ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​នៅអាមេរិក​និង​កាណាដា​អំពាវនាវ​ឲ្យ​ខ្មែរ​ក្នុង​ប្រទេស​បោះឆ្នោត​តាម​ឆន្ទៈ​របស់​ខ្លួន


លោក​ព្រហ្ម សៅរ៍នរ៉ា ចូលរួម​ក្នុង​សន្និសីទ​ខួបកិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស។
លោក​ព្រហ្ម សៅរ៍នរ៉ា ចូលរួម​ក្នុង​សន្និសីទ​ខួបកិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស។
ពលរដ្ឋខ្មែរ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ក្នុង​ប្រទេស​អាមេរិក​និង​ប្រទេស​កាណាដា​ អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បោះឆ្នោត​តាម​ឆន្ទៈ​របស់​ខ្លួន​ដើម្បី​ ជ្រើសរើស​មេដឹកនាំ​ប្រទេស​ដ៏ល្អ។​ លោក​សុខ ខេមរា​នៃវីអូអេ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​រាយ​ការណ៍​ថា ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​ប្រកាន់​លិទ្ធិ​ប្រជា​ធិបតេយ្យ​ទាំងពីរ​បានចែក​រំលែក​បទ​ពិសោធន៍​ខ្លះៗ​ពីការ​សម្រេច​ប្រើ​សន្លឹក​ឆ្នោត​របស់​ពួកគេ​ក្នុងការ​ផ្លាស់ប្តូរ​អ្នក​ដឹកនាំ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។​

នៅ​មុនការ​បោះឆ្នោត​ជាសកល​ក្នុង​ប្រទេស​កម្ពុជា​ជាង​១ខែ​ទៀត​នេះ ​ទាំង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​និង​ពលរដ្ឋ​ខ្មែរ​កាណាដា​មួយ​ចំនួន​បាន​ទទូច​ដល់​ពលរដ្ឋ​កម្ពុជា​ ដែល​មាន​សិទ្ធិ​ទៅ​បោះឆ្នោត​ ឲ្យ​ចូល​រួម​បោះឆ្នោត​ ហើយ​តាំង​ចិត្ត​បោះ​ឆ្នោត​តាម​ឆន្ទៈ​ដើម្បី​ជ្រើសរើស​មេ​ដឹកនាំ​ដែល​ផ្តល់​ការរីក​ចម្រើន​ពិតប្រាកដ​ដឹកនាំ​ប្រទេស​និង​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​ធំៗ​បាន។​

លោក​ជាង ង៉ោ​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មកពី​រដ្ឋ​ម៉ាស្សាជូសេត​ហើយ​មាន​ស្រុក​ កំណើត​នៅ​ខេត្ត​កណ្តាល។​ លោក​បាន​អះអាង​ថា​ លោក​បាន​ទៅ​បោះឆ្នោត​ ជា​ច្រើន​លើក​នៅ​ក្នុង​ប្រទេស​អាមេរិក​ដើម្បី​ជ្រើសរើស​មេ​ដឹកនាំ​ដែល​លោក​គិត​ថា​ធ្វើ​ឲ្យ​ជីវភាព​ពលរដ្ឋ​ធូរធា ​និង​ដោះស្រាយ​បញ្ហា​ជាតិ​ដោយ​តម្លាភាព។​

លោក​និយាយ​ថា៖​ ​«សិទ្ធិ​យើង​ជាអ្នក​បោះឆ្នោត​នេះ​សំខាន់​បំផុត​គឺ​ដើម្បី​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​ដ៏​ឆ្នើម ​ដើម្បី​អនាគត​ប្រទេស​ជាតិ​ អនាគត​ក្មេង​ជំនាន់​ក្រោយ​ជាពិសេស។​ ដូច្នេះ ​ហើយ​ខ្ញុំ​សូម​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​សូម​ឲ្យ​មាន​ឆន្ទៈ​ខ្ពស់ កុំ​ឲ្យ​ខ្លាច​ កុំឲ្យ​ភ័យ ​កុំឲ្យ​ចាញ់​ការ​គំរាម​ថា​ គេ​អាច​ដឹង​ថា​ ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​មួយ​នោះ»។​

លោក​ថ្លែង​ថា​ ចាប់​តាំង​ពីការ​បោះឆ្នោត​អាណត្តិ​ទី១​របស់​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​ ពលរដ្ឋ​អាមរិកាំង​បង្ហាញ​ការ​ពេញ​ចិត្ត​នឹង​ការ​សន្យា​របស់​លោក​ ដែល​លោក​បាន​បំពេញ​ជាច្រើន​រួមទាំង​បញ្ហា​ផ្តល់​សេវាកម្ម​សុខភាព​ដល់​ពលរដ្ឋ​ បញ្ហា​អន្តោ​ប្រវេសន៍​ខុសច្បាប់។ ​

