ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខ្មែរក្រហម​នឹង​បើក​សវនាការ​អំពី​សុខភាព​នួន​ ជាអៀង សារី​


នួន ជា ​អាយុ​៨៦​ឆ្នាំ ​និង​អៀង សារី ​អាយុ៨៧​ឆ្នាំ​
នួន ជា ​អាយុ​៨៦​ឆ្នាំ ​និង​អៀង សារី ​អាយុ៨៧​ឆ្នាំ​
​ភ្នំពេញ​៖ ក្រុម​មេធាវី​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ថា ​កូនក្តី​របស់​ពួកខ្លួន​ដែលជា​អតីត​មេ​ដឹកនាំ​កំពូល​ខ្មែរក្រហម​មាន​សុខភាព​កាន់តែ​ទ្រុឌទ្រោម​និង​បាត់បង់​ការ​ចងចាំ​សម្រាប់​ចូលរួម​សវនាការ។​

ការ​លើកឡើង​នេះ​ធ្វើឡើងស្រប​ពេល​ដែល​សាលាក្តី​ខ្មែរក្រហម​គ្រោង​នឹង​បើក​សវនាការ​នៅ​ខែ​មិនា​ឆ្នាំ២០១៣នេះ​ស្តីពី​សុខភាព​និង​កាយ​សម្បទា​របស់​ជន​ជាប់​ចោទ​នួន ជា​ អតីត​ប្រធាន​សភា​ខ្មែរក្រហម​ និង​អៀង សារី ​អតីត​ឧបនាយក​រដ្ឋមន្ដ្រី​ និងជា​រដ្ឋ​មន្ដ្រី​ការ​បរទេស​ខ្មែរក្រហម។​

លោក​សុន អារុណ ​សហ​មេធាវី​ជាតិ​តំណាង​ឲ្យ​របស់​នួន ជា​បាន​អះអាង​ថា ​កូនក្តី​របស់ខ្លួន​មាន​សុខភាព​ទ្រុឌទ្រោម​ខ្លាំង​ ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ។​

«មួយអាទិត្យ ពីរ​អាទិត្យ​នេះ ​ឃើញ​គាត់​ទារុណ​ទរា​ខ្លាំង​ ខុសប្លែក។​ ខ្ញុំ​សួរ​ទៅ​ខាង​គ្រូពេទ្យ ​ក៏​គេ​ឃើញ​អញ្ចឹង​ ហើយ​ប្រាប់​ខ្ញុំ​អញ្ចឹង​ដែរ។​ ព្រោះ​មួយអាទិត្យ​ពីរ​នេះ ​ឃើញ​គាត់​ចុះ​ខ្សោយ​ខ្លាំង។ ​ព្រឹក​មិញ​នេះ​ គ្រូពេទ្យ​គេ​សាកល្បង​ឲ្យ​ឡើង​អង្គុយ​ ទៅ​អង្គុយ​ឥត​បាន»។​

លោក​សុន អារុណ​អធិប្បាយ​បន្ថែម​ថា​ អតីត​បងធំ​ទី២​ខ្មែរក្រហម ​នៅ​ពេលនេះ​បាន​ចាប់ផ្តើម​បាត់បង់​ការ​ចងចាំ។​

«នួន ជា​ ទី១​គាត់​ឈឺ​ចង្កះ​ ​ទី២​ជើង​គាត់​ដើរ​ឥត​រួច។ ​ដល់​ពេល​ដេក​យប់​ទៅ​ជើង​គាត់​ញាក់ៗ។​ ខួរក្បាល​គាត់​ឥឡូវ​មើល​អី​ឥត​ចាំ​ទេ។​ គាត់​មើល​ទៅ​ប្រហែល​ជា៥​ភាគរយ​អី​ទេ ​អាច​ចាំ»។​

នួន ជា ​អាយុ​៨៦​ឆ្នាំ ​និង​អៀង សារី ​អាយុ៨៧​ឆ្នាំ​ស្ថិត​ក្នុង​ចំណោម​ជន​ជាប់ចោទ​បីនាក់​ក្នុង​សំណុំរឿង​០០២​ដែល​មាន​វត្តមាន​ក្នុង​សវនាការ។​ អៀង ធីរិទ្ធ ​ប្រពន្ធ​របស់​អៀង សារី ​និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​ខ្មែរ​ក្រហម​ត្រូវបាន​ដោះ​លែង​ឲ្យ​នៅក្រៅ​ឃុំ​កាលពី​ឆ្នាំមុន​ដោយសារ​ជំងឺ​វង្វេង​វង្វាន់​ធ្ងន់​ធ្ងរ។​

