ភ្នំពេញ៖ ក្រុមមន្ដ្រីសង្គមស៊ីវិលស្តីបន្ទោសថា សាលាក្តីខ្មែរក្រហមខកខាន មិនបានធ្វើការផ្សព្វផ្សាយជូនដំណឹងដល់ជនរងគ្រោះដើម្បីជួយដល់ពួកគេក្នុងការដាក់ពាក្យបណ្តឹងសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីឲ្យបានទូលំទូលាយសម្រាប់ក្នុងសំណុំរឿងបន្ថែមដ៏ចម្រូងចម្រាស់គឺ០០៣និង០០៤។
សំណុំរឿងទាំងនេះដែលមានជនជាប់សង្ស័យចំនួនប្រាំនាក់ ប៉ុន្តែពុំមានជនសង្ស័យណាម្នាក់ត្រូវគេដឹងអត្តសញ្ញាណជាផ្លូវការនោះទេ។
យោងតាមវិធាននៃសាលាក្តីខ្មែរក្រហម ការដាក់ពាក្យបណ្តឹងប្រឆាំងជនជាប់សង្ស័យឬជនជាប់ចោទ ឬប្តឹងសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីតម្រូវឲ្យប្តឹងសំដៅចំឈ្មោះជនជាប់ចោទ ឬជនជាប់សង្ស័យនោះ ហើយម្ចាស់បណ្តឹងត្រូវស្ថិតនៅក្នុងដែននៃតំបន់ស៊ើបអង្កេតរបស់សហចៅក្រមស៊ើបអង្កេត។
យោងតាមលោក អ៊ឹម សុភា អ្នកសម្របសម្រួលកម្មវិធីផ្សព្វផ្សាយនៃផ្នែកគាំពារជនរងគ្រោះរបស់សាលាក្តីខ្មែរក្រហម បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី៤ខែមករា មានជនរងគ្រោះជាងមួយពាន់នាក់ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងជនជាប់សង្ស័យក្នុងសំណុំរឿងបន្ថែម០០៣និងសំណុំរឿង០០៤ ក្នុងនោះបណ្តឹងចំនួន៣២១សុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០៣និងបណ្តឹងចំនួន៨៤៧សុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០៤។
បើធៀបទៅនឹងតួលេខជនរងគ្រោះដាក់ពាក្យបណ្តឹងកាលពីពាក់កណ្តាលខែធ្នូមិនមានចំនួនកើនឡើងទេ។ ហើយចំនួននេះបានស្ថិតនៅឆ្ងាយបើធៀបនឹងចំនួនជនរងគ្រោះដែលបានដាក់ពាក្យបណ្តឹងសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០២។ សំណុំរឿងនេះមានជនជាប់ចោទ៤នាក់គឺតិចជាងជនសង្ស័យក្នុងសំណុំរឿង០០៣និង០០៤ចំនួនមួយនាក់ ប៉ុន្តែមានជនរងគ្រោះដាក់ពាក្យបណ្តឹងសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីរហូតដល់ជាង៣៨០០នាក់ក្នុងសំណុំរឿង០០២។
លោកឡាត់ គី អ្នកសម្របសម្រួលកម្មវិធីសាលាក្តីខ្មែរក្រហមរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា កង្វះការផ្សព្វផ្សាយទូលំទូលាយរបស់សាលាក្តីខ្មែរក្រហមធ្វើឲ្យជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងឲ្យបានច្រើន។
«ពួកគាត់មានការចាប់អារម្មណ៍នៅក្នុងការចង់តាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ប៉ុន្តែពួកគាត់បានទាមទារដោយត្រង់ថា គាត់ចង់ដឹងព័ត៌មានជាក់លាក់អំពីជនសង្ស័យ។ ជាការណ៍ពិត សាលាក្តីឥតដែលផ្សព្វផ្សាយជាផ្លូវការនូវឈ្មោះរបស់ជនសង្ស័យនៅក្នុងសំណុំរឿងនេះទេ»។
អង្គការអាដហុក ដែលធ្លាប់បានជួយសម្រួលក្នុងការដាក់ពាក្យបណ្តឹងរបស់ជនរងគ្រោះសម្រាប់សំណុំរឿង០០១និង០០២ បច្ចុប្បន្នបានដកខ្លួនពីនីតិវិធីនេះ។ លោកឡាត់ គីលើកឡើងថា អង្គភាពគាំពារជនរងគ្រោះត្រូវទទួលបន្ទុកកិច្ចការនេះដោយផ្ទាល់។ ប៉ុន្តែលោកបញ្ជាក់ថា ជនរងគ្រោះមិនបានទទួលព័ត៌មានច្រើនអំពីសំណុំរឿង០០៣និង០០៤នោះទេ។
