ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​មហាក្សត្រ​​ខ្មែរ​យាង​ទៅ​ចិន ​ខណៈ​ប្រទេស​ស្ថិត​ក្នុង​ការ​រាតត្បាត​វីរុស​កូរ៉ូណា


រូបឯកសារ៖ ព្រះ​មហា​ក្សត្រ​ព្រះ​បាទ​នរោត្តម ​សីហមុនី ​និង​ព្រះ​មហា​ក្សត្រីយានី​នរោត្តម​មុនីនាថ​ សីហនុ យាង​ជួប​ជាមួយ​ប្រធានាធិបី ចិន លោក ស៊ី ជីនពីង​ និង​ភរិយា នៅ​ទីក្រុង ប៉េកាំង ប្រទេស​ចិន ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ២០១៨។
រូបឯកសារ៖ ព្រះ​មហា​ក្សត្រ​ព្រះ​បាទ​នរោត្តម ​សីហមុនី ​និង​ព្រះ​មហា​ក្សត្រីយានី​នរោត្តម​មុនីនាថ​ សីហនុ យាង​ជួប​ជាមួយ​ប្រធានាធិបី ចិន លោក ស៊ី ជីនពីង​ និង​ភរិយា នៅ​ទីក្រុង ប៉េកាំង ប្រទេស​ចិន ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ២០១៨។

ព្រះ​មហាក្សត្រ​ព្រះ​បាទ នរោត្តម សីហមុនី និង​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ​នឹង​យាង​ទៅ​ពិនិត្យ​ព្រះ​រាជ​សុខភាព​នៅ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ ស្របពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ជួប​វិបត្តិ​នៃ​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា។

ព្រះ​រាជសារ​របស់​ព្រះ​មហាក្សត្រ​ចេញ​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា​នេះ ​បញ្ជាក់​ថា ព្រះ​មហាក្សត្រ​ និង​ព្រះ​វររាជ​មាតា នឹង​យាង​ទៅ​ពិនិត្យ ព្យាបាល​ព្រះរាជ​សុខភាព ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ថ្ងៃ​ទី១ ខែ​មេសា​នេះ។ ព្រះ​រាជ​សារ​មាន​ន័យ​ដើម​ថា៖ «នៅ​ក្នុង​ឱកាស​អវត្តមាន​របស់​ទូល​ព្រះ​បង្គំ ខ្ញុំ​ព្រះករុណា​ ខ្ញុំ​ ខាង​លើ​នេះ សម្តេច​វិបុល សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នឹង​ទទួល​ជួយ​ទូល​ព្រះ​បង្គំ ខ្ញុំ​ព្រះ​ករុណា​ ខ្ញុំ ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋ​ស្តីទី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា»។

ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​ព្រះ​រាជ​លេខា​ផ្ទាល់​របស់​ព្រះ​បរម​រតន​កោដ្ឋ មាន​បន្ទូល​ប្រាប់​VOA​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ព្រះ​មហាក្សត្រ​មាន​គម្រោង​យាង​ទៅ​ពិនិត្យ​ព្រះ​រាជ​សុខភាព ​តាំង​ពី​ខែ​កុម្ភៈ​មក ប៉ុន្តែ​ដោយ​សារ​មាន​ការ​ផ្ទុះ​ឡើង​មេរោគ​កូរ៉ូណា ទើប​គ្រូពេទ្យ​នៅ​ប៉េកាំង​គាល់ព្រះ​មហាក្សត្រ ឲ្យ​យាង​ទៅ​នៅ​ដើម​ខែ​មេសា​វិញ។

យ៉ាងណាក្តី​ព្រះអង្គ​ម្ចាស់​ធម្មិកោ​មិន​ទាន់​អាច​បញ្ជាក់​ថា ព្រះ​មហា​ក្សត្រ​នឹង​យាង​មក​កម្ពុជា​វិញ​នៅ​ពេល​ណា​នៅ​ឡើយ​ទេ។