អៀង សារី​ធ្លាប់បាន​ចូល​ពេទ្យ​អស់​រយៈ​ពេល​ជាង​មួយ​ខែ ​ដោយ​អាការៈ​ហត់​ហេវ​ខ្លាំង​ ប៉ុន្តែ​ក្រោយ​មក​គ្រូពេទ្យ​ឯកទេស​ជំងឺ​មនុស្ស​ចាស់​អះអាង​ថា​ ជន​ជាប់ចោទ​រូប​នេះ​មិនមាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែល​រារាំង​រូបគាត់​មិន​ឲ្យ​ចូលរួម​សវនាការ​នោះ​ទេ ​ហើយ​ជនជាប់ចោទ​នៅ​មាន​សម្បទា​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ការ​កាត់​ទោស។​

សហ​មេធាវី​កម្ពុជា​របស់​អៀង សារី​គឺ​លោក​អាង ឧត្តមមាន​ប្រសាសន៍​ថា​ កូនក្តី​របស់​លោក​មាន​សភាព​កាន់តែ​ជរា​ជាង​មុន។​

«ឥឡូវ​នៅ​ដំណាក់កាល​គាត់​ស្តាប់​យល់​បាន​អន្លើរៗ។ ​អញ្ចឹង ​ម្តង​ម្កាលៗ​ស្តាប់​យល់​ទៅ! ​ហើយ​បន្ទាប់ពី​ស្តាប់​យល់ ​ពេល​ទៅ​សួរ​ទៀត​ស្តាប់​លែង​យល់​ម្តង»។​

លោក​នេត្រ ភក្ត្រា​ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ឲ្យ​ដឹង​ថា​ សាលាក្តី​ខ្មែរក្រហម​គ្រោង​នឹង​ធ្វើ​ការ​វាយ​តម្លៃ​ពី​បញ្ហា​សុខភាព​លើ​ជន​ជាប់ចោទ​ទាំងពីរ​នេះ​ពីថ្ងៃទី​១៧​ដល់​ថ្ងៃទី​១៩​ខែ​មិនា។​

លោក​នេត្រ ភក្ត្រា​ បញ្ជាក់​បន្ថែម​ថា ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នឹង​បើក​សវនាការ​ស្តីពី​បញ្ហា​សុខភាព ​និង​កាយ​សម្បទា​ជន​ជាប់​ចោទ​ទាំង​នេះ​នៅ​ថ្ងៃ​បន្ទាប់។​

«សវនាការ​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព ​និង​កាយ​សម្បទា​របស់​លោក​អៀង សារី ​គឺ​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២១​ ខែ​មិនា ​ឆ្នាំ​២០១៣។​ ហើយ​សវនាការ​បញ្ហា​កាយសម្បទា​សុខភាព​របស់លោក​នួន ជា​គ្រោង​នឹងធ្វើ​នៅ​ថ្ងៃ​ទី២២​ ខែ​មិនា​ឆ្នាំ​២០១៣​ ដោយ​អ្នក​ជំនាញ​ចំនួន​បី​រូប​ហ្នឹង​គ្រោង​នឹង​វាយ​តម្លៃ​សុខភាព​របស់​លោក​នួន​ពីថ្ងៃ​ទី១៧​ដល់​ថ្ងៃ១៩​ខែ​មិនា​ឆ្នាំ​២០១៣»។
សូម​បញ្ជាក់​ថា​ សព្វថ្ងៃ​ជនជាប់ចោទ​ដែល​មាន​វ័យចាស់​ជរា​ទាំងពីរ​គឺ​នួន ជា និង​អៀង សារី​ ​ធ្វើដំណើរ​ចូល​បន្ទប់​សវនាការ​ដោយ​សារ​រទេះរុញ ​ហើយ​ភាគច្រើន​នៃ​ជន​ជាប់ចោទ​ទាំង​ពីរ​មិន​អាច​ចូលរួម​សវនាការ​ដោយ​ផ្ទាល់​ពេញ​មួយ​ថ្ងៃ​បាន​ទេ៕​
XS
SM
MD
LG