បន្ទាប់ពីស្ថានទូតអាមេរិកប្រចាំកម្ពុជាបង្ហោះសារមួយលើទំព័រហ្វេសប៊ុករបស់ខ្លួនរំឭកខួបមួយឆ្នាំនៃការបោះឆ្នោតថ្នាក់ជាតិដែល«មិនមានភាពសេរី និងយុត្តិធម៌ និងមិនតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋ»នៅក្នុងប្រទេសកម្ពុជានោះ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានប្រតិកម្មតបវិញនៅថ្ងៃនេះដោយប្រើសំដីធ្ងន់ៗទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានប្រតិកម្មខ្លាំងៗនៅថ្ងៃព្រហស្បតិ៍នេះ ដោយហៅមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញថា«ជាមនុស្សព្រៃ» ហើយបានបណ្តេញពួកគេថា គួរតែចាកចេញពីប្រទេសកម្ពុជា។
ប្រតិកម្មនេះធ្វើឡើងពីរថ្ងៃប៉ុណ្ណោះក្រោយពីស្ថានទូតសហរដ្ឋអាមេរិកបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួនសម្រាប់ខួបមួយឆ្នាំនៃការបោះឆ្នោតជាតិនៅកម្ពុជា ដោយរំឭកថា «រដ្ឋាភិបាលសហរដ្ឋអាមេរិកកត់សម្គាល់ខួបមួយឆ្នាំនៃការបោះឆ្នោតជាតិ ដែលមានកំហុសឆ្គងយ៉ាងខ្លាំងនៅកម្ពុជា។ ការបោះឆ្នោតនោះមិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបានតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាដែរ»។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលឆ្លើយតបវិញថា មន្ត្រីស្ថានទូតអាមេរិក«មានចរិតព្រៃផ្សៃ»និងបានផ្សព្វផ្សាយប្រកបដោយការញុះញង់។
«មន្រ្តីដែលនៅក្នុងស្ថានទូតដែលប្រើប្រាស់នូវលក្ខណៈព្រៃផ្សៃគួរតែបញ្ចប់។ អានេះជាសំណូមពររបស់យើង។ ដ្បិតយើងជាមិត្តជាមួយគ្នា ហើយបើមន្រ្តីនោះមិនពេញចិត្តស្រុកខ្មែរ វេចបង្វិចចេញទៅវិញទៅ! យើងអត់ស្វាគមន៍ទេ!»
លោកផៃ ស៊ីផាន ថ្លែងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានស្តីអំពី«សមិទ្ធផល១ឆ្នាំក្រោយការបោះឆ្នោត»នៅថ្ងៃព្រហស្បតិ៍នេះ។
លោកឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយឯករាជ្យលើកឡើងថា សហរដ្ឋអាមេរិកគឺជាប្រទេសមហាអំណាចមួយដែលតែងចេញសារផ្សេងៗពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបន្តថា មន្រ្តីរដ្ឋាភិបាលកម្ពុជាគួរប្រើពាក្យពេចន៍ក្នុងនាមប្រទេសមានអរិយធម៌ និងចៀសវាងការប្រើពាក្យពេចន៍ដែលអាចធ្វើឲ្យប៉ះពាល់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
«អាជ្ញាធរគួរមានវិធានការមួយចំនួន ហៅទូតអីមកបំភ្លឺ ឬក៏យ៉ាងម៉េច។ អាហ្នឹងក្របខណ្ឌយើងឆ្លើយតបតាមប្រព័ន្ធហ្នឹងវាសមរម្យហើយ។ ក៏ប៉ុន្តែការប្រើពាក្យពេចន៍ជ្រុលពេកក៏ជាការបង្កហានិភ័យក្នុងទំនាក់ទំនងការទូតដែរ»។
នៅក្នុងការផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃអង្គារ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបន្ថែមថា ការបោះឆ្នោតកាលពីថ្ងៃទី២៩កក្កដាឆ្នាំ២០១៨នៅកម្ពុជា«បានផាត់ចោលគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ហើយវារឹតតែធ្វើឲ្យបាត់បង់ថែមទៀតនូវសមិទ្ធផលរបស់ប្រទេសកម្ពុជាក្នុងការជំរុញការផ្សះផ្សានយោបាយ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១មក»។
ក្នុងនោះដែរស្ថានទូតសហរដ្ឋអាមេរិកក៏បានអំពាវឲ្យរដ្ឋាភិបាលកម្ពុជា«ចាត់វិធានការជាក់ស្តែងនានាក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ រួមទាំងទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយ ប្រឆាំងលោកកឹម សុខានិងអ្នកទោសនយោបាយដទៃទៀត ហើយបញ្ចប់ការអនុវត្តនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងក្រោមហេតុផលនយោបាយដែលយាយីពលរដ្ឋរបស់ខ្លួន»។
ក្រោយការបង្ហោះសារនោះមួយថ្ងៃ ក្រសួងការបរទេសកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការភ្ញាក់ផ្អើលនិងខកចិត្តចំពោះការលើកឡើងរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដោយចាត់ទុកថា នេះ«ជាការវាយប្រហារលើដំណើរការបោះឆ្នោតនៅកម្ពុជា»។
ក្រសួងការបរទេសកម្ពុជាបានសរសេរក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖«យើងនឹកស្មានមិនដល់ទាល់តែសោះថា ទង្វើវាយប្រហារដ៏គឃ្លើនបែបនេះ ដែលរំលោភបំពានទៅលើបទបញ្ញត្តិទាំងឡាយដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងក្នុងអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូតឆ្នាំ១៩៦១ ត្រូវបានបង្កឡើងដោយស្ថានបេសកកម្មដែលតំណាងឲ្យប្រទេសដែលមានអារ្យធម៌មួយ»។
នៅថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៩ខាងមុខនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងមានអាយុគ្រប់មួយឆ្នាំគត់។ គណបក្សនេះដឹកនាំប្រទេសដោយឯកបក្ស ក្រោយតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកាឆ្នាំ២០១៧។
គណបក្សសង្គ្រោះជាតិនិងបណ្ដារដ្ឋាភិបាលបស្ចឹមលោកបានបរិហារការបោះឆ្នោតកាលពីឆ្នាំ២០១៨ថា «ខ្វះភាពសេរី និងមិនយុត្តិធម៌»។ ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសថា ការបោះឆ្នោតនោះជាការបោះឆ្នោតដោយសេរី និងមានគណបក្សនយោបាយសរុបចំនួន២០ចូលរួមប្រកួតប្រជែង៕