ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអង្គារនេះ បានបន្តក្រើនរំឭកសាធារណជននិងស្ថាប័នពាក់ព័ន្ធទាំងអស់សាជាថ្មីឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមវិធានការសុខាភិបាល ខណៈវីរុសអូមីក្រុងប្រភេទថ្មីឈ្មោះថាBA.4 និង BA.5 បានកើតឡើងនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។
ក្រសួងសុខាភិបាលបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងថាអូមីក្រុងប្រភេទថ្មី BA.4 និង BA.5 មានសមត្ថភាពឆ្លងលឿនជាងប្រភេទមុនៗ រួមទាំងមានលទ្ធភាពធ្វើឱ្យប្រព័ន្ធស៊ាំរបស់បុគ្គលងាយធ្លាក់ចុះផងដែរ។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា៖«ចំពោះអ្នកជំងឺឆ្លងអូមីក្រុងបម្លែងថ្មីBA.4 និងBA.5នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពីប្រភេទវីរុសកូវីដ១៩ ជំនាន់មុនៗនោះទេ។ រោគសញ្ញាមានដូចជា ក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ មានភាពស្រដៀងទៅនឹងជំងឺផ្តាសាយធម្មតា»។
នៅក្នុងសារសំឡេងបង្ហោះលើគេហទំព័ររបស់ក្រសួងសុខាភិបាល អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វ៉ាន់ឌីន ក៏បានក្រើនរំឭកថាប្រជាពលរដ្ឋកម្ពុជាមិនត្រូវធ្វេសប្រហែស ឬក៏មើលស្រាលចំពោះអូមីក្រុងបំប្លែងថ្មីនេះទេ ខណៈអ្នកស្រីព្រមានពីការងើបខ្លាំងឡើងវិញនៃជំងឺកូវីដ១៩។
អ្នកស្រីអំពាវនាវឱ្យប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីបញ្ចៀស ក៏ដូចជាទប់ស្កាត់នូវការឆ្លងអូមីក្រុងបម្លែងថ្មីនៅទូទាំងប្រទេស។
អ្នកស្រីបញ្ជាក់ថា៖«ដោយចូលរួមទាំងអស់គ្នា អនុវត្តនូវវិធានការ៣ការពារនិង៣កុំ ហើយជាពិសេសសូមបងប្អូនស្ម័គ្រចិត្តទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ១៩»។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាលោកជំរុញឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងប្រតិបត្តិទៅតាមវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាអង្គការសុខភាពពិភពលោកឱ្យបានហ្មត់ចត់។
បើតាមលោក អ៊ូច វុទ្ធី រដ្ឋាភិបាលគួរតែមានវិធានការការពារខ្ពស់ និងខុសពីមុន ដោយការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។
ប្រធានសមាគមគ្រូពេទ្យរូបនេះថ្លែងថា៖ «សូមឱ្យមានវិធានការខ្ពស់ ប៉ុន្តែយើងមានវិធានការខុសពីមុន។ យើងគ្រាន់តែជូនដំណឹងតាមសារព័ត៌មានផ្សេងៗ តាមអនឡាញ តាមអីហ្នឹង ដើម្បីឱ្យគាត់ចេះប្រយ័ត្នខ្លួន។ យើងមិនអាចទៅបិទប្រទេសដូចមុនបានទៀតទេ ព្រោះពេលបិទប្រទេស វាធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ឥឡូវវាកំពុងតែធ្លាក់ចុះ»៕