ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅថ្ងៃអង្គារនេះថាមានករណីថ្មីពីរទៀតនៃការឆ្លងវីរុសកូរ៉ូណានៅខេត្តសៀមរាប ដែលជាម្តាយកូនពីរនាក់។
បន្ថែមករណីថ្មីពីរនេះ សរុបទាំងអស់ករណីឆ្លងវីរុសនេះនៅកម្ពុជាមានចំនួន១០៩ហើយគិតត្រឹមថ្ងៃអង្គារនេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅព្រឹកថ្ងៃអង្គារ ករណីថ្មីនេះ មានម្តាយអាយុ៣៩ឆ្នាំ និងកូនប្រុសអាយុ១២ឆ្នាំ នៅក្រុងសៀមរាប ហើយស្វាមីរបស់ស្រ្តីនោះ គឺជាបុរសអាយុ៤០ឆ្នាំ ដែលមានផ្ទុកវីរុសនេះ ពេលត្រឡប់មកពីចូលរួមពិធីសាសនាមួយនៅប្រទេសម៉ាឡេស៊ីកាលពីដើមខែមីនា។
ពិធីសាសនាដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ីកាលពីចុងខែកុម្ភៈបានធ្វើឲ្យពលរដ្ឋកម្ពុជាជិត៣០នាក់ដែលទៅចូលរួមបានឆ្លង និងបានរាលដាលទៅក្រុមគ្រួសាររបស់ពួកគេផងដែរ។
បើតាមក្រសួងសុខាភិបាល កូន២នាក់ផ្សេងទៀត និងឪពុកក្មេករបស់ស្រ្តីដែលឆ្លងខាងលើនេះ ត្រូវបានបានធ្វើតេស្ត និងលទ្ធផលអវិជ្ជមាន គឺមិនមានផ្ទុកមេរោគនេះទេ។
ក្រសួងសុខាភិបាលបន្ថែមថា រហូតមកដល់ពេលនេះ មានករណីជាសះស្បើយចំនួន២៣នាក់ ដែលក្នុងនោះក៏មានបុរសខ្មែរដែលឆ្លងវីរុសកូរ៉ូណាដំបូងបង្អស់នៅខេត្តសៀមរាបផងដែរ។
លោក លី សូវណ្ណ អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលកម្ពុជាបានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃអង្គារនេះថារហូតមកដល់ពេលនេះមិនទាន់មានករណីឆ្លងទៅដល់សហគមន៍នៅឡើយទេ។ ប៉ុន្តែ លោកបញ្ជាក់ថាលទ្ធភាពអាចមាន។
លោកមានប្រសាសន៍ថា៖ «ពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡើយទេតែលទ្ធភាពនឹងអាចកើតមានឡើង»។
កាលពីថ្ងៃច័ន្ទ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថារដ្ឋាភិបាលរបស់លោកបានបញ្ចប់សេចក្តីព្រាងច្បាប់មួយសម្រាប់ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នដែលនឹងត្រៀមនៅពេលណាមួយដែលរដ្ឋាភិបាលយល់ថា ត្រូវប្រើកម្លាំងសន្តិសុខដើម្បីបង្ការការរាតត្បាតវីរុសកូរ៉ូណា។
រដ្ឋាភិបាលក៏បានប្រកាសបិទបណ្តោះអាសន្នកាស៊ីណូទាំងអស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែមេសា និងបិទកុំឲ្យមានការនាំចេញអង្ករស និងស្រូវទៅក្រៅប្រទេស ដើម្បីរក្សាទុកស្បៀងក្នុងប្រទេស ប្រសិនបើជំងឺកូវីដនេះរាលដាលកាន់តែខ្លាំង៕