សហរដ្ឋអាមេរិកបានទាមទារឱ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងគោរពសិទ្ធិពលរដ្ឋដោយបញ្ចប់ការធ្វើទុក្ខបុកម្នេញអ្នករិះគន់រដ្ឋាភិបាលព្រោះតែហេតុផលនយោបាយ។ នេះបើតាមសារបង្ហោះតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។
សហរដ្ឋអាមេរិកនៅតែបន្តរិះគន់និងចាត់ទុកការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្រ្តកាលពីខែកក្កដាឆ្នាំ២០១៨ ដែលនាំឱ្យកម្ពុជាធ្លាក់ទៅក្រោមការគ្រប់គ្រងឯកបក្សថា «មានកំហុសឆ្គងយ៉ាងខ្លាំង» និង «មិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបានតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា» ដែរ។
ការបោះឆ្នោតកាលពីមួយឆ្នាំមុនបានធ្វើឡើងក្រោយពីតុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំបំផុតនិងបានហាមឃាត់មន្ត្រីគណបក្សជាង១០០នាក់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ មន្រ្តីគណបក្សសំខាន់ៗដទៃទៀតដែលរួមមានលោក សម រង្ស៊ី ស្ថាបនិកគណបក្សបានរត់ភៀសខ្លួនចេញក្រៅប្រទេស។
នេះជាលើកទីមួយហើយ ដែលជម្លោះការទូតរវាងកម្ពុជានិងសហរដ្ឋអាមេរិកបានកើតឡើងដោយចំហរពាក់ព័ន្ធនឹងការបោះឆ្នោតបើទោះបីជាការបោះឆ្នោតបានបញ្ចប់មួយឆ្នាំហើយក៏ដោយ។ ក្នុងការបោះឆ្នោតលើកមុនៗមានការតវ៉ាម្តងម្កាល ប៉ុន្តែបានធ្វើឡើងដោយគណបក្សដែលចាញ់ឆ្នោតហើយមិនដែលអូសបន្លាយដល់ពេញមួយឆ្នាំទេ។
រដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ប្រតិកម្មរបស់អន្តរជាតិគឺជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិសេរីភាពរបស់មហាជន។ រដ្ឋាភិបាលកម្ពុជាបានសំអាងលើតួលេខអ្នកចេញមកបោះឆ្នោតដែលមានជាង៨៣ភាគរយហើយថា សំឡេងឆ្នោតដែលគណបក្សកាន់អំណាចបានទទួលគឺជាឆន្ទៈរបស់ពលរដ្ឋកម្ពុជាដែលបានគាំទ្រគណបក្សរបស់ខ្លួន។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា៖
«គេចោទយើងថាអត់បានកសាងលទ្ធិប្រជាធិបតេយ្យ យើងបានកសាងការបោះឆ្នោតមួយដ៏ទៀងទាត់។ របៀបរបបនៃគណបក្សនយោបាយមានចែងនៅក្នុងរបបគណបក្សនយោបាយ។ ប្រជាពលរដ្ឋបានបង្ហាញពីសិទ្ធិនិងភាពម្ចាស់ការរបស់មហាជន របស់ប្រជាពលរដ្ឋរបស់ខ្មែរក្នុងការចេញទៅបោះឆ្នោត។ អាហ្នឹងប្រជាពលរដ្ឋលោកបានបង្ហាញហើយថាលទ្ធិប្រជាធិបតេយ្យនៃមូលដ្ឋានគ្រឹះនៃការបោះឆ្នោតដោយទៀងទាត់និងសេរីភាពនៃការបញ្ចេញយោបល់តាមរយៈសន្លឹកឆ្នោតបានចាប់ផ្តើមចាក់ឫសនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
