ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ​និង​សម​ រង្ស៊ី​ប្តេជ្ញា​ជំរុញ​វប្បធម៌​សន្ទនា​ដើម្បី​ខ្មែរ​ខ្លាំង


លោក សម រង្ស៊ី និងលោក ហ៊ុន សែន​ នៅ​​ក្នុង​​ពិធី​​បើក​​ព្រឹត្តិការណ៍​​អង្គរ​​សង្រ្កាន្ត​​​នៅ​​ខេត្តសៀមរាប​នៃ​​ប្រទេស​កម្ពុជា ឆ្នាំ២០១៥។​
លោក សម រង្ស៊ី និងលោក ហ៊ុន សែន​ នៅ​​ក្នុង​​ពិធី​​បើក​​ព្រឹត្តិការណ៍​​អង្គរ​​សង្រ្កាន្ត​​​នៅ​​ខេត្តសៀមរាប​នៃ​​ប្រទេស​កម្ពុជា ឆ្នាំ២០១៥។​

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​ចេះ​ រួបរួម​សាមគ្គី​ទាំងអស់​គ្នា​ដើម្បី​ជំរុញ​ឱ្យប្រទេស​ដ៏ក្រីក្រ​មួយ​នេះ​អាច​មាន​ភាព​ខ្លាំង​រឹងមាំ។

លោក​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ឱកាស​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​នៅ​ខេត្ត​សៀមរាប​ ក្នុង​តំបន់​ប្រាសាទ​បាយ័ន ​នាថ្ងៃ​អង្គារ​នេះ​ដែល​ជា​ថ្ងៃ​ទី១ ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃ ណី​ខ្មែរ​ដែល​មាន​រយៈពេល​៣​ថ្ងៃ។

លោក​ហ៊ុន សែន​បាន​បញ្ជាក់​ថា៖

«បញ្ចប់​ទៅ​សូម​បញ្ចប់​ទៅ​នយោបាយ​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ទឹក​ហោច​ស្រមោច​ស៊ីត្រី​អំពាវនាវ​ទាំងអស់​គ្នា​ សាមគ្គីគ្នា​ឡើង​ដើម្បី​ធ្វើ​ឱ្យ​ខ្មែរ​ខ្លាំង‍»។​

ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាម​ស៊ីវិល​ហែកហួរ​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ ថ្វីបើ​ ប្រទេស​កម្ពុជា​ធ្លាប់​ជួប​ការបោះឆ្នោត​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​ជា​បន្តបន្ទាប់​ ក៏​ប៉ុន្តែ​រៀងរាល់ ​ក្រោយពី​ការ បោះឆ្នោត ​ប្រជាពលរដ្ឋ​កម្ពុជា​នៅតែ​បង្ហាញ​ជំហរ​ប្រកាន់​គណបក្ស​ និង​ពណ៌ ​សម្បុរ​នយោបាយ។

លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​បាន​មាន​ប្រសាសន៍​បន្ថែម​ថា​ការរើសអើង​បែប​នេះ​គួរតែត្រូវ​បញ្ឈប់។

«បោះឆ្នោត​ឱ្យ​បក្ស​ណា​វាគឺ​ជា​រឿង​សិទ្ធិ​នយោបាយ​ក៏ប៉ុន្តែ​យើង​ជា​ពលរដ្ឋ​ខ្មែរ​មិន​អាច​ទុក​ឱ្យ​ដើម​ភូមិ​បក្ស​ផ្សេង​កណ្តាល​ភូមិ​បក្ស​ផ្សឹង​នោះ​ទេ ​ត្រូវ​តែ​នៅ ​ជាមួយ​គ្នា។ យ៉ាងហោចណាស់​យើង​ជា​ឈាម​ជ័រ​ខ្មែរ​ដូច​គ្នា​ ជា​សេចក្តី​ត្រូវ​ការ​សេចក្តីសុខ​របស់​ជាតិ​គឺ​សង្ឃឹម​លើ​ការ​ដឹកនាំ​របស់​យើង​ឱ្យ​ចេះ​រួម​គ្នា​ ចេះ​ធ្វើ​ការ​ជាមួយគ្នា​ហើយ​មិន​ប៉ែងជើង​សម្លាប់​គ្នា‍»។​

នៅក្នុង​ពិធី​ប្រកាស​បើក​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​នេះ​មាន​ការចូលរួម​ពី​មន្រ្តី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល មន្រ្តី​តំណាងរាស្រ្ត​ភាគតិច​ មន្រ្តី​ស្ថានទូត ​ក្រុមយុវជន ​និង​ប្រជាពលរដ្ឋ​ហើយ​ក៏ ​មាន​ការចូលរួម​ពី​ លោក សម រង្ស៊ី​ផង​ដែរ។

បុរសមួយក្រុមកំពុងលេងអុកនៅក្នុងឱកាសបុណ្យចូល​ឆ្នាំខ្មែរឆ្នាំមមែនៅខេត្តសៀមរាបនៃប្រទេសកម្ពុជា។
បុរសមួយក្រុមកំពុងលេងអុកនៅក្នុងឱកាសបុណ្យចូល​ឆ្នាំខ្មែរឆ្នាំមមែនៅខេត្តសៀមរាបនៃប្រទេសកម្ពុជា។