លោក​ជាង ង៉ោ​ចង់ឃើញ​រដ្ឋាភិបាល​កម្ពុជា​ដែល​កើតចេញ​ពីការ​បោះឆ្នោត​ ចាត់​វិធានការ​ចំពោះ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ ធ្វើការ​អភិវឌ្ឍ​មាន​តម្លាភាព​ ជួយ​ដល់​ជីវភាព​ពលរដ្ឋ​ក្រីក្រ​ឲ្យធូរធា​ពិត​ប្រាកដ។​

លោក​បន្ត​ថា៖ ​«រួចហើយ​ទៅ​ យើង​កត់​សម្គាល់​ទៅ​ទៀត ​បើសិនជា​យើង​បោះ​ឆ្នោត​ឲ្យ ​អ្នកហ្នឹង​បាន​ត្រឹមតែ​និយាយ​ ហើយ​អត់​បាន​ធ្វើ។​ យើងនឹង​បោះឆ្នោត​ជ្រើសរើស​អ្នក​ផ្សេង​ទៀត​ក្នុង​អាណតិ​ក្រោយ»។​

លោក​សំអឿន យ៉ែម ​ពលរដ្ឋខ្មែរ​កាណាដា​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ធំ​ បាន​អះអាងថា​ មេ​ដឹកនាំ​ក្នុង​ប្រទេស​កាណាដា​គេ​ដឹង​ខ្លួន​គេ​ បើសិន​គេ​មិន​អាច​ បំពេញ​ភារកិច្ច​បាន ។​

លោក​និយាយ​ថា៖​ «ករណី​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​ គេរក​ឃើញ​ហ្នឹង​ គេទទួល​ស្គាល់​នូវ​ទង្វើ​របស់គេ​ហើយ​ ហើយ​គេ​បាន​លាចេញ​ពី​តំណែង​ដោយ​អត់​មានការ​រារែក​ទេ»។​

លោកបាន​បន្ថែម​ទៀត​ថា៖ «បើសិន​ជាយើង​យល់ឃើញ​ថា ​រដ្ឋាភិបាល​រាល់​ថ្ងៃ​នេះ​ធ្វើត្រូវ​តាម​គន្លង​ហើយ​នឹង​ការ​អភិវឌ្ឍ​តាម​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ចង់បាន​ហើយ រឿង​ហ្នឹង​យើង​បន្ត​ទៀត​ទៅ។ ​តែ​ផ្ទុយ​ទៅ​វិញ​ បើ​សិនជា​យើង​មើល​ឃើញ​ថា​រដ្ឋាភិបាល​ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ​មក​ហើយ​ហ្នឹង​មិនឃើញ​មាន​ការ​រីក​ចម្រើន​អី​ទេ​ ហើយ​យើង​ចង់​បាន​ការ​រីកចម្រើន​ហ្នឹង​ប្រសើរ​ជាង​ហ្នឹង​ យើង​ចង់​បាន​ការ​អភិវឌ្ឍ​សិទ្ធិ​សេរីភាព ​និង​លទ្ធិ​ប្រជា​ធិប្បតេយ្យ​ឲ្យ​បាន​ប្រសើរ​ច្រើន​ឡើង​ហ្នឹង​ សូម​ឲ្យ​ប្រជា​ពលរដ្ឋ​ងាក​មើល​ទៅ​គណបក្ស​ជំទាស់ ​ឬគណបក្ស​ណា​ដែល​ពល​រដ្ឋ​ពេញ​ចិត្ត​ សូមឲ្យ​សម្រេច​ទៅ​តាម​ឆន្ទៈ»។​

ថ្លែង​ស្រដៀង​គ្នានេះ​ដែរ​ លោក​ព្រហ្ម សោរ៍នរ៉ា ​ពលរដ្ឋ​ខ្មែរ​អាមរិកាំង​ក្នុង​រដ្ឋ វីជីនៀ​ ដែល​តាម​ឃ្លាំ​មើល​នយោបាយ​កម្ពុជា​ផង​នោះ​ បាន​អះអាង​ថា​ ពលរដ្ឋ​អាមេរិកាំង​និង​ខ្លួន​លោក​ផ្ទាល់​ជាម្ចាស់​ឆ្នោត​មិន​អនុញ្ញាត​ឲ្យ​អ្នក​នយោបាយ​កាន់​មុខ​តំណែង​បានយូរ​ទេ ​ប្រសិន​បើគេ​មិន​បាន​ធ្វើអ្វី​ជាក់លាក់​តាម​ការ​សន្យា។​

