ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តី​ព្រាងច្បាប់​ស្តីពី​សហជីព​នៅ​​ជួប​បញ្ហា​ចម្រូង​ចម្រាស់


លោក​ អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ហៅ​ស៊ីខៅ​ឌូ​​​នៅ​ក្នុង​បាតុកម្ម​មួយ​កាល​ពី​ថ្ងៃ​ទី​៨​ខែ​មីនា ឆ្នាំ​២០១៤​ក្នុង​រាជធានី​ភ្នំពេញ។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)
លោក​ អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ហៅ​ស៊ីខៅ​ឌូ​​​នៅ​ក្នុង​បាតុកម្ម​មួយ​កាល​ពី​ថ្ងៃ​ទី​៨​ខែ​មីនា ឆ្នាំ​២០១៤​ក្នុង​រាជធានី​ភ្នំពេញ។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)
តំណាង​រដ្ឋា​ភិបាល​ សង្គម​ស៊ីវិល​ សហជីព​កម្មករ​ និង​អង្គការ​សហ​ប្រជាជាតិបាននាំ​គ្នា​ពិគ្រោះ​យោបល់ក្នុង​សិក្ខា​សាលា​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សហជីព។​ ​ច្បាប់​នេះ​គឺជា​ច្បាប់​ដ៏​សំខាន់​មួយ​ដែល​នឹង​ត្រូវ​កំណត់​សិទ្ធិ​សេរី​ភាព​របស់​ក្រុម​កម្មករ​ក្នុង​ការ​ចង​ក្រង​ជា​ក្រុម​ដើម្បី​ផល​ប្រយោជន៍​ការងារ​ពួក​គេ។​

សេចក្តី​ព្រាង​ច្បាប់​ដែល​ធ្វើ​ដោយ​រដ្ឋា​ភិបាល​នេះ​មាន​១៧​ជំពូក​និង​៩១​មាត្រា។ ​មាត្រាទី​៥​ចែង​ថា​ កម្មករ ​និយោជិត ​និយោជក ​មាន​សិទ្ធិ​បង្កើត​សហជីព​ ឬ​សមាគម​តាម​ការ​ជ្រើសរើស​របស់​ខ្លួន​ ដោយ​មិន​ប្រកាន់​និង​ដោយ​ពុំ​ចាំបាច់​មាន​ការ​អនុញ្ញាត​ជាមុន។​

ក៏​ប៉ុន្តែ​មាត្រាទី​១០​ចែង​ថា​ សហជីព​មូល​ដ្ឋាន​ ឬ​មានន័យ​ថា​ សហជីព​នៅ​នឹង​កន្លែង​ធ្វើ​ការ​អាច​បង្កើត​ឡើង​បាន​ ដោយ​កម្មករ ​និយោជិត​យ៉ាង​តិច​ចំនួន​២០​ភាគរយ​នៃ​កម្មករ​និយោជិត​សរុប។​

លោក​អ៊ិត សំហេង ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ដែល​បាន​ចូល​រួម​បើក​សិក្ខា​សាលា​រយៈ​ពេល​ពីរថ្ងៃ​នេះ​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​ថា​ ច្បាប់​នេះ​នៅ​មាន​ភាព​រសើប​ដោយសារ​តែ​ភាគី​ដែល​ពាក់​ព័ន្ធ​ ដូចជាភាគី​សហជីព​ ដែល​តំណាង​ឲ្យ​ក្រុម​កម្មករ​ និង​ខាង​និយោជក​ ដែល​តំណាង​ឲ្យ​ក្រុម​ថៅកែ ​មិនទាន់​ចុះ​សម្រុង​គ្នា​លើ​ខ្លឹម​សារជា​ទូទៅ។​

«កម្ពុជា​ចាត់ទុក​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សហជីព​និង​សិទ្ធិ​កម្មករ​ និយោជិត​គឺ​ជា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា»។​

ប៉ុន្តែ​លោក​ អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ CCAWDU ​អធិប្បាយ​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​បង្ហាញ​ពី​ការ​រឹតត្បិត​ និង​ការ​ដាក់​សម្ពាធ​លើ​សិទ្ធិ​សេរីភាព ​និង​សកម្មភាព​របស់​សហជីព។​

