ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព IndurtriALL Global Union ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ការ​ដំឡើង​ប្រាក់​ខែ​កម្មករ​កាត់ដេរ


ក្រុម​កម្មករ​រោងចក្រ​បាន​បន្ត​ធ្វើ​បាតុកម្ម​​​ទាម​ទារ​ដំឡើង​​ប្រាក់ខែ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៣​ រហូត​ដល់​មាន​ការ​បង្រ្កាប​ពី​កងកម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​កាលពី​ដើមខែ​មករា ​ឆ្នាំ​២០១៤។​
ក្រុម​កម្មករ​រោងចក្រ​បាន​បន្ត​ធ្វើ​បាតុកម្ម​​​ទាម​ទារ​ដំឡើង​​ប្រាក់ខែ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៣​ រហូត​ដល់​មាន​ការ​បង្រ្កាប​ពី​កងកម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​កាលពី​ដើមខែ​មករា ​ឆ្នាំ​២០១៤។​
ក្រុម​ហ៊ុន​បញ្ជា​ទិញ​សម្លៀក​បំពាក់​និង​សហជីព​អន្តរជាតិ​ (IndurtriALL ​Global​ Union)​ ជាថ្មី​ម្តងទៀតជំរុញឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្វែងរក​ដំណោះ​ស្រាយសម្រាប់​វិបត្តិនៃ​ការ​ទាម​ទាម​ដំឡើងប្រាក់​ខែ​របស់​ក្រុម​កម្មករ​កាត់ដេរ​ ក្រោយ​ពី​មាន​ការ​បង្ក្រាប​យ៉ាង​ហិង្សា​លើ​ការ​តវ៉ា​កាល​ពីដើម​ឆ្នាំ​នេះ។​

កាលពី​ថ្ងៃ​ច័ន្ទ តំណាង​សហជីព​ IndurtriALL ​Global​ Union ​និង​តំណាង​ក្រុមហ៊ុន​សម្លៀកបំពាក់​អន្តរ​ជាតិ​ ដូចជា​ Levi Stauss, Puma, H&M ហើយ​នឹង ​GAP​ បាន​ធ្វើការ​ប្រជុំ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ពិភាក្សា​អំពី​ស្ថាន​ភាព​ទូទៅ​នៃ​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា​ និងការ​ទាមទារ​ដំឡើងប្រាក់ខែ​របស់​ក្រុម​កម្មករ​រោងចក្រ។​ ក្រុម​កម្មករបាន​ទាមទារ​ប្រាក់ខែ​គោល​ទាប​បំផុត​ចំនួន​១៦០​ដុល្លារ​ក្នុង​មួយ​ខែ។​

ថ្លែង​ក្រោយ​ការ​ប្រជុំ​បិទទ្វារ​ជាមួយ​តំណាង​សហជីព​កម្មការ​កាត់​ដេរ​កម្ពុជា​នៅព្រឹក​ថ្ងៃ​អង្គារ​នេះ​ លោក​ Jyrki ​Raina ​អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​អន្តរជាតិ​ ​IndustriALL ​Global​ Union ​ថ្លែង​ថា​ លោក​ចង់​ឃើញ​តំណាង​សម្ព័ន្ធ​រោង​ចក្រ​កាត់​ដេរ​ និង​ស្បែក​ជើង​នៅ​កម្ពុជា​បង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ចរចា​ដើម្បី​អាច​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់វិបត្តិខាង​លើ​នេះ។​

«សារ​របស់​តំណាង​ម៉ាក​សម្លៀក​បំពាក់​ និង​សហជីព​អន្តរជាតិបញ្ជូន​ទៅ​កាន់​ GMAC សរសេរ​ថា​ សូម​មេត្តា​បង្ហាញ​ការសហការ​ ចាប់ផ្តើម​ដំណើរការ​ចរចា​ជាមួយ​សហជីព ហើយ​សូម​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ខ្លាំង​ពីព្រោះ​ថា​ ម្ចាស់​ម៉ាក​សម្លៀក​បំពាក់​កំពុង​តែ​ពិចារណា​អនាគត​របស់​ពួកគេ​នៅ​ក្នុង​ទីផ្សារ​របស់​កម្ពុជា។​ ​តំណាង​ម៉ាក​សម្លៀក​បំពាក់​មួយ​បាន​បង្ហាញ​ជំហរ​របស់​គេ​ហើយ​ ដោយ​បាន​កាត់បន្ថយ​ការ​បញ្ជា​ទិញ​របស់​គេ​រហូតដល់​ ៥០%​នៅ​ឆ្នាំ​នេះ»។​ ​

ក្រោយ​ពី​ជំនួប​ជាមួយ​រដ្ឋា​ភិបាល​កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​ Raina ​បាន​ស្រង់​សម្តី​ក្រុម​ហ៊ុន​បញ្ជា​ទិញ​ថា​ ក្រុម​ហ៊ុន​បញ្ជា​ទិញ​ចង់​ឃើញ​ការ​បញ្ឈប់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ដល់​ក្រុម​កម្មករ​ អ្នក​តវ៉ា​ និង​ដំឡើងប្រាក់​ឈ្នួល​សម​ស្រប​ដល់​កម្មករ។​