លោក​និយាយ​ថា៖​ ​«នៅស.រ.អា.​គេដឹង​ច្បាស់។ ​ហើយ​បើសិន​ជា​អ្នក​ហ្នឹង​ឯង​ធ្វើ​ការ​មិន​កើត​គឺ​ថា​ តែ​ដល់អាណតិ​របស់​ខ្លួន​ហ្នឹង​បោះឆ្នោត​លែងជាប់ ​ហើយ​លើក​ក្រោយ​ខុស​គ្នា​(នឹង​ប្រទេស​កម្ពុជា)​ ខុស​កន្លែង​ហ្នឹង»។​

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ក្នុង​ប្រទេស​អាមេរិក​និង​ពលរដ្ឋ​ខ្មែរ​នៅ​កាណាដា​មាន​ការ​ យល់​ដឹង​ច្រើន​ក្នុង​ការ​ប្រើ​សិទ្ធិ​តវ៉ា​ ជា​បាតុកម្ម​ ឬ​ប្រើប្រាស់​សន្លឹក​ឆ្នោត​ដើម្បី​ បណ្តេញមេដឹកនាំ​ ឬ​មន្ត្រី​ចេញ​ចេញ​ពីមុខ​តំណែង។

ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ប្រទេស​បាន​អះអាង​ស្រដៀង​គ្នា​ទៀត​ថា ​ប្រទេស​អាមេរិក​ និង​ប្រទេស​កាណាដា​ជា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ។ ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បង្ក​លក្ខណៈងាយស្រួល​ច្រើន​ដល់​ការ​ជ្រើសរើស​មេ​ដឹកនាំ​ ដោយសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ គូភាគី​ចូល​ប្រកួត​ប្រជែង​មាន​ពេល​ស្នើៗ​គ្នា​ក្នុង​ការ​ឃោសនា​គោល​នយោបាយ​របស់​គណបក្ស​របស់​គេ។ ​ អ្នក​នយោបាយ​ផ្តល់​វេទិកា​តុមូល​សម្រាប់​សំណួរ​ចម្លើយ​ជា​សាធារណៈ។ ​ពលរដ្ឋ​អាច​បោះឆ្នោត​មុន​ឬ​បោះឆ្នោត​តាម​រយៈ​ប្រអប់​សំបុត្រ​ជាដើម។

មួយវិញ​ទៀត​គណៈ​កម្មាការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឯករាជ្យអាច​ដោះស្រាយ​បណ្តឹង​ពលរដ្ឋ​ភ្លាមៗ​បាន។​ ពលរដ្ឋ​ទាំង​នោះ​អះអាង​ថា​ គ្មាន​ការ​គំរាមកំហែង​នៅ​ថ្នាក់​មូលដ្ឋាន​ ​គ្មាន​ការ​ទិញ​សន្លឹក​ឆ្នោត​ គ្មាន​អំពើ​ហិង្សា​កើតឡើង​នៅពេល​ឃោសនា​ និង​ពេល​បោះឆ្នោតទេ​ ហើយក៏​គ្មាន​ការរើស​អើង​នយោបាយ​រវាង​ប្រជា​ពល​រដ្ឋ​ដែរ។​

ប្រទេស​កម្ពុជា​គ្រោង​នឹង​ធ្វើការ​បោះឆ្នោត​ជាតិ​នៅថ្ងៃ​ទី២៨​ ខែ​កក្កដា​ខាង​មុខ​ ដើម្បី​ជ្រើស​រើស​តំណាង​រាស្ត្រ​ និង​មេដឹកនាំ​ប្រទេស។​ គណបក្ស​ចំនួន​ប្រាំបី​បាន​ត្រៀម​ចូល​រួម។​ គេ​សង្កេតឃើញ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដែលកាន់​អំណាច​ជាង៣០ឆ្នាំ​បាន​ប្រើប្រាស់​ប្រព័ន្ធ​ឃោសនា​ សម្បូរណ៍​បែប​ច្រើន​ជាង​គេ​ នៅពេល​ដែល​មេ​ដឹកនាំ​គណបក្ស​ជំទាស់​ដែល​គេ​ ចាត់​ទុក​ថា​ ជា​ដៃគូ​ប្រជែង​ដ៏​សំខាន់​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស​នោះ​ កំពុង​ និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​និង​ជាប់​ក្តីក្តាំ​ក្នុង​តុលាការ។​