លោក ផៃ ស៊ីផាន បានព្រមានថាអ្នករិះគន់ដែលរដ្ឋាភិបាលចាត់ទុកថាបង្កើត «អរិយភាព» ដែលនាំឱ្យបាត់បង់ «ស្ថិរភាពនិងសន្តិភាព» គឺនឹងត្រូវចាប់ខ្លួនហើយមន្ត្រីទូតសហរដ្ឋអាមេរិកដែលមិនពេញចិត្តនឹងអ្វីដែលកើតមាននៅប្រទេសកម្ពុជាត្រូវតែចាកចេញ។
«ហើយមន្ត្រីស្ថានទូតដែលប្រើប្រាស់លក្ខណៈព្រៃផ្សៃគួរតែបញ្ចប់។ នេះជាសំណូមពររបស់យើង ត្បិតយើងនៅជាមិត្តជាមួយគ្នាហើយបើមន្ត្រីនោះមិនពេញចិត្តស្រុកខ្មែរវេចអីវ៉ាន់ចេញទៅវិញទៅ។ យើងមិនស្វាគមន៍ទេ។ និយាយឱ្យច្បាស់បើសិនជាយើងមានសិទ្ធិនិយាយដូចលោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះជាប្រទេសខ្មែរ។ នេះនិយាយឱ្យច្បាស់នៅក្នុងគោលជំហរហ្នឹង»។
សម្ពាធពីសហរដ្ឋអាមេរិកបានកើតមានឡើងផ្ទួនៗក្នុងរយៈពេលជាងពីរសប្ដាហ៍ចុងក្រោយនេះក្នុងនោះមានការអនុម័តសេចក្ដីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាដោយសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក។ សេចក្ដីស្នើច្បាប់នេះមានគោលបំណងដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងទិដ្ឋាការមន្ត្រីរដ្ឋាភិបាលណាដែលបានធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។ ហើយបណ្តាញសារព័ត៌មានដ៏ល្បីឈ្មោះរបស់អាមេរិកគឺ The Wall Street Journal បានទម្លាយព័ត៌មានមួយដែលបង្ហើបប្រាប់ដោយមន្ត្រីអាមេរិកាំងថាកម្ពុជានិងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ងាត់អនុញ្ញាតឱ្យកងទ័ពជើងទឹកចិនប្រើប្រាស់ផ្នែកមួយ នៃមូលដ្ឋានកងទ័ពជើងទឹករាមដែលនៅក្នុងខេត្តព្រះសីហនុ។
ទន្ទឹមគ្នានោះដែរនៅមានសេចក្តីស្នើច្បាប់ចំនួនបីទៀត ដែលសមាជិកព្រឹទ្ធសភានិងអ្នកតំណាងរាស្រ្តអាមេរិកាំងបានស្នើឡើងដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជា ដោយផ្តោតលើប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មដែលកម្ពុជាបានទទួលពីសហរដ្ឋអាមេរិក។
រីឯអតីតគណបក្សប្រឆាំងក៏បានយកឱកាសនៃខួបបោះឆ្នោតនេះអំពាវនាវឱ្យពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធក្រោកឡើងតស៊ូទាមទារសិទ្ធិនិងលទ្ធិប្រជាធិបតេយ្យផងដែរ។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិថែមទាំងបានរិះគន់គោលនយោបាយការបរទេសរបស់លោកហ៊ុន សែនដែលងាកទៅប្រទេសចិនកាន់តែខ្លាំងឡើង ជាពិសេសវត្តមានរបស់ជនជាតិចិននៅខេត្តព្រះសីហនុនិងខេត្តកោះកុងថាអាចនឹងឈានទៅរកអស្ថិរភាពនៅក្នុងតំបន់៖
«នយោបាយលោក ហ៊ុន សែន ទៅអែបចិននៅពេលនេះគឺនាំមកនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជាពីព្រោះមិនត្រឹមតែប៉ះពាល់ផលប្រយោជន៍ប្រទេសកម្ពុជាទេ តែប៉ះពាល់ដល់ផលប្រយោជន៍និងសន្តិសុខប្រទេសជិតខាងនិងតំបន់អាស៊ីភាគអាគ្នេយ៍ទាំងមូល»។
