ថៅកែក្រុមហ៊ុន GCG Asia Co.,LTD ពីរនាក់ប្តីប្រពន្ធដែលជាជនជាតិម៉ាឡេស៊ីត្រូវបានចាប់ខ្លួន និងក្រុមហ៊ុនរបស់ពួកគេក្នុងទីក្រុងភ្នំពេញត្រូវបានបិទទ្វារភ្លាមៗនៅថ្ងៃសុក្រនេះ ក្រោមការចោទប្រកាន់ថា ប្រធានក្រុមហ៊ុននេះបានប្រើប្រាស់ឈ្មោះនិងរូបថតលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដោយខុសច្បាប់។
ការចាប់ខ្លួនប្រធានក្រុមហ៊ុននេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកហ៊ុន សែនបានប្រកាសអំពីព័ត៌មានស្តីពី«ដំណឹងសន្តិសុខជាតិបន្ទាន់»នៅលើទំព័រហ្វេសប៊ុករបស់លោក។
ក្នុងសារនោះ លោកហ៊ុន សែនបានសរសេរថា ក្រុមហ៊ុនឈ្មោះ GCG Asia Co.,LTD បានយករូបថត និងឈ្មោះរបស់លោកទៅបង្ហោះនៅក្នុងគេហទំព័ររបស់ក្រុមហ៊ុន www.gcgasiacoin.com ដែលនិយាយថា រូបលោកគឺជាអ្នកគាំទ្រ និងចូលរួមសម្ពោធកាត់ខ្សែបូក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី២០ខែឧសភា២០១៩។ ទន្ទឹមនឹងនោះ ក្រុមហ៊ុននេះក៏បានយកឈ្មោះធនាគារជាតិ និងធនាគារចិននៅកម្ពុជាថា ជាដៃគូទទួលខុសត្រូវក្នុងជំនួញដូរលុយក្នុងរូបភាពគ្រីបតូឃឺរិនស៊ី (Crypto Currency)។
ក្នុងសារដដែលនោះ លោកហ៊ុន សែនបានបដិសេធព័ត៌មានខាងលើ ដោយអះអាងថា នេះជាព័ត៌មានមិនពិត៕