មេ​ដឹកនាំ​គណបក្ស​ជំទាស់​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​និង​មេដឹកនាំ​គណបក្ស​គ្រប់ គ្រង​ប្រទេស​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បន្ត​វាយ​ប្រហារ​គ្នា​ ដោយ​សារ​មានរយៈ​ ពេល​ចន្លោះ​ប្រហោង​មុន​ការ​ឃោសនា​បោះឆ្នោត​ ដែល​គ.ជ.ប.​មិនមាន​ភារ​កិច្ច​ដោះស្រាយ​អ្វី​បាន។​ មាន​រឿង​ផ្ទាល់ខ្លួន​របស់​មេដឹកនាំ​នយោបាយ​នានា​ត្រូវ​គេ​យក​មក​វាយ​ប្រហារ​គ្នា។​ ហើយ​ចំពោះ​ការ​ដែល​សភា​គណបក្ស​ប្រជាជន​បាន​បណ្តេញ​សមាជិក​សភា​គណបក្ស​ជំទាស់​ចេញពី​សភា​ដោយឈរ​លើការ​ចាក​ចេញ​ពី​គណបក្ស​នោះ​ ក្រុមអ្នក​សង្កេត​ការណ៍​ចាត់​ទុក​ថា​ ជា​រឿង​មិន​នឹក​ស្មាន​ដល់។​

លោក​ទេព នីថា​ អគ្គលេខា​ធិការ​គ.ជ.ប.​បានអះអាង​ថា​ ការ​រិះគន់​គ្នា​ទៅវិញ​ទៅ​មក​ជារឿង​ធម្មតា។​ ហើយ​ជា​រឿង​អំណោយ​ផល​ដែរ​ដែល​គ្មាន​អំពើ​ហិង្សា​កើត​ឡើង​ច្រើន​ បើប្រៀប​ធៀប​ទៅនឹង​ការ​បោះឆ្នោត​មុនៗ។​

លោក​និយាយ​ថា៖​ «តែឥឡូវនេះ​វាពុំ​មាន​បញ្ហា​អី​ទេ​ គ្រាន់តែ​សភាព​ការណ៍​វា​តានតឹង​ មាន​ការ​រិះគន់​គ្នា​ទៅវិញ​ទៅមក​អីអញ្ចឹង​ តែមិនមាន​បញ្ហា​អី​ជា​អំពើ​ហិង្សា​ដែល​នាំ​ឲ្យមាន​ការ​ព្រួយ​បារម្ភ ​ឬ​ក៏​ថា​ ហួសការ​គ្រប់គ្រង​ទេ»។​

ទោះជា​យ៉ាងណា​ក៏ដោយ​លោក​បណ្ឌិត​ពុទ្ធា ហង្ស​ នាយក​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​មួយ​ឈ្មោះ​ថា​ និចហ្វិច ​ធ្លាប់បាន​ទៅ​សង្កេត​ការណ៍​បោះឆ្នោត​ក្នុង​ប្រទេស​ជា​ច្រើន។​ លោក​បាន​អះអាង​ថា ​ក្នុង​ប្រទេស​លោកខាង​លិច​និង​ប្រទេស​អាស៊ី​ជា​ច្រើន​ គេ​ធ្វើការ​បោះឆ្នោត​ដោយ​យក​ច្បាប់​ជាធំ។​ ហើយ​លោកចង់​ឃើញ​អ្នក​នយោបាយ​ប្រទេស​កម្ពុជា​ប្រជែង​គ្នា​តាមផ្លូវ​ច្បាប់​កំណត់​ពិតប្រាកដ។​

លោកនិយាយ​ថា​៖​«ប្រទេស​គេ​មាន​ភាព​ហ្មត់ចត់​ជាង មាន​ន័យ​ថា​ គេយក​ច្បាប់​ដាក់​ពីលើ។​ ចំណែក​ស្រុក​យើង​ ច្បាប់​សរសេរ​ម៉េច​សរសេរទៅ​ តែ​អ្នក​មិន​អនុវត្តន៍​ នៅតែ​មិន​អនុវត្តន៍​ដដែល»។​

លោក​ពុទ្ធា ហង្ស​ពុំបាន​ថ្លែង​បញ្ជាក់​ពីបញ្ហា​អ្វីជាក់​លាក់ទេ​ តែ​លោក​ថ្លែង​ថា​ គណបក្ស​នយោបាយ​មិនបាន​គោរព​និង​ជឿជាក់​លើ​គណៈ​កម្មាធិការ​ជាតិ​រៀប ចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​ទេ។​ លោក​បាន​ផ្តល់ការ​សង្កេត​របស់​លោក​ថា ​គឺ​មក​ពី ការ​មិន​ទុក​ចិត្ត​ដល់​ឯករាជ្យភាព​របស់​គ.ជ.ប.​និង​ការ​ដែល​គ.ជ.ប.គ្មាន​អំណាច​ដាក់​ទោស​ទណ្ឌចំពោះ​គណបក្ស​នយោបាយ ​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់។​ រឿង​នេះ​ហើយ​ដែលនាំ​ឲ្យ​អ្នក​នយោបាយ​រិះគន់​គ្នា​ហួស​កម្រិត៕
XS
SM
MD
LG