អ្នកវិនិយោគទុនចិនតូចធំបានសម្រុកមកខេត្តព្រះសីហនុ ដោយបោះទុនវិនិយោគលើល្បែងស៊ីសងកាស៊ីណូ អគារខុនដូ សណ្ឋាគារ និងមណ្ឌលកម្សាន្តតាមគម្រោងអភិវឌ្ឍន៍ក្រវាត់ផ្លូវពាណិជ្ជកម្មរបស់រដ្ឋាភិបាលចិន។
រដ្ឋាភិបាលកម្ពុជាអះអាងថាកម្ពុជាគ្រាន់តែជាប់នៅក្នុងចន្លោះការប្រកួតប្រជែងយកឧត្តមភាពនៅក្នុងតំបន់រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងប៉ុណ្ណោះហើយកម្ពុជាត្រូវតែការពារជំហររបស់ខ្លួនជៀសវាងការយល់ច្រឡំណាមួយ។ កម្ពុជាបានប្រកែកយ៉ាងខ្លាំងថាមិនមានកិច្ចព្រមព្រៀងសម្ងាត់រវាងចិននិងកម្ពុជាសម្រាប់ការប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករាមឡើយ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនវិញក៏បានចោទសួរពីចេតនារបស់សហរដ្ឋអាមេរិកក្នុងការបញ្ចេញព័ត៌មានពីកិច្ចព្រមព្រៀងសម្ងាត់រវាងចិននិងកម្ពុជា។ លោកក៏បានបន្តព្រមានសហរដ្ឋអាមេរិកថាការដាក់ទណ្ឌកម្មលើមន្ត្រីសំខាន់ៗតែ១០នាក់របស់លោកដូចជារដ្ឋមន្ត្រីការពារជាតិ មហាផ្ទៃ ការបរទេស និងសេដ្ឋកិច្ចជាដើមតាមសេចក្តីស្នើច្បាប់របស់សហរដ្ឋអាមេរិកអាចនឹងឈានទៅដល់ការផ្តាច់ទំនាក់ទំនងនឹងគ្នា។
លោក ហ៊ុន សែន បានបន្ថែមថារដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិកនឹងមិនចាត់វិធានការក្តៅនេះទេ៖
«ប៉ុន្តែខ្ញុំជឿថារដ្ឋបាលលោកត្រាំ លោកមិនល្ងង់ដល់ថ្នាក់រុញកម្ពុជាដែលមានទំនាក់ទំនងការទូតចេញពីដៃរបស់ខ្លួនទេ»។
សម្ពាធលើរដ្ឋាភិបាលរបស់លោកហ៊ុន សែនដោយសារកង្វល់ពីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យក៏ចេញពីសហភាពអឺរ៉ុបផងដែរ។ សហភាពអឺរ៉ុបកំពុងតែដំណើរការនីតិវិធីដកឋានៈអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ» (ហៅថា EBA) ពីកម្ពុជា។ ដំណាក់កាលតាមដាននិងវាយតម្លៃនឹងត្រូវបញ្ចប់នៅពាក់កណ្តាលខែសីហានេះ។ បន្ទាប់ពីនេះគឺសហភាពអឺរ៉ុបនឹងសរសេររបាយការណ៍ពីការរកឃើញនិងធ្វើការសន្និដ្ឋាន។ បន្ទាប់ពីនោះប្រទេសកម្ពុជាមានពេលមួយខែដើម្បីឆ្លើយតប។ កម្ពុជានឹងត្រូវបង់ពន្ធជិត៧០០លានដុល្លារក្នុងមួយឆ្នាំបើសិនជាបាត់បង់ឋានៈអនុគ្រោះពន្ធ EBA។
ប្រទេសកម្ពុជាគឺជាអ្នកទទួលបានផលប្រយោជន៍ពីកម្មវិធីEBA ដ៏ធំបំផុតទីពីរដោយមានទំហំរហូតដល់១៨ភាគរយនៃទំនិញទំាងអស់ដែលនាំចូលទីផ្សារសហភាពអឺរ៉ុបក្រោមកម្មវិធីនេះ។ ទំនិញនាំចូលក្នុងឆ្នាំ២០១៨មានចំនួនជិត៦ពាន់លានដុល្លារហើយ៩៥ភាគរយនៃចំនួននេះគឺរួចពន្ធ ដែលមានភាគច្រើនជាសម្លៀកបំពាក់និងវាយនភណ្ឌ ។