«ទៅ​តាម​ច្បាប់​ចិន​សព្វ​ថ្ងៃ​ហ្នឹង បរទេស​ចេញ​ចូល​ប្រទេស​ចិនត្រូវ​តែ​ឃុំ​ទុក​១៥​ថ្ងៃ ដូច្នេះ​ប្រហែល​ជា​គេ​នឹង​រៀប​ចំ​ផែន​ការ​ហ្នឹងទៅ​ថ្វាយលោក​ដែរ ដូច្នេះ​ផែន​ការ​ពិនិត្យ​សុខភាព​របស់លោក មិន​អាច​នឹង​ធ្វើ​ភ្លាមៗ​បាន​ទេ។ ដូច្នេះ​ប្រហែល​ជា​យ៉ាង​អន់​ណាស់​ក៏៣​សប្តាហ៍​ទៅ​៤​សប្តាហ៍​ដែ​រ។ តាម​ការ​ស្មាន​ទេ​ណា ព្រោះ​ខ្ញុំអត់​មាន​អី​ច្បាស់​លាស់​ដែរ»។

មិន​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​ថា​ មូល​ហេតុ​អ្វី​បាន​ជា​ព្រះមហាក្សត្រ​ទ្រង់​ត្រូវ​យាង​ចេញ​ទៅ​ក្រៅ​ប្រទេស​នា​ពេល​នេះ ខណៈ​កម្ពុជា​កំពុង​ជួប​វិបត្តិ​នៃ​ការ​រាល​ដាល​វីរុស​កូរ៉ូណា។ ព្រះ​អង្គ​បាន​យាង​ទៅប្រទេស​ចិន​ចុង​ក្រោយ កាល​ពី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ដើម្បី​ពិនិត្យ​ព្រះ​រាជសុខភាព​។

ការ​យាង​ចេញ​របស់​ព្រះ​មហាក្សត្រនៅ​ថ្ងៃ​ស្អែក​នេះ ធ្វើ​ឡើង​ក្រោយ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដែល​ថា​រដ្ឋាភិបាល​របស់​លោក​បាន​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់​មួយសម្រាប់ត្រៀម​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ​នៅ​ពេល​ដែល​រដ្ឋាភិបាល​យល់​ថា​ ត្រូវ​ប្រើ​កម្លាំង​សន្តិសុខ​ដើម្បី​បង្ការ​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា។

លោក​ ហ៊ុន សែន បញ្ជាក់​ថា ច្បាប់​នេះ​នឹង​ត្រូវ​ដាក់​ទៅ​គណៈ​រដ្ឋមន្រ្តី​ដើម្បី​អនុម័ត​នៅ​សប្តាហ៍​នេះ​ ទើប​បញ្ជូន​ទៅ​រដ្ឋសភា​ដើម្បី​ពិនិត្យ ​និង​ប្រកាស​ប្រើប្រាស់​ជា​ប្រញាប់​ដោយ​ព្រះ​មហាក្សត្រ។​

លោក ម៉ម ប៊ុននាង អ្នក​នាំ​ពាក្យ​ព្រឹទ្ធ​សភា ប្រាប់VOAថា ព្រឹទ្ធ​សភា​ទើប​តែ​បាន​ទទួល​ព្រះ​រាជសារ​របស់​ព្រះ​មហាក្សត្រនិង​ត្រៀម​មន្រ្តី​ដើម្បី​ជំនួស​ប្រធាន​ព្រឹទ្ធសភា​ក្នុង​ការ​ដឹកនាំ​ប្រជុំ។ លោក​បន្ថែម​ថា ​សេចក្តី​ព្រាង​ច្បាប់ពាក់ព័ន្ធ​នឹង​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​ជំនួស​ដោយ​លោក សាយ ឈុំ ដែល​ជា​ប្រមុខ​រដ្ឋ​ស្តីទី ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​មុន​ពេល​ដែល​ព្រះ​មហាក្សត្រ​យាង​ត្រឡប់​មក​វិញ។