នេះ​គឺជា​លើក​ទី១​ដែល​មេដឹកនាំ​កាន់​អំណាច​និង​ប្រធាន​គណបក្ស​ប្រឆាំង​មាន​វត្តមាន​រួមគ្នា​នៅក្នុង​ពិធី​ផ្លូវការ​បែប​នេះ​ក្រោយពី​ដំណោះស្រាយ​នយោបាយ​បន្ទាប់​ពី​ការបោះឆ្នោត​ឆ្នាំ​២០១៣។

គោមដែល​ត្រូវ​បាន​គេ​បណ្តែត​នៅ​ក្បែរ​ប្រាសាទ​អង្គរវត្ត ក្នុង​រាត្រី​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ឆ្នាំមមែ។
គោមដែល​ត្រូវ​បាន​គេ​បណ្តែត​នៅ​ក្បែរ​ប្រាសាទ​អង្គរវត្ត ក្នុង​រាត្រី​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ឆ្នាំមមែ។

លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​និង ​ប្រធាន​ក្រុមតំណាងរាស្ត្រ​ភាគតិចបាន​ឱ្យ​ដឹង​ថា​វត្តមាន​របស់​លោក​ពេល​នេះ​ជា​សារ​មួយ​បង្ហាញ​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​លំដាប់​ថ្នាក់​ថា​ត្រូវ​ចេះ​សាមគ្គី​គ្នា​ដើម្បី​ប្រយោជន៍​ជាតិ​ទាំង​មូល។

«សូម​ឱ្យ​ប្រកាន់​យក​វប្បធម៌​សន្ទនា​ គោរពគ្នា​ទុកចិត្ត​គ្នា​ នាំ​គ្នា​ បបួលគ្នា​ធ្វើ​អំពើ​ល្អ​ជាមួយ​គ្នា​ដម្កល់​ទុក​ផលប្រយោជន៍​ជាតិ​ជាធំ​។ នេះ​អាស្រ័យលើ​យើង​ទេ​បើ​យើង​ចង់​ឱ្យ​វប្បធម៌​សន្ទនា​គ្នា​នាំ​មក​នូវ​ផ្លែផ្កា​ឱ្យ​បាន​ល្អ​ឱ្យ​បាន​ច្រើន​ឱ្យ​បាន​ដល់​ប្រជារាស្រ្ត​ខ្មែរ​ទាំងមូល​សូម​ឱ្យ​ប្រជារាស្រ្ត​ខ្មែរ​ទាំងមូល​ហើយ​អ្នក​ទទួលខុសត្រូវ​គ្រប់​ជាន់​ថ្នាក់​ទាំងអស់​យើង​អនុវត្ត​អ្វី​ដែល​យើង​បាន​និយាយ​ធ្វើ​ម៉េច​ឱ្យ​អ្វី ដែល​យើង​និយាយ​ក្លាយ​ជាការពិត‍»។​

លោក សម ជេន ​ជា​ប្រជា​ពលរដ្ឋ​រស់នៅ​ខេត្ត​សៀមរាប ​បាន​សាទរ​ចំពោះ​ការអំពាវនាវរបស់​លោក​នាយក​រដ្ឋមន្រ្តី។

ដោយឡែក ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​បាន​ចូលរួម​កំសាន្ត​ក្នុង​ពិធី​អង្គរ​សង្រ្កាន្ត​ នោះ​ក៏​បាន​ឱ្យ​ដឹង​ស្រដៀង​គ្នា​ថា​ខ្មែរ​អាច​សាមគ្គី​ឱ្យ​បាន​រឹងមាំ​បាន​លុះត្រា​តែ​មាន​ការចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​កំពូលៗ ​ក៏​ប៉ុន្តែ​ប្រហែល​មិន​អាច​ទៅរួច​នោះ​ទេ។

អ្នករបាំ​កាន់​តាំងយូ​នៅ​ក្នុង​នៅ​ចំពោះ​ទស្សនិកជន​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ឆ្នាំមមែ​នៅ​ខេត្តសៀមរាប នៃ​ប្រទេស​កម្ពុជា។
អ្នករបាំ​កាន់​តាំងយូ​នៅ​ក្នុង​នៅ​ចំពោះ​ទស្សនិកជន​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ឆ្នាំមមែ​នៅ​ខេត្តសៀមរាប នៃ​ប្រទេស​កម្ពុជា។

នៅ​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​នេះ​លោក ហ៊ុន សែន​ និង​ លោក សម រង្ស៊ី ​បាន​ធ្វើ​ដំណើរ​រួមគ្នា​ទស្សនា ​ការតាំង​បង្ហាញ​ភូមិ​ខ្មែរ ​ផលិតផល​ខ្មែរ ​របាំ ​ល្ខោន ​និង​ ល្បែងកំសាន្ត​ ជាដើម។ជាមួយ​គ្នា​នោះ​ដែរ​ ក៏​មាន​ការភ្លក់​នំ​អន្សម​យក្ស​ដែល​មាន​ទម្ងន់​ប្រមាណ​ជា​៤តោន​ដោយ​នំអន្សម​នេះ​បាន​ជាប់​កំណត់​ត្រា​ឯកទត្តកម្ម​ថ្មី​ក្នុង​សៀវភៅ​កំណត់​ត្រា​វត្ថុ​ប្លែកៗ​លើ​ពិភពលោក៕

XS
SM
MD
LG