«ដូចជា​នៅ​ក្នុង​មាត្រា​៣​គឺ​យើង​បាន​ស្នើ​ឲ្យ​មាន​ការ​បញ្ចូល​ទៅ​មន្ត្រី​រាជការ ​ឬ​កម្មករ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ដើម្បី​មាន​សិទ្ធិ​បង្កើត​សហជីព​ផង។​ ប៉ុន្តែ​សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​បាន​បញ្ចូល​ចំណុច​នេះ​ទេ។ ​ដោយ​ឡែក​មាត្រា​១០បានដាក់​កំហិត​ឲ្យ​បង្កើត​សហជីព​បាន​លុះ​ណា​តែ​មាន​សមាជិក​ចាប់​ពី​២០​ភាគ​រយ​នៃ​កម្មករ​សរុប។​ ​តើ​យើង​អាច​រក​សមាជិក​បាន​២០​ភាគ​រយ​ទេ​ បើ​យើង​មិន​ទាន់​បង្កើត​សហជីព​បាន​ផង»។​

លោក​អាត់ ធន់​បញ្ជាក់​បន្ថែម​ថា​ មាត្រា​ទី​១៦​ដែលចែង​អំពី​ការ​ពន្យារ​ការ​ចុះ​បញ្ជី​ ការ​ដែល​នឹង​នាំ​ឲ្យ​រដ្ឋាភិបាល​យក​ឡេស​ពន្យារពេល​មិន​ព្រម​ចុះ​បញ្ជី​ឲ្យ​សិទ្ធិ​បង្កើត​សហជីព។ ​មួយវិញ​ទៀត​ មាត្រា​ទី​៦៦ ​ដែល​ចែង​អំពី​ការ​អនុវត្តមិន​បានត្រឹម​ត្រូវ​របស់​សហជីព​អាច​ជា​ហានិភ័យ​ដល់​សកម្ម​ភាព​របស់​ក្រុម​កម្មករ​និង​សហជីព។​

ជាមួយ​គ្នា​នេះ ​លោក​ចន រីឆុត ​(John Rechotte) ​តំណាង​អង្គការ​ពល​កម្ម​អន្តរជាតិ​ ILO ​ក៏​បាន​អធិប្បាយ​ដោយ​យោង​ទៅ​លើ​ការ​រឹត​បន្តឹង​លើ​សិទ្ធិ​សេរីភាព​កម្មករ​ និង​សហជីព​នេះ​ដែរ។​

លោកស្រី​សែនដ្រា ​ដាមិកូ ​(Sandra D'Amico) ​អនុ​ប្រធាន​សមាគម​ជំនួញ​និង​សហព័ន្ធ​និយោជក​កម្ពុជា​ មានប្រសាសន៍​ថា​ តំណាង​ក្រុម​ថៅ​កែ​ចង់​ឃើញ​ក្រុម​សហជីព​ដើរ​តួជា​អ្នក​តំណាង​ឲ្យ​កម្មករ​ពិត​ប្រាកដ។​

«យើង​ក៏​ចង់​ផ្តោត​លើ​តួនាទី​របស់​សហជីព​ក្នុង​ការ​ធ្វើ​ជាតំណាង​ពិត​ប្រាកដ​របស់​កម្មករ​ ក្នុង​ការ​បញ្ឈប់​ការ​ជ្រៀត​ជ្រែក​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​ ក្នុង​ការ​ផ្តល់​កិច្ច​សហការ ​និង​ក្នុង​សមត្ថភាព​ចរចា​ប្រមូល​នូវ​កិច្ច​ព្រម​ព្រាង។ ​នេះ​គឺ​ជា​អត្ថន័យ​ដែលគ្រប​ដណ្តប់​កម្លាំង​ពល​កម្ម​របស់​យុវជន»។

លោកស្រី​ចង់​ឃើញ​ថា​ កម្មករ​ទទួល​បាន​ការ​ការពារនៅ​ពេល​ដែល​ពួក​គេ​ចូល​ជា​សមាជិក​របស់​សហ​ជីព​ ដោយ​រំពឹង​ថា​ ច្បាប់​ស្តី​ពី​សហជីព​នេះ​នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​ការ​ប្រកួត​ប្រជែង​ និង​ការ​ទាក់​ទាញ​វិនិយោគិន។​

លោក​រដ្ឋមន្ត្រី​ អ៊ិត សំហេង​ ឲ្យ​ដឹង​ថា​ មាន​សហជីព​កម្មករ​ចំនួន​ជាង​៣០០០​ត្រូវ​បាន​ទទួល​ស្គាល់​ មាន​សហព័ន្ធ​សហជីព​ចំនួន​ជាង​៨០​ និង​សហភាព​សហជីព​ចំនួន​ជាង​ដប់។​

លោក ​អ៊ិត សំហេង​ រំពឹង​ថា​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព​នេះ​នឹង​ត្រូវ​ដាក់​ជូន​រដ្ឋ​សភាពិភាក្សា​ និង​អនុម័ត​ក្នុង​អំឡុង​ចុង​ឆ្នាំ​២០១៤​នេះ៕
XS
SM
MD
LG