៅ​ប្រទេស​អារ៉ាប់ប៊ី សាអ៊ូឌីត ​គឺ​ដូចជា​ការ​ធានា​មិន​ឱ្យ​មាន​ការ​រំលោភ​ ធានា​មិន​ឱ្យ​គេ​យក​ប៉ាស្ព័រ ​ធានា​ឱ្យ​មាន​ការ​ផ្តល់​ថវិកា​កម្រៃ​ប្រចាំ​ខែ​ឱ្យ​ទៀងទាត់​ ។ល។​និង​។ល។​ ដែល​មាន​ចែង​នៅក្នុង​កតិការ​សញ្ញា​ ILO ​នោះ ​នៅ​ប្រទេស​អារ៉ាប់ប៊ី សាអ៊ូឌីត​ គេ​មិន​បាន​គិត​អំពី​កត្តា​ទាំង​អស់​នោះ ​នៅ​ក្នុង​ច្បាប់​ការងារ​របស់​គេ​ទេ​សម្រាប់​ស្ត្រី​ធ្វើការ​ងារ​ក្នុង​ផ្ទះ‍»៕

XS
SM
MD
LG