សំណុំរឿងទាំងពីរនេះបានស្ថិតក្នុងការប្រទាញប្រទង់យ៉ាងខ្លាំងរវាងភាគីកម្ពុជា និងភាគីអង្គការសហប្រជាជាតិក្នុងសាលាក្តីខ្មែរក្រហមដោយសារតែភាគីកម្ពុជាមិនចង់រុញសំណុំរឿងទាំងពីរនេះចូលក្នុងរបៀបវារៈនៃការកាត់ទោសនោះទេ។
រហូតមកទល់ពេលនេះ គេគ្រាន់តែអាចដឹងនិងស្គាល់ឈ្មោះជនសង្ស័យទាំងប្រាំនាក់ក្នុងសំណុំរឿងទាំងពីរក្រៅផ្លូវការតែប៉ុណ្ណោះ ថ្វីបើការិយាល័យសហចៅក្រមស៊ើបអង្កេតប្រកាសថា ការទទួលបណ្តឹងសំណុំរឿង០០៣ត្រូវបានបិទបញ្ចប់ហើយ។ ហើយកាលពីថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១២សហចៅក្រមស៊ើបអង្កេតអន្តរជាតិបានបង្ហាញទីតាំងស៊ើបអង្កេតបន្ថែមនៅក្នុងខេត្តចំនួនប្រាំគឺពោធិ៍សាត់ បាត់ដំបង តាកែវ កំពង់ចាម និងខេត្តកំពង់ធំ។
លោកឡុង បញ្ញាវុធ ប្រធានគម្រោងនៃអង្គការគម្រោងយុត្តិធម៌សង្គមសេរីនៅកម្ពុជា ដែលជាផ្នែកមួយរបស់អង្គការOSJI បានកត់សម្គាល់ថា សហចៅក្រមស៊ើបអង្កេតខកខានក្នុងការដាក់បញ្ជាឲ្យផ្នែកគាំពារជនរងគ្រោះធ្វើការផ្សព្វផ្សាយដើម្បីលើកទឹកចិត្តដល់ជនរងគ្រោះឲ្យចូលរួមក្នុងដំណើរការក្តីក្នុងសំណុំរឿងបន្ថែមទាំងពីរ។
សម្រាប់លោកលោកឡុង បញ្ញាវុធកង្វះខាតនេះនឹងនាំឲ្យប៉ះពាល់ដល់យុត្តិធម៌សម្រាប់ជនរងគ្រោះ។
«ដំណើរការមួយអាចមានយុត្តិធម៌បានគឺបានន័យថា យុត្តិធម៌ត្រូវបានគេមើលឃើញថា ផ្នែកពាក់ព័ន្ធនៃសាលាក្តីខ្មែរក្រហមត្រូវតែផ្សព្វផ្សាយព័ត៌មានឲ្យបានទៀងទាត់។ ដរាបណាជនរងគ្រោះមិនទទួលបានព័ត៌មានទេ អញ្ចឹងយុត្តិធម៌គឺមាននៅក្នុងចំណោមសមាជិកសាលាក្តីតែប៉ុណ្ណឹងទេ»។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បកស្រាយថា សាលាក្តីខ្មែរក្រហមបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីសំណុំរឿងទាំងនេះ។
«កន្លងមកនេះ យើងបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈផ្នែកកិច្ចការសាធារណៈ ក៏ដូចជាអង្គភាពគាំពារជនរងគ្រោះនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដើម្បជូនដំណឹងដល់ពួកគាត់អំពីការដាក់ពាក្យបណ្តឹង។ ហើយការដាក់ពាក្យបណ្តឹងនេះគឺយើងបានធ្វើការងារយ៉ាងហ្មត់ចត់ ស្អិតរមួតជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ ដូចជា យើងបានចុះទៅតាមភូមិឃុំនានាដើម្បីធ្វើការផ្សព្វផ្សាយជូនពួកគាត់ដែរ»។
ដោយឡែកលោក អ៊ឹម សុភា អ្នកសម្របសម្រួលកម្មវិធីផ្សព្វផ្សាយនៃផ្នែកគាំពារជនរងគ្រោះ មានប្រសាសន៍ថា វាពិបាកនឹងធ្វើការបកស្រាយអំពីនិន្នាការនៃការចូលរួមរបស់ជនរងគ្រោះក្នុងការដាក់ពាក្យបណ្តឹង។ តែទោះជាយ៉ាងណា លោកនៅតែជំរុញឲ្យប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងបន្ថែមទៀតសម្រាប់សំណុំរឿង០០៤ នៅពេលដែលសំណុំរឿង០០៣បានបិទបញ្ចប់ការទទួលពាក្យបណ្តឹងរួចទៅហើយ។
បន្ថែមពីនេះ ជនរងគ្រោះអាចស្វែងរកដាក់ពាក្យបណ្តឹងដោយផ្ទាល់ទៅកាន់ការិយាល័យគាំពារជនរងគ្រោះ ឬតាមរយៈអង្គការក្រៅរដ្ឋាភិបាលមួយចំនួន៕