អ្នកនាំពាក្យរដ្ឋាភិបាលបានប្រតិកម្មតបទៅនឹងការអំពាវនាវរបស់សហរដ្ឋអាមេរិកដោយចាត់ទុកថាសារអំពាវនាវរបស់សហរដ្ឋអាមេរិក គឺជាសារដែល«មិនមានឥទ្ធិពល»។
កាលពីថ្ងៃព្រហស្បតិ៍ ស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញ បានអំពាវនាវលើទំព័រហ្វេសប៊ុករបស់ខ្លួនជាថ្មីម្តងទៀត ឲ្យរដ្ឋាភិបាលកម្ពុជា«ធ្វើការស៊ើបអង្កេតពេញលេញ ប្រកបដោយតម្លាភាព និងគួរឲ្យទុកចិត្តបាន» ទៅលើការធ្វើឃាតលើលោក កែម ឡី។
ស្ថានទូតចាត់ទុកថា ការធ្វើឃាតអ្នកវិភាគនយោបាយនិងកិច្ចអភិវឌ្ឍន៍សង្គមដ៏ល្បីល្បាញរូបនេះគឺ«ការសម្លាប់ដ៏កំសាក និងដោយមិនសមហេតុផល»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជានៅថ្ងៃសុក្រនេះ បានហៅសេចក្តីអំពាវនាវរបស់ស្ថានទូតអាមេរិកថា «គឺជាការបំផុសបំផុល»។
«គាត់គ្រាន់តែបង្កើតសារនយោបាយមួយទេ ដើម្បីបំផុសបំផុលតែប៉ុណ្ណឹង ហើយមិនមានន័យសម្រាប់យើងឆ្លើយឆ្លងជាមួយទូតហ្នឹងទេ។ ទូតហ្នឹងគាត់មិនមែនមានភារកិច្ច មកធ្វើចៅហ្វាយលើស្ថាប័នតុលាការ ស្ថាប័ននីតិប្រតិបតិ្ត ឬក៏រាជរដ្ឋាភិបាល»។
ចំណែកលោកជីន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌លើកឡើងថា សហរដ្ឋអាមេរិកគួរសហការជាមួយមន្ត្រីយុត្តិធម៌កម្ពុជា។
«បើសហរដ្ឋអាមេរិកយល់ឃើញថា មិនទាន់សព្វគ្រប់ទេ ដែលខ្លួនច្បាស់ជាងតុលាការទៀត ច្បាស់ជាងសមត្ថកិច្ចកម្ពុជាទៀត សុំសហការ។ បើមានភស្តុតាងមូលដ្ឋាន សក្ខីកម្មថ្មីច្បាស់លាស់ដែលរឹងមំា សុំសហការជាមួយសមត្ថកិច្ច ដើម្បីបំបែកសំណុំរឿងនេះ ជាជាងការ ការធ្វើការរិះគន់សន្និដ្ឋានអំពាវនាវដោយមិនមានមូលដ្ឋានអីទាំងអស់បាទ»។
លោក ជិន ម៉ាលីន បញ្ជាក់ថា តុលាការនៅបន្តស៊ើបអង្កេតអ្នកនៅពីក្រោយខ្នងនៃការបាញ់សម្លាប់លោកកែម ឡី នៅឡើយ។
លោកឧត្តមសេនីយ៍ខៀវ សុភគ៌ អ្នកនាំពាក្យក្រសួងមហាផ្ទៃក៏ធ្លាប់បានអះអាងដូចគ្នានេះដែរ។
លោកបណ្ឌិតកែម ឡី ត្រូវខ្មាន់កាំភ្លើងដើរចូលបាញ់ក្នុងម៉ាតមួយក្នុងស្ថានីយ៍ប្រេងឥន្ធនៈស្តុបបូកគោ ក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ជនសង្ស័យត្រូវចាប់ខ្លួនភ្លាមៗនិងផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិបានជំរុញឲ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតឲ្យឯករាជ្យចំពោះករណីឃាតកម្មនេះ។
សេចក្តីអំពាវនាវរបស់ស្ថានទូតសហរដ្ឋអាមេរិកធ្វើឡើង នៅចំពេលដែលសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់បុរសពីរនាក់គឺលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយសារពួកគេបានចូលរួមរំឭកខួបគម្រប់បីឆ្នាំនៃការបាញ់សម្លាប់លោកកែម ឡី។ បទចោទដែលអាចឲ្យបុរសទាំងពីរនាក់នេះប្រឈមនឹងការជាប់ពន្ធនាគារពី៦ខែដល់២ឆ្នាំ ប្រសិនបើតុលាការរកឃើញថា ពួកលោកមានពិរុទ្ធភាព។
បុរសជាប់ចោទទាំងពីររូបបច្ចុប្បន្នកំពុងស្ថិតក្នុងការឃុំឃាំងនៅពន្ធនាគារព្រៃស។
អតីតគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការកំពូលរបស់ប្រទេសកម្ពុជារំលាយចោលកាលពីចុងឆ្នាំ២០១៧ បានថ្កោលទោសចំពោះអាជ្ញាធរកម្ពុជា ដែលបានចាប់ខ្លួន និងបន្តឃុំខ្លួនបុរសទាំងពីរនេះ។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ អតីតគណបក្សសង្គ្រោះជាតិបានទាមទារឲ្យដោះលែងលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ ដោយសារអតីតគណបក្សនេះយល់ថា បុរសទាំងពីរ«មិនបានប្រព្រឹត្តបទល្មើស»។
លោក ផៃ ស៊ីផាន ឆ្លើយតបថា គណបក្សសង្គ្រោះជាតិត្រូវរំលាយបាត់ទៅហើយ។ ដូច្នេះគណបក្សនេះក៏មិនមានសិទ្ធិទាមទារដូច្នេះដែរ។
លោក គង់ រ៉ៃយ៉ា ត្រូវចាប់ខ្លួនក្រោយពីលោកប្រកាសលក់អាវយឺតដែលមានរូបថតលោកកែម ឡី សម្រាប់ឧទ្ទិសដល់ខួបនៃការបាញ់សម្លាប់អ្នកវិភាគរូបនេះ។ដោយឡែកលោក សួង នាគព័ន្ធ ត្រូវចាប់ខ្លួនក្រោយពីលោកបានចែកខិតប័ណ្ណអំពាវនាវឲ្យបញ្ឈប់ការសម្លាប់មនុស្សក្រៅច្បាប់៕