សហភាពអឺរ៉ុបបានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនមានគោលបំណងដោះស្រាយការព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្សនិងសិទ្ធិពលកម្មដោយធ្វើការជាមួយនឹងកម្ពុជាដើម្បីសម្រេចគោលដៅនេះ។
សម្រាប់អតីតគណបក្សប្រឆាំងគឺស្ថានភាពនេះមិនបានប្រសើរទេដោយសារចាប់ពីដើមឆ្នាំ២០១៩មក មានអតីតសកម្មជននិងអតីតមន្ត្រីថ្នាក់មូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិចំនួន១៤នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារដោយសារតែការបញ្ចេញមតិនិងមាន១៤០នាក់ទៀតត្រូវបានតុលាការកោះទៅសួរចម្លើយដោយសារតែសង្ស័យថានៅគាំទ្រអតីតបក្សប្រឆាំងនិងរៀបចំសកម្មភាពទទួលលោកសម រង្ស៊ីដែលមានបំណងវិលចូលប្រទេសវិញនៅចុងឆ្នាំនេះ។
យ៉ាងណាក៏ដោយ នេះមិនមែនជាលើកដំបូងទេដែលលោក ហ៊ុន សែន បានរងសម្ពាធពីសហគមន៍អន្តរជាតិ។ លោកហ៊ុន សែន អាចនៅបន្តវាយប្រហារសហរដ្ឋអាមេរិកដោយសារក្នុងពេលកន្លងមកលោកតែងតែគេចរួចពីទណ្ឌកម្មអន្តរជាតិបើទោះបីជាលោកបានធ្វើកិច្ចការជាច្រើនផ្ទុយនឹងការចង់បានរបស់សហគមន៍អន្តរជាតិឬធ្វើឱ្យអន្តរជាតិអាក់អន់ចិត្តក៏ដោយ។ ដូចជាក្នុងករណីរដ្ឋប្រហារឆ្នាំ១៩៩៧ដែលផ្តួលរំលំនាយករដ្ឋមន្ត្រីទី១គឺព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងការបង្កើតតុលាការកាត់ទោសអតីតមេដឹកនាំរបបខ្មែរក្រហមជាដើម។ នេះបើតាមការលើកឡើងរបស់សកម្មជនសិទ្ធិមនុស្សអន្តរជាតិ។ នៅពេលនេះលោក ហ៊ុន សែន ថែមទាំងមានការគាំទ្រយ៉ាងខ្លាំងពីក្រុងប៉េកាំងដោយកិច្ចសហប្រតិបត្តិការទ្វេភាគីមានតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន។
អ្នកឯកទេសពីបញ្ហាកម្ពុជាដូចជាលោក ភីធឺ ម៉ាក់ខ្វៃ បានហៅលោក ហ៊ុន សែន ថាជា «មនុស្សពូកែយករួចខ្លួន» ដោយហេតុផលថាក្រោយពីវិបត្តិទាំងនោះ លោក ហ៊ុន សែន បានងើបឡើងវិញក្នុងនាមជាអ្នកដែលមានជ័យជម្នះ។
សម្រាប់លើកនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថាកម្ពុជាក៏បានត្រៀមទប់ទល់នឹងការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុបដែរ។ នៅក្នុងវេទិកាមួយនៅរាជធានីភ្នំពេញកាលពីចុងខែកក្កដាលោកហ៊ុន សែនបានលើកឡើងដោយទំនុកចិត្តថាច្បាប់ដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនឹងមិនមានឱកាសដាក់លើលោកឬមន្ត្រីរបស់លោកទេដោយសារតែលោកបានដឹងពីការិយាធិបតេយ្យនៃដំណើរការអនុម័តនិងការអនុវត្តច្បាប់ដ៏ស្មុគស្មាញរបស់សហរដ្ឋអាមេរិក។
«នៅវៀតណាមមានច្បាប់ច្រើនណាស់ ដែលអាមេរិកប្រុងធ្វើដាក់ទណ្ឌកម្មវៀតណាមនោះប៉ុន្តែគ្មានច្បាប់ណាមួយបានឆ្លងទេ។ នៅមីយ៉ាន់ម៉ា នៅប្រទេសនេះប្រទេសនោះច្រើនណាស់ គ្មានច្បាប់ណាមួយបានឆ្លងទេ»។