លោក​អាត់​ ​ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីពប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​គឺ​CCAWDU ​ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​សហជីព ​IndustriALL ​Global​ Union ​ ​បាន​ឲ្យ​ដឹង​ថា​ ​សហជីព​អន្តរជាតិ​ព្រមាន​ថា ​វិស័យ​កាត់​ដេរនៅ​កម្ពុជា​អាច​នឹង​ប្រឈម​នឹង​វិបត្តិធ្ងន់ធ្ងរ​ ប្រសិន​បើ​វិបត្តិ​កម្មករ​ទាមទារ​ដំឡើងប្រាក់​ខែ​អប្បបរមា​នេះ​នៅ​អូស​បន្លាយ​ដោយ​គ្មាន​ដំណោះ​ស្រាយ​នោះ។​

«មិន​ព្រម​ដោះស្រាយ​គេ​ថា​ នឹង​មាន​វិបត្តិ​ធំ​មួយ​កើត​ឡើង​ក្នុងវិស័យ​កាត់ដេរ គឺក្រុមហ៊ុន​ទាំងអស់​ហ្នឹង​អាច​នឹង​ពិចារណា​មិន​បន្ត​ការ​គាំទ្រ​ក្នុង​ប្រទេស​កម្ពុជា។​ នេះ​ជា​ជំហរ​របស់​គេ»។​

ទោះបី​ជា​យ៉ាងណាក្តី ​លោក​កែន លូ ​អគ្គលេខាធិការ​សមាគមន​កាត់​ដេរនិង​ស្បែក​ជើង​កម្ពុជា GMAC ថ្លែង​ថា​ សមាគម​នៅ​តែ​បន្ត​បើក​ទ្វារ​ពិភាក្សា​ជួយ​មួយ​សហជីព។​ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា​ សហជីព​ភាគតិច​ប៉ុណ្ណោះ​ដែល​នៅ​បន្ត​ការ​ទាម​ទារ​ និង​ការតវ៉ា​ខុស​ច្បាប់។​

«ឆន្ទៈ​របស់យើង​គឺ​មាន។​ ប៉ុន្តែ​ធ្វើម៉េច​ បើ​មាន​សហជីព​មួយ​ចំនួន​ វា​បន្ត​អុកឡុក ឲ្យ​យើង​ធ្វើម៉េច? ទីមួយ​អ្នក​ទាំងអស់​គ្នា​ត្រូវតែ​គោរព​ច្បាប់​ ហើយ​កម្មករ ​បើ​ចង់​ទាមទារ​ដំឡើង​ប្រាក់ខែ​គឺ​ត្រូវ​ធ្វើ​តាម​ច្បាប់»។​ ​

វីអូអេ​បានព្យាយាម​ទាក់ទង​លោក​ហេង សួ ​អ្នក​នាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ដើម្បី​សុំការ​បំភ្លឺ​ តែ​មិន​អាច​ទាកទង​បាន​ទេ ​នៅ​ថ្ងៃ​នេះ។ ​ក៏​ប៉ុន្តែ​ក្រោយ​ពី​ជំនួប​ជាមួយ​នឹង​ក្រុមអ្នក​បញ្ជា​ទិញ ​លោក​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា គេ​ហាក់​ដូច​ជា​មិនទាន់​បាន​យល់​អំពី​កម្រិត​ប្រាក់​ឈ្នួល​អប្បបរមា​ ឬ​ប្រាក់​ឈ្នួល​ទាប​បំផុត​ ដោយ​មិនមាន​ការកំណត់​ពី​ប្រាក់​ឈ្នួល​សមរម្យ​នោះ​ទេ។​

ក្រុម​កម្មករ​រោងចក្រ​បាន​បន្ត​ធ្វើ​បាតុកម្ម​ទាម​ទារ​ដំឡើងប្រាក់ខែ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៣​រហូត​ដល់​មាន​ការ​បង្រ្កាប​ពី​កងកម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​កាលពី​ដើមខែ​មករា ​ឆ្នាំ​២០១៤។​

យោង​តាម​ទិន្នន័យ​របស់​ក្រសួង​ការ​ងារ​បាន​ឲ្យដឹង​ថា សម្រាប់​ឆ្នាំ​២០១៣​ វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​នៅ​កម្ពុជា​បាន​ផ្តល់​ចំណូល​ដល់​កម្ពុជាប្រមាណ​៥,៥​ពាន់​លាន​ដុល្លារ​គឺ​ស្មើនឹង​៨០%​នៃ​ផលិតផល​នាំ​ចេញ​សរុប​របស់​ប្រទេស​ក្រីក្រ​មួយ​នេះ។​

ដោយឡែក​វិស័យ​នេះ​បាន​ផ្តល់​ការងារ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រហែល​ជាង​៦​សែន​២​ម៉ឺន​នាក់​ ក្នុង​រោងចក្រ​សរុប​ប្រហែល​៩៦០​រោងចក្រ​ទូទាំង​ប្រទេស៕​
XS
SM
MD
LG