អ្នកនាំ​ពាក្យ​ព្រឹទ្ធសភា​រូប​នេះ​បន្ថែម​ថា ក្នុង​ករណី​មាន​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា តើ​ត្រូវ​តែ​ជា​ព្រះ​មហាក្សត្រ​ជា​អ្នក​ប្រកាស ឬ​ក៏​ប្រមុខ​រដ្ឋ​ស្តី​ទី​អាច​ប្រកាស​ជំនួសបាន​នៅ​ពេល​ព្រះ​មហាក្សត្រ​អវត្តមាន​ ដោយ​លោក​ថា រង់​ចាំ​សេចក្តី​ព្រាង​ច្បាប់ចេញ​ជាផ្លូវ​ការ​ជាមុន​សិន។

«ទាល់​តែ​តាក់តែង​ច្បាប់​ហ្នឹង​ហើយ​បាន​យើង​អាច​សន្និដ្ឋាន​ដឹង។​ ក៏​ប៉ុន្តែ​រាល់​ការ​ស្នើ​ដាក់​ប្រទេស​ជាតិ​ក្នុង​ភាព​អាសន្ននោះ​ ទាល់​តែ​មាន​ការ​ស្នើ​ពី​ព្រះមហាក្សត្រហើយ​មាន​ការ​ឯកភាព​ពី​នាយក​រដ្ឋមន្រ្តី ឬ​ក៏​ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធ​សភា​ផង​ដែរ។ អាហ្នឹង​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​ចែង​អញ្ចឹង»។

លោក មាស នី អ្នក​សិក្សា​ពីការ​វិវត្ត​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា ការ​ព្រាង​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ត្រូវ​ធានា​ថា ​ធ្វើ​ឡើង​ដោយ​តម្លាភាព និង​មាន​គោល​ការណ៍​ក្នុង​ការការពារ​ប្រយោជន៍​របស់ប្រជាពលរដ្ឋ​ ជាពិសេស​ការ​រក្សា​ស្ថិរភាព​ស្បៀង​អាហារ។

«រដ្ឋ​ត្រូវ​តែ​ធ្វើ​ម៉េច​ផ្តល់​នូវ​តុល្យភាព​ទាំង​ពីរ​ពី​ការ​អនុវត្ត​ប្រទេស​នៅ​ក្នុង​ករណី​អាសន្នគឺ​យើង​បិទ​សិទ្ធិ​សេរីភាព​របស់​មនុស្សក្នុង​ការ​ទំនាក់​ទំនង​ដើរ​ចុះ​ឡើង​ដើម្បី​កុំ​ឲ្យ​ឆ្លង ប៉ុន្តែ​រដ្ឋ​ត្រូវមាន​ចំណែក​ណា​មួយ​ដែល​បម្រុង​សម្រាប់​ទប់​ទល់ ផ្តល់​ជីវភាព​ប្រជាពលរដ្ឋ​ នៅ​ពេល​ដែល​យើងមាន​បញ្ហា​កង្វះ​ស្បៀង​កង្វះ​អី។ ហើយ​កិច្ច​ការ​អស់​នេះ​វា​ត្រូវ​តែ​ចេញ​ជា​គោល​ការណ៍ ជា​គោល​នយោបាយ​មួយ​ច្បាស់​លាស់»។

សម្រាប់​ព្រះ​អង្គម្ចាស់​ ធម្មិកោ មាន​ព្រះ​បន្ទូល​ថា ការ​ព្រាង​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្នក្នុង​គោលដៅ​ដើម្បី​គ្រប់គ្រង​ស្ថានភាព​មេរោគ​កូរ៉ូណា​ជា «​មូលហេតុ​មិន​សម​ហេតុ​ផល»។ ព្រះអង្គ​ម្ចាស់​បន្ត​ថា កម្ពុជា​មាន​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​ចែង​អំពី​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ដូច្នេះ​លោក​ថា ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​នេះ អាច​ដោយសារ​រដ្ឋាភិបាល​មានផែនការផ្សេង។

​លោក ហ៊ុន សែន បាន​ថ្លែងកាល​ពី​ថ្ងៃ​ចន្ទ​ថា​ ច្បាប់​នេះ​ធ្វើ​ឡើង​ដើម្បី​ការពារ​អាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ មិន​មែន​ដើម្បី​បំបិទ​សំឡេង​របស់​ក្រុម​ប្រឆាំង​នោះ​ទេ៕

XS
SM
MD
LG