លោក ហៃ វណ្ណា សកម្មជនសហគមន៍ខ្មែរនៅប្រទេសជប៉ុនមើលឃើញថាសម្ពាធអន្តរជាតិលើកនេះខុសគ្នាពីលើកមុនៗ ដោយសារតែអ្វីដែលកើតមានឡើងនៅពេលនេះគឺហួសពីបញ្ហាផ្ទៃក្នុងរបស់កម្ពុជាហើយបានប៉ះពាល់ដល់តំបន់និងផលប្រយោជន៍សហរដ្ឋអាមេរិក។
«ប៉ុន្តែចុងក្រោយខ្ញុំគិតថាទាំងសហរដ្ឋអាមេរិកទាំងសហភាពអឺរ៉ុបក៏ដូចជាបណ្ដាប្រទេសមហាអំណាចនៅលើពិភពលោកគេមិនអាចឈរអោបដៃឱ្យលោកហ៊ុន សែនធ្វើអ្វីស្រេចតែនឹងអំពើចិត្តបាននោះទេ។ ជាពិសេសបញ្ហាចុងក្រោយដែលយើងបានឃើញ គឺរបបក្រុងភ្នំពេញបានចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយនឹងប្រទេសចិនដើម្បីដាក់មូលដ្ឋានទ័ពនៅប្រទេសកម្ពុជា។ នេះគឺជាបញ្ហាក្តៅហើយវាអាចប៉ះពាល់ដល់សន្តិសុខតំបន់ហើយពេលវាប៉ះពាល់ដល់សន្តិសុខតំបន់ប្រទេសជប៉ុននិងសហរដ្ឋអាមេរិកគេមិនអាចឈរមើលតទៅទៀតបានទេ»។
ប៉ុន្តែលោក Michael Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានបន្ទន់ជំហរខ្លះក្នុងពេលដែលលោកថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងទីក្រុងបាងកកកាលពីថ្ងៃព្រហស្បតិ៍ថា៖
«ខ្ញុំចង់ថ្លែងបញ្ជាក់រឿងរ៉ាវខ្លះដែលបានកើតឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាមេរិក-អាស៊ាន។ ប្រទេសកម្ពុជាបានបដិសេធរបាយការណ៍ដែលថាកម្ពុជាអនុញ្ញាតឲ្យមានមូលដ្ឋានយោធាចិន សាងសង់ឡើងនៅលើទឹកដីរបស់ខ្លួន។ សហរដ្ឋអាមេរិក ស្វាគមន៍ការការពារដ៏ខ្លាំងក្លានូវអធិបតេយ្យភាពរបស់កម្ពុជា ហើយយើងលើកទឹកចិត្តដល់ប្រទេសផ្សេងទៀតនៅក្នុងតំបន់ឱ្យធ្វើតាមលំនាំរបស់កម្ពុជា»។
អ្នកវិភាគមើលឃើញថាចេតនារបស់សហគមន៍អន្តរជាតិក៏មិនមែនជាទណ្ឌកម្មដែរ គឺគ្រាន់តែចង់ឱ្យសភាពការណ៍នយោបាយនិងសិទ្ធិមនុស្សវិលមករកស្ថានភាពដូចដើមវិញប៉ុណ្ណោះ។
លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អបានបញ្ជាក់ថាពេលនេះគឺជាដំណាក់កាលឱ្យប្រទេសកម្ពុជាយល់ហើយអង្គុយជជែកគ្នា៖ «ការណ៍ដែលធ្វើទាំងប៉ុន្មាននេះមិនមែនដើម្បីជំរុញដើម្បីគាបសង្កត់ឬមួយគឺដើម្បីឱ្យកម្ពុជារងទុក្ខទោសទេប៉ុន្តែដើម្បីបញ្ជាក់ប្រាប់កម្ពុជាថានៅមានពេលដើម្បីចរចាគ្នានៅមានពេលដើម្បីអង្គុយនៅនឹងតុរវាងសហរដ្ឋអាមេរិកហើយនឹងប្រទេសឯទៀតៗហើយនឹងអង្គការអន្តរជាតិឯទៀតៗជាមួយនឹងកម្ពុជាដើម្បីធ្វើយ៉ាងណាឱ្យបរិយាកាសនៃលទ្ធិប្រជាធិបតេយ្យ ដើម្បីធ្វើយ៉ាងណាឱ្យសិទ្ធិមនុស្សគឺរៀបចំឡើងវិញព្រោះគេយល់ថាការចរចាហ្នឹងត្រូវស៊ីពេលវេលាច្រើនណាស់ហើយគេបារម្ភ»។
ហើយពេលវេលាដែលត្រូវស្វែងរកដំណោះស្រាយគឺមុនពេលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់លោក ឱក សេរីសោភក្តិ៍៕